en     km
en     km

កម្មករនិយោជិត​រោងចក្រ​ជុង​ហ្វៃ​សាទរ​ ដីកា​រក្សា​ការ​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​

Share

​ភ្នំពេញ៖ កម្មករនិយោជិត​រោងចក្រ​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​ ជាង​ ២០០​នាក់​ អបអរសាទរ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ចេញ​ដីកា​រក្សា​ការ​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​។​

​កម្មករនិយោជិត​រោងចក្រ​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​
​កម្មករនិយោជិត​រោងចក្រ​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​

​ការ​អបអរសាទរ​នេះ​បន្ទាប់​ពី​ពួក​គេ​បាន​ស្នើ​ទៅ​តុលាការ​ឱ្យ​ចេញ​ដីកា​ រក្សា​ការ​ការពារ​តាំងពី​ថ្ងៃ​ទី​ ១៨​កក្កដា​ បន្ទាប់​ពី​ថៅកែ​រោងចក្រ​របស់​ពួក​គេ​បាន​រត់​ចោល​កម្មករនិយោជិត​ ទាំង​មិន​បាន​បើក​ប្រាក់ខែ​ជូន​ពួក​គាត់​។​ ការ​លើក​ទ្បើ​ង​ដូចនេះ​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​រក្សា​ការ​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

​កម្មករនិយោជិត​ជុង​ហ្វៃ​ សម្តែង​ការ​សប្បាយចិត្ត​ចំពោះ​ ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ចេញ​ដីកា​រក្សា​ការ​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​នេះ​ដែល​ពួក​គេ​បាន​ស្នើ​សុំ​តាំងពី​ថ្ងៃ​ទី​ ១៨​ខែកក្កដា​ កន្លង​មកនេះ​។​ ទន្ទឹម​នឹង​ការ​សាទរ​នោះ​ដែរ​ កម្ម​ការ​រី​នី​រោងចក្រ​ទាំងនោះ​លើក​ទ្បើ​ង​ថា​មុន​នឹង​ចេញ​ដីកា​រក្សា​ការ​ការពារ​មួយ​នេះ​ ពួក​គេ​បាន​ទៅ​យាម​នៅ​រោងចក្រ​មួយ​នេះ​ទាំងថ្ងៃទាំងយប់​ដោយ​ខ្លាចក្រែង​ថៅកែ​ដឹក​ទំនិញ​ក្នុង​រោងចក្រ​ចេញ​។​

​តំណាង​កម្មករនិយោជិត​ម្នាក់​ក្នុង​ចំណោម​កម្មករនិយោជិត​ ២០៧​នាក់​ផ្សេង​ទៀត​គឺ​អ្នកស្រី​ គឹ​ម​ សុធា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ក្នុង​នាម​អ្នកស្រី​ជា​តំណាង​កម្មករនិយោជិត​ និង​ជា​កម្មករនិយោជិត​ដែរ​នោះ​អ្នកស្រី​សម្តែង​ការ​សប្បាយចិត្ត​ចំពោះ​តុលាការ​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ចេញ​ដីកា​រក្សា​ការ​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​ទៅ​តាម​ការ​ស្នើ​របស់​កម្មករនិយោជិត​។​

​អ្នកស្រី​ គឹម​ សុធា​ បន្ត​ថា​ផែនការ​បន្ត​ទៀត​នោះ​ ក្រុម​កម្មករនិយោជិត​នឹង​ដាក់​លិខិត​មួយទៀត​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​ឱ្យ​ចុះ​អនុវត្ត​រាប់​ទ្រព្យសម្បត្តិ​នៅ​ក្នុង​រោងចក្រ​ដែល​មាន​សេសសល់​នៅ​ក្នុង​រោងចក្រ​។​ អ្នកស្រី​សង្កត់ធ្ងន់​ថា​ ប្រសិនបើ​ថៅកែ​រោងចក្រ​នៅ​តែ​មិន​ចូលខ្លួន​ដោះស្រាយ​ទៀត​នោះ​ ពួក​គេ​នឹង​សម្រេច​ឱ្យ​លក់​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ​នោះ​ ដើម្បី​ទូទាត់​សំណង​ជូន​កម្មករនិយោជិត​។​

​អ្នកស្រី​ គឹ​ម​ សុធា​៖​ «​ខ្ញុំ​នៅ​រង់ចាំ​យក​ដីកា​ហ្នឹង​ទៅ​ស្នើ​សុំ​ការ​អនុវត្ត​រាប់​ឥ​វ៉ា​ន់​ ក្នុង​ហ្នឹង​ដែល​មាន​ហ្នឹង​ ប្រសិនបើ​គាត់​អត់​ចូលខ្លួន​មក​ដោះស្រាយ​អា​រឿង​ហ្នឹង​ទេ​ គឺ​ពួក​ខ្ញុំ​ប្រហែល​ត្រូវធ្វើ​ដល់​ផ្លូវ​លក់​ហ្នឹងហើយ​ »​។​

​ចំណែក​កម្ម​ការ​រី​នីមួយ​រូប​ទៀត​គឺ​កញ្ញា​ ម៉ាត់​ ហា​លី​ម៉ាស់​ និយាយ​ថា​មុន​ពេល​ចេញ​ដីការ​មួយ​នេះ​ ក្រុម​កម្មករ​មានការ​លំបាក​ដោយសារ​តែ​កម្មករ​ ភាគច្រើន​ជា​ស្ត្រី​បាន​ដាក់​វេន​គ្នា​ទៅ​យាម​នៅ​រោងចក្រ​ទាំង​ថ្ងៃ​ ទាំង​យប់​ដោយ​ភ័យ​ខ្លាច​ជន​ឆក់​ឱកាស​ចូល​ដឹក​ទំនិញ​ក្នុង​រោងចក្រ​ចេញ​អស់​។​​

