en     km
en     km

​បទយកការណ៍៖ សម្ដេច​ ហ៊ុន​ សែន​ ជា​អ្នក​កាន់ចង្កូត​នាវា​កម្ពុជា​យូរ​ជាង​នៅ​កម្ពុជា​?

Share

ភ្នំពេញ៖ ​មក​ដល់​ថ្ងៃ​ទី​០៥​ សីហា​ ឆ្នាំ​២០១៦​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​អាយុ​ ៦៥​ឆ្នាំ​ហើយ​។​ សម្តេច​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​អស់​ជាង​ ៣០​ឆ្នាំ​។​ សម្តេច​ ហ៊ុន​សែន​  ដែល​មាន​គោរមងារ​ជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ គឺជា​ការ​ប្រទាន​​ដោយ​អតីត​ព្រះមហាក្សត្រ​ សម្ដេច​ព្រះបាទ​នរោត្តម​សីហ​នុ​ ត្រូវ​បាន​គេ​ចាត់ជា​មេដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​ ហ៊ុន​ សែន​ ត្រូវ​បាន​គាំទ្រ​ឱ្យ​ឡើង​ធ្វើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្សកាន់អំណាច​សព្វថ្ងៃ​បន្ទាប់​ពី​សម្តេច​ ជា​ ស៊ី​ម​ ទទួល​មរណៈ​កាលពី​ឆ្នាំ​ ២០១៥​។​

ក្នុង​ឪ​កាស​ថ្ងៃ​ខួបកំណើត​ថ្ងៃនេះ​ សម្ដេច​ ហ៊ុន​ សែន​ អះអាង​ថា​ រូប​សម្ដេច​ផ្ទាល់​បាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​ជាតិ​ គឺ​រយៈពេល​ ៤៦​ ឆ្នាំ​។​

​តើ​អ្នកវិភាគ​យល់​ឃើញ​ដូច​ម្ដេច​ចំពោះ​ គុណសម្បត្តិ​ និង​គុណវិបត្តិ​របស់​សម្ដេច​ ឋានៈ​ជា​មេដឹកនាំ​កម្ពុជា​ ។​

​តទៅ​នេះ​សូម​ស្តាប់​ជីវប្រវត្តិ​របស់​សម្តេច​ និង​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ដូច​តទៅ​៖

 

រូបសម្តេច ហ៊ុន សែន ទសវត្ស៨០។
រូបសម្តេច ហ៊ុន សែន ទសវត្ស៨០។

​សម្ដេច​ ហ៊ុន​ សែន​ កើត​នៅ​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​១៩៥២​ ជា​កូន​គ្រួសារ​កសិករ​មួយ​នៅ​ខេត្តកំពង់ចាម​ ។​ នៅ​អាយុ​ ១៨​ឆ្នាំ​ សម្តេច​រៀន​នៅ​អនុទ្យា​ល័យ​  ហើយ​សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ចូលរួម​ចលនា​តស៊ូ​នៃ​របប​ខ្មែរក្រហម​ផង​ដែរ​ ។​ តាម​រយៈ​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ឡើង​កាន់​តំណែង​ជា​បន្តបន្ទាប់​ មាន​ទាំង​តួនាទី​ជា​មេបញ្ជាការ​រង​ផ្នែក​មួយ​នៃ​កងទ័ព​ខ្មែរក្រហម​ ហើយ​មានសំណាង​ល្អ​ជាងគេ​ ដោយ​សម្តេច​ ហ៊ុន​ សែន​ បាន​រត់​ភៀសខ្លួន​ទៅ​តស៊ូ​នៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​ ១៩៧៧​ ហើយ​ត្រឡប់​មក​វាយ​ផ្តួលរំលំ​កម្មាភិបាល​របស់​ខ្លួន​វិញ​ ។​ ទីបំផុត​លោក​ ហ៊ុន​ សែន​ បាន​ទទួល​ជោគជ័យ​ទាំងស្រុង​ ដោយ​វាយ​របប​ខ្មែរក្រហម​ឱ្យ​ដួល​រលំ​ នៅ​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​១៩៧៩​។

