en     km
en     km

ក្រសួងទេសចរណ៍​រៀបចំ​ប្រកួត​ថតរូប​ Selfie​ ក្នុង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​អង្គរ​

Share

ភ្នំពេញ៖ ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ម្សិលមិញ​បានឱ្យ​ដឹង​ថា​ ក្នុង​ព្រឹត្តិការណ៍​ EQUINOX​  ដែល​នឹង​មាន​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​ នៅ​ថ្ងៃ​ទី​២៣​ កញ្ញា​ខាង​មុខ​នេះ​ ក្រសួងទេសចរណ៍​ បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​ប្រកួតប្រជែង​ថតរូប​ ក្រោម​ប្រធានបទ​ ស៊ែ​ល​ហ្វី​អច្ឆរិយ​អង្គរ​ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ​។​

បាតុភូត ធម្មជាតិ ព្រះអាទិត្យរះឡើង ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត
បាតុភូត ធម្មជាតិ ព្រះអាទិត្យរះឡើង ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត

​កម្មវិធី​ប្រកួត​នេះ​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ២២​ និង​ផុតកំណត់​ផ្ញើ​រូបភាព​នៅ​ម៉ោង​ ៥​ រសៀល​ ថ្ងៃ​ទី​២៣​ កញ្ញា​។​

​បេក្ខជន​ដែល​ចង់​ចូលរួម​ គឺ​ត្រូវ​ដាក់​រូប​ដែល​បាន​ថត​លើ​ Timeline​ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ជាមួយនឹង​ការ​ពិពណ៌នា​ និង​បន្ថែម​ @Cambodia MOT​ ព្រមទាំង​ Tag​ រូបថត​ឲ្យ​ក្រសួងទេសចរណ៍​ ។​ ក្នុង​ការ​ណែនាំ​របស់​ក្រសួង​ បេក្ខជន​ដែល​ចូលរួម​ក៏​ត្រូវ​ Mention​ មិត្ត​របស់​ខ្លួន​ឲ្យ​ជួយ​ Like​  ដើម្បី​បង្កើន​ការ​ឈ្នះ​នេះ​ផង​ដែរ​។​ ក្រោយមក​ពួក​គេ​ត្រូវ​ផ្ញើ​រូបថត​ និង​ព័ត៌មាន​លម្អិត​ផ្ទាល់ខ្លួន​ទៅ​កាន់​អ៊ី​ម៉ែ​ល​ seilfie​ angkor​ @gmail.com​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ២៣​ កញ្ញា​ វេលា​ម៉ោង​ ៥​ល្ងាច​។​

​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់​ថា​ លក្ខ​ខ័​ណ្ឌ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​ គឺ​បេក្ខជន​ត្រូវ​ផ្ញើ​រូបថត​ Selfie​ ដែល​មិន​បាន​កែ​ច្នៃ​ទៅ​កាន់​អ៊ី​ម៉ែ​ល​ខាងលើ​។​

សម្រាប់​ជ័យ​លា​ភី​ក៏​នឹង​ត្រូវ​ធ្វើការ​ជូនដំណឹង​តាម​អ៊ី​ម៉ែ​ល​ដដែល​នោះ​។​

ចំពោះ​ការ​វិនិច្ឆ័យ​រូប​៖​ ទី​មួយ​គឺ​ជ្រើសរើស​ដោយ​គណៈកម្មការ​ និង​ទី​ពីរ​ ដាក់​ឲ្យ​បោះ​ឆ្នោត​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងទេសចរណ៍​។​ រូបថត​ដែល​មាន​ចំនួន​ like​ ច្រើន​ជាងគេ​ គឺជា​អ្នក​ឈ្នះ​។​

​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​ លេខ​មួយ​ ទទួល​បាន​វិញ្ញាបនបត្រ​រួម​និង​ទឹកប្រាក់​ ២០០​ដុល្លារ​។​ លេខ​ពីរ​ វិញ្ញាបនបត្រ​ រួម​និង​ទឹកប្រាក់​ ១៥០​ដុល្លារ​ និង​លេខ​បី​ វិញ្ញាបនបត្រ​ រួម​និង​ទឹកប្រាក់​ ១០០​ដុល្លារ​។​

​សូម​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ EQUINOX​ គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ​ ហើយ​វា​កើតឡើង​មួយ​ឆ្នាំ​២​ដង​ គឺ​នៅ​ខែ​មិ​នា​ និង​ខែកញ្ញា​។​ បាតុភូត​ដ៏​អស្ចារ្យ​លើក​ទី​ ២​ ក្នុងឆ្នាំនេះ​ គឺ​ចំ​ថ្ងៃ​ទី​២៣​ កញ្ញា​ ឆ្នាំ​២០១៦​។​ ក្រសួងទេសចរណ៍​ ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ​ ឱ្យ​បាន​ទូលំទូលាយ​ ជា​ពិសេស​ក្រុមហ៊ុន​ បណ្តា​ទីភ្នាក់ងារ​ទេសចរណ៍​ រួម​និង​ម​គ្គុ​ទ្ទេស​ទេសចរណ៍​ទាំងអស់​ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ដំណឹង​នេះ​បាន​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ ក្នុង​បុព្វហេតុ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ ឲ្យ​កាន់តែ​ទូលំទូលាយ​៕

Share

ព័ត៌មានទាក់ទង

Image
Image
Image