en     km
en     km

អ្នកកាសែត​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ រង​អំពើ​ហិង្សា​ ស្រប​ពេល​ប្រេសិត​ UN​ មក​ បំពេញបេសកកម្ម​នៅ​កម្ពុជា​

Share

ភ្នំពេញ៖ ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ (Licahdo)​ អ្នក​សារព័ត៌មាន​ និង​សកម្មជន​ដីធ្លី​ ត្រូវ​បាន​សន្តិសុខ​ខណ្ឌដូនពេញ​ វាយដំ​ឲ្យ​រង​របួស​ ខណៈ​សកម្មជន​ដីធ្លី​មាន​គ្នា​ប្រមាណ​ ១០០​នាក់​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​ នៅ​ថ្ងៃ​ទី​ ១០​ តុលា​នេះ​។​ ប៉ុន្តែ​មន្ត្រី​នាំពាក្យ​សាលាក្រុង​ បាន​បដិសេធ​ថា​ គ្មាន​អំពើ​ហិង្សា​ឡើយ​។​ ហេតុការណ៍​ហិង្សា​នេះ​ បាន​កើតឡើង​ ស្រប​ពេល​ប្រេសិត​ របស់​អង្គការសហប្រជាជាតិ​(UN)​ មក​បំពេញបេសកកម្ម​ អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

 

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញ វាយចំ ក មាត់ និងក្បាល បណ្តាលឲ្យរងរបួស
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញ វាយចំ ក មាត់ និងក្បាល បណ្តាលឲ្យរងរបួស

​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ សហគមន៍​មាន​ទំនាស់​ដីធ្លី​ ប្រា​ព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​ ដោយ​ពួក​គេ​ដង្ហែ​ក្បួន​ចេញពី​តំបន់​ដីក្រហម​ ក្បែរ​ស្ថានទូត​រុ​ស្ស៊ី​ ជា​កន្លែង​ធ្លាប់​ រង​ការ​បណ្តេញ​ ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ​។​

​កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ​ បាន​ប្រើ​អំពើ​ហិង្សា​ លើ​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ នៃ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ នៅ​ពេល​លោក​ឃ្លាំមើល​ សហគមន៍​ រង​គ្រោះ​ដីធ្លី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ នៅ​ក្បែរ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ ក្រោយ​រាជវាំង​ ទី​ដែល​ព្រះមហាក្សត្រ​គង់នៅ​ទីនោះ​។​

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញ វាយចំ ក មាត់ និងក្បាល បណ្តាលឲ្យរងរបួស

លោក​ អំ​ សំអាត​ ត្រូវ​បាន​សន្តិសុខ​ខណ្ឌដូនពេញ​ វាយ​ចំ​ ក​ មាត់​ និង​ក្បាល​ បណ្តាល​ឲ្យ​រង​របួស​។​ លោក​ ថា​ លោក​ពិចារណា​ ប្តឹង​សន្តិសុខ​ខណ្ឌ​ ថា​តើ​ក្នុង​នាម​ជា​បុគ្គល​ ឬ​ ក្នុង​នាម​ជា​ស្ថាប័នរដ្ឋ​។​ លោក​ អំ​ សំអាត​ ៖«​ខ្ញុំ​កំពុង​ពិចារណា​ និង​ពិភាក្សា​ជាមួយ​ប្រធាន​ថា​តើ​ប្តឹង​ក្នុង​នាម​ជា​បុគ្គល​ ឬ​ ក្នុង​នាម​ជា​ស្ថាប័ន​»​។​

​ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ មាន​ ចាន់​យ៉ា​ដា​ បាន​បដិសេធ​ថា​ គ្មាន​អំពើ​ហិង្សា​ទេ​គឺ​ គ្រាន់តែ​រុញច្រាន​គ្នា​ប៉ុណ្ណោះ​ ព្រោះ​សហគមន៍​ដីធ្លី​ ទាំងនោះ​ បាន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ លោក​មិន​គោរព​តាម​ គោលការណ៍​ណែនាំ​របស់​សាលាក្រុង​។​

