en     km
en     km

ក្រសួង​រ៉ែ​ និង​ថាមពល​ នឹង​ពិចារណា​សំណើរ​របស់​សង្គម​ស៊ី​វិល​សុំ​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស​🔊

Share

ភ្នំពេញ ៖ ​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួង​ រ៉ែ​ និង​ថាមពល​ ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​បំភ្លឺ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​ និង​ប្រាក់​ចំណូល​ពី​អាជីវកម្ម​នេះ​ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ ដោយ​អង្គការ​សង្គម​ស៊ី​វិល​ស្នើ​ឲ្យ​ ក្រសួង​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​សមុទ្រ​ទៅ​ក្រៅប្រទេស​។​ ជុំវិញ​ការ​ស្នើ​សុំ​នេះ​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បញ្ជាក់​ថា​ ក្រសួង​នឹង​ពិចារណា​សំណើរ​នេះ​។​ ចំណែក​អនុ ប្រធាន​ក​ម្មា​ធិ​ការ​រដ្ឋសភា​ទទួល​បន្ទុក​រ៉ែ​ និង​ថាមពល​ គ្រោង​នឹង​ដាក់​លិខិតស្នើ​ទៅ​ប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​ ដើម្បី​កោះហៅ​រដ្ឋមន្ត្រី ក្រសួង​រ៉ែ​ និង​ថាមពល​ មក​បំភ្លឺ​ជុំវិញ​ការ​បាត់​លុយរាប់​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។​

សាឡុងបូមខ្សាច់ក្នុងទន្លេ។
សាឡុងបូមខ្សាច់ក្នុងទន្លេ។

​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស់​ទៅ​លើ​ទិន្នន័យ​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស​ ក្រុម​អង្គការ​សង្គម​មួយ​ចំនួន​ ដែល​ធ្វើ​ទាក់ទង​នឹង​ធនធាន ធម្មជាតិ​ និង​ តម្លាភាព​ បាន​ស្នើ​ឱ្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បញ្ឈប់​ការ​នាំ​ខ្សាច់​បណ្តោះអាសន្ន​សិន​។​

​សង្គម​ស៊ី​វិល​ស្នើ​សុំ​ផ្អាក​ការ​នាំ​ចេញ​ធនធាន​ខ្សាច់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សង្គម​ស៊ី​វិល​ចំនួន​ ៤៧​ កាលពី​ថ្ងៃ​ទី​ ៣១​ តុលា​ បាន​ដាក់​លិខិត​ចំហ​មួយ​ទៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​ ពន្យល់​អំពី​កម្ពុជា​បាត់​លុយ​ជាង​ ៧៥០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​លក់​ទៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​អំឡុង​ឆ្នាំ​ ២០០៧​ ដល់​ឆ្នាំ​ ២០១៥​។​

​កាលពី​ម្សិលមិញ​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដោយ​ស្នើ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ការ ពារ​ធនធានធម្មជាតិ​ពិតប្រាកដ​ ត្រូវ​សហការ​ជាមួយ​ក្រសួង​ ធ្វើការ​ជាមួយ​គ្នា​ឲ្យ​បាន​ជិត​ស្និទ្ធ​ ជៀសវាង​ការ​បកស្រាយ​ណាមួយ​ដោយ​គ្មាន​មូល ដ្ឋាន​ច្បាប់​ច្បាស់លាស់​ ប្រាសចាក​ពី​បទដ្ឋាន​បច្ចេកទេស​ ដើម្បី​គ្រាន់តែ​បំពុល​មតិ​មហាជន​។​

​ជុំវិញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ អង្គការ​សង្គម​ស៊ី​វិល​ស្នើ​សុំ​ឲ្យ​ក្រសួង​ផ្អាក​ការ​នាំ​ខ្សាច់​នៅ​ក្រៅប្រទេស​បណ្តោះអាសន្ន​នេះ​ គឺ​ក្នុង​គោលបំណង​ប្រយោជន៍​សាធារណៈ​ ពុំ​មាន​ចេតនា​អ្វី​ផ្សេង​ឡើយ​។​ លោក​បញ្ជាក់​ថា​ ការ​ស្នើ​សុំ​ផ្អាក​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នេះ​ គឺ​ សំដៅ​តែ​ការ​នាំ​ចេញ​ខ្សាច់​សមុទ្រ​ប៉ុណ្ណោះ​។​ លោក​ សន​ ជ័យ​ ថា​ សង្គម​ស៊ី​វិល​នៅ​តែ​មាន​ជំហរ​ចង់​ឲ្យ​ក្រសួង​ផ្អាក​ការ​នាំ​ចេញ​នេះ​ដដែល​។​

ស្តាប់សំឡេងលោក​ សន​ ជ័យ​៖

 

​ចំណែក​អនុប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​ ទទួល​បន្ទុក​គណៈកម្មាធិការ​សាធារណៈ​ ការ​ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រេស​នី​យ៍​ ឧស្សាហកម្ម​ រ៉ែ​ និង​ ថាមពល​ ពាណិជ្ជកម្ម​ ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ លោក​ ម៉ៅ​ មុនី​វណ្ណ​ បាន​បញ្ជាក់​ថា​ លោក​នឹង​ដាក់​លិខិត​ទៅ​ប្រធាន​គណៈកម្មាធិ ការ​រដ្ឋសភា​របស់​លោក​ដើម្បី​ស្នើ​សុំ​ឲ្យ​កោះហៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ ថាមពល​ មក​បំភ្លឺ​ករណី​បាត់​លុយ​ជា​ច្រើន​រយ​លាន​ដុល្លារ​ពី​ការ​លក់​ខ្សាច់​នេះ​។​ លោក​ ម៉ៅ​ មុនី​វណ្ណ​ បន្ត​ថា​ លោក​ចង់​ឲ្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​នេះ​ដែរ​។​

ស្តាប់សំឡេង​លោក​ ម៉ៅ​ មុនី​វណ្ណ​៖

 

ជុំវិញ​ការ​ស្នើ​សុំ​ផ្អាក​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស​នេះ​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ លោក​ ឌិ​ត​ ទីណា​ បាន​បញ្ជាក់​ថា​ ក្រសួង​នឹង​ពិចារណា​សំណើរ​នេះ​។​

ស្តាប់សំឡេងលោក​ ឌិ​ត​ ទីណា​៖

 

​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​នាំ​ខ្សាច់​ចេញ​ក្នុង​បរិមាណ​សរុប​ចំនួន​ប្រមាណ​ ២,៨​លាន​ ក្នុង​តម្លៃ​ ៥,៥​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​នៅ​ចន្លោះ​ឆ្នាំ​ ២០០៧​ និង​ឆ្នាំ​ ២០១៥​ ។​ ប៉ុន្តែ​យោង​តាម​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​របស់​អង្គ​សហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ ចំនួន​ខ្សាច់​ដែល​សិង្ហ​បុរី​នាំ​ចូល​ពី​កម្ពុជា​ មាន​ចំនួន​ ៧២,៨​ លាន​តោន​៕​

Share

ព័ត៌មានទាក់ទង

Image