​បន្ទាប់​ពី​បាន​ផ្តួល​រលំ​របប​ខ្មែរក្រហម​ សម្ដេច​ក៏​បាន​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល​ និង​ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ និង​ទទួល​បាន​តំណែង​ធំៗ​ជា​ច្រើន​។​

​សម្តេច​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ នៅ​ថ្ងៃ​ទៅ​០៥​ សីហា​នេះ​ថា​៖​ «​ក្នុង​រយះ​៦៤​ឆ្នាំ​កន្លង​មកនេះ​ ខ្ញុំ​បាន​ប្រើប្រាស់​ពេលវេលា​ ជាង​៤៦​ឆ្នាំ​ ចូល​រូ​មការ​តស៊ូ​ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ និង​ប្រជាជន​កម្ពុជា​ជាទី​គោរព​ស្រឡាញ់​របស់ខ្ញុំ​។​ ជិ​វិត​ពោរពេញ​ដោយ​ទុក្ខសោក​ រហូត​ធ្លាក់ខ្លួន​ពិការ​ តែ​ខ្ញុំ​ពិតជា​មាន​មោទនៈភាព​នូវ​កិច្ចការ​ដែល​ខ្ញុំ​បាន​បំពេញ​ សំរាប់​ប្រជាជន​កម្ពុជា​របស់​យើង»​។​

សម្តេច ហ៊ុន សែន។
សម្តេច ហ៊ុន សែន។

​ប្រវត្តិ​សិក្សា​

​ងាក​មក​ប្រវត្តិ​សិក្សា​វិញ​ សម្តេច​បាន​បញ្ចប់​បឋម​សិក្សា​នៅ​ឯ​ស្រុក​កំណើត​នៅ​ឆ្នាំ​ ១៩៦៥​ សម្តេច​បាន​មក​រស់នៅ​រាជធានី​ភ្នំពេញ​ដោយ​ស្នាក់​នៅ​វត្ត​នាគ​វ័ន​ និង​សិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ដើម្បី​បន្ត​ការ​សិក្សា​ ថ្នាក់​អនុ​វិទ្យាល័យ​។​ នេះ​បើ​យោង​តាម​គេហទំព័​រវិ​គី​ភី​ឌា​។​

​គេហទំព័រ​ដដែល​បន្ត​ថា​ នៅ​ឆ្នាំ​ ១៩៩១​ សម្តេច​បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​នយោបាយ​ពី​ Cambodian​ Tertiary​ Education​ និង​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ពី​ National​ Political​ Academy​ នៅ​ទីក្រុង​ហាណូយ​។​ នៅ​ឆ្នាំ​១៩៩៥​ សម្តេច​បាន​ទទួល​បណ្ឌិត​កិត្តិយស​ “​បណ្ឌិត​នយោបាយ​វិជ្ជា​សាស្ត្រ​”​ ពី​សាកលវិទ្យាល័យ​ Southern​ California​ University​ for​ Professional​ Studies,​ USA​ សហរដ្ឋអាមេរិក​។​ នៅ​ឆ្នាំ​១៩៩៦​ សម្តេច​បាន​ទទួល​បណ្ឌិត​ច្បាប់​ពី​មហាវិទ្យាល័យ​ IOWA​ Wesleyan​ College,​ USA​ សហរដ្ឋអាមេរិក​។​ នៅ​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០០១​ នាទី​ក្រុង​សេ​អ៊ូ​ល​ គណៈកម្មាធិការ​នៃ​សាកល​វិ​ទ្យ​ល័យ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ផ្តល់​បណ្ឌិត​កិត្តិយស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​កិច្ច​ខិតខំ​ប្រឹ​ប្រែង​ផ្សះផ្សា​ជាតិ​ ការ​ស្តារ​ឲ្យ​មាន​សន្តិភាព​ និង​ស្ថិរភាព​ឡើង​វិញ​ក្នុង​ប្រទេស​កម្ពុជា​ ការ​បង្កើត​ឲ្យ​ មាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​ និង​ការ​ខំប្រឹង​ប្រែង​របស់​សម្តេច​ លើ​កិច្ច​សហប្រតិបត្តិការ​ចំពោះ​ប្រទេស​ក្នុង​ អាស៊ាន​។​
​សម្រាប់​អ្នកប្រវត្តិសាស្ត្រ​ និង​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ មានការ​យល់​យ៉ាងណា​ដែរ​ ចំពោះ​ភាព​ជា​មេដឹកនាំ​របស់​សម្ដេច​ ហ៊ុន​ សែន​។​

