en     km
en     km

សង្គម​ស៊ី​វិល​៖​ វិស័យ​អប់រំ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​🔊

Share

ភ្នំពេញ៖ សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​លើក​ទ្បើ​ង​ថា​ វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានកា​រវិ​វត្ត​ល្អ​ប្រសើរ​មួយ​ចំនួន​ ប៉ុន្តែ​កា​រវិ​វត្ត​នេះ​ក៏​នៅ​តែ​មាន​កម្រិត​នៅ​ទ្បើ​យ​ ដែល​បញ្ហា​នេះ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​សាមី​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​វិស័យ​អប់រំ​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​ ការ​ថ្លែង​របស់​អង្គការ​សង្គម​ស៊ី​វិល​ដូចនេះ​ ធ្វើ​ទ្បើ​ង​ក្នុង​វេទិកា​អប់រំ​ថ្នាក់​តំបន់​ស្តី​ពី​ «​គណនេយ្យ​ភាព​សង្គម​ ដើម្បី​ភាព​ប្រសើរ​ទ្បើ​ង​នៃ​គុណភាព​អប់រំ​»​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ នៅ​ភោជនីយដ្ឋាន​ទន្លេ បាសាក់​ ២​។​

 

ប្រធានអង្គការ និងភាគីពាក់ព័ន្ធបើកវេទិកាអប់រំថ្នាក់តំបន់ស្តីពី «គណនេយ្យភាពសង្គម ដើម្បីភាពប្រសើរទ្បើងនៃគុណភាពអប់រំ»។រូបភាពពីWMC
ប្រធានអង្គការ និងភាគីពាក់ព័ន្ធបើកវេទិកាអប់រំថ្នាក់តំបន់ស្តីពី «គណនេយ្យភាពសង្គម ដើម្បីភាពប្រសើរទ្បើងនៃគុណភាពអប់រំ»។រូបភាពពីWMC

​នា​ពេល​កន្លង​មក​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​អប់រំ​យុវជន​និង​កី​ទ្បា​ បាន​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​មួយ​ចំនួន​នៅ​កម្ពុជា​ ដែល​បាន​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​វិស័យ​អប់រំ​ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ វិស័យ​អប់រំ​ក៏​នៅ​តែ​មាន​កម្រិត​នៅ​ទ្បើ​យ​ ដែល​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​អប់រំ​គួរ​សិក្សា​បន្ថែម​ទៀត​ពី​បណ្តា​ប្រទេស​ជិតខាង​ ដើម្បី​ឱ្យ​វិស័យ​អប់រំ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​។​

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​២៧​កញ្ញា​នេះ​ថា​ គុណ ភាព​អប់រំ​នៅ​កម្ពុជា​ទ្បើ​ង​ចុះៗ​ មិន​ស្ថិតស្ថេរ​នោះ​ទេ​ មាន​ន័យ​ថា​ ការ​ប្រើប្រាស់​ធនធាន​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​កម្មវិធី​សិក្សា​មានកា​រវិ​វត្ត​ច្រើន​។

លោក​ សន​ ជ័យ​ បន្ត​ថា​ វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​ ដែល​បញ្ហា​នេះ​មាន​តែ​ក្រសួង​សាមី​ធ្វើ​វិមជ្ឈការ​វិស័យ​អប់រំ​ទេ​ ហើយ​ធ្វើការ​រៀបចំ​ផែនការ​ថ្នាក់​ជាតិ​ដើម្បី​ឱ្យ​អ​ទិ​ភាព​ទៅ​សាលារៀន​ដែល​ក្រីក្រ​លំបាក​ អាច​ទទួល​បាន​សេវា​អប់រំ​ល្អ​ប្រសើរ​ដូច​នៅ​ទីក្រុង​ភ្នំពេញ​ដែរ​។​ លោក​ សន​ ជ័យ៖​ «​យើង​អាច​មើល​ថា​នៅ​មាន​កម្រិត​ ទី​០១​ យើង​និយាយ​ពី​សេវា​អប់រំ​វា​នៅ​ខ្វះខាត​ ទី​០២​ យើង​និយាយ​ពី​គុណភាព​អប់រំ​វា​ក៏​នៅ​តែ​ខ្វះខាត​ដែរ​ យើង​សួរ​ថា​ តើ​សញ្ញាបត្រ​ស្រុក​ខ្មែរ​ប្រទេស​ប៉ុន្មាន​ដែល​គេ​ទទួលស្គាល់​។​ ដើម្បី​កាត់​បន្ថយ​កម្រិត​នៃ​ចំនុច​ខ្វះខាត​ ឬ​ដើម្បី​កែ​លម្អ​ហ្នឹង​ គឺ​ត្រូវការ​រៀនសូត្រ​ពី​បណ្តា​ប្រទេស​ជិតខាង​ជា​ពិសេស​ប្រទេស​ដែល​ល្បីៗ​ដូច​ជា​សិង្ហ​បុរី​ ជប៉ុន​ជាដើម​»​។​

