en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ រាយការណ៍​ ថ្វាយ​ព្រះមហាក្សត្រ​ តែ​ពុំ​មាន​ពាក្យ​ថា​ ត្រូវ​លើកលែងទោស​មេ​បក្ស​ប្រឆាំង​នោះ​ទេ (មានសំឡេង)​

Share

ភ្នំពេញ៖ ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ស្នើ​សុំ​ ព្រះមហាក្សត្រ​ លើកលែងទោស​ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​ពួក​គាត់​ ព្រមទាំង​សកម្មជន​ ។​

សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន

តាម​អត្ត​ន័យ​ក្នុង​លិខិត​របស់​លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​  គឺ​ការ​ថ្វាយ​លិខិត​នេះ​ គឺ​ដើម្បី​ទាញ​បរិយាកាស​ នយោបាយ​ឲ្យ​ល្អ​ប្រសើរ​វិញ​ ហើយ​ឆ្ពោះទៅ​រក​ការ​ផ្សះផ្សារ​ជាតិ​ បង្រួបបង្រួម​ និង​ ឯកភាព​ជាតិ​។​ យ៉ាងណា​ក៏​ដោយ​ សម្ដេច​ ហ៊ុន​ សែន​ រាយការណ៍​ថ្វាយ​ព្រះមហាក្សត្រ​ថា​ ករណី​ មេ​បក្ស​ប្រឆាំង​គឺជា​បញ្ហា​របស់​តុលាការ​។​ តែ​អ្នកវិភាគ​ថា​ ដំណាក់កាល​នេះ​ គេ​ត្រូវ​និយាយ​ពី​ការ​ផ្សះផ្សា​ជាតិ​ ជា​ជាង​និយាយ​ថា​ ពី​ការ​ពង្រឹង​នីតិរដ្ឋ​។​ លោក​ ធូរ​ វី​រៈ​ ជូន​សេចក្ដីរាយការណ៍​៖

 

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​ និង​ លោក​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ទី​ ៨​ ខែ​ តុលា​ បាន​ដាក់​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ បរមនាថ​ នរោត្ដម​ សីហ​មុនី​ ដើម្បី​សុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​ ចំពោះ​សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​ដីធ្លី​ សកម្មជន​បរិស្ថាន​ និង​ អគ្គ​លេខា​រង​ គ​.​ជ​.​ប​ រួម​ទាំង​ សកម្មជន​របស់​ខ្លួន​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុ​ន​ ឆ័​យ​ មាន​ប្រសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់​ទទួល​បាន​លិខិត​ ពី​ រាជរដ្ឋាភិបាល​នៅឡើយ​ទេ​។​ លោក​បញ្ជាក់​ថា​ ការ​ដាក់​លិខិត​នេះ​ ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ អំពី​ស្ថានភាព​នយោបាយ​ ឲ្យ​វិល​មក​ រក​ភាព​ដើម​វិញ​។​ លោក​ សុ​ន​ ឆ័​យ​ សង្ឃឹមថា​ ព្រះមហាក្សត្រ​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ បរមនាថ​ នឹង​ស្វែងរក​ដំណោះស្រាយ​ល្អ​មួយ​នៅ​ពេល​អនាគត​ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​។​

​លោក​ សុ​ន​ ឆ័​យ​៖«​ខ្ញុំ​ជឿ​ថា​ ព្រះ​អង្គ​ នឹង​រក​ដំណោះស្រាយ​ ឲ្យ​ប្រជារាស្ត្រ​ព្រះ​អង្គ​ ក៏​ដូច​ជា​គណបក្ស​នយោបាយ​នៅ​ពេល​អនាគត់​»​។​

​កាលពី​ថ្ងៃ​ទី​ ១១​ ខែ​ តុលា​ ព្រះមហាក្សត្រ​ បាន​ផ្ញើ​ លិខិត​របស់​មេដឹកនាំ​ គណបក្សជំទាស់​ ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​ពិនិត្យ​។​

​ជា​ការ​ថ្វាយ​ការ​ឆ្លើយ​តប​ ទៅ​ ព្រះមហាក្សត្រ​ សម្តេច​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​ ១២​ តុលា​ បាន​ថ្វាយ​លិខិត​ដោយ​សរសេរ​រៀបរាប់​ថា​ ករណី​ លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ នៅ​តុលាការ​ គឺជា​ការ​ពង្រឹង​ និង​ការ​លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​លិខិត​របស់​សម្ដេច​ ហ៊ុន​ សែន​ បាន​រាយការណ៍​ ជា​ច្រើន​ថ្វាយ​ព្រះមហាក្សត្រ​ នេះ​ ដោយ​លើក​ឡើងជា​ច្រើន​ ពី​ចំនុច​ច្បាប់​ និង​ បទល្មើស​ ដែល​ មេ​បក្ស​ប្រឆាំង​ទាំង​២​រូប​នេះ​ បាន​ប្រព្រឹត្ត​។​

លោក កឹម សុខា និង លោក សម រង្ស៊ី
លោក កឹម សុខា និង លោក សម រង្ស៊ី

​ជុំវិញ​ការ​ស្នើ​សុំ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នេះ​ លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ​ និង​ សង្គម​យល់​ថា​ ការ​ស្វះស្វែង​របស់​មេដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ​ ស្នើ​សុំ​ព្រះ​រាជទាន​ទោស​ ពី​ព្រះមហាក្សត្រ​គឺជា​ដំណោះស្រាយ​ល្អ​មួយ​ ដើម្បី​ឲ្យ​អ្នកនយោបាយ​ត្រូវ​រូ​វ​គ្នា​ក្នុង​ការ​ផ្សះផ្សា​ជាតិខ្មែរ​។​

