en     km
en     km

អតីត ​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​មួយ​រូប​ ទទួលមរណភាព​

Share

​ភ្នំពេញ​៖​ លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ដ្រី​នា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​បច្ចុប្បន្ន​លោក​ជា​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល កំពង់ស្ពឺ បានទទួលមរណ ភាព ​នៅ​វេលា​ម៉ោង​ ១៩៖១៥​ នាទី​ នៅ​ថ្ងៃ​ទី​ ២៩​ ខែតុលា​ ឆ្នាំ​ ២០១៦​ ក្នុង​ជន្មាយុ​ ៨០​ឆ្នាំ​ ដោយ​រោគាពាធ​។

 លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ដ្រី​នា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (រូបខាងឆ្វេង)
លោក​ ប៉ែន​ សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ដ្រី​នា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (រូបខាងឆ្វេង)

​​លោក​ ប៉ែន​ សុវណ្ណ​ កើត​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ មេ​សា​ ឆ្នាំ​ ១៩៣៦​ នៅ​ ភូមិ​ចន្ទ​ទៀប​ ត្រាំ​កក់​ ខេត្តតាកែវ​ ។​ លោក​ គឺជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី​មួយ​ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​គាំទ្រ​ដោយ​ទីក្រុង​ហាណូយ​។​ អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​រូប​នេះ​ ត្រូវ​បាន​ទម្លាក់​ពី​ដំ​ណែង​​ ដោយ​ការ​ចាប់ខ្លួន​លោក​ទៅ​ឃុំ​នៅ​ទីក្រុង​ ហាណូយ​ ដោយ​កងទ័ព​វៀតណាម​ នៅ​ឆ្នាំ​ ១៩៨១​។​ លោក​គឺជា​អតីត​ប្រធាន​រណ​សិរ្ស​ពីរ​ធ្នូ​ ដែល​បាន​ដឹកនាំ​ការ​តស៊ូ​ដោយ​ការ​គាំទ្រ​ពី​កងទ័ព​វៀតណាម​​ចូល​មក​កម្ពុជា​ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​ ។​ លោក​ ប៉ែន​ សុវណ្ណ​ ត្រូវ​បាន​ដោះ​លែង​ពីពន្ធនាគារ​នៅ​ទីក្រុង​ហាណូយ​ វិញ​បន្ទាប់​ពី​ មាន​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​។​ ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ អ្នកនាំពាក្យ​សំឡេង​ភាគតិច​​រដ្ឋសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរេស​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដោយ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​លោក​ ​ប៉ែន​ សុវណ្ណ ​ ដូចនេះ​ថា​៖«​ប៉ែន​ សុវណ្ណ​ អក្ខរា​ចារ​លើ​ជញ្ជាំង​គុក​ “​រស់​ដើម្បី​ជាតិ​ ដើម្បី​ប្រជាជន​ខ្ញុំ​”​។​ ក្នុង​មួយ​ឆាកជីវិត​ ព្យាយាម​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ​ ហ៊ាន​តវ៉ា​ប្រឆាំង​ ហ៊ាន​ជាប់គុក​ច្រ​វ៉ា​ក់​ មិន​លោភលន់​ គ្មាន​ទ្រព្យសម្បត្តិ​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជាតិ​ខ្មែរ​ ក្នុង​បំណង​តែ​មួយ​គត់​ គឺ​ជាតិ​។​ យើង​មានទុក្ខ​ក្រៀមក្រំ​ សោក ស្ដាយ​យ៉ាង​ខ្លាំង​ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ ចំពោះ​ការ​បាត់បង់​ លោក​ ប៉ែន​ សុវណ្ណ​ ជា​សមាជិក​រដ្ឋសភា​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​ជា​ឧត្ដម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ទទួលមរណភាព​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៨០​ឆ្នាំ​ នៅ​វេលា​ម៉ោង​ ១៩:១៧​ នាទី​ នា​យប់​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៦​ នៅ​គេហដ្ឋាន​ក្នុង​ទីរួមខេត្ត​តាកែវ​។​ នេះ​គឺជា​ការ​បាត់បង់​ កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម​ ជា​ការ​បាត់បង់​របស់​ប្រជាជាតិ​យើង​។​ សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ ប៉ែន​ សុវណ្ណ​ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»

Share

ព័ត៌មានទាក់ទង

Image