​បើ​តាម​លោក​ ដៀប​ សុផល​ សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ០៥​ សីហា​ នេះ​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មាន​ចំណុច​ពិសេស​ជា​ច្រើន​ ជាក់ស្ដែង​សម្ដេច​ ជា​បុគ្គល​ដែល​មានគំនិត​ប្រាកដប្រជា​ដ៏​គួរ​ឲ្យ​កោតសរសើរ​មួយ​រូប​ ចាប់តាំងពី​សម្ដេច​ បាន​ក្លាយជា​មេដឹកនាំ​នៅ​ខែ​ មក​រា​ ឆ្នាំ​ ១៩៨៥​ មក​ ។​ លោក​បន្ដ​ថា​ សម្ដេច​ ហ៊ុន​ សែន​ ជា​បុគ្គល​មួយ​រូប​ដែល​ឲ្យ​តម្លៃ​លើ​លទ្ធិ​ផល​ជាក់ស្ដែង​ ហើយ​ប្រសិនជា​សម្ដេច​ចង់​ធ្វើ​អ្វីមួយ​គឺ​ លោក​តែងតែ​សិក្សា​ពី​លទ្ធិ​ផល​ដែល​ទទួល​បាន​មក​វិញ​យ៉ាង​ច្បាស់លាស់​ ។​ លើស​ ពី​នេះ​ទៀត​សម្ដេច​ តែងតែ​គិត​ពី​ក្ដី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ជា​ចម្បង​។​

សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​រូប​នេះ​បន្ដ​ទៀត​ថា​ ចំណុច​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ ក្នុង​ដួងចិត្ដ​របស់​សម្ដេច​ ហ៊ុន​ សែន​ គឺ​សន្ដិភាព​ និង​ការ​អភិវឌ្ឍន៍​ ដែល​លោក​ តែងតែ​ផ្ដល់​ការ​អនុគ្រោះ​ដល់​គួរ​ប​ដិ​បរប​ស់លោក​ ស្ទើរ​គ្រប់ពេល​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​គេច​ផុត​ពី​ភាព​អន្ដរាយ៍​ ។​

