ក្រុងបាងកក ៖ ក្រុមគ្រូពេទ្យព្យាបាលព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានឱ្យដឹងថា ព្រះរាជសុខភាពរបស់អង្គក្សត្រថៃ ស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមកាន់តែខ្លាំង។
តាមប្រភពរបស់បណ្តាញផ្សាយព័ត៌មាន Channal News Asia បានឱ្យដឹងថា ព្រះរាជសុខភាពរបស់ព្រះអង្គស្ថិតក្នុងស្ថានភាពមិនទៀងទាត់ ហើយក្រុមវេជ្ជបណ្ឌិតបានបំពាក់បំពង់អុកស៊ីសែនដើម្បីជំនួយការដកដង្ហើមរបស់ទ្រង់ក្នុងមួយសប្តាហ៍នេះ។ ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បច្ចុប្បន្នមានព្រះជន្ម ៨៨ ព្រះវស្សាហើយ។
ព្រះបាទ ភូមិបុល គឺព្រះមហាក្សត្រដែលគ្រងរាជ្យយូរបំផុតក្នុងពិភពលោក និងជាក្សត្រមួយអង្គដែលជាទីស្រឡាញ់របស់ប្រជាជនថៃ។ ប៉ុន្តែព្រះអង្គខានបង្ហាញព្រះភក្ត្រជាសាធារណៈជិតមួយឆ្នាំមកហើយ ដោយមូលហេតុទទួលការព្យាបាល និងតាមដានជម្ងឺនៅមន្ទីរពេទ្យក្រុងបាងកក។
មន្ត្រីព្រះបរមរាជវាំងបានគ្រប់គ្រងយ៉ាងតឹងរឹងអំពីព័ត៌មានទាក់ទងនឹងព្រះរាជសុខភាពរបស់ព្រះអង្គ ហើយបរមរាជរាំងតែងតែនិយាយថា ពិបាកក្នុងការបញ្ជាក់ពីស្ថានភាពសុខភាពជារួមរបស់ព្រះអង្គណាស់។ តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បរមរាជវាំងចាប់ផ្តើមប្រកាសពីការវិវត្តនៃបញ្ហាព្រះរាជសុខភាពរបស់ព្រះអង្គកាន់តែច្រើននិងជាទៀងទាត់។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ព្រះអង្គទទួលការព្យាបាលលើព្រះរោគដូចជា ការឆ្លងមេរោគបាក់តេរី ពិបាកដកដង្ហើម បញ្ហាបេះដូង និង ទឹកដកក្នុងខួរក្បាល។
សេចក្តីថ្លែងការណ៍ចុងក្រោយបំផុត ដែលចេញផ្សាយដោយការិយាល័យរាជវង្សព្រះអង្គកាលពីល្ងាចថ្ងៃអាទិត្យបានឱ្យដឹងថា ព្រះអង្គត្រូវដកដង្ហើមតាមបំបង់អុកស៊ីសែនដែលត្រូវដាក់ជាប់ព្រះកាយ បន្ទាប់ពីសម្ពាធឈាមរបស់ទ្រង់ចុះខ្សោយ។ ព្រះមហាក្សត្រនៅពេលនេះ ក៏កំពុងស្ថិតក្នុងដំណើរការព្យាបាលរបស់ក្រុមគ្រូពេទ្យ ដែលរួមមានការលាងឈាម និង ការផ្លាស់ប្តូរសារធាតុរាវចេញពីបំពង់បង្ហូរទឹកចេញឆ្អឹងខ្នងរបស់ទ្រង់។
សេចក្តីថ្លែងការណ៍ពីបរមរាជវាំងបានឱ្យដឹងថា៖«ក្រុមគ្រូពេទ្យកំពុងពិនិត្យមើលរោគសញ្ញារបស់ទ្រង់ និងកំពុងផ្តល់ការព្យាបាលដោយប្រុងប្រយ័ត្ន ព្រោះមានរោគសញ្ញាជារួមនៃជំងឺរបស់ទ្រង់គឺមាននៅតែមិនមានស្ថិរភាពនោះទេ»។
នៅក្នុងប្រទេសថៃ មានច្បាប់ការពារកេរ្តិ៍ឈ្មោះរាជវង្សយ៉ាងឃោរឃៅបំផុតក្នុងពិភពលោក ដែលត្រូវបានប្រើប្រាស់ដើម្បីចាប់ជនណាដែលហ៊ានរិះគន់រាជវង្ស និងរបបរាជានិយមថៃឱ្យជាប់ពន្ធនាគារ៕
ប្រភព៖CNA