​លោក​ មាន​ ចាន់​យ៉ា​ដា​៖«​ចង់​ជម្រាប់​ថា​បងប្អូន​ទាំងនោះ​ មិន​បាន​គោរព​តាម​ការ​ណែនាំ​របស់​យើង​។​យើង​ឲ្យ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​គាត់​បែ​ជា​មក​ហែរ​មក​តាម​ដងផ្លូវ​ យើង​គ្រាន់តែ​ទប់​មិន​ឲ្យ​ហែ ម​កកាត់​តាម​ផ្លូវ​ព្រះ​នរោត្តម​អ​ញ្ចឹ​ង​មានការ​ប៉ះទង្គិច​បន្តិចបន្តួច​»​។​

​ទោះបី​មន្ត្រី​សាលាក្រុង​បដិសេធ​ ថា​គ្មាន​អំពើ​ហិង្សា​ក្តី​ តែ​អ្នក​សារព័ត៌មាន​ម្នាក់​ គឺ​ លោក​ សា​រឹម​ សា​រុន​ អាយុ​៤៥​ឆ្នាំ​ មក​ពី​ស្ថាប័ន​ អ្នកកាសែត​ឯករាជ្យ​ ត្រូវ​វាយ​រង​របួស​បែកក្បាល​ហូរ​ឈាម​។​ ក្រៅពី​នេះ​ សកម្មជន​ដីធ្លី​ម្នាក់​គឺ​ លោក​ ចាន់​ ពុទ្ធិ​ស័ក្ក​ ក៏​រង​របួស​ដែរ​។​

​អំពើ​ហិង្សា​នេះ​ កើតឡើង​ស្រប​ពេល​ដំណើរ​ បេសកកម្ម​របស់​លោក​ ស្រី​ រ៉ូ​ណា​ ស្មី​ត​ អ្នករាយការណ៍​ពិសេស​ របស់​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ មក​កាន់​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​ ១០​ ថ្ងៃ​នៅ​ថ្ងៃនេះ​ ដោយ​ផ្តោត​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ នា​ពេល​បច្ចុប្បន្ន​។​

​ជុំវិញ​ដំណើរ​ បេសកកម្ម​របស់​លោក​ ស្រី​ រ៉ូ​ណា​ ស្មី​ត​ នេះ​ លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​លី​កាដូ​ បញ្ជាក់​ថា​ អង្គការ​លី​ការ​ដូ​ អាច​នឹង​រាយការណ៍​ ទៅ​លោកស្រី​ រ៉ូ​ណា​ ស្មិត​ អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ ពិសេស​ ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​លោក​ផ្ទាល់​។​

​ចំណែក​ លោក​ សៀ​ ភារ​ម្យ​ នាយក​លេខាធិការដ្ឋាន​ ក្រុមការងារ​ ពិសេស​សិទ្ធិ​លំនៅ​ដ្ឋា​ន​ បាន​ឲ្យ​ដឹង​ថា​ លោក​នឹង​ចូលរួម​ជួប​លោក​ស្ត្រី​ រ៉ូ​ណា​ ស្មី​ត​ ដើម្បី​រាយការណ៍​ ជុំវិញ​សិទ្ធិ​លំនៅ​ឋាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ លោក​មិន​ទាន់​ដឹង​ថា​ នឹង​ជួប​អ្នក​រាយ​ការ​ពិសេស​ របស់​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ នៅ​ពេល​ណា​នៅឡើយ​ទេ​។

​ករណី​ហិង្សា​ដែល​គេ​ថា​ ជា​ស្នាដៃ​របស់​សមត្ថកិច្ច​ បាន​កើត​ឡើងជា​ញឹកញាប់​នៅ​កម្ពុជា​ ដូច​ ការ​ប្រព្រឹត្ត​លើ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​សារព័ត៌មាន​ដូចនេះ​ដែរ​។​ អំពើ​នេះ​ជា​ញឹកញាប់​ក៏​បាន​ប្រព្រឹត្ត​ទៅ​លើ​ សកម្មជន​ដីធ្លី​ជា​ច្រើន​នាក់​ដែរ​៕​ ​

Share

ព័ត៌មានទាក់ទង

Image