en     km
en     km

មេធាវី​លោក​ អ៊ុំ​ សំ​អាន​ ហៅ​ សាលដីកា​តុលាការ​កំពូល​លើ​កូនក្ដី​ជា​រឿង​ អយុត្ដិធម៌​(មានសំឡេង)

Share

ភ្នំពេញ៖ លោក​ ហែម​ សុ​ជាតិ​ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ អ៊ុំ​ សំ​អាន​ បាន​ហៅ​ សាលដីកា​របស់​តុលាការ​កំពូល​ថា​ ជា​រឿង​អយុត្ដធម៌​។​ ការ​ហៅ​របស់​លោក​មេធាវី​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ តុលាការ​កំពូល​ សម្រេច​ចេញ​សាលដីកា​ បដិសេធ​មិន​អោយ​លោក​ អ៊ុំ​ សំ​អាន​ បាន​នៅ​ក្រៅ​ឃុំ​។​

លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ហែម​ សុ​ជាតិ​។
លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ហែម​ សុ​ជាតិ​។

​សាលដីកា​របស់​តុលាការ​កំពូល​បាន​ប្រកាស​តម្កល់​ទុក​ សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​មិន​អនុញ្ញាតិ​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ បាន​នៅ​ក្រៅ​ឃុំ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ នៅ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​លោក​មក​កាន់​តុលាការ​ លោក​ អ៊ុំ​ សំ​អាន​ បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ចាប់ខ្លួន​គឺជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៨០​ចែង​ពី​ការ​ការពារ​ អភ័យឯកសិទ្ធិ​សមាជិក​សភា​។​ តែ​បក្ស​កាន់​អំណាច​បដិសេធ​។​ កញ្ញា​ ជុំ​ ជោគ​ជាតា​ រាយការណ៍​បន្ត​៖

 

​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែសីហា​ ឆ្នាំ​២០១៦​នេះ​ តុលាការ​កំពូល​បាន​សម្រេច​ចេញ​សាលដីការ​ បដិសេធ​បណ្ដឹង​ សុំ​នៅ​ក្រៅ​ឃុំ​ របស់​លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ក្រោម​បទ​ចោទ​ បង្ហោះ​ផែនទី​ក្លែងក្លាយ​ ពាក់ព័ន្ធ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​ ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នៅ​ថ្ងៃនេះ​ ធ្វើ​ឡើង​ដោយ​ពុំ​មាន​វត្តមាន​ លោក​ អ៊ុំ​ សំ​អាន​ ចូល​ស្ដាប់​សាលដីការ​។​

​លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ហែម​ សុ​ជាតិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​សម្រេច​របស់​តុលាការ​កំពូល​ ជា​រឿង​អយុត្ដិធម៌​។​

​លោក​ ហែម​ សុ​ជាតិ​ ៖​ «​ខ្ញុំ​យល់​ថា​ នៅ​តែ​មិន​មាន​ភាព​យុត្ដិធម៌​ដដែល​ហ្នឹង​ គឺថា​ យើង​គិត​ថា​ អ្វី​ដែល​ជា​ការ​ចោទប្រកាន់​ គឺ​វា​ជា​បទល្មើស​មជ្ឈិម​ទេ​ វា​អត់​មាន​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ដល់​សង្គម​ទេ​ បាទ៎​ ហើយ​គាត់​ជា​តំណាងរាស្ដ្រ​ដែល​មានមុខ​របរ​ ហើយ​ប្រជារាស្ដ្រ​៦,៧​ ម៉ឺន​នាក់​ ដែល​បោះ​ឆ្នោត​អោយ​ ទំ​រាំ​ ឈរឈ្មោះ​ជា​តំណាងរាស្ដ្រ​ ហើយ​ឥលូវ​គាត់​មិន​អាច​នៅ​ក្រៅ​ឃុំ​បាន​ ចឹ​ង​ខ្ញុំ​គិត​ថា​ វា​មិន​បាន​ ផ្ដល់​យុត្ដិធម៌​ដល់​គាត់​ទេ​»​។​

​លោក​ ហែម​ សុ​ជាតិ​ បាន​បញ្ជាក់​បន្ថែម​ថា​ ក្នុង​រឿង​ក្ដី​របស់​លោក​ អ៊ុំ​ សំ​អាន​ សាលាដំបូង​រាជធានី​ភ្នំពេញ​ សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​ បាន​សម្រេច​ ដោយ​លើក​ហេតុផល​ដូចៗ​គ្នា​ទាំងអស់​ ហើយ​អ្វី​ដែល​លោក​មេធាវី​ ខិតខំ​ប្រឹងប្រែង​ និង​សង្ឃឹម​នោះ​ គឺជា​រឿង​ខកចិត្ត​ ហើយ​វា​ក៏​ជា​ការ​ខកចិត្ត​មួយ​របស់​កូនក្ដី​លោក​ដែរ​។​ លោក​ថា​ លោក​ អ៊ុំ​ សំ​អាន​ ជា​តំណាងរាស្ដ្រ​ដែល​នៅ​មាន​អភ័យឯកសិទ្ធិ​សភា​ តែ​បែរជា​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ទៅ​វិញ​។​

​លោក​ ហែម​ សុ​ជាតិ​ បន្ដ​ថា​ តុលាការ​កំពូល​ មិន​គួរ​បដិសេធ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​នេះ​ទេ​ ព្រោះ​លោក​ថា​ កូនក្ដី​លោក​ មាន​ហេតុផល​និង​សំអាង​ត្រឹមត្រូវ​ ទើប​សុំ​នៅ​ក្រៅ​ ឃុំ​។​ លោក​បាន​ពន្យល់​ពី​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ ការពារ​អភ័យ​ឯក​សិ​ទិ្ធ​របស់​អ្នកតំណាង​រាស្ត្រ​។​

