en     km
en     km

​សកម្មជន​ព្រៃឈើ​៖​ វិធានការ​ទៅ​លើ​អ្នក​នៅ​ពីក្រោយ​នៃ​ការ​កាប់​ព្រៃ​គឺ​គ្មាន​ប្រសិទ្ធ​ឡើយ (មានសំឡេង)​

Share

​អាជ្ញាធរ​ខេត្តព្រះវិហារ​ អះអាង​ថា​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​ខ្លាំង​ ចំពោះ​សកម្មភាព​របស់​ជន​ទាំងឡាយ​ណា​ ដែល​នៅ​ពីក្រោយ​នៃ​ការ​បំផ្លាញ​ធនធាន​ព្រៃឈើ​ ដោយ​ប្រើប្រាស់​រូបភាព​ប្រជាពលរដ្ឋ​ ឫ​គ្រប់​រូបភាព​ណា​ក៏​ដោយ​។​

រូបភាពពី លោក​ ហេង​ ស្រស់​ សកម្មជន​ ការពារ​ព្រៃឈើ​
រូបភាពពី លោក​ ហេង​ ស្រស់​ សកម្មជន​ ការពារ​ព្រៃឈើ​

នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ ខេត្តព្រះវិហារ​ នៅ​ទី​២១​ ខែតុលា​។​ បើ​ទោះបីជា​រដ្ឋបាល​ខេត្ត​បញ្ជាក់​ពី​គោល​ជំហរ​ របស់​ខ្លួន​ក្នុង​ការពារ​ធនធានធម្មជាតិ​ក៏​ដោយ​ តែ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ និង​សកម្មជន​ការពារ​ព្រៃឈើ​មួយ​ចំនួន​ មិន​ជឿជាក់​នោះ​ទេ​ ព្រោះ​កន្លង​មក​ អាជ្ញាធរ​មិន​ដែល​អើពើ​ ហើយ​ពេល​ខ្លះ​ថែម​ទាំង​ឃុបឃិត​ ជាមួយ​ឈ្មួញ​ថែម​ទៀត​ផង​។កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​៖

 

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តព្រះវិហារ​  បានឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​កន្លង​មកនេះ​ សង្កេត​ឃើញ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ ក្នុង​ដែនជម្រកសត្វព្រៃ​ និង​ព្រៃ​ការពារ​ ដែល​មានការ​រៀបចំ​ទុកជា​មុន​ដោយ​ក្រុម​ជនខិលខូច​មួយ​ចំនួន​។​

រូបភាពពី លោក​ ហេង​ ស្រស់​ សកម្មជន​ ការពារ​ព្រៃឈើ​
រូបភាពពី លោក​ ហេង​ ស្រស់​ សកម្មជន​ ការពារ​ព្រៃឈើ​

សេចក្តី​ប្រកាស​ ដដែល​បន្ត​ថា​ ដើម្បី​ការពារ​អភិរក្ស​ធនធានធម្មជាតិ​ រដ្ឋបាល​ខេត្តព្រះវិហារ​ បាន​បញ្ជាក់​ពី​គោល​ជំហរ​ យ៉ាង​ម៉ឺងម៉ាត់​ គឺ​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ដាច់ខាត់​ ចំពោះ​សកម្មភាព​របស់​ជន​ទាំងឡាយ​ណា​ ដែល​នៅ​ពីក្រោយ​ នៃ​ការ​បំផ្លាញ​ធនធាន​ព្រៃឈើ​។​ បន្ថែម​ពី​នេះ​ នឹង​ហាមឃាត់​ ទប់ស្កាត់​គ្រប់​រូបភាព​ ក្ន​ង​ករណី​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ ក្នុង​ការ​ប្រមូល​ឈើ​ តែ​បែរជា​ប្រើប្រាស់​រូបភាព​ប្រជាជន​ ទៅ​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ យក​មក​លក់​ឱ្យ​ក្រុមហ៊ុន​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ខេត្តព្រះវិហារ​ ធ្វើ​ឡើង​បន្ទាប់​ពី​ ក្រុម​យុវជន​មួយ​ក្រុម​បាន​ចុះ​ល្បាត​ព្រៃ​សហគមន៍​ព្រះ​រការ​ ហើយ​ចាប់​បាន​គោ​យន្ដ​អ្នក​ដឹកឈើ​ចំនួន​១២​គ្រឿង​ ម៉ាស៊ីន​អា​ឈើ​ចំនួន​មួយ​គ្រឿង​។​

​លោក​ ហេង​ ស្រស់​ សកម្មជន​ ការពារ​ព្រៃឈើ​ដែល​ទើប​ត្រឡប់​មក​ពី​ចុះ​ល្បាត​ព្រៃ​សហគមន៍​ព្រះ​រការ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២១​ តុលា​នេះ​ថា​ វិធានការ​ របស់​សាលា​ខេត្តព្រះវិហារ​នេះ​ គឺ​គ្រាន់តែ​ជា​ការពារ​ខ្លួន​ ដើម្បី​កុំឱ្យ​សាធារណៈជន​មើលឃើញ​ពី​ អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ ការពារ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​តែ​ប៉ុណ្ណោះ​។

