en     km
en     km

​ក្រសួងការបរទេស​អា​មេ​រិ​ក​ទទូច​ដល់អាជ្ញាធរ​ថៃ​ផ្តល់​សិ​ទិ្ធ​សេរីភាព​ឱ្យពលរដ្ឋ​ឡើង​វិញ​

Share

​វ៉ា​ស៊ី​ន​តោន​៖​ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ចន្ទ​ទី​០៩​ សីហា​នេះ​ បាន​ទទូច​ឱ្យ​ប្រទេស​ថៃ​អនុវត្ត​ឱ្យ​បាន​នូវ​សេរីភាព​របស់​ពលរដ្ឋ​ឡើង​វិញ​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​អនុម័ត​រដ្ឋធម្មនុញ្ញ​មួយ​រៀបរៀង​ ដោយ​ពួក​យោធា​ ដែល​គេ​មើលឃើញ​ថា​ ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។

លោកស្រី អ៊ីឡាបែត ទ្រូដូ (Elizabeth Trudeau) ។
លោកស្រី អ៊ីឡាបែត ទ្រូដូ (Elizabeth Trudeau) ។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​លោកស្រី​ អ៊ី​ឡា​បែ​ត​ ទ្រូ​ដូ​ (Elizabeth​ Trudeau)​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា​ សហរដ្ឋ អាមេរិក​មាន​ក្តី​ព្រួយបារម្ភ​អំពី​សេចក្តីសម្រេច​ចំពោះ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​រាជាណាចក្រ​នេះ​។​

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​លទ្ធផល​ក្រៅផ្លូវការ​បាន​បង្ហាញ​ថា​ ៦១,៤៥%​ បាន​បោះ​ឆ្នោត​ពេញចិត្ត​រដ្ឋធម្មនុញ្ញ​។​ ពួក​យោធា​បាន​ទាត់​ ចោល​រដ្ឋធម្មនុញ្ញ​ចាស់​ នៅ​ពេល​ដែល​យោធា​ដណ្តើម​អំណាច​បាន​កាលពី​ឆ្នាំ​ ២០១៤​ ស្រប​ពេល​ប្រទេស​ថៃ​បាន​ជួប​ប្រទះ​នឹង​អ​ស្ថេ​រ​ភាព​នយោបាយ​ និង​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​តាម​ដងផ្លូវ​។​

មាន​មតិ​២​ផ្សេងៗ​គ្នា​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ អ្នកគាំទ្រ​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​បាន​និយាយ​ថា​ រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​នឹង​ស្តារ​ស្ថិរភាព​នយោបាយ​ឡើង​វិញ​ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា​ រដ្ឋធម្មនុញ្ញ​នេះ​គឺ​នៅ​ក្រោម​ឥទ្ធិពល​ពួក​យោធា​ដដែល​។​

អ្នកបោះឆ្នោត​ ក៏​បាន​បោះ​ឆ្នោត​គាំទ្រ​វិធា​នទី​ពីរ​នៅ​លើ​សន្លឹក​ឆ្នោត​ផង​ដែរ​ ហើយ​ពួក​គេ​បាន​ស្នើ​ថា​ ព្រឹទ្ធសភា​ គួរតែ​ត្រូវ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។​ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែង​ថា​ ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​គឺ​មាន​ប្រហែល​ ៥៥​ភាគរយ​ដែល​ខុស​ពី​ការ​រំពឹង​ទុក​ ថា​៨០​ភាគរយ​។​

យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​នៅ​ក្នុង​ដំណើរការ​ប្រជាមតិ​នេះ​ ត្រូវ​បាន​ហាមឃាត់​ ហើយ​មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ឃុំខ្លួន​។​ គណបក្ស​នយោបាយ​ធំ​បំផុត​របស់​ថៃ​ក៏​បាន​ច្រានចោល​រដ្ឋធម្មនុញ្ញ​នេះ​ដែរ​។​

មន្ត្រី​ប៉ូលិស​ប្រហែល​ ២​សែន​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​បញ្ចៀស​ការ​តវ៉ា​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​។​
​ក្រុម​អ្នក​សង្កេតការណ៍​ឯករាជ្យ​ បាន​ស្នើ​សុំ​ការ​ទទួលស្គាល់​ជា​ផ្លូវការ​ដើម្បី​ត្រួតពិនិត្យ​ការ​បោះ​ឆ្នោត​នេះ​,​ ប៉ុន្តែ​នេះ​មិន​ត្រូវ​បាន​ផ្តល់​ដោយ​គណៈកម្មការ​បោះ​ឆ្នោត​នោះ​ទេ​៕​ ប្រភព​៖BBC

Share

ព័ត៌មានទាក់ទង

Image