en     km
en     km

​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ញើ​សារ​រំលែក​ទុក្ខ​ជាមួយ​ពលរដ្ឋ​ថៃ​

Share

ភ្នំពេញ ៖ ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្ដែង​ការ​កាន់ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ថៃ​ ចំពោះ​ការ​យាង​ចូល​ទិវង្គត​នៃ​ ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​(Bhumibol​ Adulyadej)​។

ពលរដ្ឋថៃសម្តែងការសោកស្តាយចំពោះការសោយទិវង្គតព្រះបាទ ភូមិបុល អាឌុលយ៉ាដេត។រូបភាព៖ Reuters
ពលរដ្ឋថៃសម្តែងការសោកស្តាយចំពោះការសោយទិវង្គតព្រះបាទ ភូមិបុល អាឌុលយ៉ាដេត។រូបភាព៖ Reuters

​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចុះហត្ថលេខា​ដោយ​ប្រធាន​ស្ដីទី​លោក​ កឹ​ម​ សុខា​  បាន​ផ្ញើ​ជូន​លោក​ ប្រា​យុទ្ធ​ ច័ន្ទ​អូ​ចា​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ តុលា​ បាន​សរសេរ​ថា​ ថ្នាក់ដឹកនាំ​ និង​សមាជិក​ សមាជិកា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​សេចក្តី​រន្ធត់​យ៉ាង​ខ្លាំង​ដោយ​ទទួល​ដំណឹង​ថា​ ព្រះ បាទ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ​ បាន​យាង​ចូល​ទិវង្គត​។​

​តាម​លិខិត​គណបក្សប្រឆាំង​ធំ​នេះ​ បាន​ចាត់​ទុក​ការ​សោយ​ទិវង្គត​របស់​ព្រះបាទ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ គឺជា​ការ​បាត់បង់​ដ៏​ធំធេង​របស់​ប្រជាពលរដ្ឋ​ថៃ​ ក៏​ដូច​ជា​ការ​បាត់បង់​របស់​ប្រជាជាតិ​នានា​ លើ​សកលលោក​ផង​ដែរ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្តែង​ការ​សោកស្តាយ​ និង​ជូន​នូវ​ការ​រំលែក​ទុក្ខ​ ព្រមទាំង​ក្តី​សង្វេគ​ដ៏​មហា​ធំធេង​ ចំពោះ​ព្រះ​មហាក្សត្រី​យា​នី​ និង​ព្រះរាជ​វង្សានុវង្ស​ថៃ​ ក៏​ដូច​ជា​លោកនាយក​រដ្ឋមន្ត្រី​ ប្រា​យុទ្ធ​ ច័ន្ទ​អូ​ចា​។​

សាររំលែកទុក្ខរបស់គណបក្សសង្គ្រោះជាតិ ជូនចំពោះនាយករដ្ឋមន្រ្តីថៃនិងពលរដ្ឋ។
សាររំលែកទុក្ខរបស់គណបក្សសង្គ្រោះជាតិ ជូនចំពោះនាយករដ្ឋមន្រ្តីថៃនិងពលរដ្ឋ។

​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ បាន​សោយ​ទិវង្គត​កាលពី​រសៀល​ថ្ងៃ​ទី​ ១៣​ តុលា​ ដោយ​ ព្រះ​រោគ​ ក្នុង​ជន្មាយុ​ ៨៨​ ព្រះ​វស្សា​។​

​ព្រះមហាក្សត្រ​ថៃ​អង្គ​នេះ​ បាន​ឡើង​គ្រោង​រាជ្យ​ តាំងពី​ឆ្នាំ​ ១៩៤៦​ រហូត​ព្រះ​អង្គ​ចូល​ទិវង្គត​ គឺ​មាន​រយៈពេល​ ៧០​ ឆ្នាំ​ ដែល​គេ​ចាត់​ទុក​ថា​ជា​ស្ដេច​មួយ​អង្គ​បាន​ឡើង​សោយរាជ្យ​យូរ​ឆ្នាំ​ជាងគេ​ នៅ​លើ​ពិភពលោក​។​

​នាយក​រដ្ឋមន្ត្រី​ ប្រា​យុទ្ធ​ ច័ន្ទ​អូ​ចា​ បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ថៃ​កាន់ទុក្ខ​មរណភាព​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ រយៈពេល​ ១​ឆ្នាំ​៕

Share

ព័ត៌មានទាក់ទង

Image