en     km
en     km

ជប៉ុន​-​ ចិន​ នឹង​រៀបចំ​កិច្ចប្រជុំ​ក្រៅ​ជំនួប​កំពូល​ G20​ លើ​បញ្ហា​សមុទ្រ​ចិន​ខាងកើត​

Share

​ក្រុង​ហាង​ចូ​វ​៖​ មន្ត្រី​ជប៉ុន​និយាយ​ថា​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ី​ន​ ហ្សូ​អា​បេ​ នឹង​បើក​កិច្ចចរចា​ក្រៅ​វេទិកា​G20​ ជាមួយ​ប្រធានាធិបតី​ចិន​លោក​ ស៊ី​ ជី​ន​ពីង​ នៅ​ថ្ងៃ​ចន្ទ​ទី​០៥​ កញ្ញា​នេះ​ ដែល​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​អាស៊ី​មើល​មុខ​គ្នា​មិន​ចំ​ដោយសារ​បញ្ហា​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងកើត​។

នាយករដ្ឋមន្ត្រីជប៉ុនលោកអាបេ នៅខាងឆ្វេង, ប្រធានាធិបតីចិនលោក ស៊ី នៅខាងស្តាំ។
នាយករដ្ឋមន្ត្រីជប៉ុនលោកអាបេ នៅខាងឆ្វេង, ប្រធានាធិបតីចិនលោក ស៊ី នៅខាងស្តាំ។

​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ កិច្ចប្រជុំ​ដាច់​ដោយឡែក​នេះ​នឹង​ធ្វើ​ឡើង​ បន្ទាប់​ពី​សេចក្តីសន្និដ្ឋាន​បិទ​នៃ​កិច្ចប្រជុំ​កំពូល​ G-20​ ដែល​បាន​ប្រព្រឹត្ត​រយៈពេល​ពីរ​ថ្ងៃ​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ នៅ​ទីក្រុង​ ហាង​ចូ​វ​ (Hangzhou)​ ប្រទេស​ចិន​។​

​ភាព​តានតឹង​នេះ​ បាន​ផ្ទុះ​ឡើង​កាលពី​ខែ​មុន​ បន្ទាប់​ពី​ទូក​នេសាទ​ និង​នាវា​ឆ្មាំ​សមុទ្រ​ចិន​ជាង​ ១២​គ្រឿង​ បាន​បើក​ចូល​តំបន់​ប្រជុំ​កោះ​តូចៗ​ដែល​គ្មាន​មនុស្ស​រស់នៅ​នៃ​សមុទ្រ​ចិន​ខាងកើត​ ដែល​ទីក្រុង​តូ​ក្យូ​តែងតែ​អះអាង​ថា​ ជា​របស់​ខ្លួន​គ្រប់គ្រង​ ប៉ុន្តែ​ចិន​វិញ​ក៏​ទាមទារ​ប្រជុំ​កោះ​នេះ​ដូច​គ្នា​។​

​ទំនាក់ទំនង​រវាង​ជប៉ុន​ និង​ ចិន​ ក៏​បាន​ផ្ទុះ​ឡើង​កាន់តែ​ល្អក់កករ​ថែម​ទៀត​ ដោយសារ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ នោះ​ក៏​ព្រោះតែ​ប្រទេស​ជប៉ុន​ បាន​ទទូច​ឱ្យ​ចិន​គោរព​សេចក្តីសម្រេច​តុលាការអន្ដរជាតិ​ក្រុង​ឡា​អេ​ តែ​ប្រទេស​ចិន​វិញ​បាន​ច្រានចោល​សេចក្តីសម្រេច​នេះ​ ហើយ​នៅ​តែ​បន្ត​ការ​ទាមទារ​ទឹកដី​ជម្លោះ​នោះ​ ថា​ជា​របស់​ចិន​ដដែល​។​ មួយវិញទៀត​ ចិន​ ក៏​ធ្លាប់​បាន​ព្រមាន​ជប៉ុន​ថា​ មិន​ត្រូវ​ជ្រៀតជ្រែក​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ឡើយ​៕​ ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image