​កម្មករនិយោជិត​រោងចក្រ​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​
​កម្មករនិយោជិត​រោងចក្រ​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​

កញ្ញា​ ម៉ាត់​ ហា​លី​ម៉ាស់​ បន្ត​ថា​ក្រោយ​ពេល​ដែល​តុលាការ​សាលាដំបូង​ចេញ​ដីកា​រក្សា​ការ​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​កម្មករនិយោជិត​ហើយ​នោះ​ ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្បោ​យ​ទ្បើ​ង​វិញ​។​

​កញ្ញា​ ម៉ាត់​ ហា​លី​ម៉ាស់​ ៖«​ពួក​ខ្ញុំ​មុន​ដំបូង​អត់​ទាន់​បាន​ទៅ​ដាក់​នៅ​តុលាការ​សុំ​ដីកា​ការពារ​នៅ​រោងចក្រ​ ព្រោះ​ដេក​ភ័យ​ព្រួយ​ណាមួយ​យាម​របស់​នៅ​រោងចក្រ​ផង​ ហើយ​ណាមួយ​ដូច​ថា​យើង​មក​ពី​ឆ្ងាយ​ពី​ផ្ទះ​ផង​ ហើយ​យើង​គិត​ទៅ​ដល់​អ្នកផង​ ហើយ​យើង​ចេះ​តែ​ព្រួយបារម្ភ​ព្រោះ​រោងចក្រ​យើង​សុទ្ធតែ​ជា​ស្រីៗ​…»​។​

​ជុំវិញ​ការ​ចេញ​ដីកា​នេះ​ដែរ​ មេធាវី​តំណាង​ឱ្យ​ក្រុម​កម្ម​ការ​រី​នី​ គឺ​លោក​ ហុង​ សម្បត្តិ​ ​មាន​ប្រសាសន៍​ថា​ លោក​សាទរ​ចំពោះ​តុលាការ​ដែល​សម្រេច​ចេញ​ដីកា​មួយ​នេះ​បើ់​ទោះ​ ការ​ចេញ​ដីកា​នេះ​ហាក់បីដូចជា​មានការ​យឺតយ៉ាវ​បន្តិច​ក្ដី​។​

​លោក​ ហុង​ សម្បត្តិ​ ពន្យល់​ថា​នៅ​ពេល​ដែល​ភាគី​ខាង​កម្មករនិយោជិត​ទទួល​បាន​ដីកា​រក្សា​ការ​ការពារ​ហើយ​នោះ​ ពួក​គេ​ត្រូវ​ដាក់​លិខិត​ទៅ​តុលាការ​ឱ្យ​ចុះ​អនុវត្ត​ ដើម្បី​រាប់​ចំនួន​ទ្រព្យសម្បត្តិ​ដែល​មាននៅ​ក្នុង​រោងចក្រ​នោះ​ ហើយ​នៅ​ពេល​ដែល​ថៅកែ​រោងចក្រ​នៅ​តែ​មិន​ចូល​ដោះស្រាយ​អាច​នឹង​ឈាន​ឱ្យ​មានការ​លក់​ ទ្រព្យសម្បត្តិ​ទ្បា​យ​ទ្ប​ង់​។​

​លោក​ ហុង​ សម្បត្តិ​៖«​តាម​ផ្លូវច្បាប់​អ​ញ្ចេះ​ដីកា​រក្សា​ការពារ​ហ្នឹង​វា​អត់​ប៉ះ​ទៅ​លើ​រឿង​បណ្តឹង​អង្គសេចក្តី​ទេ​ គឺ​ប៉ះ​ទៅ​លើ​ការ​ចាត់ចែង​ការពារ​ហាមឃាត់​ទ្រព្យសម្បត្តិ​ ដែល​រោងចក្រ​ហ្នឹង​កុំឱ្យ​មានការ​លក់​ការ​អី​ ត្រូវ​រង់ចាំ​ដោះស្រាយ​បញ្ហា​វិវាទ​ទៅ​លើ​អង្គសេចក្តី​សិន​ដើម្បី​ដោះស្រាយ​ជាមួយ​គ្នា​បាន​ ករណី​ដូច​ជុង​ហ្វៃ​អ​ញ្ចឹ​ង​ថៅកែ​គាត់​អត់​ចូល​ដោះស្រាយ​គាត់រ​ត់ទៅ​បាត់​ទៅ​ហើយ​ អ​ញ្ចឹ​ង​ទេ​អាច​ឈាន​ទៅ​ដល់​ការ​ដាក់​លក់​អី​ទ្បៃ​ទ្ប​ង់​អី​…​ »​។​

​គូរ​បញ្ជាក់​ដែរ​ថា​ កម្មករនិយោជិត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ ជុង​ហ្វៃ​ មាន​ចំនួន​ ២០៨​នាក់​ ក្នុង​ចំណោម​២០៨​នាក់​នេះ​ មាន​បុរស​តែ​ ១១​នាក់​ប៉ុណ្ណោះ​។​ បន្ទាប់​ពី​មានការ​ដាក់​ពាក្យ​ស្នើ​សុំ​នោះ​មក​ នៅ​ថ្ងៃ​ទី​ ២៦​ខែកក្កដា​ឆ្នាំ​២០១៦​ នេះ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​លោកស្រី​ ស៊​ លី​ណា​ បាន​ចេញ​ដីកា​រក្សា​ការ​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​តាម​ការ​ស្នើ​សុំ​របស់​កម្មករនិយោជិត​៕

Share

ព័ត៌មានទាក់ទង

Image