en     km
en     km

​អាជ្ញាធរ​អនុញ្ញាត​ ឱ្យ​រៀបចំ​បុណ្យ​ ១០០​ថ្ងៃ​ បណ្ឌិត​ កែម​ ឡី​ នៅ​វត្ត​ចាស់​ ជា​ថ្នូរ​ថា​មិន​ពាក់ព័ន្ធ​នយោបាយ​ (មានសំឡេង)

Share

ភ្នំពេញ៖ ​សាលា​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឱ្យ​គណៈ​ក​ម្មា​ការ​បុណ្យ​ រៀបចំ​ពិធីបុណ្យ​ ១០០​ថ្ងៃ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ទីតាំង​វត្ត​ពោធិ​យា​រាម​ ហៅ​វត្ត​ចាស់​ នៅ​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ តុលា​ ទៅ​តាម​ការ​ស្នើ​សុំ​។​  

kemley-24-8ប៉ុន្តែ​បើ​តាម​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ សមាជិក​គណៈ​ក​ម្មា​រៀបចំ​ពិធីបុណ្យ​ ការ​អនុញ្ញាត​នេះ​ដោយសារ​ គណៈកម្មការ​បាន​សន្យា​ថា​ នឹង​មិន​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ​។​ យ៉ាងណា​ក៏​ដោយ​ នេះ​ជា​ការ​ធ្វើ​ឱ្យ​អស់​មន្ទី​ល​ ចំពោះ​ កម្មវិធី​បុណ្យ​នេះ​ ថា​ធ្វើ​បាន​ឬ​មិន​បាន​ដែល​ធ្វើ​ឡើង​នៅ​វត្ត​ចាស់​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ បាន​គាំទ្រ​ ចំពោះ​ចំហរ​ របស់​សាលា​រាជធានី​ភ្នំពេញ​។​កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

ការ​អនុញ្ញាត​នេះ​ បន្ទាប់​ពី​ គណៈកម្មការ​បុណ្យសព​ លោក​ កែម​ ឡី​ និង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជួប​ភា​ក្សា​គ្នា​ នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១២​នេះ​  ដោយ​គណៈ​ក​ម្មា​បាន​សន្យា​ថា​ការ​រៀបចំ​ពិធីបុណ្យ​នេះ​ នឹង​មិន​មានការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ​ ឬ​ការ​ប្រមូលផ្តុំ​ដើម្បី​ធ្វើ​បាតុកម្ម​អ្វី​នោះ​ទេ​។​ នេះ​បើ​តាម​ថេរ​ដីការ​ របស់​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​១២​ ខែតុលា​នេះ​។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ៖«​ដោយ​យោង​ទៅ​តាម​ការ​ជឿ​ បារមី​របស់​លោក​បណ្ឌិត​ កែម​ ឡី​ ក្នុង​ការ​ធ្វើអំពើ​ល្អ​ ទើប​អាត្មា​មើលឃើញ​ថា​ សាលា​រាជធានី​ មើលឃើញ​រឿង​ល្អ​បាន​អនុញ្ញាត​ មុន​ប្រហែលជា​មើល​មិនឃើញ​រឿង​ល្អ​ទេ​ដឹង​ បាន​ពួក​គាត់​មិន​បាន​អនុញ្ញាត​ តែ​ឥលូវ​មើលឃើញ​រឿង​ល្អ​ បាន​ចំណេញ​បាន​ប្រយោជន៍​ ហើយ​អាត្មា​បាន​និយាយ​ខ្លះ​ដែរ​ ប្រសិនបើ​យើង​ហាមឃាត់​រិ​ត​ត្បិត​ សិទ្ធិ​គេ​មិន​ឱ្យធ្វើ​បុណ្យ​អ្នក​ដែល​ខាត​មិនមែន​ គណៈកម្មការ​បុណ្យ​ទេ​ អ្នក​ដែល​ខាត​គឺ​រដ្ឋាភិបាល​»​។

​នៅ​ក្នុង​បទ​សម្ភាសន៍​ ជាមួយ​វិទ្យុ​ស្រី្ត​ កាលពី​ថ្ងៃ​ម្សិលមិញ​ ចៅអធិការ​វត្ត​ ចាស់​ ព្រះ​អង្គ​ មាស​ សា​ខន​ មាន​ថេរៈ​ដិ​ការ​ថា​ ព្រះ​អង្គ​មិន​ ជំទាស់​ហើយ​ក៏​មិន​ ប្រឆាំង​សមត្ថកិច្ច​ដែរ​ តែ​ ព្រះ​អង្គ​មិន​បិទទ្វារ​វត្ត​ ទេ​ បើ​ទោះជា​ មានកម្ម​វិធី​បុណ្យ​ ធ្វើ​ឡើង​នៅ​វត្ត​ព្រះ​អង្គ​ក៏​ដោយ​។​ ព្រះ​អង្គ​ មាន​ដីការ​បន្ត​ថា​ វត្ត​គឺជា​ស្រែបុណ្យ​ ។​