​ការ​ឡើង​កាន់​តំណែង​របស់​សម្ដេច​ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​គឺជា​សំណាង​មួយ​ដ៏​កម្រ​កើត​មាន​។ ​សម្ដេច​ ហ៊ុន​ សែន​ ឡើង​កាន់​តំណែង​នៅ​ពេល​លោក​មាន​អាយុ​ ៣២​ឆ្នាំ​ ។​ គួរ​កត់​សំ​គល់​ថា​ កាល​ណោះ​ប្រទេស​កម្ពុជា​មាន​ព្រឹត្តិការណ៍​ពីរ​កើតឡើង​បន្តបន្ទាប់​គ្នា​ ។​ លោក​ ប៉ែន​ សុវណ្ណ​ បាន​កាន់​អំណាច​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ប្រហែលជា​ ៤​ឆ្នាំ​ប៉ុណ្ណោះ​ ។​ សម្ដេច​ត្រូវ​បាន​ដកហូត​តំណែង​ដោយ​រដ្ឋាភិបាល​សង្គមនិយម​វៀតណាម​ ដែល​កាលនោះ​គេ​ហៅ​ថា​ជា​ប្រទេស​ត្រួតត្រា​កម្ពុជា​ ។​ កំហុស​របស់​លោក​ ប៉ែន​ សុវណ្ណ​ គឺជា​រឿង​ប្រវត្តិសាស្ត្រ​ ដែល​លោក​ប្រឆាំង​នឹង​ការ​ដាក់​កូន​ប​ញ្ចូ​ន​ចៅ​ជនជាតិ​វៀតណាម​មក​កាន់​កម្ពុជា​ និង​មួយទៀត​គឺ​ លោក​ជំទាស់​ផែនការ​ «​ក​៥»​ ។​ រឿងរ៉ាវ​នេះ​នាំ​ឲ្យ​លោក​ លែង​ទទួល​បានការ​ទុកចិត្ត​ពី​វៀតណាម​ ហើយ​នាំ​ឲ្យ​លោក​ ត្រូវ​នាំ​ខ្លួន​ទៅ​ដាក់​ពន្ធនាគារ​នៅ​ក្រុង​ហាណូយ​ ។​
​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ យល់​ឃើញ​ថា​ ថ្វីបើ​សម្ដេច​ ហ៊ុន​ សែន​ ដឹកនាំ​ប្រទេស​កន្លង​មក​មាន​ភាព​អវិជ្ជមាន​ ខ្លះ​ក៏​ពិតមែន​ ប៉ុន្ដែ​គឺ​សមត្ថភាព​ដែល​គួរ​ឲ្យ​គាត់​សំគាល់​ធំធេង​មែនទែន​ សម្រាប់​ប្រទេស​ ដែល​លោក​ថា​ សម្ដេច​ត្រឹម​ជា​កូន​កសិករ​មួយ​រូប​ហើយ​អាច​ ដឹកនាំ​ប្រទេស​បាន​យូរ​ ហើយ​ឆ្លងកាត់​គ្រប់​សម័យកាល​រហូត​មក​ទល់​បច្ចុប្បន្ន​ ។​

​ចំណុច​កាន់តែ​ពិសេស​តាម​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​មើលឃើញ​ គឺ​គោលនយោបាយ​ឈ្នះៗ​ របស់​សម្ដេច​ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ បាត់​លាន់​ស្នូរ​សំលេង​តទៅ​ទៀត​ ។​ ប៉ុន្ដែ​លោក​បណ្ឌិត​ យល់​ថា​ ទោះជា​សម្ដេច​ មាន​ចំណុច​ល្អ​ទាំងអស់​ច្រើន​មែន​ ប៉ុន្ដែ​ លោក​ថា​ ប្រសិនជា​ការ​គ្រប់គ្រង​មន្ដ្រី​ថ្នាក់​ក្រោម​មិន​បាន​ល្អ​ ធ្វើ​ឲ្យ​ពួក​គេ​នៅ​តែ​បន្ដ​លាក់លៀម​ រឿង​ពិត​នៃ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​បន្ដ​ទៀត​នោះ​នឹង​នាំ​ ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ដ​លើ​ថ្នាក់ដឹកនាំ​កាន់តែ​ខ្លាំង​ជាក់​ជា​ពុំ​ខានទៅ​ថ្ងៃ​អនាគត់​ ។​

សម្តេច ហ៊ុន សែន។
សម្តេច ហ៊ុន សែន។

​ការ​ចាប់ផ្ដើម​ល្បីឈ្មោះ​របស់​សម្ដេច​ ហ៊ុន​ សែន​

​សម្ដេច​ ហ៊ុន​ សែន​ ចាប់ផ្ដើម​ល្បីឈ្មោះ​បន្តិច​ម្ដងៗ​ តាម​រយៈ​តំណែង​របស់​លោក​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ នៃ​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​  ហើយ​ពេល​នោះ​លោក​បាន​ប្រើ​វោហា​សាស្ត្រ​ដ៏​ប៉ិន​ប្រសប់​  វាយប្រហារ​លើ​ក្រុម​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​សមាគម​អាស៊ាន​ ដែល​ជា​ប្លុក​សេរី​ ហើយ​កម្ពុជា​ ពេល​នោះ​ស្ថិត​ក្នុង​របប​កុ​ម្មុ​យ​និ​ស្ត​។​ នៅ​តាម​វេទិកា​បក្សកុម្មុយនិស្ត​ ឬ​កិច្ចប្រជុំ​កម្មាភិបាល​ថា្ន​ក់​មជ្ឈិម​ ថ្នាក់​ ភូមិភាគ​ តំបន់​ ឬ​ខេត្ត​ក្ដី​ លោក​គឺជា​អ្នកនយោបាយ​តែ​ម្នាក់​គត់​ ដែល​ប្រើប្រាស់​វេទិកា​ទាំងនេះ​ និយាយ​ពី​ភាព​ខុស​គ្នា​រវាង​របប​សេរី​ និង​កុ​ម្មុ​យ​និ​ស្ត​ ជា​ពិ​សេ​ស លោ​កធ្វើការ​រិះគន់​ខ្លាំងៗ​ទៅ​លើ​សមាគម​អាស៊ាន​ ដោយ​ចាត់​ទុក​ថា​ ជា​ក្រុម​ប្រតិកិរិយា​ ឬ​ក្រុម​អន់​ថយ​មិន​ជឿនលឿន​ ។​

