en     km
en     km

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​សមាសភាព​ក្រុម​សភាហៅថាគណៈរដ្ឋមន្ត្រីស្រមោល​​?

Share

​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​ ០៩​សីហា​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​ ក្រុម​ជំនាញ​សមាជិក​សភា​របស់​បក្ស​។​ ក្រុម​ជំនាញ​ដែល​តំណាង​ឱ្យ​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មាន​ភារកិច្ច​តាម​អង្កេត​និង​វាយតម្លៃ​សភាពការណ៍​ និង​ស្ថានភាព​ ទាំងឡាយ​ ដែល​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ និង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​។​ ចំពោះ​ បញ្ហា​នេះ​ មន្ត្រី​រដ្ឋាភិបាល​ ចាត់​ទុក​ថា​ជា​សិទ្ធិ​របស់​បក្សនយោបាយ​។​តែ​អ្នក​សង្កេតការណ៍​ គំនិត​នេះ​ មាន​ភាព​ ស្រប​នឹង​ការ​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖​

លោក​ សុ​ន​ ឆ័​យ​ ដែល​ត្រូវ​បាន​គណបក្ស​តែងតាំង​ជា​គណ​អភិបាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក​ សុ​ន​ ឆ័​យ​ ដែល​ត្រូវ​បាន​គណបក្ស​តែងតាំង​ជា​ អភិបាល​នៃ គណ​អភិបាល ​នៃសភា​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ​ បង្កើត​ក្រុម​ជំនាញ​ឬ​គេ​ហៅ​ថា​ សមាសភាព​គណៈរដ្ឋមន្ត្រី​ស្រមោល​ នៃ​សភា​គណបក្ស​ដើម្បី​ធ្វើការ​អង្កេត​ និង​ឃ្លាំមើល​ដំណើរការ​និរន្ដ​រិ៍​ភាព​នៃ​ការងារ​ របស់​ប្រទេស​ជាតិ​និង​រដ្ឋាភិបាល​។

​នេះ​បើ​តាម​លោក​ សុ​ន​ ឆ័​យ​ ដែល​ត្រូវ​បាន​គណបក្ស​តែងតាំង​ជា​​អភិបាល​នៃ គណ​អភិបាល ​នៃសភាគណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ថ្លែង​ ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បាន​បញ្ចប់​សិក្ខា​សិលា​មួយ​ដែល​រៀបចំ​ដោយ​ មូលនិធិ​ខុន​រ៉ា​ដ​ អា​ដិ​ន​ណូ​អ៊ែ​រ​(Konrad-Adenauer-Stiftung)​ របស់​អា​ល្លឺ​ម៉​ង់​ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃនេះ​។​

​លោក​ សុ​ន​ ឆ័​យ​ បាន​បញ្ជាក់​ថា​ សមាសភាព​នៃ​ក្រុម​ជំនាញ​មាន​ ១០​ ផ្នែក​នេះ​គឺ​ដូច​និង​ស្ថាប័ន​របស់​រដ្ឋសភា​ផង​ដែរ​ ប៉ុន្ដែ​ អ្វី​ដែល​ចំឡែក​នោះ​លោក​បញ្ជាក់​ថា​ គឺ​សមាសភាព​ទាំងនេះ​ដើរតួ​នាទី​ជា​សមាជិក​គណៈរដ្ឋមន្ដ្រី​ស្រមោល​របស់​គណបក្ស​។​ បើ​តាម​លោក​ សុ​ន​ ឆ័​យ​ សមាសភាព​នៃ​រដ្ឋាភិបាល​ស្រមោល​របស់​គណបក្ស​នេះ​ គឺ​មាន​ភារកិច្ច​តាម​អង្កេត​និង​វាយតម្លៃ​សភាពការណ៍​ និង​ស្ថានភាព​ ទាំងឡាយ​ ដែល​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ និង​ ទៅ​អនាគត​។​

​លោក​ សុ​ន​ ឆ័​យ​ ក៏​បាន​ថ្លែង​អះអាង​ថា​ សមាសភាព​នៃ​ស្ថាប័ន​ទាំង​ ១០​ នេះ​កើតឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​និង​តាម​ការ​សិក្សា​រយៈពេល​មួយ​ខែ​ ដែល​រៀបចំ​ដោយ​ មូលនិធិ​ខុន​រ៉ា​ដ​ អា​ដិ​ន​ណូ​អ៊ែ​រ​។​