​លោក​ ហេង​ ស្រ៊ា​ង​ សាស្ត្រាចារ្យ​ទស្សនៈវិជ្ជា​ យល់​ថា​ ហេតុផល​ដែល​គណៈកម្មការ​ បាន​សន្យា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ មិន​ពាក់ព័ន្ធ​នយោបាយ​ និង​ការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​ ជា​រឿង​សម​ស្រប​ ដែល​គួរតែ​មានការ​អនុញ្ញាត​ឱ្យ​រៀបចំ​។​ លោក​បន្ត​ថា​ កន្លង​មក​អ្វី​ដែល​នៅ​ពីក្រោយ​ការ​បដិសេធ​ របស់​សាលា​រាជធានី​ភ្នំពេញ​ ដោយសារ​មាន​ពាក្យ​បកស្រាយ​ថា​ កម្មវិធី​បុណ្យ​នេះ​ គឺជា​កម្មវិធី​ដែល​អាច​ឱ្យ​គណបក្ស​នយោបាយ​ផ្សេងៗ​ ទាញ​យក​ប្រជាប្រិយភាព​ ឬ​ប្រយោជន៍​ផ្សេងៗ​ជាដើម​។​

​លោក​ ហេង​ ស្រ៊ា​ង​៖«​ម្សិលមិញ​គណៈ​ក​ម្មា​ការ​បុណ្យ​ បាន​ផ្តល់​ជា​ការ​ប្តេជ្ញា​ថា​ មិន​ឱ្យ​គណបក្ស​នយោបាយ​ណា​ មក​ឡូ​ក​ ដើម្បី​យក​ជា​ផលប្រយោជន៍​ ឬ​គណបក្ស​នយោបាយ​ទាំងអស់​បើ​គិត​ថា​ ជា​កន្លែង​មួយ​ដែល​អាច​យក​ប្រយោជន៍​ប្រជាប្រិយភាព​ អ​ញ្ចឹ​ង​គណៈកម្មការ​ឱ្យ​អញ្ជើញ​មក​ទាំងអស់​ ចូលរួម​ទាំងអស់​គណបក្ស​នយោបាយ​ណា​ក៏​ដោយ​»​។​

​រយៈពេល​ប្រមាណ​១០០​ថ្ងៃ​ហើយ​ ដែល​លោក​ បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ ដ៏​ល្បី​ ត្រូវ​បាន​ឃាតករ​ បាញ់​សម្លាប់​នៅ​ក្នុង​ស្ដារ​ម៉ាត​ (Star​ Mart)​ កាល់​តិច​ ស្ដុ​ប​បូកគោ​ រាជធានី​ភ្នំពេញ​។​    

​បើ​ទោះបីជា​ សាលា​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃនេះ​ អនុញ្ញាត​ឱ្យ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​ពោធិ​យា​រាម​ ក៏​ដោយ​ ប៉ុន្តែ​កន្លង​មក​សាលាក្រុង​ភ្នំពេញ​ ធ្លាប់​បាន​បដិសេធ​ ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ជា​ច្រើន​កន្លែង​ ក្នុង​ហេតុផល​ដែល​មិន​ច្បាស់លាស់​។​ ការ​បដិសេធ​នេះ​ បាន​ធ្វើ​ឱ្យ​មតិ​សាធារណៈជន​ មួយ​ចំនួន​ ដាក់​ឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​ គ្រាន់តែ​ប្រារព្ធ​ពិធីបុណ្យ​បែប​សាសនា​សោះ​ តែ​អាជ្ញាធរ​ បដិសេធ​មិន​ឱ្យ​រៀបចំ​ទៅ​វិញ​។​​

រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី។
រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី។

លោក​ គី​ម​ សុខ​ អ្នក​ឃ្លាំង​មើល​ការ​អភិវឌ្ឍន៍​សង្គម​ និង​នយោបាយ​ មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​អាជ្ញាធរ​តែង​បដិសេធ​ មិន​ឱ្យ​មាន​រៀបចំ​ពិធីបុណ្យ​១០០​ថ្ងៃ​ លោក​បណ្ឌិត​ កែម​ ឡី​ ព្រោះតែ​ខ្លាច​បាក់មុខ​មាត់​របស់​បុគ្គល​ ច្រើន​ជាង​ខាត​មុខមាត់​នយោបាយ​ របស់​គណបក្សកាន់អំណាច​ ដោយសារ​តែ​អ្នកនយោបាយ​ទាំងនោះ​មិន​ចង់​ឃើញ​ មហាជន​គាំទ្រ​អ្នក​ណា​ម្នាក់​ច្រើន​ជាង​ខ្លួន​ជា​សាធារណៈ​។​