​លោក​ គឹ​ម​ សុខ​៖«​អ្នក​និយាយ​គ្នា​បាន​ វា​ទាល់តែ​ពុំ​មាន​រនាំង​បាំង​ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​គ្នា​ និយាយ​គ្នា​ ហើយ​កុំ​ឲ្យ​មាន​ រនាំង​បាំង​ លុះត្រាតែ​រដ្ឋាភិបាល​ កុំ​ប្រើ​តុលាការ​ កុំ​ប្រើ​អាជ្ញាធរ​រដ្ឋ​ ស្ថាប័នរដ្ឋ​ ដើម្បី​រា​រាំំ​ង​ ឬ​ឃាំង​ដំណើរ​ មេដឹកនាំ​គណបក្សប្រឆាំង​ឲ្យ​ទៅ​ជួប​។​ បញ្ហា​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បង្ហាញ​សេចក្តី​ក្លាហាន​ ជជែក​គ្នា​បន្តិច​ទៅ​ ដើម្បី​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ សុំ​លើកលែងទោស​ ហើយ​យើង​ជជែក​គ្នា​ទៅ​បញ្ហា​អ្វីខ្លះ​ បើ​យល់​ល្អ​ជជែក​គ្នា​តុមូល​មក​ បង្ហាញ​រាស្ត្រ​ អ្នក​ណា​ខុស​ អ្នក​ត្រូវ​»​។​

​ចំណែក​ លោក​ ចាន់​ វិបុល​ អ្នកវិភាគ​បញ្ហា​សង្គម​ មាន​ប្រសាសន៍​ថា​ ការ​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ ដើម្បី​សុំ​លើកលែងទោស​នេះ​គឺ​ ជា​វិធីសាស្ត្រ​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ រួច​ផុត​រឿង​ក្តីក្តាំ​នៅ​តុលាការ​។​  លោក​យល់​ថា​ រាជរដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​ជា​មុន​សិន​ មុន​នឹង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​លោក​ ចាន់​ វិបុល​៖«​ខ្ញុំ​ឃើញ​ថា​ការ​លើកលែងទោស​មិន​ជាប់​ទាក់ទង​ និង​នីតិរដ្ឋ​ទេ​ ពីព្រោះ​កម្ពុជា​សព្វថ្ងៃ​មិនមែន​ជា​នីតិរដ្ឋ​ តុលាការ​ស្ថិត​នៅ​ក្រោម​អំណាច​ របស់​អ្នកនយោបាយ​ យើង​មិន​ចង់​ឃើញ​ដូចនេះ​នៅ​ក្នុង​ពេល​អនាគត​។​ យើង​ចង់​ឃើញ​មេដឹកនាំ​ម្នាក់ៗ​ សុំ​រក្សា​ឲ្យ​អំណាច​នយោបាយ​ នៅ​តុលាការ​ដាច់​ពី​គ្នា​ កុំ​ឲ្យ​ពាក់ព័ន្ធ​គ្នា​ដូច​បច្ចុប្បន្ន​នេះ​»​។​

​តែបើ​តាម​លោក​ គល់​  បញ្ញា​ នាយក​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ Comfrel​ គឺ​ព្រះមហាក្សត្រ​មាន​បុព្វ​សិទ្ធ​ លើកលែងទោស​ ជន​ណា​ក៏​បាន​ដែរ​ ព្រោះ​ជា​ការ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​។​

​លោក​បាន​ សរសេរ​ដូចនេះ​ លើ​ ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ថា​ ៖«​យោង​តាម​រដ្ឋធម្មនុញ្ញ​ ព្រះមហាក្សត្រ​ មាន​ព្រះរាជ​សិទ្ធិ​ ធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​,​ ការ​លើកលែងទោស​ និង​ ព្រះរាជ​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្តាល​»​។​

​លោក​បាន​ពន្យល់​ថា​ ៖«​មេដឹកនាំ​ រដ្ឋាភិបាល​ មិន​អាច​អ​ព្យា​ក្រិត​នយោបាយ​ ដូច​ព្រះមហាក្សត្រ​ទេ​ ព្រោះ​នាយក​រដ្ឋមន្ត្រី​ ជា​គូប្រកួត​នយោបាយ​ ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង​ ដូចនេះ​មាន​ទំនាស់​ផលប្រយោជន៍​ ខ្លាំង​ក្នុង​កា​ផ្តល់​យោបល់​ ករណី​របៀប​នេះ​»​

​ការ​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ ធ្វើ​ឡើង​ ដោយ​មេ​បក្ស​ប្រឆាំង​នេះ​ គឺជា​លើក​ទី​២​ បន្ទាប់​ពី​លើក​មុន​ ពួក​គាត់​ស្នើ​សុំ​ ព្រះមហាក្សត្រ​ ជួយ​អន្តរាគមន៍​ ជួយ​បញ្ចប់​ការ​ឡើង​កំ​ដៅ​ នយោបាយ​ ដែល​បក្ស​ប្រឆាំង​ថា​លទ្ធិប្រជាធិបតេយ្យ​បាន​ដើរ​ដល់​ចំនុច​គ្រោះថ្នាក់​៕​

Share

ព័ត៌មានទាក់ទង

Image