លោក​ ហេង​ ស្រស់​៖«​ខ្ញុំ​គិត​ថា​អាជ្ញាធរ​ មិនបាច់​ចេញ​សេចក្តីថ្លែងការណ៍​អ​ញ្ចឹ​ង​ទេ​ អា​ថ្ងៃ​ដែល​ខ្ញុំ​ និង​អាជ្ញាធរ​ចុះ​ល្បាត​រួម​គ្នា​ហ្នឹង​  អ្នក​ដែល​កាប់​ឈើ​ហ្នឹង​ប្រាប់​ទាំង​ឈ្មោះ​ដេប៉ូ​ ប្រាប់​ទាំង​អ្នក​ដែល​បញ្ជា​កាប់​ថា​គាត់​ហ្នឹង​ជា​អ្នក​ណា​ហើយ​ បើ​តាម​ខ្ញុំ​ចុះ​ស្រាវ​មួយ​អាទិត្យ​កន្លង​ទៅ​គឺ​អ្នក​ដែល​កាប់​ឈើ​គឺ​គាត់​បាន​និយាយ​ថា​ គាត់​កាប់​ឈើ​យក​ទៅ​ គាត់​ដឹក​ទៅ​តាម​ផ្លូវ​នេះ​ គឺ​គាត់​បង់​ឱ្យ​មាន​ប៉ូ​លី​សមាន​ប៉េ​អ៊ឹម​ហ្នឹង​  ក្នុង​មួយ​គោ​យន្ត​បង់​ឱ្យ​ប៉ូ​លី​ស​ប៉េ​អ៊ឹម​២០០០០​រៀល»​​។​

​ ​

រូបភាពពី លោក​ ហេង​ ស្រស់​ សកម្មជន​ ការពារ​ព្រៃឈើ​
រូបភាពពី លោក​ ហេង​ ស្រស់​ សកម្មជន​ ការពារ​ព្រៃឈើ​

​ចំណែក​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ជា​សង្ឃ​មួយ​អង្គ​ដែល​សកម្ម​ក្នុង​ការពារ​ធនធានធម្មជាតិ​ មាន​ថេរៈ​ដីកា​រថា​ លិខិត​របស់​សាលា​ខេត្តព្រះវិហារ​ ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​តែ​ប៉ុណ្ណោះ​។​ ករណី​នេះ​ព្រះ​អង្គ​ មិន​ជឿជាក់​លើ​គោល​ជំហរ​របស់​អាជ្ញាធរ​  ចំពោះ​ការពារ​ធនធានធម្មជាតិ​នោះ​ទេ​។​ ព្រះ​អង្គ​បន្ត​ថា​ សព្វ​ថ្ងៃនេះ​ព្រៃ​នៅ​ខេត្តព្រះវិហារ​ រង​ការ​កាប់​បំផ្លាញ​យ៉ាង​គំហុក​ ហើយ​មិនយូ​ទេ​ព្រៃឈើ​នៅ​ខេត្ត​មួយ​នេះ​នឹង​អស់​ក្នុង​ពេល​ឆាប់​នេះ​។​

​ទាក់ទិន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ លោក​ ថោ​ង​ ស៊ុន​ ប្រជា​សហគមន៍​ព្រៃ​ព្រះ​រការ​ បាន​ចោទ​អាជ្ញាធរ​ថា​ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​។​ លោក​ថា​រាល់​ថ្ងៃនេះ​ ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​ រង​ការ​កាប់​បំផ្លាញ​ស្ទើ​អស់ហើយ​ ចំណែក​គោ​យន្ត​វិញ​ដឹកឈើ​ចេញ​រាល់ថ្ងៃ​។​ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ ចាត់វិធានការ​ចំពោះ​ជនល្មើស​ទាំងនោះ​ទេ​។​

លោក​ថោ​ង​ ស៊ុន៖​«អាជ្ញាធរ​មិនសូវ​យកចិត្តទុកដាក់​បើ​គេ​ហាមឃាត់​មានការ​លំបាក​ វា​រួម​ដៃ​រួម​ជើង​ជាមួយ​ជ​ជនល្មើស​ហើ​អាជ្ញាធរ​មិនសូវ​យកចិត្តទុកដាក់​សព្វថ្ងៃ​។​គេ​កាប់​បំផ្លាញ​ព្រៃឈើ​រាល់ថ្ងៃ​គ្មាន​ខាន​ទេ​ដឹក​រាល់ថ្ងៃ​។​ អ​ជ្ញា​ធរ​គេ​មិន​ធ្វើ​ទេ​កាលណា​ធ្វើ​គេ​និង​ដាច់​យៃ​បាន​បន្ថែម​ពីលើ​ប្រាក់ខែ​»

​យ៉ាងណា​ក៏​ដោយ​ វិទ្យុ​ស្រី្ត​មិន​ទាន់​សុំ​ការ​បំភ្លឺ​ភ្លាមៗ​ពី​ អភិបាល​ខេត្តព្រះវិហារ​ជុំវិញ​មតិ​រិះគន់​ ពី​ សំណាក់​សកម្មជន​ព្រៃឈើ​ទាំងនោះ​បាន​នៅឡើយ​ទេ​។​

​បើ​តាម​លោក​ ហេង​ ស្រស់​ សកម្មជន​ ការពារ​ព្រៃឈើ​  ថា​នៅ​ខេត្ត​ ព្រះ​វិហារ​ សព្វថ្ងៃ​ មាន​ឈ្មួញ​ រកស៊ី​ឈើ​ខុសច្បាប់​កំពុង​តែ​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ ចូល​កាប់​ឈើ​ពី​ព្រៃ​ព្រះ​រការ​ ដែល​ជា​តំបន់​ការពារ​។​ លោក​ថា​ ក្រុម​អ្នក​កាប់​ឈើ​ទាំងនោះ​បាន​ប្រាប់​ថា​ ពួក​គាត់​កាប់​ឈើ​ឱ្យ​ក្រុមហ៊ុន​ ហើយ​ពេល​ពួក​គាត់​ដឹក​ចេញពី​ព្រៃ​មាន​ អាជ្ញាធរ​ ចាំ​យក​លុយ​ ក្នុង​មួយ​គោ​យន្ដ​តម្លៃ​២០០០០​រៀល​៕

Share

ព័ត៌មានទាក់ទង

Image