en     km
en     km

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ជិត​ ២​ លាន​នាក់​ ខណៈ​ពលរដ្ឋ​ ៨​ លាន​នាក់​ទៀត​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​

Share

ភ្នំពេញ៖ ​ចាប់តាំងពី​ថ្ងៃ​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ រហូត​មក​ដល់​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ម្សិល មិញ​នេះ​ មាន​ប្រជាពលរដ្ឋ​ជិត​ ២​ លាន​នាក់​ ដែល​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ដោយ​ទ្បែ​ក​នៅ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៨​ លាន​នាក់​ទៀត​ ដែល​មិន​ទាន់​នាំ​គ្នា​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​អគ្គលេខាធិការ​ គ​.​ជ​.​ប​ លោក​ ទេព​ នី​ថា​ ថ្លែង​នៅ​ក្នុង​សាលសន្និសីទ​ គ​.​ជ​.​ប​ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

 

កិច្ចប្រជុំនៅគ.ជ.ប
កិច្ចប្រជុំនៅគ.ជ.ប

​អគ្គលេខាធិការ​ គ​.​ជ​.​ប​ លោក​ ទេព​ នី​ថា​ បាន​ថ្លែង​ថា​ នៅ​ក្នុង​ដំណាក់កាល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​១០​ថ្ងៃ​មកនេះ​ មាន​ប្រជាពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​ ២​ លាន​នាក់​ហើយ​ ដែល​ចំនួន​នេះ​ច្រើន​ជាង​ការ​រំពឹង​ទុក​។​ លោក​ ទេព​ នី​ថា​ បន្ត​ថា​ ទោះបីជា​ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​នេះ​មាន​ច្រើន​ក៏​ដោយ​ លោក​នៅ​តែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​ ៨​ លាន​នាក់​ទៀត​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​។​ លោក​ ទេព​ នី​ថា​៖«​ដោយសារ​ថា​ នៅ​ក្នុង​ដំណាក់កាល​ចុះ​ឈ្មោះ​ជាង​ ១០​ថ្ងៃនេះ​យើង​ឃើញ​ថា​ប្រជាពលរដ្ឋ​បាន​អ​ញ្ចើ​ញ​មក​ចុះ​ឈ្មោះ​ច្រើន​ បើ​ប្រៀប ធៀប​ហ្នឹង​គម្រោង​របស់​យើង​ដែល​បាន​ត្រៀម​ពី​ដំបូង​មក​សម្រាប់​រយៈពេល​ ១​ ថ្ងៃៗ​។​ ទោះជា​យ៉ាងណា​ ការងារ​នេះ​យើង​នឹង​ធ្វើ​បន្ត​ទៀត​ដើម្បី​កែ តម្រូវ​ព័ត៌មាន​ខ្លះ​ឱ្យ​ប្រជាពលរដ្ឋ​យើង​បាន​ជ្រាប​ ក៏​ដូច​ជា​ភាគី​ដែល​ពាក់ព័ន្ធ​ជាមួយ​ គ​.​ជ​.​ប​ ដើម្បី​កែតម្រូវ​សកម្មភាព​របស់​ខ្លួន​ឱ្យ​សម​ស្រប​តាម​ច្បាប់​ព្រោះថា​ រហូត​ដល់​ឥលូវ​នេះ​យើង​បាន​ប្រហែលជា​ជិត​ ២​ លាន​នាក់​ អ​ញ្ចឹ​ង​ទេ​តាម​គម្រោង​នៅ​សល់​ជិត​ ៨​ លាន​នាក់​ទៀត​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត»​។​

​លោក​ ទេព​ នី​ថា​ បញ្ជាក់​ថា​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ដែរ​ គ​.​ជ​.​ប​ បាន​ជួប​ការ​លំបាក​មួយ​ចំនួន​ ហើយ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​មួយ​ចំនួន​ផង​ដែរ​។​ លោក​ថា​ ការ​លំបាក​នោះ​គឺ​ទី​មួយ​ បញ្ហា​ធម្មជាតិ​ មាន​ភ្លៀង​ មាន​ទឹកជំនន់​ជាដើម​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខក​ខាន មិនបាន​ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ទី​ពីរ​ ក​ខ្វះខាត​ធនធានមនុស្ស​ និង​ទី​បី​ បញ្ហា​បច្ចេកទេស​។​

ចំពោះ​ចំនុច​ងាយស្រួល​វិញ​ គឺ​មានការ​ចូលរួម​ពិភាក្សា​ពី​ដៃគូរ​ពាក់ព័ន្ធ​ ដើម្បី​ផ្លាស់​ប្តូរ​មតិយោបល់​គ្នា​ក្នុង​ការ​ស្វែងរក​ចំនុច​ប្រឈម​ និង​ចំនុច​ល្អ​ក្នុង​ការ​បន្ត​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ ពី​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់​ និង​វិវាទកម្ម​បណ្តឹង​ លោក​ កែវ​ ផល្លា​ ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​ មាន​ពាក្យបណ្តឹង​ចំនួន​ ១៧​ បណ្តឹង​។​ ពាក្យបណ្តឹង​ដាក់​នៅ​ក្រុម ប្រឹក្សា​ឃុំ​ សង្កាត់​ មាន​ចំនួន​ ០៨​ បណ្តឹង​ និង​ដាក់​ទៅ​នាយកដ្ឋាន​សេវាកម្ម​ច្បាប់​ និង​វិវាទកម្ម​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ចំនួន​ ០៩​ បណ្តឹង​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​របស់​មន្ត្រី​ គ​.​ជ​.​ប​ នេះ​ដែរ​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ លោក​ សំ​ គ​ន្ធា​មី​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ បើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ដំណើរការ​ល្អ​ដូច​រយៈពេល​ជាង​ ១០​ថ្ងៃ​កន្លង​មកនេះ​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​បញ្ចប់​មុន​ការ​រំពឹង​ទុក​។​

