en     km
en     km

ប្រធាន​ CCIM​ -VOD​ ថា​តុលាការ​សាកសួរ​លោក​ថា​តើ​ធ្លាប់​ស្នើ​នាង​ស្រី​មុំ​ធ្វើ​វាគ្មិន​វិទ្យុ​នេះ​ ឬទេ​

Share

ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សួរ​សំនួរ​ទៅ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ និង​អ្នកគ្រប់គ្រង​វិទ្យុ​វី​អូ​ឌី​(​ VOD​ )​អំពី​ទំនាក់ទំនង​លោក​ជាមួយ​មេ​បក្ស​ប្រឆាំង​ និង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ និង​ថា​តើ​ដែល​បាន​ស្នើ​នាង​ស្រី​មុំ​ ធ្វើ​វាគ្មិន​វិទ្យុ​នេះ​ ឬទេ​។​

​លោក​ ប៉ា​ ងួ​ន​ទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ និង​អ្នកគ្រប់គ្រង​វិទ្យុ​វី​អូ​ឌី​(​ VOD​ )
​លោក​ ប៉ា​ ងួ​ន​ទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ និង​អ្នកគ្រប់គ្រង​វិទ្យុ​វី​អូ​ឌី​(​ VOD​ )

​អ្នកនាំពាក្យ​តុលាការ​បញ្ជាក់​ថា​ ការ​សាកសួរ​នេះ​ បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​ដល់​នីតិវិធីតុលាការ​។​ តែ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យល់​ថា​ការ​កោះហៅ​អ្នកគ្រប់គ្រង​វិទ្យុ​វី​អូ​ឌី​ គឺ​ទំនងជា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​យុទ្ធនាការ​ចន្ទ​ពណ៌​ខ្មៅ​ និង​ការ​រៀបចំ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​៖

 

​នៅ​វេលា​ម៉ោង​ ៩​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែសីហា​ នេះ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ និង​អ្នកគ្រប់គ្រង​វិទ្យុ​វី​អូ​ឌី​ ដោយ​មាន​អ្នក​អមដំណើរ​ជាមួយ​មេធាវី​របស់​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​នាម​ជា​សាក្សី​ សំណុំរឿង​របស់​ នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​។​

​ការ​ចូលខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកាកោះ​ របស់​សាលាដំបូង​រាជធានី​ ពាក់ព័ន្ធ​ នឹង​សំណុំរឿង​ មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ ១​រូប​ ដែល​តុលាការ​បាន​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ ករណី​រឿង​ស្នេហា​ផ្លូវភេទ​រវាង​នាង​ ខុ​ម​ ចាន់​តារា​ទី​ និង​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ក្រោយ​ចេញពី​បន្ទប់​សាកសួរ​ លោក​ ប៉ា​ ងួ​ន​ទៀង​ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅរបង​តុលាការ​ថា​ លោក​ ធា​ម​ ច​ន្ទ័​ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​សាកសួរ​ លោក​រយៈពេល​ជិត​ ១​ម៉ោង​ ជុំវិញ​ទំនាក់ទំនង​រវាង​លោក​ ថា​យ៉ាងដូចម្តេច​ជាមួយ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ទំនាក់ទំនង​ ជាមួយ​ នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​។

​អ្នកគ្រប់គ្រង​វិទ្យុ​វី​អូ​ឌី​រូប​នេះ​ បាន​បន្ថែម​ថា​ ចៅក្រម​ស៊ើបសួរ​បាន​សួរ​លោក​ថា​ តើ​លោក​មាន​រៀបចំ​ឲ្យ​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ជួប​ជាមួយ​លោក​ កឹ​ម​ សុខា​ ដែរ​ឬទេ​។​

​លោក​បន្ត​ថា​ ចៅក្រម​ក៏​បាន​សួរ​លោក​ទៀត​ថា​ តើ​លោក​បាន​ទូរស័ព្ទ​ទៅ​អ្នកស្រី​ ទ្រី​ ឈួ​ន​ អតីត​ ជា​មេធាវី​របស់​ នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ហើយ​សំនួរ​ចុង​ក្រោយ​ របស់​ចៅក្រម​បាន​សួរ​លោក​ថា​ តើ​ក្នុង​នាម​លោក​ជា​អ្នកគ្រប់គ្រង​វិទ្យុ​វី​អូ​ឌី​ មាន​បំណង​អ​ញ្ចើ​ញ​នាង​ស្រី​មុំ​ ចូលរួម​ក្នុង​វេទិកា​វិទ្យុ​លោក​ដែរ​ទេ​?​

​ចំនុច​នេះ​លោក​ ប៉ា​ ងួ​ន​ទៀង​ បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ស៊ើបសួរ​ ថា​តើ​ក្នុង​នាម​លោក​ជា​អ្នក​សារព័ត៌មាន​ មាន​កិច្ចការ​ច្រើន​ពេក​ ដូច្នេះ​លោក​មិន​បាន​ចាំ​រឿង​ទាំងនេះ​ឡើយ​។​