សម្ដេច​កាន់តែ​លិច​មុខមាត់​ថែម​ទៀត​ គឺ​នៅ​ពេល​ដែល​លោក​ធ្វើ​ជា​ប្រធាន​ក្រុម​ចរចា​នៅ​ JIM1​ JIM2​ ជាមួយ​ប្រធាន​ក្រុម​ចរចា​រដ្ឋាភិបាល​ត្រីភាគី​ គឺ​សម្ដេច​ព្រះបាទ​នរោត្តម​ សីហ​នុ​ នៅ​ក្រុង​ហ្សា​ការ​តា​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ។​ ការ​ចរចា​នៅ​ពេល​នោះ​គឺ​នៅ​ចុង​ទស​វត្ស​១៩៨០​ ខណៈ​លោក​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ​រដ្ឋ​កម្ពុជា​ ។​

ការ​ចរចា​ JIM1​ JIM2​ បាន​លើក​ទៅ​ធ្វើ​នៅ​ទី​ក្រុងប៉ារីស​ ដែល​ពេល​នោះ​ហើយ​ឈ្មោះ​របស់​លោក​ហ៊ុន​ សែន​ កាន់តែ​ធ្វើ​ឲ្យ​អន្តរជាតិ​តាមដាន​សកម្មភាព​របស់​លោក​ ព្រោះថា​សម​ភាគី​របស់​លោក​មាន​តែ​មួយ​គត់​ គឺ​សម្ដេច​ព្រះបាទ​នរោត្តម​ សីហ​នុ​ ដែល​អន្តរជាតិ​ទទួលស្គាល់​ជា​អ្នកនយោបាយ​ជើង​ចាស់​ ។​

នៅ​ទីបំផុត​ការ​ចរចា​បាន​លទ្ធផល​ជា​ផ្លែផ្កា​ ហើយ​គូ​ជម្លោះ​នយោបាយ​ខ្មែរ​ សម្រេច​ចុះ​កិច្ចព្រមព្រៀង​ បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ នៅ​ថ្ងៃ​២៣​ ខែតុលា​ ឆ្នាំ​១៩៩១​ ដែល​គេ​ហៅ​ថា​ “​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ២៣​ តុលា​”​ នៅ​ក្រោម​ការ​ធ្វើ​ជា​សាក្សី​ និង​សម្របសម្រួល​របស់​សហគមន៍​អន្តរជាតិ​ ។​

សម្ដេច​ ហ៊ុន​ សែន​ កាន់តែ​ល្បី​ទៀត​នៅ​ពេល​ដែល​លោក​សម្រេច​យាង​សម្ដេច​ព្រះបាទ​នរោត្តម​ សីហ​នុ​ មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​ ១៩៩២​ ។​  សម្ដេច​ព្រះបាទ​នរោត្តម​សីហ​នុ​ បាន​យាង​មក​ធ្វើ​ជា​ព្រះប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ SNC​ ខណៈ​សម្ដេច​ ហ៊ុន​ សែន​ ទាមទារ​ធ្វើ​ជា​សហ​ប្រធាន​ តែ​ក្រោយមក​ សម្ដេច​បាន​បោះបង់​ចោល​វិញ​។​

