en     km
en     km

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថា​ជា​ការ​រើសអើង​ ដែល​អាជ្ញាធរ​មិន​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​

Share

​ភ្នំពេញ៖ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ចាត់​ទុក​អាជ្ញាធរ​ មូលដ្ឋាន​ ដែល​បដិសេធ​ក្នុង​ការ​ធ្វើ​ប័ណ្ណគ្រួសារ​ ឬ​សំបុត្រ​កំណើត​ ឬ​អត្ថ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដល់​ពលរដ្ឋ​ខ្មែរ​ កម្ពុជា​ក្រោម​ ថា​ជា​ចេតនា​នៃ​ការ​រើសអើង​ ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ​។​ ​ជុំវិញ​បញ្ហា​នេះ​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​មិន​បាន​រើសអើង​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​នោះ​ទេ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 លោក ថាច់ សេដ្ឋា ប្រធាន សមាគមខ្មែរកម្ពុជាក្រោម
លោក ថាច់ សេដ្ឋា ប្រធាន សមាគមខ្មែរកម្ពុជាក្រោម

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​អាជ្ញាធរ​ នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ដែល​បាន​បដិសេធ​ មិន​ព្រម​ធ្វើ​ប័ណ្ណគ្រួសារ​ ឬ​សំបុត្រ​កំណើត​ ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ដល់​ខ្មែរ​មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម​។​

​លិខិត​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ចុះហត្ថលេខា​ដោយ​លោក​ ថា​ច់​ សេដ្ឋា​ ប្រធាន​របស់​សមាគម​នេះ​ កាលពី​ថ្ងៃ​ទី​ ១​សីហា​ ឆ្នាំ​២០១៦​ ដែល​ ថា​ការ​បដិសេធ​នេះ​ គឺជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​កង្វះ​សមត្ថភាព​ផ្លូវច្បាប់​ ឬ​ជា​ចេតនា​រើសអើង​របស់​អាជ្ញាធរ​ទាំងនោះ​ចំពោះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​។​

​លិខិត​របស់​សមាគម​ន៍​ខ្មែរ​កម្ពុជា​ក្រោម​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ជា​អ្នកគ្រប់គ្រង​ ប្រជាជន​ខ្មែរ​នៅ​ទីនោះ​ មិន​ដែល​បាន​បោះបង់​សញ្ជាតិ​ខ្មែរ​ ឬ​ត្រូវ​បាន​តុលាការ​ណាមួយ​ ដកហូត​សញ្ជាតិ​ពី​ពួក​គាត់​ទេ​ ។​តែ​ផ្ទុយ​ទៅ​វិញ​ពួក​គាត់​នៅ​តែ​តស៊ូ​យ៉ាង​ប្តូរផ្តាច់​ ក្នុង​ការ​ថែរក្សា​អត្ថ​សញ្ញាណ​ជាតិខ្មែរ​រហូត​ដល់​សព្វថ្ងៃ​ ទោះបីជា​ត្រូវ​អាណានិគម​វៀតណាម​ប៉ុនប៉ង់​រំលាយ​ពូជសាសន៍​ខ្មែរ​នៅ​ទីនោះ​ ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ​។​

​លិខិត​ដដែល​បន្ត​ថា​ បើ​ទោះបីជា​វៀតណាម​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ឱ្យ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​ដោយ​ ប៉ុន្តែ​ពួក​គេ​ នៅ​តែ​ដាក់​ថា​សញ្ជាតិ​ខ្មែរ​ ដែល​ន័យ​នេះ​បង្ហាញ​ថា​ វៀតណាម​នៅ​តែ​ទទួលស្គាល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ថា​ជា​ខ្មែរ​ តែ​បែរជា​អាជ្ញាធរ​ខ្មែរ​បដិសេធ​ទៅ​វិញ​។​

​លិខិត​បន្ត​ថា​ ពួក​គាត់​នៅ​តែ​មាន​សញ្ជាតិ​ជា​ខ្មែរ​តាំងពី​ដូនតា​ ជា​រៀង​រហូត​មក​ ហើយ​នៅ​តែ​រក្សា​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ទំនៀមទម្លាប់​ ប្រពៃណី​ជាតិខ្មែរ​ ដូច​នៅ​កម្ពុជា​សព្វថ្ងៃ​។​

​វិទ្យុ​ស្ត្រី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ខៀវ​ សុ​ភ័​ក្រ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ទេ​ថ្ងៃ​ទី​ ០៣​សីហា​នេះ​ ប៉ុន្តែ​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ ថា​ការ​ដែល​អាជ្ញាធរ​មូលដ្ឋាន​បដិសេធ​គឺ​ អាច​មក​ពី​ ខ្មែរ​កម្ពុជា​ក្រោម​ទាំងនោះ​ មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​តាម​ការ​កំណត់​ របស់​អាជ្ញាធរ​។​

