en     km
en     km

​សាលាក្រុង​សាងសង់​បង្គន់​សាធារណៈ​ជិន​រួចរាល់​ហើយ​សម្រាប់​ប្រើ​ក្នុង​ពិធីបុណ្យ​អុំទូក​

Share

​ភ្នំពេញ​៖​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ​ខាង​មុខ​នេះ​ សាលាក្រុង​ បាន​សាងសង់​បង្គន់​សាធារណៈ​ចំនួន​ ៥​ ទី​តាំ​ង​ សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​ ខណៈ​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ី​ន​ទ្រី​ រួម​ទាំង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ បង្កើន​ចំនួន​អ្នក​ប្រមូល​សំរាម​ និង​រថយន្ត​ដឹក​សំរាម​ទ្វេ​ដង​។​ លើស​ពី​នេះ​ អាជ្ញាធរ​បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​ជាង​១​ម៉ឺន​នាក់​ ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនាការ​ប្រណាំងទូក​ ក្នុង​រយៈពេល​ ៤​ថ្ងៃ​។​

s-h

​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​នេះ​ បាន​សរសេរ​នៅ​លើ​ Facebook​ របស់​លោក​ថា​ ក្រុមការងារ​ការដ្ឋាន​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​នៅ​សួនច្បារ​ ក្រម​ ង៉ុ​យ​ សម្រេច​បាន​៩៨%​ ហើយ​។​

​លោក​ថា​ បង្គន់​អនាម័យ​សាធារណៈ​ទាំងនោះ​ គឺ​សម្រាប់​ប្រជាពលរដ្ឋ​មក​លំហែ​កំសាន្ត​នៅ​សួនច្បារ​ និង​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ ដែល​ក្នុង​នោះ​គឺ​មាន​បង្គន់​សាធារណៈ​ចំនួន​ ៥​ទីតាំង​ ដែល​រួម​មាន​ សួនច្បារ​មាត់ទន្លេ​ជាប់​សាលចតុមុខ​ សួនច្បារ​ក្រម​ ង៉ុ​យ​ សួនច្បារ​បទុម​វ​តី​ជាប់​វិ​ថី​ ស៊ូ​ ស្រ៊ុ​ន​សួនច្បារ​បទុម​វ​តី​ក្នុង​ទីធ្លា​សួន​កុមារ​ សួនច្បារ​អរិយ​ក្សត្រ​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១៣​ ១៤​ និង​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ដោយ​មាន​កងកម្លាំង​សមត្ថកិច្ច​ជាង​១​ម៉ឺន​នាក់​ នឹង​ដាក់​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​។​ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ឆ្នាំ​នេះ​ មាន​ទូកង​ ចូលរួម​ប្រណាំង​ជាង​ ២០០​ គ្រឿង​ និង​មាន​កីឡាករ​អុំទូក​ ប្រមាណ​ ១​ម៉ឺន​ ៦​ពាន់​នាក់​។​

​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ដែរ​ សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​បាន​បង្កើន​ចំនួន​ អ្នក​ប្រមូល​សំរាម​ និង​ចំនួន​ឡាន​ដឹក​សំរាម​ជា​ច្រើន​គ្រឿង​ ដើម្បី​ត្រៀម​សម្អាត់​បរិស្ថាន​ នៅ​រាជធានី​ភ្នំពេញ​។​

​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​ AKP​ បាន​ឲ្យ​ដឹង​ថា​ លោក​ អ៊ិ​ត​ ចាន់​ដា​ ប្រធាន​ការិយាល័យ​អតិថិជន​ និង​សំអាត​ក្រុង​ នៃ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ មាន​ប្រសាសន៍​ថា​ សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​លោក​ បាន​ត្រៀមកម្លាំង​ជិត​ ២០០០​នាក់​ ដើម្បី​សំអាត​ និង​ប្រមូល​សំរាម​ ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃនេះ​។

​លោក​ ចាន់​ដា​ បន្ត​ថា​ នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​សំរាម​អាច​នឹង​កើនឡើង​ពី​៣០០​តោន​ ទៅ​៤០០​តោន​ក្នុង​មួយ​ថ្ងៃ​។​ លោក​ថា​ ក្រុមហ៊ុន​ស៊ី​ន​ទ្រី​បាន​បែងចែក​ក្រុម​អ្នក​បោសសំអាត​ និង​ប្រមូល​សំរាម​ ចំនួន​១០​ក្រុម​ ដោយ​ចែក​ជា​ពីរ​វេន​ គឺ​វេន​យប់​ និង​វេន​ថ្ងៃ​។​

​សូម​បញ្ជា​ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​នៅ​ថ្ងៃ​បុណ្យអុំទូក​ខាង​មុខ​នេះ​ អង្គភាព​សួនច្បារ​ និង​រុក្ខជាតិ​ រាជធានី​ភ្នំពេញ​ ក៏​បាន​រៀបចំ​កម្លាំង​ ប្រចាំការ​សម្រាប់​បោសសំអាត​ និង​ប្រមូល​សំរាម​តាម​សួនច្បារ​ជាង​២០០​នាក់​ ដោយ​ចាប់ផ្តើម​បោសសំអាត​ ចាប់ពី​ម៉ោង​១១​យប់​ រហូត​ដល់​ ម៉ោង​៨​ព្រឹក​៕

Share

ព័ត៌មានទាក់ទង

Image