hun-sen-23-06-16-thum

​អំណាច​របស់​សម្ដេច​ ហ៊ុន​ សែន​ ហៀបនឹង​របូត​ម្ដង​នៅ​ឆ្នាំ​១៩៩៣​

តាម​រយៈ​ការ​បោះ​ឆ្នោត​សភា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣​ ក្រោម​ការ​ចាត់ចែង​ដោយ​អង្គការ​សហ​ប្រជា​តិ​  ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៣៥​ចូលរួម​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចេញ​មក​ពី​បក្សកុម្មុយនិស្ត​កម្ពុជា​បាន​ចាញ់ឆ្នោត​  ពោល​គឺ​ចាញ់​គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ របស់​សម្ដេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ​ ។​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​កងទ័ព​ក្នុង​ដៃ​បាន​ប្រឆាំង​លទ្ធផល​ឆ្នោត​ ហើយ​មេទ័ព​របស់​គណបក្ស​នេះ​ បង្កើត​តំបន់អបគមន៍​ នៅ​ភាគ​ខាងកើត​ទន្លេមេគង្គ​ ។​ សម្ដេច​នរោត្តម​ សីហ​នុ​ ដែល​ភ័យ​ខ្លាច​ការ​បែកបាក់​ជាតិ​ជា​ថ្មី​ទៀត​ ហើយ​ក្នុង​នាម​ព្រះ​អង្គជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ទៀត​ផង​នោះ​ ក៏​ប្រើ​សិទ្ធិ​ជា​មេដឹកនាំ​បង្កើត​រាជរដ្ឋាភិបាល​មួយ​ ដែល​មាន​នាយក​រដ្ឋមន្ត្រី​ពីរ​រូប​ ដែល​គេ​ហៅ​ថា​ សហនាយករដ្ឋមន្ត្រី​ ។​ សម្ដេចក្រុមព្រះ​ប្រធាន​គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ជា​នាយក​រដ្ឋមន្ត្រី​ទី​១​ ហើយ​សម្ដេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ទី​២​ ។​ មិន​បាន​ប៉ុន្មាន​ផង​ សហនាយករដ្ឋមន្ត្រី​ទាំង​ពីរ​បែកបាក់​គ្នា​  ហើយ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​បាញ់​សម្លាប់​គ្នា​នៅ​កណ្ដាល​ក្រុង ភ្នំពេញ​ ឆ្នាំ​១៩៩៧​ ។​ ព្រឹត្តិការណ៍​នោះ​ធ្វើ​ឲ្យ​លោក​ហ៊ុន​ សែន​ ឈ្នះ​សម្ដេចក្រុមព្រះ​ ហើយ​បាន​កាន់​តំណែង​បន្ត​ទៀត​ ជា​សហ នាយករដ្ឋមន្ត្រី​ទី​២​ដដែល​ ជាមួយ​នាយក​រដ្ឋមន្ត្រី​ទី​១​ លើក​បន្ទុប​ដោយ​សភា​គឺ​លោក​ អឹង​ ហួត​ ដែល​ជា​អ្នកនយោបាយ​បោះបង់​អាជីព​ ។​

hun-sen-thum-08--07

​មានការ​ទារ​ទារ​ឲ្យ​លោក​ ហ៊ុន​ សែន​ លាលែង​ពី​តំណែង​

សម្ដេច​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ក្លាយជា​អ្នកគ្រប់គ្រង​ស្ថាប័នរដ្ឋ​ ។​ ស្ថាប័ន​មួយ​ដែល​ជា​អ្នក​វិនិច្ឆ័យ​លើ​អ្នក​ណា​ឈ្នះ​ អ្នក​ណា​ចាញ់​ បក្ស​ណា​ត្រូវ​ឡើង​កាន់​អំណាច​  គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ។​

ស្ថាប័ន​នេះ​ត្រូវ​បាន​ក្រុម​បក្ស​ប្រឆាំង​រិះគន់​ថា​ ជា​ឧបករណ៍​នយោបាយ​មួយ​ជួយ​បង្កើន​សន្លឹក​ឆ្នោត​ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បន្ត​កាន់​អំណាច​  ។​