លើស​ពី​នេះ​ទៀត​នោះ​លោក​ សំ​ គ​ន្ធា​មី​ ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​ចុះ​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​ព្រោះ​អ្នក​  នយោបាយ​កំពុង​តែ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ទ្បើ​យ​។​ ​លោក​ សំ​ គ​ន្ធា​មី​ ៖«​ខ្ញុំ​មើលទៅ​បើ​ដំណាក់កាល​នេះ​ប្រជាពលរដ្ឋ​វា​មាន​ផល​ប៉ះពាល់​ដែរ​ សម្រាប់​អ្នក​នៅ​តំបន់​ឆ្ងាយៗ​ ដែល​គាត់​ធុញទ្រាន់​ឃើញ​សភាព​ការ​នយោបាយ​ចេះ​តែ​តឹងតែង​ទៅ​ ហើយ​សម​គាប់​ជួន​គាត់​អត់​សូវ​ទទួល​បាន​ព័ត៌មាន​ គាត់​អត់​សូវ​យល់​ដឹង​លក្ខណៈ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អីហ្នឹង​សារៈសំខាន់​ម៉េច​ហើយ​ត្រូវ​យក​ឯកសារ​អី​ខ្លះ​ហ្នឹង​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សោះអង្គើយ​ ដូច​គាត់​បាក់ទឹកចិត្ត​ក្នុង​ការ​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​»​។​ 

​ចំពោះ​ពលរដ្ឋ​ជិត​២​លាន​នាក់​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​មាន​បណ្តឹង​ចំនួន​ ១៧​ ពាក្យបណ្តឹង​ជុំវិញ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ដែរ​ លោក​ សំ​ គ​ន្ធា​មី​ ថា​នៅ​តែ​មាន​ចំនួន​ច្រើន​នៅ​ទ្បើ​យ​ ដែល​គ​.​ជ​.​ប​ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដើម្បី​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ពាក្យ បណ្តឹង​ទាំងនោះ​ឱ្យ​កាន់តែ​តិច​បន្ថែម​ទៀត​។​

​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ព្រាប​ កុ​ល​ មាន​ប្រសាសន៍​ថា​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រយៈពេល​ ១៣​ ថ្ងៃ​កន្លង​មកនេះ​ លោក​សង្កេត​ឃើញ​ថា​ មាន​ភាពល្អ​ប្រសើរ​។​ លោក​ថា​  ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​បាន​ជិត​២​ លាន​នាក់​ ដែល​ចំនួន​នេះ​ដូច​ការ​រំពឹង​ទុក​ ជា​ពិសេស​លោក​ថា​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ មាន​ពាក្យបណ្តឹង​ចំនួន​តែ​ ១៧​ បណ្តឹង​តែ​ប៉ុណ្ណោះ​ ។​
​លោក​ ព្រាប​ កុ​ល​ ៖«​កា​រវិ​វត្ត​នៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ មាន​ន័យ​ថា​លទ្ធផល​មក​ដល់​ពេល​នេះ​យើង​ឃើញ​ថា​អាច​ទទួលយក​បាន​ហើយ​ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​តាម​ការ​រំពឹង​ទុក​របស់​យើង​ តទៅ​មុខ​ទៀត​យើង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ទេ​ ចំនួន​ជិត​២​លាន​នាក់​បញ្ជាក់​ថា​អ្នក​ចុះ​ឈ្មោះ​ក្នុង​១​ថ្ងៃ​បាន​ប្រហែលជា​១៤​ ម៉ឺន​នាក់​ ១៤​ ម៉ឺន​នាក់​គឺ​លើស​ចំនួន​មធ្យម​ដែល​យើង​ត្រូវការ​មាន​ន័យ​ថា​ដំណើរការ​ទៅ​មុខ​ល្អ​ ហើយ​ការ​ទទួល​ពាក្យបណ្តឹង​តិច​មាន​ន័យ​ថា​ភាព​មិន​ប្រក្រតី​ ឬ​ក៏​ករណី​មិន​ប្រក្រតី​មាន​ចំនួន​តិច​ដូច្នេះ​យើង​គិត​ថា​មក​ដល់​ពេល​នេះ​ឃើញ​ថា​កា​រវិ​វត្ត​តទៅ​មុខ​ មាន​ភាពល្អ​ប្រសើរ​»​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ទេព​ នី​ថា​ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​២​លាន​នាក់​នេះ​ មាន​ប្រជាពលរដ្ឋ​ ៨៨,២១​ ភាគរយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី​ ចំណែក​អ្នក​ដែល​ប្រើ​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ចាស់​មាន​ ៩​ ភាគរយ​ ហើយ​អ្នក​ដែល​ប្រើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​មាន​ចំនួន​ជាង​ ៤​ពាន់​សន្លឹក​៕

Share

ព័ត៌មានទាក់ទង

Image