en     km
en     km

​អ្នក​ច្បាប់​ក្រសួងយុត្តិធម៌​៖​ លោក​ កឹ​ម​ សុខា​ មិន​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ទេ​

Share

​ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ គឹ​ម​ សន្តិភាព​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ កាលពី​យប់​ថ្ងៃ​ទី​ ០៧​ខែកញ្ញា​ថា​ តុលាការ​នឹង​មិន​អាច​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃ​ទី​៩​ កញ្ញា​នេះ​ទេ​ព្រោះ​ច្បាប់​ហាមឃាត់​។ តែ​អ្នកវិភាគ​យល់​ឃើញ​ថា​ បើ​តាម​យោង​តាម​ ស្ថានភាព​បច្ចុប្បន្ន​ លោក​ កឹ​ម​សុខា​ នឹង​អាច​ចាប់ខ្លួន​ ឆាប់ៗ​នេះ​។​ ​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

​លោក​ គឹ​ម​ សន្តិភាព​ ពន្យល់​ថា​ តាម​ទិដ្ឋភាព​ច្បាប់​ថា​ លោក​ កឹ​ម​ សុខា​ ស្ថិត​ក្នុង​ឋានៈ​ជា​ជនជាប់ចោទ​ ក្នុង​បទ​ចោទ​ «​បដិសេធ​ក្នុង​ការ​ចូលខ្លួន​ តាម​មាត្រា​៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​បទល្មើស​នេះ​អាច​ផ្តន្ទាទោស​ ដាក់​ពន្ធនាគារ​ ពី​ ១​ខែ​ ទៅ​ ៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ ទៅ​ ១​លាន​រៀល​»​។​ ហេតុនេះ​នៅ​ពេល​ជំនុំជម្រះ​ ជា​គោលការណ៍​តុលាការ​មិន​អាច​សម្រេច​ផ្តន្ទាទោស​ លើស​ពី​កម្រិត​ទោស​ ដែល​បាន​កំណត់​ក្នុង​ច្បាប់​នោះ​ឡើយ​។​ លោក​បញ្ជាក់​ថា​ជនជាប់ចោទ​អាច​ត្រូវ​បាន​តុលាការ​ សម្រេច​ផ្តន្ទាទោស​ក្នុង​ចន្លោះ​ពី​១​ខែ​ ទៅ​ ៦​ខែ​តែ​ប៉ុណ្ណោះ​។​

 

​លោក​ គឹ​ម​ សន្តិភាព​ បន្ត​ថាបើ​តុលាការ​ សម្រេច​ផ្តន្ទាទោស​ រយៈពេល​ក្រោម​ ១​ឆ្នាំ​បែប​នេះ​ យោង​តាម​មាត្រា​ ៣៥៣​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ តុលាការ​មិន​អាច​ចេញ​សេចក្តីសម្រេច​ពិសេស​ណាមួយ​ទាក់ទង​នឹង​ការ​ឃុំខ្លួន​ ឬ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​បាន​ទេ​ ទោះ​មាន​វត្តមាន​ជនជាប់ចោទ​ ឬ​ មិន​មាន​វត្តមាន​ជនជាប់ចោទ​ក្នុង​ពេល​សវនាការ​នោះ​ក៏​ដោយ​។​

​ប្រសិនបើ​តុលាការ​ ចេញ​ប្រកាស​សាលក្រម​ នៅ​ថ្ងៃ​៩​ ខាង​មុខ​ សម្រេច​អំពី​ការ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ក៏​ដោយ​ ក៏​សាលក្រម​នេះ​ពុំ​ទាន់​ចូល​ជា​ស្ថាពរ​នៅឡើយ​ ដែល​មិន​អាច​អនុវត្ត​ភ្លាម​ បាន​នោះ​ទេ​ គឺ​លុះណាតែ​សាលក្រម​ ចូល​ជា​ស្ថាពរ​ ទើប​តុលាការ​អាច​អនុវត្ត​ សេចក្តីសម្រេច​ ដែល​បាន​កំណត់​តាម​សាលក្រម​ស្ថាពរ​ នេះ​។​