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ។រូបភាពWMC
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ។រូបភាពWMC

​ចំណែក​នាយក​សាលា​បឋម​សិក្សា​វត្ត​បូរ​នៅ​ខេត្តសៀមរាប​ លោក​ ពឹង​ គី​ម​ឆេ​ន​ មាន​ប្រសាសន៍​ថា​ វិស័យ​អប់រំ​នៅ​កម្ពុជា​សព្វថ្ងៃ​មាន​ភាពល្អ​ប្រ សើរ​ច្រើន​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ​កន្លង​មកនេះ​។​ លោក​ ពឹង​ គី​ម​ឆេ​ន​បន្ត​ថា​លោក​ មាន​ចក្ខុវិស័យ​ចំនុច​សំខាន់ៗ​ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​ទៅ​ដល់​សិស្សានុសិស្ស​ដូច​ជា​ ទី​០១​ ខិតខំ​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​ការ​អប់រំ​មានគុណ​ភាព​ មាន​ន័យ​ថា​ បង្រៀន​ឱ្យ​ចេះ​ បង្រៀន​ឱ្យ​ដឹង​ នឹង​បង្រៀន​ឱ្យធ្វើ​បាន​។​

​នាយក​សាលា​បឋម​រូប​នេះ​បន្ត​ថា​ ដើម្បី​ឱ្យ​វិស័យ​អប់រំ​ដើរទៅ​មុខ​ប្រកបដោយ​និរន្ត​ភាព​នោះ​ លុះត្រាតែ​អ្នក​ពាក់ព័ន្ធ​មាន​បេះដូង​ពិតប្រាកដ​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ​។​ លោក​ ពឹង​ គី​ម​ឆេ​ន​៖​ «​យើង​គិត​ថា​ កា​រវិ​វត្ត​កាន់តែ​មានការ​ប្រែប្រួល​ទ្បើ​ង​ ប៉ុន្តែ​ការ​ប្រែប្រួល​នោះ​ទាល់តែ​យើង​មាន​ឆ​ន្ទះ​ មាន​បេះដូង​ជា​អ្នក​ធ្វើ​កំណែទម្រង់​មួយ​ក្នុង​វិស័យ​អប់រំ​ ប្រសិនបើ​យើង​រៀន​ដើម្បី​តែ​រៀន​ ឬ​បង្រៀន​ដើម្បី​តែ​បង្រៀន​ទេ​នោះ​ គ្មាន​ការ​ប្រែប្រួល​នោះ​ទេ​ ដូច្នេះ​ដើម្បី​ដោះស្រាយ​បាន​លុះត្រាតែ​យើង​រក​បញ្ហា​ឱ្យ​បាន​។​ សំនួ​រថា​ តើ​វា​មានការ​ប្រែប្រួល​ទេ​ វា​មានការ​ប្រែប្រួល​ច្រើន​ហើយ​ ប៉ុន្តែ​វា​មិន​ដូច​បំណងប្រាថ្នា​ដែល​យើង​ចង់បាន​»​។​

នាយកសាលាបឋមសិក្សាវត្តបូរនៅខេត្តសៀមរាប លោក ពឹង គីមឆេន ។រូបភាពWMC
នាយកសាលាបឋមសិក្សាវត្តបូរនៅខេត្តសៀមរាប លោក ពឹង គីមឆេន ។រូបភាពWMC