​លោក​បន្ត​ថា​ បើ​ មិន​អនុញ្ញាត​ឱ្យធ្វើ​ពិធី​១០០​ថ្ងៃ​ តាម​បែប​សាសនា​ នឹង​ធ្វើ​ឱ្យ​គណបក្សកាន់អំណាច​ខាតបង់​ ព្រោះ​ប្រជាពលរដ្ឋ​ជា​ច្រើន​គាំទ្រ​ លោក​បណ្ឌិត​ កែម​ ឡី​។​

​លោក​ គី​ម​ សុខ​ បាន​ប្រាប់​បន្ថែម​ថា​ ករណី​ស្លាប់​របស់​លោក​បណ្ឌិត​ កែម​ ឡី​ ក៏​អាច​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​បាន​ដែរ​ ព្រោះ​លោក​បណ្ឌិត​ គឺជា​អ្នក​ស្រាវជ្រាវ​បញ្ហា​ សង្គម​ សេដ្ឋកិច្ច​ នយោបាយ​ និង​ការ​រស់នៅ​ របស់​ប្រជាពលរដ្ឋ​ ដែល​រឿង​ទាំងនេះ​គឺ​វា​បាន​ផ្សារ​ភ្ជាប់​និង​នយោបាយ​។​

​លោក​ គី​ម​ សុខ​៖«​ទោះបី​ភាគី​ណា​ទាញ​គាត់​ឱ្យទៅ​ពាក់ព័ន្ធ​ ឬ​មិន​ពាក់ព័ន្ធ​នយោបាយ​ក៏​ដោយ​ប៉ុន្តែ​រឿង​នោះ​ជា​រឿង​ជាតិ​ទាំងអស់​គ្នា​ អ្វី​ដែល​ត្រូវ​គិត​គឺ​រឿង​នេះ​ទេ​ មិន​មែ​ណ​ថាឱ្យ​តែ​រឿង​នយោបាយ​សុទ្ធ​រឿង​អាក្រក់​រឿង​មិន​នយោបាយ​បាន​ល្អ​ មិនមែន​អ​ញ្ចឹ​ង​ទេ​  រដ្ឋាភិបាល​គួរ​ប្តូរ​ កែ​ឥរិយាបថ​ ក្នុង​គិត​របស់​ខ្លួន​ឡើង​វិញ​ កាលណា​ខ្លួន​មាន​សមត្ថភាព​ កាលណា​គេ​ស្រាវជ្រាវ​បញ្ជាក់​ពី​សមត្ថភាព​ដឹកនាំ​របស់​ខ្លួន​ អាហ្នឹង​ខ្លួន​មានមុខ​ហើយ​ ។​ បើសិនជា​ជួយ​ខ្លួន​ ជួយ​រដ្ឋាភិបាល​ឱ្យ​មើលឃើញ​ពី​ភាព​ត្រឹមត្រូវ​ ឬ​មិន​ត្រឹមត្រូវ​ក្នុង​ការ​ដឹកនាំ​ជាតិ​ រដ្ឋាភិបាល​គួរតែ​ចូលរួម​ជាមួយ​គេ​វិញ​»។​

​សេចក្ដីជូនដំណឹង​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​១០០​ថ្ងៃ​លោក​បណ្ឌិត​ កែម​ ឡី​ បានឱ្យ​ដឹង​ថា​ កម្មវិធី​បុណ្យខួប​គម្រប់​១០០​ថ្ងៃ​លោក​ បណ្ឌិត​ កែម​ ឡី​ នឹង​រៀបចំ​នៅ​វត្ត​ចាស់​ចំនួន​៣​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ តុលា​ និង​ថ្ងៃ​ទី​ ១៧​ ជា​ថ្ងៃ​បង្ហើយ​បុណ្យ​នឹង​ធ្វើ​នៅ​ទី​បញ្ចុះសព​លោក​ បណ្ឌិត​ កែម​ ឡី​ នៅ​ក្នុង​ខេត្តតាកែវ​។​  

​នៅ​ថ្ងៃ​ ទី​១៦​ ខែ​ តុលា​ នឹង​មានការ​ដង្ហែ​រូបសំណាក​ លោក​ បណ្ឌិត​ កែម​ ឡី​ ចេញពី​វត្ត​ចាស់​ទៅ​តម្កល់​នៅ​ទី​បញ្ចុះសព​លោក​ បណ្ឌិត​ កែម​ ឡី​។​ នៅ​ថ្ងៃ​ទី​១២​ តុលា​ នេះ​ បាន​សងរោង​រួច​បណ្តើរៗ​ហើយ​៕

Share

ព័ត៌មានទាក់ទង

Image