en     km
en     km

បទ​យកការណ៍​៖​ អ្នក​ភូមិ​ជើងឯក​ រាជធានី​ភ្នំពេញ​ ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

Share

​ភ្នំពេញ៖ អ្នក​ភូមិ​ជើងឯក​ ខណ្ឌដង្កោ​ បាន​អំពាវនាវ​ដល់​រដ្ឋាករទឹក​រាជធានី​ភ្នំពេញ​ ឲ្យ​ជួយ​ព​ន្លឿ​ន​កា​រត​បណ្តាញទឹក​ស្អាត​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ​ ៨០​ គ្រួសារ​កំពុង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។​ ពលរដ្ឋ​ចាត់​ទុក​ថា​ ជា​ការ​មិន​យកចិត្ត​ដាក់​មួយ​ពី​ រដ្ឋាករទឹក​ចំពោះ​អត្ថប្រយោជន៍​ របស់​ពលរដ្ឋ​។​ ​តែ​បែប​នេះ​ក្ដី​ប្រធាន​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ស្នើ​សុំ​ត​បណ្តាញទឹក​ស្អាត​ជា​ថ្មី​។​

​តើ​មក​ដល់​ពេល​នេះ​ហើយ​ ម្ដេច​បានជា​ នៅ​ជាយ​រាជធានី​ភ្នំពេញ​ នៅ​តំបន់​មួយ​ចំនួន​ មិន​ទាន់​មានទឹក​ស្អាត​ប្រើប្រាស់​?​ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​ លោក​ ធូ​ វី​រៈ​ ដូច​តទៅ​៖

ម៉ូតូបូមទឹកចេញពីអណ្តូង សំរាប់យកទៅប្រើប្រាស់។
ម៉ូតូបូមទឹកចេញពីអណ្តូង សំរាប់យកទៅប្រើប្រាស់។

បើ​ យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​តំបន់​ចំការ​ដូង​ គឺ​អ្នក​ដល់​ភូមិ​មួយ​នៅ​ទីនោះ​ ដែរ​គឺ​ជើងឯក​ ឃុំ​ដង្កោ​ ខណ្ឌដង្កោ​ ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ដែល​ភូមិ​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៨០​ គ្រួសារ​ ពួក​គេ​ កំពុង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​។​

​អ្នក​ភូមិ​ទាំងនោះ​ អះអាង​ថា​ ពួក​គាត់​ត្រូវ​ទិញ​ទឹក​ស្អាត​ពី​គេ​ ដើម្បី​ដាំ​ស្ល​ និង​បរិភោគ​។​ អ្នក​ភូមិ​បន្ត​ថា​ កូនចៅ​តូចៗ​របស់​ពួក​គាត់​ខ្លះ​កើត​កន្ទួល​រមាស់​នៅ​លើ​ស្បែក​ ដោយសារ​មុជទឹក​អណ្តូងស្នប់​។​

​លោក​ សូ​ លឹ​ម​វី​ ពលរដ្ឋ​ម្នាក់​ នៅ​ក្នុងភូមិ​នេះ​មាន​ប្រសាសន៍​ថា​ គ្រួសារ​លោក​សព្វថ្ងៃ​គឺ​ប្រើប្រាស់​ទឹក​អណ្តូងស្នប់​ប្រចាំ​ថ្ងៃ​ ដូច​ជា​ បោកគក់​ ងូតទឹក​ លាងចាន់​ឆ្នាំង​ ចំណែកឯ​ ទឹក​សម្រាប់​ដាំ​ស្ល​ និង​ផឹក​គឺ​ ត្រូវ​ទិញ​ទឹក​ស្អាត​ពី​អ្នក​ភូមិ​ជើងឯក​ប៉ែក​ខាងជើង​ដែល​ពួក​គេ​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​។​

​លោក​ សូ​ លឹ​ម​វី​៖«​និយាយ​រួម​ផល​ពិបាក​ខ្លាច​ដល់​ប្រាំង​អា​រឿង​អត់​ទឹក​ប្រើប្រាស់​ រាល់ថ្ងៃ​ប្រើ​ទឹក​អណ្តូង​ ទឹក​អត់​សូវ​ចេញ​ពេល​ប្រាំង​ ទឹក​អណ្តូង​ហូប​អត់​កើត​ អ​ញ្ចឹ​ង​ទិញ​ទឹក​គេ​យក​មក​ហូប​ដែរ​»​។​

​បុរស​វ័យ​ ៤០​ ឆ្នាំ​រូប​នេះ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា​ អ្នក​ភូមិ​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​រដូវប្រាំង​ ឆ្នាំ​នេះ​ ព្រោះ​ទឹក​អណ្តូង​របស់​ពួក​គេ​រីង​។​ បុរស​មាឌធំ​ សម្បុរ​ខ្មៅ​ គឺ​ លោក​ លឹ​ម​ វី​ បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​ត​ភ្ជាប់​បណ្តាញទឹក​ស្អាត​ស្វយ័ត​ក្រុងភ្នំពេញ​ឲ្យ​មុន​រដូវប្រាំង​ចូល​មក​ឆ្នាំ​។​