លោក សុន ឆ័យ៖ «​ដូច​បាន​ជម្រាប​ហើយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​កាតព្វកិច្ច​ សំខាន់​ជា​ពិសេស​ក្រុម​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​បំពេញ​តួនាទី​ធំ​៣​ ក្នុង​ការ​បម្រើ​ម្ចាស់​ឆ្នោត​ គឺ​តួនាទី​ក្នុង​ការ​ធ្វើ​ច្បាប់​ ធ្វើ​ច្បាប់​ដែល​ល្អ​ ធ្វើ​ច្បាប់​ដែល​ធានា​បាន​នូវ​យុត្តិធម៌​ក្នុង​ង្គ​ម​ជាតិ​យើង​ ធ្វើ​ច្បាប់​ដើម្បី​ផលប្រយោជន៍​រួម​ ផលប្រយោជន៍​ជាតិ​»

​យ៉ាងណា​ ក៏​ដោយ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ នេះ​គឺជា​សិទ្ធិ​សេរីភាព​របស់​គណបក្សប្រឆាំង​ ក្នុង​ការ​បង្កើត​សមាសភាព​ទាំងនោះ​ ដើម្បី​តាមដាន​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​។​ លោក​បន្ត​ថា​ សមាភាព​ទាំងនោះ​ មាន​ប្រយោជន៍​តិច​ ឬ​ច្រើន​ អាស្រ័យ​ទៅ​លើ​សមត្ថភាព​ និង​សុចរិត​ភាព​ទៅ​លើ​ការ​វិភាគ​ លើ​សាច់​រឿង​ តាម​រយៈ​លក្ខណៈ​វិទ្យាសាស្ត្រ​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខម​ហ្វ្រែ​ល​ បានឱ្យ​ដឹង​ថា​ នេះ​គឺជា​កាតព្វកិច្ច​ និង​ការ​ទទួលខុសត្រូវ​របស់​អ្នកតំណាង​រាស្ត្រ​ ជា​ពិសេស​តំណាងរាស្ត្រ​មក​ពី​គណបក្សប្រឆាំង​ ដើម្បី​ពិនិត្យ​តាមដាន​មើល​ភាព​អ​អសកម្ម​របស់​រដ្ឋាភិបាល​។​

​លោក​បន្ត​ថា​ ការ​ត្រួតពិនិត្យ​នេះ​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ផង​ បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ផង​ និង​ដើម្បី​រៀន​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ផង​ដែរ​។​

លោក​ គល់​បញ្ញា៖ «​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​វា​ត្រូវ​តែ​មាន​ក្រុម​ត្រួតពិនិត្យ​មើល​ពី​ខាង​ប្រឆាំង​ ជា​ករណី​ចាំបាច់​ ហើយ​មិន​ត្រឹមតែ​មើល​ទេ​គឺ​អាច​កោះហៅ​រដ្ឋាភិបាល​ហ្នឹង​ដើម្បី​សួរ​ដេញដោល​នូវ​ចំណុច​មួយ​ចំនួន​ដែល​ខ្វះខាត​ មិន​បាន​បំពេញ​ ឬ​ជួប​បញ្ហា​អីហ្នឹង​ ឬ​ប៉ះពាល់​ប្រជាពលរដ្ឋ​ គេ​អាច​សួរ​ដេញដោល​បាន​ ហើយ​គេ​ត្រូវ​សួរ​ដេញដោល​ហ្នឹង​ឱ្យ​បាន​ទៀងទាត់​ អាហ្នឹង​វា​ជួយ​កែតម្រូវ​របស់​រដ្ឋាភិបាល​ហ្នឹង​ដើរទៅ​ដោយ​ប្រសិទ្ធភាព​ផង​  ហើយ​គណបក្សប្រឆាំង​ហ្នឹង​ក៏​រៀនសូត្រ​ពី​របៀប​ នៅ​ក្នុង​កិច្ច​ការងារ​រដ្ឋាភិបាល​ផង​ដែរ​»​។​

​សូម​ជម្រាប​ថា​ ក្រុម​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​បង្កើត​កាលពី​ថ្ងៃ​ទី​ ២២​មិថុនា​ ឆ្នាំ​២០១៦​ ក្នុង​នោះ​លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​តំណាងរាស្ត្រ​ត្រូវ​បាន​បោះ​ឆ្នោត​ឱ្យ​ជាប់​ជា​ អភិបាល​នៃ​គណៈ​អភិបាល​ក្រុម​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ូ​ ច័ន្ទ​រ័​ត្ន​ និង​លោកស្រី​ មូ​ សុខ​ហួ​ ត្រូវ​បាន​ជ្រើស​តាំងពី​ជា​ អភិបាលរង​ នៃ​គណៈ​អភិបាល​។​ ចំណែក​ លោក​ គី​ វណ្ណ​រ៉ា​ ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​ និង​លោក​ កែវ​ ភិ​រម្យ​ ជា​អគ្គលេខាធិការ​រង​ ព្រមទាំង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត​ ដែល​ដឹកនាំ​គណ​ក​ម្មា​ការ​ទាំង​១០​ ដូច​រដ្ឋសភា​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image