en     km
en     km

​ក្រសួងសុខាភិបាល​បន្ទោស​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ករណី​ធ្វើតេស្ត​ជំងឺ​ហ្ស៊ី​កា​មិន​ច្បាស់​

Share

​កាលពី​ថ្ងៃ​សុក្រ​ទី​ ១៨​ វិច្ឆិកា​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ថា​ មាន​ករណី​ជំងឺ​ហ្ស៊ី​កា​មួយ​ករណី​ដំបូង​គេ​សម្រាប់​ឆ្នាំ​ ២០១៦​ កើត​លើ​បុរស​ម្នាក់​វ័យ​ ៤៤​ ឆ្នាំ​ រស់នៅ​ខេត្តកំពង់ចាម​។​ ប៉ុន្តែ​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​ដដែល​នេះ​ បាន​សុំ​កែតម្រូវ​ភ្លាមៗ​វិញ​ ដោយ​បញ្ជាក់​ថា​ ពុំ​មាន​ករណី​ជំងឺ​ហ្ស៊ី​កា​កើត​លើ​បុរស​វ័យ​កណ្តាល​នៅ​ខេត្តកំពង់ចាម​នោះ​ទេ​។​

មូសខ្លាជាភ្នាក់ងារចម្លងជំងឺហ្ស៊ីកា
មូសខ្លាជាភ្នាក់ងារចម្លងជំងឺហ្ស៊ីកា

​ជុំវិញ​ករណី​កែតម្រូវ​អំពី​ករណី​ជំងឺ​ហ្ស៊ី​កា​នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ បាន​ស្តីបន្ទោស​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ថា​ ជា​ការ​ធ្វេសប្រហែស​ក្នុង​ការ​ធ្វើតេស្ត​ឈាម​រក​លទ្ធផល​វីរុស​ហ្ស៊ី​កា​។​ នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​(CDC)​។​

​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖«​ នេះ​ជា​កំហុស​របស់​ ប៉ាស្ទ័រ​ ដែល​ជា​សេវា​មន្ទីរ​ពិសោធ​ន៏​ ផ្កាយ​៥​ តែ​ធ្វើ​ការងារ​ធ្វេសប្រហែស​ ដែល​ក្រសួងសុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​ ពឹងពាក់​ទាំងស្រុង​។​ យើង​ នឹង​ពិចារណា​ ទៅ​លើ​ភាព​ទំនុកចិត្ត​នេះ​ ។​ មុន​នឹង​ចេញ​សេចក្តី​ប្រកា​សព​ត៌​មាន​នេះ​ មន្ត្រី​ជំនាញ​ទាំង​ក្រសួង​ និង​អង្គការ​សុខភាព​ពិភពលោក​ បាន​ផ្ទៀងផ្ទាត់​ អស់​រយៈពេល​មួយ​អាទិត្យ​ និង​បាន​ចាត់វិធានការ​នៅ​មូលដ្ឋាន​ជា​មុន​ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​»​។​

​ការ​ឆ្លើយ​តប​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​បាន​រិះគន់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ អំពី​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សុំ​កែតម្រូវ​ថា​ពុំ​ទាន់​មាន​ករណី​ជំងឺ​ហ្ស៊ី​កា​។​

​បើ​តាម​លោក​ Philippe​ Dussart​ ប្រធាន​ផ្នែក​សិក្សា​អំពី​មេរោគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ បាន​ប្រាប់​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ស្តីបន្ទោស​ទៅ​លើ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ប៉ុន្តែ​បាន​ថ្លែង​ថា​ ការ​ធ្វើតេស្ត​ឈាម​ រក​មេរោគ​ស៊ី​កា​ ជាក់លាក់​ត្រូវ​បាន​ធ្វើ​ឡើង​ ហើយ​ឃើញ​ថា​វិជ្ជមាន​។​

​អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា​ មនុស្ស​ជាង​ ១,៥​ លាន​នាក់​ក្នុង​នោះ​មាន​ទារក​ប្រមាណ​ ១៦០០​នាក់​ បាន​ឆ្លង​មេរោគ​ Zika​ នេះ​ ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៥​។​

​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​កាលពី​ដើមឆ្នាំ​នេះ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ ២,៦​ ពាន់​លាន​នាក់​ ក្នុង​នោះ​មួយ​ភាគ​បី​នៃ​ប្រជាជន​ទូ​ទាំង​ពិភពលោក​ ដែល​រស់នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអាហ្វ្រិក​ តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​ជា​កន្លែង​ដែល​មាន​មេរោគ​ Zika​ បាន​ផ្ទុក​មេ​រោក​នេះ​។​

​ជំងឺ​ ហ្ស៊ី​កា​ នេះ​ ជា​ប្រភេទ​ជំងឺឆ្លង​ម្យ៉ាង​ដែល​បង្ក​ដោយ​ពពួក​វីរុស​ហ្ស៊ី​កា​ ហើយ​ភ្នាក់ងារ​ចម្លង​ជា​ប្រភេទ​សត្វ​មូស​ខ្លា​ដែល​ដូច​គ្នា​ទៅ​នឹង​ជំងឺគ្រុនឈាម​ដែរ​។​ អ្នកជំងឺ​ប្រមាណ​៧០​ ទៅ​ ៨០%​ ពុំ​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​អ្វី​នោះ​ទេ​ តែ​អាកា​រៈ​អាច​កើត​មាន​ដូច​ជា​ ក្ដៅខ្លួន​ ឈឺ​សាច់ដុំ​ និង​សន្លាក់​ដៃជើង​ ស្នាម​ក្រហម​អុច​លើ​ស្បែក​ ភ្នែក​ឡើង​ក្រហម​ជាដើម​។​

​មេរោគ​ Zika​ នេះ​ គឺ​បណ្តាល​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ផ្តល់​កំណើត​ឱ្យ​ទារក​មាន​ក្បាល​តូច​ ខូច​ទ្រង់ទ្រាយ​ដើម​ និង​បង្ក​ឱ្យ​ខួរក្បាល​រួម​តូច​ ហើយ​ប្រព័ន្ធ​ប្រសាទ​ក៏​ខុស​ប្រក្រតី​ផង​ដែរ​។​

​សូម​រម្លឹក​ថា​ ក្រសួងសុខាភិបាល​ធ្លាប់​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​យកចិត្ដទុកដាក់​ និង​យល់​ដឹង​ពី​ជំងឺ​ហ្ស៊ី​កា​នេះ​។​ ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ប្រ​សិន​ពលរដ្ឋ​មាន​រោគ​សញ្ញា​សង្ស័យ​ សូម​ស្វែងរក​ភ្នាក់ងារ​សេវា​សុខាភិបាល​សាធារណៈ​ដែល​នៅ​ក្បែរ​ ឬ​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ ០១៥​ ៨២៥​ ៤២៤​ ឬ​០១២​ ៨២៥​ ៤២៤​  ដើម្បី​សួរ​នូវ​រាល់​ច​ម្ង​ល់​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ហ្ស៊ី​កា​នេះ​ និង​សម្រាប់​ព័ត៌មាន​បន្ថែម​ផ្សេងៗ​ស្ដី​ពី​ជំងឺឆ្លង​៕


Share

ព័ត៌មានទាក់ទង

Image