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​របស់​សង្គម​ស៊ី​វិល​ដែល​ថា​ វិស័យ​អប់រំ​កម្ពុជា​នៅ​មាន​កម្រិត​នោះ​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ លោក​ រស់​ សាលី​ន​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ រដ្ឋាភិបាល​បាន​កំណត់​គោលនយោបាយ​ដោយ​ផ្តោត​សំខាន់​ទាក់ទង​នឹង​វិស័យ​អប់រំ​ ដែល​នៅ​តែ​ជា​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​ ហើយ​បញ្ហា​នេះ​ក្រសួង​ក៏​បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ផង​ដែរ​ ក្នុង​ការ​ឆ្លើយ​តប​នៃ​ការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​លោក​ រស់​ សាលី​ន​ បន្ថែម​ទៀត​ថា​ ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​នេះ​ ក្រសួង​មាន​មូលដ្ឋាន​ ២​ គឺ​ ទី​០១​ ជា​មូលដ្ឋាន​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ២០១៤-២០១៨​ ដោយ​ផ្តោត​សំខាន់​លើ​ការ​បង្កើន​សេវា​អប់រំ​ទាំងអស់​គ្នា​ និង​ការ​លើកកម្ពស់​សមត្ថភាព​មន្ត្រី​អប់រំ​ជាដើម​ ទី​០២​ វិធាន ការ​កំណែទម្រង់​វិស័យ​អប់រំ​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​ជាដើម​។​

​លោក​ រស់​ សាលី​ន​ គូសបញ្ជាក់​ដែរ​ថា​ មុន​ធ្វើការ​វាយតម្លៃ​ទៅ​លើ​ចំនុច​វិជ្ជមាន​ ឬ​ចំនុច​អវិជ្ជមាន​លើ​វិស័យ​អប់រំ​នោះ​ត្រូវ​តែ​មានការ​ចូលរួម​ និង​តាមដាន​សកម្មភាព​របស់​ក្រសួង​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទើប​ការ​វាយតម្លៃ​នោះ​អាច​ទទួលយក​បាន​។​ លោក​ រស់​ សាលី​ន​៖​ «​ការ​វាយតម្លៃ​ជា​រួម​ណាមួយ​ដោយ​មិនដឹង​ថា​តើ​វិស័យ​អប់រំ​គេ​កំពុង​តែ​ធ្វើ​អ្វី​ លទ្ធផល​អ្វីខ្លះ​ដែល​គេ​ទទួល​បាន​ អ​ញ្ចឹ​ង​ការ​វាយតម្លៃ​មួយ​ដែល​អាច​ថា​ ឈរ​នៅ​ជ្រុង​មួយ​នៃ​ជ្រុង​រាប់រយ​ដែល​លទ្ធផល​កំពុង​តែ​បាន​នោះ​ជា​ការ​វាយតម្លៃ​ទី​ ០១​ ខ្វះ​មូលដ្ឋាន​ចំណេះ​ជំនាញ​ពី​ព័ត៌មាន​។​ ទី​០២​ ខ្វះ​ការ​ចូលរួម​ស៊ីជម្រៅ​នៅ​ក្នុង​វិស័យ​ហ្នឹង​ ដូច្នេះ​ការ​វាយតម្លៃ​ណាមួយ​ត្រូវ​មានការ​ចូលរួម​ទើប​ការ​វាយតម្លៃ​នោះ​មាន​ភាព​ជ្រុងជ្រោយ​»​។​

​សូម​ជំរាប​ថា​ វេទិកា​អប់រំ​ថ្នាក់​តំបន់​ស្តី​ពី​ «​គណនេយ្យ​ភាព​សង្គម​ដើម្បី​ភាព​ប្រសើរ​ទ្បើ​ង​នៃ​គុណភាព​អប់រំ​»​ ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ចែករំលែក​នូវ​គំនិត​ បទ​ពិសោធន៍​ វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ឆ្ពោះទៅ​រក​ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​អប់រំ​ប្រកបដោយ​ចីរភាព​។​ វេទិកា​នេះ​ មាន​អ្នកចូលរួម​ប្រជា​ណ​ ១២០​នាក់​ មក​ពី​ប្រទេស​ហ្វី​លី​ពី​ន​ ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​ ដែល​ជា​តំណាង​មក​ពី​រដ្ឋាភិបាល​ និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​៕

Share

ព័ត៌មានទាក់ទង

Image