​លោក​បន្ត​ថា​ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ គួ​តែ​ទៅ​សួរ​ឱ្យ​ច្បាស់​ ថា​តើ​គាត់​ត្រូវ​បំពេញ​អ្វីខ្លះ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​

លោក​ សុខ​ ឥ​សាន្ត​៖‹‹​ជួនណា​អ្នក​នៅ​កម្ពុជា​ក្រោម​វា​អត់​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ នៅ​ក្នុង​ដែនដី​កម្ពុជា​ទេ​ចឹ​ង​ទៅ​ ទៅ​ធ្វើ​ម៉េច​កើត​បើ​អត់​មាន​ប័​ណ្ឌ​គ្រួសារ​ អត់​មាន​សំបុត្រ​កំណើត​អី​ច្បាស់លាស់​អីហ្នឹង​ណាស់​ អាហ្នឹង​កុំ​ជឿ​តែ​ម្ខាង​យើង​ទៅ​មើល​ថា​ឥលូវ​សុំ​ឱ្យ​គាត់​ទៅ​សួរ​អ្នក​ដែល​ធ្វើ​ហ្នឹង​មាន​ស្អី​ខ្លះ​ដែល​ត្រូវ​បំពេញ​ ហើយ​បើ​ខ្វះ​ទៅ​ធ្វើ​នៅ​ណា​ ហើយ​មាន​លក្ខណៈសម្បត្តិ​ដែល​ចេញ​ក្រដាស​ស្នាម​ជូន​គាត់​ហ្នឹង​ វា​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ទេ​អាហ្នឹង​បាន​ បាន​ បើ​ថា​គាត់​ខ្វះ​ហើយ​ទៅ​ធ្វើ​លើក​ហ្នឹង​ទៀត​មិន​បាន​ លើក​ក្រោយ​បើ​ខ្វះ​ទៀត​នៅ​តែ​ធ្វើ​មិន​បាន​ដដែល​ទេ​កុំ​បន្ទោស​អ្នក​ធ្វើ​​››

​ចំណែក​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសា​ស៍​ថា​ ការ​បដិសេធ​នេះ​ វា​អាច​ទាក់ទង​នឹង​សុ​ឆន្ទៈ​នយោបាយ​។​

​បែប​នេះ​ក្តី​លោក​ថា​ រដ្ឋាភិបាល​គួរតែ​សម្រួល​ និង​គិតគូ​ចំពោះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​សិទ្ធិ​មាន​អត្តសញ្ញាណ​សញ្ញា​តិ​ខ្មែរ​ដូច​ពលរដ្ឋ​ធម្មតា​។​

​លោក​ មាស​ នី​៖‹‹​គួរតែ​គិត​មើល​អំពី​ ពី​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​នូវ​អត្តសញ្ញាណ​មើ​ ហើយ​បើសិន​គ្នា​នៅ​ខាង​វៀតណាម​គេ​មិន​ទទួលស្គាល់​ ហើយ​ឱ្យមក​នៅ​ខាង​នេះ​ ក៏​មិន​ធ្វើ​ឱ្យ​គ្នា​ទៀត​ខ្ញុំ​មា​អារម្មណ៍​ថា​វា​ហាក់ដូចជា​យើង​ហ្នឹង​ មិន​បាន​គិត​ឱ្យ​ដល់​អំពី​ពី​ពូជពង្ស​ ឬ​ក៏​ឈាមជ័រ​របស់​ខ្មែរ​គ្នា​ឯង​ បើ​ខ្ញុំ​នៅ​ក្នុង​ជំនាន់​សម្តេច​សីហ​នុ​ សម្តេច​សីហ​នុ​ ហាក់បីដូចជា​ផ្តល់​លទ្ធភាព​ច្រើន​សម្រាប់​ឱ្យ​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​ខ្មែរ​ ដែល​គ្នា​ពិបាក​រស់នៅ​កម្ពុជា​ក្រោម​ មក​រស់នៅ​ប្រទេស​ខ្មែរ​មាន​ផ្តល់​ទីតាំង​កន្លែង​ឱ្យ​បងប្អូន​ខ្មែរ​រស់នៅ​ទៀត​ បាទ​អ​ញ្ចឹ​ង​នៅ​ស្ថានភាព​បែប​ហ្នឹង​ឱ្យ​ដាច់​ពី​រឿង​នយោបាយ​ចុះ​រួច​ហើយ​យើង​និយាយ​ ពី​រឿង​រដ្ឋបាល​វិញ​››​

​យោង​តាម​រដ្ឋធម្មនុញ្ញ​ជំពូក​៣​ មាត្រា​៣៣​ បាន​ចែង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​ និរទេស​ ឬ​ចាប់​បញ្ជូន​ខ្លួន​ ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណាមួយ​ឡើយ​ លើកលែងតែ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ពលរដ្ឋ​ដែល​កំពុង​រស់នៅ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ​៕

Share

ព័ត៌មានទាក់ទង

Image