​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​បាន​កើតឡើង​ ក្រោយ​ពី​អង្គការសហប្រជាជាតិ​ដក​ចេញពី​កម្ពុជា​ ។​ ប៉ុន្តែ​ព្រឹត្តិ​ ការណ៍​ ដែល​ប្រជាជន​ធ្វើ​បាតុកម្ម​ដ៏​ធំ​ ទាមទារ​ឲ្យ​សម្ដេច​ ហ៊ុន​ សែន​ លាលែង​ពី​តំណែង​ឃើញ​ថា​ មាន​ចំនួន​ពីរ​គឺ​ឆ្នាំ​១៩៩៨​ និង​២០១៣​ ។​

​នៅ​ឆ្នាំ​១៩៩៨​ ដែល​ជា​ការ​បោះ​ឆ្នោត​មួយ​រៀបចំ​ដោយ​កម្ពុជា​ខ្លួនឯង​ គឺ​ពេល​នោះ​មាន​បាតុកម្ម​ដ៏​ធំ​មួយ​ ផ្ទុះ​ឡើង​ គឺជា​ព្រឹត្តិការណ៍​ប្រឆាំង​លទ្ធ ផល​បោះ​ឆ្នោត​ ។​ ប្រជាជន​រាប់​ម៉ឺន​នាក់​បាន​ចុះ​ដើរ​តាម​ដងផ្លូវ​នានា​ នៅ​រាជធានី​ភ្នំពេញ​ ដោយ​ដាក់​សម្ពាធ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះ​ចេញពី​តំណែង​ ព្រោះ​ពួក​គេ​ចោទ​ថា​ លោក​ជាប់​ឆ្នោត​តាម​រយៈ​ស្ថាប័ន​ គ​.​ជ​.​ប​ ដែល​ជួយ​លួច​សន្លឹក​ឆ្នោត​ ។​ បាតុករ​មាន​ទាំង​អ្នកនយោបាយ​ ព្រះសង្ឃ​ កម្មករ​ កសិករ​ ក្រុម​អាជីវករ​ ហើយ​បាតុកម្ម​នេះ​ដឹកនាំ​ដោយ​លោក​ សម​ រ​ង្ស៊ី​  សម្ដេចក្រុមព្រះ​ និង​លោក​ កឹ​ម​ សុខា​ ។​ បាតុកម្ម​ប្រមូលផ្ដុំ​ និង​បោះ​តង់​នៅ​ខាង​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ ក្បែរ​ព្រះ​បរមរាជវាំង​ ដោយ​មាន​រយៈ​ជា​ច្រើន​ខែ​ ។​ បាតុករ​បាន​ថ្លែង​វាយប្រហារ​ បកអាក្រាត​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សម្ដេច​ហ៊ុន​ សែន​ យ៉ាង​ខ្លាំង​ ។​ តែ​ទីបំផុត​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ ទាំង​នគរបាល​ កងរាជអាវុធហត្ថ​  បើក​ រថពាសដែក​បរ​បុក​ និង​បាញ់​បង្ក្រាប​ ធ្វើ​ឲ្យ​ស្លាប់​ និង​របួស​ បាតុករ​រាប់​សិប​នាក់​ ។​ ក្រោយមក​មាន​ដំណោះស្រាយ​នយោបាយ​មួយ​កើតឡើង​ ដែល​ឲ្យ​សម្ដេច​ហ៊ុន​ សែន​ បន្ត​កាន់​តំណែង​នេះ​ទៀត​ ។​