​លោក​ ប៉ា​ ងួ​ន​ទៀង​៖«​គេ​គ្រាន់តែ​សួរ​ខ្ញុំ​រឿង​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ស្រី​មុំ​ ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ តើ​ខ្ញុំ​មាន​រៀបចំ​ឲ្យ​លោក​ នី​ ចរិយា​ ជួប​ជាមួយ​លោក​ កឹ​ម​ សុខា​ អត់​ ហើយ​សួរ​ខ្ញុំ​ មាន​តេ​(​ទូរស័ព្ទ​)​ ទាក់ទង​ជាមួយ​លោកស្រី​ ទ្រី​ ឈួ​ន​ ដែល​ជា​មេធាវី​របស់​ស្រី​មុំ​ រឿងស្រី​មុំ​ និង​អត់​ ហើយ​វី​អូ​ឌី​ មាន​បំណង​ហៅ​ស្រី​មុំ​ ជា​វាគ្មិន​ ឬ​អត់​»​។​

​រីឯ​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ ថា​ការ​សាកសួរ​លោក​ ប៉ា​ ងួ​ន​ទៀង​ ក្នុង​នាម​ជា​សាក្សី​ គឺ​បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​ការ​ស៊ើបសួរ​។​ លោក​បន្ត​ថា​ ចៅក្រម​ស៊ើបសួរ​សម្រេច​សួរ​លោក​បន្ត​ទៀត​។​

​លោក​ លី​ សុ​ផា​ណា​៖«​ ការ​សាកសួរ​លើ​លោក​ ប៉ា​ ងួ​ន​ទៀង​ ជា​សាក្សី​ បាន​ផ្តល់​នូវ​ប្រយោជន៍​ជា​ច្រើន​ដល់​កា​រសើប​សួរ​ ហើយ​ចៅក្រម​សើ​ប​សួរ​សម្រេច​សើ​ប​សួរ​បន្ត​។​ សូម​អធ្យាស្រ័យ​ចៅក្រម​សើ​ប​សួរ​មិន​អាច​បង្ហាញ​ ឬ​ប្រាប់​អំពី​ចំណាត់កា​រសើប​សួរ​បន្ត​ជូន​សាធារណៈ​មតិ​បាន​ទេ​ ព្រោះ​វា​ជា​ការ​សំងាត់​នៃ​កា​រសើប​សួរ​»​។​

​ចំណែក​ លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​ សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ បាន​ទៅ​ឃ្លាំមើល​ដំណើរការ​សាកសួរ​នេះ​ លោក​យល់​ថា​ ស្ថិត​ក្នុង​កាលៈទេសៈ​កោះហៅ​ លោក​ ប៉ា​ ងួ​ន​ទៀង​ មក​សាកសួរ​នៅ​ពេល​នេះ​ ដើម្បី​សាកសួរ​ជុំវិញ​រឿង​ នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ គឺជា​រឿង​មួយ​។​ ប៉ុន្តែ​លោក​ ជឿ​ថា​ការ​កោះហៅ​នេះ​ ទំនងជា​ជាប់​ពាក់ព័ន្ធ​និង​រឿង​យុទ្ធនាការ​«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ដើម្បី​ឲ្យ​មានការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ ១​រូប​ និង​រឿង​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​លោក​ ប៉ា​ ងួ​ន​ទៀង​ សកម្ម​ខ្លាំង​ក្នុង​រឿង​នេះ​។​

​ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ ១​រូប​ កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ពី​បទ​ចោទ​ សូកប៉ាន់​សាក្សី​ និង​សមគំនិត​សាក្សី​ ហើយ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​រូប​ទៀត​ ក៏​បាន​កោះហៅ​ ក្នុង​ករណី​ស្ត្រី​រូប​នេះ​ដែរ​។​ ចំណែក​លោក​ កឹ​ម​ សុខា​ ក៏​រង​ការ​កោះហៅ​ ចូលខ្លួន​បំភ្លឺ​ជា​ច្រើន​លើក​ផង​ដែរ​។​ តែ​លោក​បដិសេធ​មិន​បង្ហាញខ្លួន​។​

​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ចេញ​ដីការ​កោះហៅ​ អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ជា​ប្រធាន​ផ្នែក​ស្ត្រី​នៃ​សមាគម​អា​ដ​ហុ​ក​ មក​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ នៅ​វេលា​ម៉ោង​ ៩​ ព្រឹក​ ថ្ងៃ​ទី​ ២៤​សីហា​ ខាង​មុខ​នេះ​៕

Share

ព័ត៌មានទាក់ទង

Image