​លោក​ សូ​ លឹ​ម​វី​៖«​សូម​ឲ្យ​លោក​ចៅសង្កាត់​ជួយ​មើល​កូនចៅ​អត់​ទឹក​ប្រើ​ ទឹក​វា​ចង់​ដល់​ហើយ​ក៏​ប៉ុន្តែ​មិន​ព្រម​ត​ឲ្យ​សោះ​ម៉​ង​ ប​ញ្ចូ​ន​ឡើង​ទៅ​ឲ្យ​គេ​ដឹង​លឺ​ផង​ ក្រែង​គេ​មិន​បានដឹង​លឺ​»​។​

​អ្នក​ភូមិ​ម្នាក់​ទៀត​ គឺ​ អ្នកស្រី​ ធី​ម​ សុជាតា​ បាន​និយាយ​ថា​ អ្នក​ភូមិ​ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ពីរ​ បី​ដង​រួច​មក​ហើយ​ តែ​ហាក់​គ្មាន​លទ្ធផល​អ្វី​ឡើយ​។​ស្ត្រី​មេផ្ទះ​ រូប​នេះ​ បាន​បញ្ជាក់​ថា​ អ្នក​ភូមិ​ជើងឯក​ស្ថិត​នៅ​ក្រោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​រស់នៅ​គ្មាន​ទឹក​ស្អាត​ជិត​ ៥​ឆ្នាំ​មក​ហើយ​។​ អ្នកស្រី​បន្ត​ថា​ កូនចៅ​តូចៗ​របស់​គាត់​ពេល​មុជទឹក​អណ្តូង​ធ្វើ​ឲ្យ​កើត​កន្ទួល​រមាស់​នៅ​លើ​ស្បែក​។​

​អ្នកស្រី​ ធី​ម​ សុជាតា​៖«​ពួក​ខ្ញុំ​ប្រើ​តែ​ទឹក​អណ្តូង​ បុក​ទឹក​អណ្តូង​ប្រើ​ ហើយ​កូន​ផល​ប៉ះពាល់​កូន​ស្បែក​រូ​ល​ រមាស់​ ហើយ​ដាំបាយ​ស្ល​នាំ​គ្នា​ដូរ​ទឹក​សុទ្ធិ​ពី​ដុ​ង​ធំៗ​យក​មក​ដាំ​ល្ល​ និង​ដាំទឹក​ផឹក​។​ ពួក​ខ្ញុំ​ទាំងអស់​គ្នា​ដែល​រស់​ម្តុំ​ភូមិ​ជើងឯក​ មិន​ទាន់​មានទឹក​ប្រើ​ ពួក​ខ្ញុំ​សុំ​សូមពរ​ឲ្យ​ខាង​សាលាក្រុង​ ខណ្ឌ​ជួយ​ឲ្យ​ពួក​ខ្ញុំ​ឲ្យ​បាន​ទឹក​ប្រើ​….​ ព្រោះ​ពួក​ខ្ញុំ​ប្រើ​តែ​ទឹក​អណ្តូង​បួន​ប្រាំ​ឆ្នាំ​ហើយ​ »​។​

​ចំណែក​ មេ​ភូមិ​ជើងឯក​ លោក​ ឃួ​ក​ ប៊ុ​ន​ហេង​ ទទួលស្គាល់​ ថា​ប្រជាពលរដ្ឋ​រស់នៅ​ប៉ែក​ខាង​ត្បួ​ង​ភូមិ​ជើងឯក​ប្រមាណ​ជា​ ៨០​គ្រួសារ​មិន​ទាន់​ទទួល​បាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​នៅឡើយ​។​ លោក​មេ​ភូមិ​ បាន​បញ្ជាក់​ថា​ រដ្ឋាករទឹក​ធ្លាប់​បាន​ចេញ​សេចក្តីជូនដំណឹង​ ប្រាប់​ប្រជាពលរដ្ឋ​ថា​ រដ្ឋាករ​ស្វយ័ត​រាជធានី​ភ្នំពេញ​ នឹង​ចុះ​មក​ត​ភ្ជាប់​បណ្តាញទឹក​ស្អាត​នៅ​ដើមឆ្នាំ​ ២០១៦​ ក្នុង​ត្រីមាស​ទី​មួយ​ ប៉ុន្តែ​លោក​មេ​ភូមិ​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ អ្នក​ភូមិ​នៅ​មិន​ទាន់​មានទឹក​ស្អាត​នៅឡើយ​។

