ភ្នំពេញ ៖ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣,៧ លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៅឆ្នាំ ២១០៦នេះ ពោលគឺកើនឡើងប្រមាណ ៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់ទីភ្នាក់ព័ត៌មានកម្ពុជា AKP ថា ភ្ញៀវទេសចរបរទេសចំនួន ៣,៧ លាននាក់បានមកទស្ស នាកម្ពុជាចាប់ពីខែមករា ដល់ខែកញ្ញា។ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបន្តថា កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសកើន ឡើងប្រមាណ ៥ លាននាក់នៅពេលខាងមុខ ដែលការកើនឡើងនេះនឹងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៦០ម៉ឺននាក់នៅឆ្នាំនេះ។
លោក ហូ វណ្ឌី អគ្គលេខាធិការនៃសហព័ន្ធទេសចរណ៍ បានប្រាប់កាសែតខ្មែរថែមថា នៅរយៈពេលចុងក្រោយនេះ មានការកើនឡើងនៃចំនួនភ្ញៀវទេសចរ ប្រការនេះជាការផ្ដល់សញ្ញាល្អទាំងវិស័យឯកជន និងសាធារណៈ ជាពិសេសសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍នៅកម្ពុជា ។
លោក វណ្ឌី បន្ថែមទៀតថា៖ «ការកើនឡើងចំនួនភ្ញៀវទេសចរនេះ គឺដោយសារតែភាពអាចរកបាននៃជើងហោះហើរដោយផ្ទាល់មកកម្ពុជាផងដែរ»។ លោកថា៖ «កំណើនភ្ញៀវទេសចរណ៍នេះ បានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ នឹងបានផ្ដល់នូវការងារបន្ថែមទៀត ពិសេសបង្កើនប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាជន»។
ព្រលានយន្តហោះកម្ពុជាបានទទួលអ្នកដំណើរជាង ៥ លាននាក់ ហើយជើងហោះហើរប្រមាណ ៥៣០០០បានប្រតិបត្តិការនៅប្រាំបួនខែដំបូងក្នុងឆ្នាំនេះ ដែលបានកើនឡើង ៦,២% និងបានកើនឡើង ២,៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងទេសចរណ៍ កំពុងអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារថ្មីមួយ ដើម្បីធានាសម្រេចគោលដៅរបស់ខ្លួនដែលកំណត់ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៧,៥ លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ ២០២០។ ផែនការណ៍របស់ក្រសួងទេសចរណ៍នេះ នឹងបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៥ ពាន់លានដុល្លារ និង បង្កើតការងារប្រមាណមួយលាននាក់ដល់ពលរដ្ឋទៀតផង។ ផែនការនេះដែល ក៏មានគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរចិនប្រមាណ ២ លាននាក់ក្នុងមួយឆ្នាំមកទស្សនាក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២០ ៕ប្រភព៖AKP