​ប្រសិនបើ​មានការ​ប្រកាស​ សាលក្រម​ នា​ថ្ងៃ​ទី​៩​ ខាង​មុខ​នេះ​ យោង​តាម​មាត្រា​ ៣៨២​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ក្នុង​ករណី​មាន​វត្តមាន​ជនជាប់ចោទ​ក្នុង​ពេល​សវនាការ​ សាលក្រម​នោះ​ ជា​សាលក្រម​ចំពោះ​មុខ​ ដែល​ទុក​រយៈពេល​ ១​ខែ​ សម្រាប់​បណ្តឹង​ឧ​ទ្ឋ​រណ៍​ គិត​ពី​ថ្ងៃ​ប្រកាស​សាលក្រម​។​

​ក្នុង​ករណី​ពុំ​មាន​វត្តមាន​ជនជាប់ចោទ​ក្នុង​ពេល​សវនាការ​ តែ​ជនជាប់ចោទ​ ទទួល​បានការ​ជូនដំណឹង​ត្រឹមត្រូវ​តាម​ច្បាប់​ សាលក្រម​នោះ​ ជា​សាលក្រម​ចាត់​ទុក​ចំពោះ​មុខ​ ដែល​ទុក​រយៈពេល​ ១​ខែ​ សម្រាប់​បណ្តឹង​ឧ​ទ្ឋ​រណ៍​ គិត​ពី​ពេល​ទទួល​ដំណឹង​អំពី​សាលក្រម​។​

ទាក់ទង​នឹង​ករណី​នេះ​ដែរ​ លោក​ មេធាវី​ សុក​ សំ​អឿ​ន​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ តាម​ទិដ្ឋភាព​ផ្លូវច្បាប់​ បទល្មើស​របស់​លោក​ កឹ​ម​ សុខា​ តុលាការ​មិន​អាច​អាច​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ បាន​ភ្លាម​នោះ​ទេ​ ប៉ុន្តែ​បើ​តាម​ជា​ករណី​នយោបាយ​វា​គឺជា​រឿង​ផ្សេង​។​ ​មេធាវី​រូប​នេះ​បន្ត​ថា​ ប្រសិនបើ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ មែន​នោះ​ ទាល់តែ​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង​រូប​នេះ​មិន​ប្តឹង​ទៅ​ឧទ្ធរណ៍​។​

​លោក​ សុក​ សំ​អឿ​ន​៖«​ព្រោះ​រឿង​បទល្មើស​ហ្នឹង​វា​ទោស​ដែល​ធំ​ជាងគេ​តែ​៦​ខែ​ទេ​ ហេតុ​ដូច្នេះ​វា​អត់​មានអី​ត្រូវ​ចាប់​ភ្លាម​នោះ​ទេ​លើកលែងតែ​គាត់​អត់​ឧទ្ធរណ៍​ហើយ​ធ្វើ​ឱ្យ​សាលក្រម​ក្លាយជា​សាលក្រម​ដូច​ថា​ ស្ថាពរ​ អាហ្នឹង​ទើប​មានការ​ចេញ​ឱ្យ​ចាប់ខ្លួន​ ហើយ​ឥលូវ​រឿង​វា​ដល់​តុលាការ​វា​ធ្វើ​តាមតែ​ផ្លូវច្បាប់​ហ្នឹង​ តែ​អា​រឿង​អី​ណា​ អី​ណា​តាម​ផ្នែក​នយោបាយ​អាហ្នឹង​រឿង​ផ្សេង​ ប៉ុន្តែ​រឿង​តាម​ផ្លូវ​តុលាការ​យើង​មាន​តែ​តាម​ឧទ្ធរណ៍​ទៀត​»​។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ ជុំវិញ​សំណុំរឿង​លោក​ កឹ​ម​ សុខា​ ដែល​នឹង​ត្រូវ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​ ០៩​ ស្អែក​នេះ​ លោក​យល់​ថា​ លទ្ធភាព​នៃ​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ អាច​នឹង​មាន​ច្រើន​ជាង​មិន​ចាប់​ នៅ​ពេល​ដែល​តុលាការ​សម្រេចសេចក្តី​។​

