en     km
en     km

លោក​ អាត់​ ធន់​ បដិសេធ​ការ​ចោទប្រកាន់​របស់​សហជីព​ក្រុមហ៊ុន​កា​ពី​តូ​ល​ថា​ លោក​ដឹកនាំ​តវ៉ា​ប្រើ​ហិង្សា​🔊

Share

​ភ្នំពេញ​ ៖​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ បាន​ច្រាន​ចោលការ​ចោទប្រកាន់​មួយ​ ដែល​ថា​លោក​ដឹកនាំ​អតីត​អ្នក​បើករថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ កា​ពី​តូ​ល​ តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​បង្ក​ជា​អំពើ​ហិង្សា​កាលពី​ឆ្នាំ​ ២០១៥​ កន្លង​មក​នោះ​។​

 

សកម្មភាពតវ៉ារបស់តៃកុងឡាន។
សកម្មភាពតវ៉ារបស់តៃកុងឡាន។

​ការ​ច្រានចោល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​សហជីព​អ្នក​បើករថយន្ត​ និង​បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ថ្កោលទោស​ចំពោះ​សហភាព​ការងារ​កម្ពុជា​របស់​លោក​ អាត់​ ធន់​ និង​ឈ្មោះ​ អៀង​ គឹ​ម​ហ៊ុន​ រួម​ទាំំ​ង​អតីត​អ្នកបើកបរ​ប្រមាណ​ ៤៥​ នាក់​ ថា​បាន​ញុះ​ញ៉ុ​ង​ និង​ដឹកនាំ​កម្លាំង​ជនពាល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន​កា​ពី​តូ​ល​នា​ពេល​កន្លង​មក​។​ ​

សេចក្តីថ្លែងការណ៍​ដដែល​លើក​ឡើង​ថា​ សហភាព​ការងារ​របស់​លោក​ អាត់​ ធន់​ បាន​យក​អតីត​អ្នកបើកបរ​រថយន្តក្រុង​ទាំងនោះ​ ធ្វើ​ជា​ឈ្នាន់​ដើម្បី​ផល​ប្រ​យោន៍​បក្សពួក​។​ សេចក្តីថ្លែងការណ៍​នេះ​ បាន​ចោទប្រកាន់​អតីត​អ្នកបើកប​រថយន្ត​ទាំង​នោះ​ ថា​បាន​បង្ក​អំពើ​ហិង្សា​ ដោយ​ប្រើប្រាស​ដុំ​ ថ្ម​គប់​មក​លើ​រថយន្ត​របស់​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ដំណើរ​ និង​បាន​ឃាត់​រថយន្ត​ ក្នុង​គោលបំណង​ចង់ឱ្យ​ក្រុមហ៊ុន​ខាតបង់​ប្រយោជន៍​។​

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ បាន​បដិសេធ​ទាំងស្រុង​ដោយ​មិន​អាច​ទទួលយក​បានការ​លើក​ឡើង​របស់​តំណាង​សហជីព​នៃ​ក្រុម​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​កា​ពី​តូ​ល​នេះនោះ​ទេ​។​ លោក​ អាត់​ ធន់​ អះអាង​ថា​ ការ​បង្ក​ហិង្សា​កាលនោះ​ គឺ​បង្ក​ឡើង​ដោយ​ភាគី​ក្រុមហ៊ុន​ទៅ​វិញ​ទេ​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​អតីត​អ្នកបើកបរ​ និង​មន្ត្រី​សហជីព​របស់​លោក​ជា​ច្រើន​នាក់​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ និង​អ្នកខ្លះ​បាន​ជាប់​ពន្ធនាគារ​ តែ​ត្រូវ​បាន​ដោះ​លែង​មក​វិញ​។​ លោក​ អាត់​ ធន់​៖«​គេ​ជួល​ពួក​ជើងកាង​មក​ពេញ​និង​ហើយ​មានការ​វាយតប់​មក​លើ​កម្មករ​ អាច​មើល​ខ្សែ​វី​ឌី​អូ​បាន​ ព្រោះ​ថ្ងៃ​នោះ​ខ្ញុំ​អត់​ភ្លេច​ទេ​ មាន​ដាក់​ដុំ​ថ្ម​នៅ​ក្នុង​មួក​ ហើយ​មាន​កាន់​ដែក​ ច​ញ្ចៀ​ន​មាន​រូប​កាំភ្លើង​នៅ​ពីលើ​ ហើយ​និង​ដំបង​យក​ទៅ​វាយ​ដល់​ពួក​កា​ពី​តូ​ល​និង​ឃើញច្បាស់​ទោះបី​យក​ក្រ​ឡៃ​ព័ត៌មាន​យ៉ាងដូច​ម្ត៉េ​ច​គ៏​វា​មិន​អាច​ទៅ​រួច​ដែរ​ ព្រោះ​អ្នក​ឯក​មាន​លុយ​ មាន​អំ​ណាំ​ច​ធ្វើ​អ្វី​គេ​បាន​ស្រែក​ចិត្ត​ ប៉ុន្តែ​យុត្តិធម៌​វា​មិន​អាច​សាបសូន្យ​»​។​

​លោក​ អាត់​ ធន់​ បាន​បញ្ជាក់​ថា​ ជំហរ​របស់​សហជីព​នៅ​តែ​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​កា​ពី​តូ​ល​ ទទួលយក​អតីត​អ្នកបើកបរ​រថយន្តក្រុង​ជិត​ ៥០​ នាក់​ឲ្យ​ចូល​ធ្វើការ​វិញ​ និង​ផ្តល់​ប្រាក់​អតីតភាព​ដល់​អតីត​អ្នកបើកបរ​ ដោយ​លោក​ថា​ក្រុមហ៊ុន​បាន​បញ្ឈប់​ពួក​គាត់​ដោយ​ខុសច្បាប់​ ពិសេស​អាជ្ញាធរ​ត្រូវ​ស្វែងរក​យុត្តិធម៌​ឲ្យ​ពួក​គាត់​។​ លោក​ថា​ សហភាព​សហជីព​ការងារ​កម្ពុជា​នឹង​ដាក់​លិខិត​ទៅ​ស្ថាប័ន​តុលាការ​ ដើម្បី​ពិនិត្យ​សំណុំរឿង​ឡើង​វិញ​។​

​អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល​ ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​កា​ពី​តូ​ល​បញ្ឈប់​ពី​ការងារ​កាលពី​ចុងឆ្នាំ​ ២០១៥​ ដោយសារ​ពួក​គេ​បង្កើត​សហជីព​ និង ​ចោទ​ពី​បទ​រំលោភ​កិច្ចសន្យាការងារ​ និង​រំលោភ​បទបញ្ជាផ្ទៃក្នុង​ដោយ​លួច​កិបកេង​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ និង​រំលោភច្បាប់​ការងារ​។​

អតីត​អ្នកបើកបរ​រថយន្តក្រុង​ឱ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ (CAPITOL)​ ប្រមាណ​ ៣០​នាក់​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ បាន​ដាក់​ញត្តិ​ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជួយ​អន្តរាគមន៍​ឱ្យ​ពួក​គេ​ទាំង​ជិត​ ៥០​ បាន​ចូល​បម្រើ​ការងារ​វិញ​ និង​ទទួល​បាន​ប្រាក់​រំលឹក​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image