​លោក​មេធាវី​ បាន​ពន្យល់​បន្ដ​លើ​ចំនុច​នេះ​ទៀត​ថា​៖​ «​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ ការ​ដក​អភ័យ​ឯក​សិទ្ធ​តំណាងរាស្ដ្រ​ណា​ម្នាក់​នៃ​រដ្ឋសភា​ គឺ​វា​ទាមទារ​អោយ​មាន​សម្លេង​ភាគច្រើន​២​ភាគ​៣​បាន​ន័យ​ថា​ គឺ​មាន​៨២​សមាជិក​សភា​អនុម័ត​អោយ​ដក​អភ័យឯកសិទ្ធិ​ គឺ​បាន​អាច​ដក​បាន​ ប៉ុន្ដែ​ក្នុង​ករណី​នេះ​ គឺ​អត់​ទាន់​មាន​សមាជិក​សភា​៨២​រូប​ណា​ដក​អភ័យឯកសិទ្ធិ​ទេ​ ហើយ​អ្វី​ដែល​សភា​ស៊ើបសួរ​ (​សាលាឧទ្ធរណ៍​)​ ក៏​ដូច​ជា​តុលាការ​កំពូល​ បញ្ជាក់​ថា​ ខ្លួន​អត់​មាន​សមត្ថកិច្ច​ពិចារណា​ សិទ្ធិ​តំណាងរាស្ដ្រ​នោះ​ ខ្ញុំ​គិត​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​ ពីព្រោះ​ទាំង​តុលាការ​កំពូល​ ទាំង​សភា​ស៊ើបសួរ​ឧទ្ធរណ៍​ គឺ​ខ្លួន​មាន​សិទ្ធិ​ពិនិត្យ​រាល់​និយតកម្ម​ផ្នែក​នីតិវិធី​ទាំង​អស់ពី​ ព្រោះ​តុលាការ​ថ្នាក់លើ​ គឺ​សម្រាប់​ត្រួតពិនិត្យ​ការ​អនុវត្ត​ ភាព​មិន​ត្រឹមត្រូវ​ ពី​តុលាការ​ថ្នាក់​ក្រោម​»​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ នៅ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​លោក​មក​កាន់​តុលាការ​ លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប​ បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ចាប់ខ្លួន​លោក​ គឺ​ទ​ង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៨០​ ដែល​បាន​ចែង​យ៉ាង​ច្បាស់​អំពី​អភ័យឯកសិទ្ធិ​សមាជិក​សភា​។​  

​ប៉ុន្ដែ​ការ​លើក​ឡើង​របស់​លោក​ អ៊ុំ​ សំ​អាន​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ទាត់​ចោល​ភ្លាមៗ​ ថា​ ការ​លើក​ឡើង​ របស់​លោក​ អ៊ុំ​ សំ​អាន​ គ្រាន់តែ​ជា​សម្ដី​ផ្ដេសផ្ដាស់​ និង​មាន​បញ្ហា​សតិអារម្មណ៍​ មិន​អាច​យក​ជា​ការ​បាន​។​

​លោក​ សួ​ស​ យ៉ា​រា​ ថា​៖«​អាហ្នឹង​គាត់​និយាយ​តែ​ខ្លួន​គាត់​ ធម្មតា​មនុស្ស​ជាប់​ទោស​ មនុស្ស​ទណ្ឌិត​ គាត់​មាន​កំហឹង​ គាត់​ចេះ​តែ​ ជេរ​ស្រេច​ចិត្ត​គាត់​ទៅ​ គាត់​មានការ​ទទួលខុសត្រូវ​ឯណា​ គាត់​អត់​មាន​ទេ​ គាត់​ និយាយ​តែ​ផ្ដេសផ្ដាស់​ទៅ​»​។​

​តាម​មេធាវី​ លោក​ ហែម​ សុ​ជាតិ​ រឿង​ក្ដី​របស់​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ មេធាវី​រូប​នេះ​ នៅ​តែ​បន្ដ​ធ្វើការ​តស៊ូ​មតិ​ ទៅ​តាម​ផ្លូវច្បាប់​បន្ដ​ទៅ​ទៀត​ដើម្បី​រក​យុត្ដិធម៌​ជូន​លោក​ អ៊ុំ​ សំ​អាន​។​

​លោក​ ហែម​ សុ​ជាតិ​ ៖«​រឿង​ឯកឧត្ដម​ អ៊ុំ​ សំ​អាន​ នោះ​ គឺ​តុលាការក្រុង​បាន​បិទ​ការ​ស៊ើបសួរ​ហើយ​ ចឹ​ង​បាន​សេចក្ដី​ថា​ រឿង​នេះ​គេ​បាន​បញ្ជូន​ទៅ​ជម្រះ​ហើយ​ ចឹ​ង​ខ្ញុំ​ធ្វើការ​តស៊ូ​ត​មតិ​តាម​ផ្លូវច្បាប់​តទៅ​ទៀត​ ដើម្បី​ យុត្ដិធម៌​របស់​កូនក្ដី​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ រឿង​របស់​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ ក៏​ដូច​ជា​សហគមន​អន្តរជាតិ​ចាត់​ទុក​ថា​ ជា​រឿង​នយោបាយ​។​ ពួក​គេ​ បាន​ហៅ​លោក​ អ៊ុំ​ សំ​អាន​ រួម​ទាំង​រឿង​របស់​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ បក្ស​ប្រឆាំង​ថា​ជា​អ្នកទោស​នយោបាយ​៕

Share

ព័ត៌មានទាក់ទង

Image