​ចំណែក​ព្រឹត្តិការណ៍​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ២៨​ កក្កដា​ ២០១៣​ គឺ​មាន​ភាព​ដូច​គ្នា​នឹង​បាតុកម្ម​ ក្រោយ​ ថ្ងៃ​បោះ​ឆ្នោត​ ២៨​ កក្កដា​ ១៩៩៨​ ដែរ​ គឺ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ តែ​ក្រោយមក​បាន​ក្លាយជា​ បាតុកម្ម​ទាមទារ​ឲ្យ​លោក​ ហ៊ុន​ សែន​ លាលែង​ពី​តំណែង​ ។​ បាតុករ​បោះជំរំ​ស្នាក់​អាស្រ័យ​នៅ​ ទីលាន​ប្រជាធិបតេយ្យ​ រយៈពេល​ជា​ច្រើន​ខែ​ ។​ បាតុករ​មក​ពី​គ្រប់​ខេត្ត​ក្រុង​ ហើយ​មាន​ចំនួន​ជិត​ ១​លាន​នាក់​ ។​ បាតុកម្ម​នេះ​ដឹកនាំ​ដោយ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ បាតុករ​វាយប្រហារ​ និង​បកអាក្រាត​យ៉ាង​ខ្លាំង​ លើ​ សម្ដេច​ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ តែ​ទីបំផុត​ត្រូវ​បាន​វាយ​ប​ង្គ្រា​ប​ ។

hun-sen-thum-02-07-16

​ករណី​រំលោភសិទ្ធិ​មនុស្ស​

​យ៉ាង​ហោច​ណាស់​ មាន​មេធាវី​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​ពីរ​រូប​ កសាង​សំនុំរឿង​រំលោភសិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ ដាក់​ប្ដឹង​មន្ត្រី​កម្ពុជា​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC​ ក្នុង​នោះ​អាច​មានឈ្មោះ​លោក​ ហ៊ុន​ សែន​ មួយ​រូប​ដែរ​ព្រោះ​លោក​ជា​មេដឹកនាំ​កម្ពុជា​ ។​

សំនុំរឿង​ដែល​ប្ដឹង​ទៅ​ ICC​ គឺ​មាន​ដូច​ជា​ ការ​បណ្ដេញ​ចេញពី​លំនៅ​ដ្ឋា​ន​ដោយ​បង្ខំ​ ការ​ដុត​លំនៅ​ដ្ឋា​ន​ ផ្ទះ​អ្នកស្រុក​ ការ​បង្ក​របួស​ស្នាម​ ការ​ចាប់​អ្នក​តវ៉ា​ដាក់​ពន្ធនាគារ​ ការ​វាយ​ប​ង្រា្ក​ប​បាតុករ​ និង​ករណី​ហិង្សា​ នយោបាយ​ជាដើម​ ដែល​ក្រុម​មេធាវី​អះអាង​ថា​ជា​បទល្មើស​មួយ​ប្រឆាំង​មនុ ស្សជាតិ​ ។​

​តែ​បែប​នេះ​ក្ដី​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​បណ្ដឹង​របស់​មេធាវី​អន្តរជាតិ​នេះ​ថា​ មិន​ប៉ះពាល​ដល់​សម្ដេច​ ហ៊ុន​ សែន​ ឡើយ​ ។​ សម្ដេច​ ហ៊ុន​ សែន​ ប្រកាស​ថា​ លោក​នឹង​បោះបង់​តំណែង​ នៅ​ពេល​លោក​មាន​អាយុ​៧៤​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​លោក​មាន​អាយុ​៦៥​ឆ្នាំ​ ។​ បើ​លោក​ចុះ​ចេញពី​តំណែង​ នៅ​ពេល​លោក​ដល់​អាយុ​៧៤​ឆ្នាំ​ មាន​ន័យ​ថា​ លោក​បន្ត​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​រយៈពេល​១១​ឆ្នាំ​ទៀត​ គឺ​ស្មើនឹង​៤១​ឆ្នាំ​ ។

ចាប់តាំងពី​របប​អាណានិគម​បារាំង​មក​ គឺ​កម្ពុជា​មាន​នាយក​រដ្ឋមន្ត្រី​ចំនួន​៣៦​រូប​ហើយ​ គឺ​រាប់​ត្រឹម​សម្ដេច​ហ៊ុន​ សែន​ ដែល​ជា​មេដឹកនាំ​តែ​មួយ​គត់​នៃ​កម្ពុជា​ កាន់​អំណាច​យូរ​ជាងគេ​ ៕​
 

Share

ព័ត៌មានទាក់ទង

Image