លោក​ សូ​ ច​ន្ថា​ បន្ត​ថា​ នៅ​ក្នុង​សំណុំរឿង​លោក​ កឹ​ម​ សុខា​នេះ​ដែរ​ លោក​សម្លឹង​ឃើញ​ចំនុច​យុទ្ធ​សា​សស្ត្រ​ ចំនួន​ពីរ​សំខាន់ៗ​មាន​ដូច​ជា​៖​ «​សេនា​រី​យូ​ របស់​បក្ស​កាន់​អំណាច​យើង​ឃើញ​ថា​គោលដៅ​ធំ​បំផុត​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​បក្ស​ប្រឆាំង​នេះ​ចុះ​ខ្សោយ​ដើម្បី​ឱ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​ទាល់តែ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​ហ្នឹង​មាន​លោក​កឹ​ម​ សុខា​ នឹង​លោក​សម​ រ​ង្ស៊ី​ អវត្តមាន​ពី​ឆាកនយោបាយ​ដូច្នេះ​ខ្ញុំ​គិត​ថា​ជា​ចំណុចក្តៅ​ដែរ​ជា​សេនា​រី​យូ​ដែល​បក្ស​កាន់​អំណាច​ធ្វើ​ពេល​កន្លង​មកនេះ​ ចំណុច​ទី​០២​ ខ្ញុំ​គិត​ថា​អាច​នឹង​មិន​មានការ​ចាប់ខ្លួន​ទេ​ប្រសិនបើ​មានការ​សម្របសម្រួល​ ឬ​ក៏​មានការ​ជជែក​គ្នា​បក្ស​កាន់​អំណាច​ នឹង​បក្ស​ប្រឆាំង​ហើយ​អាច​នឹង​មានការ​ដោះ​ដូរ​អ្វីមួយ​ »​

​លោក​ សូ​ ច​ន្ថា​ បន្ថែម​ថា​ប្រសិនបើ​មានការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ មែន​នោះ​ស្ថានភាព​នយោបាយ​នឹង​មានការ​ប្រែប្រួល​ ព្រោះ​អ្នក​ដែល​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ចូលរួម​តវ៉ា​ ឬ​តតាំង​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ ។​បន្ថែម​ពី​នេះ​ទៀត​នោះ​អាច​នឹង​មានការ​លូកដៃ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​សម្របសម្រួល​ក្នុង​ករណី​នេះ​។​ ​លោក​គិត​ថា​ ដើម្បី​ស្វែងរក​ចំនុចរួម​មួយ​ក្នុង​ការ​ផ្សះផ្សា​ជាតិ​គឺ​មាន​តែ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ត្រូវ​ងាក​ទៅ​រក​តុ​ច​ចារ​ជាមួយ​គ្នា​ឡើង​វិញ​។​

«​ខ្ញុំ​គិត​ថា​អត់​មាន​ជំរើស​អី​ក្រៅពី​ការ​ងាក​ទៅ​រក​ការ​ច​ចារ​គ្នា​ដែល​យើង​ហៅ​ថា​វប្បធម៌​សន្ទនា​ វប្បធម៌​ជជែក​គ្នា​នោះ​ទេ​ប្រសិនបើ​អ្នកនយោបាយ​នៅ​កម្ពុជា​ចង់​ឈ្នះ​ចង់​ចាញ់​រៀងខ្លួនៗ​ ចំណុច​នោះ​ហើយ​ដែល​ជា​ការ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​ធ្លាប់​ជួប​ពី​អតីតកាល​ គឺ​កម្ពុជា​គឺជា​អ្នក​ខាតបង់​ ហើយ​បរទេស​នោះ​គឺជា​អ្នក​ចំណេញ​»​។​

​នៅ​មុន​មួយ​ថ្ងៃ​នៃ​ការ​ជំនុំ​ជម្រះក្តី​ លោក​ កឹ​ម​ សុខា​ នា​ថ្ងៃ​ទី​ ៩​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃនេះ​ ដោយ​ស្នើ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្អាក​សវនាការ​លើ​រឿង​ក្តី​កឹ​ម​ សុខា​ និង​លោក​ អ៊ុំ​ សំ​អាន​ ។​ តែ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​ តេ​លេ​ក្រាម​នៅ​ថ្ងៃនេះ​ថា​ ការ​ជំនុំ​ជម្រះក្តី​លោក​ កឹ​ម​ សុខា​ នឹង​ប្រព្រឹត្តិ​ទៅ​តាម​កាលកំណត់​ ។​

​សូម​ជំរាប​ថា​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ពី​ បទ​ បដិសេធ​ក្នុង​ការ​ចូលខ្លួន​ ក្នុង​សំណុំរឿង​នាង​ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​ លួចលាក់​ជាមួយ​ លោក​ កឹ​ម​ សុខា​ ។​ ​យោង​តាម​មាត្រា​ ៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​ បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​នេះ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ ខែ​ ទៅ​ ៦​ ខែ​៕ ​

Share

ព័ត៌មានទាក់ទង

Image