​មេ​ភូមិ​ជើងឯក​ លោក​ ឃួ​ក​ ប៊ុ​ន​ហេង​៖«​ប៉ែក​ខាងត្បូង​ភូមិ​ជើងឯក​គឺ​ លើក​មុន​សេចក្តីជូនដំណឹង​របស់​រដ្ឋ​ករ​ទឹក​ថា​ គេ​ចុះ​មក​ធ្វើ​ត្រីមាស​ទី​១​ ២០១៦​ ដល់​ឥឡូវ​ត្រីមាស​ទី​១​ក៏​អត់​ ឥឡូវ​ត្រីមាស​២​ វា​ចប់​ទៅ​ទៀត​ អត់​ឃើញ​រដ្ឋ​ករ​ទឹក​មក​ត​ឲ្យ​ប៉ែក​ខាងត្បូង​ភូមិ​សោះ​។​ ប៉ែក​ខាងត្បូង​ភូមិ​មាន​ក្រោយ​ស្រា​បៀរ​ មាន​ខាងជើង​ស្រា​បៀរ​ បើ​និយាយ​ពី​គ្រួ​សាវា​ ៧០​ទៅ​ ៨០​គ្រួសារ​»​។​

​លោក​មេ​ភូមិ​ ប៊ុ​ន​ ហេង​ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ចុះ​មក​ត​ភ្ជាប់​បណ្តាញទឹក​ស្អាត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជើងឯក​ឲ្យ​ឆាប់ៗ​នេះ​។​

​ជាមួយ​គ្នា​នេះ​ លោក​ ហេង​ ស្រួយ​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទទួល​បន្ទុក​មន្ត្រី​ យុត្តិធម៌​នៃ​សាលាសង្កាត់​ដង្កោ​ បាន​និយាយ​ថា​ បញ្ហា​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​នេះ​ គឺ​ក្នុង​នាម​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ លោក​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទៅ​សាលា​រាជធានី​ តាម​រយៈ​របាយការណ៍​ប្រចាំ​ថ្ងៃ​ និង​របាយការណ៍​ផ្ទាល់មាត់​ ដើម្បី​ជំរុញ​ឆាប់​បាន​បណ្តាញទឹក​ស្អាត​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់​។​ ប៉ុន្តែ​លោក​ថា​នៅ​តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​។​

​លោក​ ហេង​ ស្រួយ​៖«​យើង​មិន​បានលឺ​ដំណឹង​អ្វី​ឆ្លើយ​តប​នៅឡើយ​ទេ​ ប៉ុន្តែ​យើង​តែងតែ​ធ្វើ​របាយការណ៍​ជា​និច្ច​ជា​កាល​ណាស់​ ដោយសារ​យើង​មើលឃើញ​ថា​ គាត់​ពិត​ខ្វះខាត​នៅ​ការ​ប្រើប្រាស់​និង​មែន​ ទឹក​ ដូច្នេះ​យើង​ក៏​ចង់​ឲ្យ​គាត់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​អ្វី​ជា​តម្រូវការ​យើង​បំពេញ​ជូន​គាត់​ ប៉ុន្តែ​វា​មិន​ទាន់ចិត្ត​»​។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ប៉ែក​ខាងត្បូង​ ភូមិ​ជើងឯក​អំពី​បញ្ហា​មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើប្រាស់​ លោក​ អឿ​ន​ លុ​ច​ ប្រធាន​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ ដាក់​ពាក្យ​ស្នើ​សុំ​ជា​ថ្មី​ម្តងទៀត​ ហើយ​ត្រូវ​មក​ជួប​លោក​ផ្ទាល់​ ដើម្បី​សិក្សា​បញ្ហា​នេះ​។​

​លោក​ អឿ​ន​ លុ​ច​៖«​គាត់​និង​មក​ជួប​ខ្ញុំ​នៅ​កន្លែង​រដ្ឋ​ករ​ទឹកតែ​ម៉​ង់​ទៅ​ ដើម្បី​ខ្ញុំ​អាច​នាំ​គាត់​ទៅ​ជំនាញ​ពិភាក្សា​ឲ្យ​ច្បាស់លាស់​តែ​ម្តង​រឿង​និង​ ថា​តើ​មូលហេតុ​អ្វី​ឲ្យ​គេ​និង​ពន្យល់​ឲ្យ​ច្បាស់លាស់​ ដើម្បី​ទទួលយក​បាន​ទាំង​សងខាង​»​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជើងឯក​ អះអាង​ថា​ ពួក​គាត់​នឹង​ដាក់​ពាក្យ​ស្នើ​ភ្ជាប់​បណ្តាញទឹក​ស្អា​តទៅ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ជា​ថ្មី​ទៀត​ ដើម្បី​សុំ​ព​ន្លឿ​ន​ត​ទឹក​ឲ្យ​បាន​ឆាប់ៗ​ មុន​រដូវប្រាំង​មក​ដល់​។​ តែ​ពួក​គាត់​ថា​ រដ្ឋាករទឹក​គួរ​ចុះ​មក​ស្រាវជ្រាវ​ ជា​មុន​សិន​៕​

Share

ព័ត៌មានទាក់ទង

Image