en     km
en     km

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ដោយ​ថ្មើ​ជើង​

Share

ភ្នំពេញ៖ ​សាលា​រាជធានី​ភ្នំពេញ​ មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ដោយ​ថ្មើ​ ជើង​ចេញពី​វត្ត​ពោធិ៍​យា​រាម​ ដើម្បី​តម្កល់​ទុក​នៅ​ស្រុក​កំណើត​ខេត្តតាកែវ​ ដោយ​បង្គាប់​ឲ្យ​ដង្ហែ​សព​ដោយ​ក្បួន​ម៉ូតូ​ និង​រថយន្ត​ហើយ​បង្វែ​ទិស​ដង្ហែ​សព​។​

សព​លោក​បណ្ឌិត​ កែម​ ឡី​ ​តម្កល់​នៅវត្ត​ពោធិ៍​យា​រាម​
សព​លោក​បណ្ឌិត​ កែម​ ឡី​ ​តម្កល់​នៅវត្ត​ពោធិ៍​យា​រាម​

​សាលា​រាជធានី​ភ្នំពេញ​ ចេញ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ទី​ ២០​កក្កដា​ នេះ​បន្ទាប់​ពី​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ ប្រកាស​ថា​នឹង​ដង្ហែ​សព​លោក​បណ្ឌិត​ដោយ​ថ្មើ​ជើង​ចេញពី​វត្ត​ចាស់​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​រង្វង់​មូល​ចោម​ចៅ​ ទើប​ដង្ហែ​ជា​ក្បួន​រថយន្ត​ទៅ​បញ្ចុះ​នៅ​ឯ​ខេត្តតាកែវ​ នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​។​

​សេចក្តីជូនដំណឹង​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​៖«​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​គ្រួសារ​សព​ និង​អ្នក​រៀបចំ​កម្មវិធី​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​ នៅ​ម៉ោង​ ៧​ ព្រឹក​ ចាប់​ចេញដំណើរ​ហែរ​ ដោយ​ប្រើប្រាស់​រថយន្ត​ និង​ម៉ូតូ​ ចេញពី​វត្ត​ពោ​ធ៍​យា​រាម​តាម​ផ្លូវជាតិ​លេខ​៦​ ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា​ ចិន​ ឆ្ពោះទៅ​តាម​ផ្លូវ​លេខ​៧០​ កាត់​តាម​ផ្លូវ​ ៣៣៧​ និង​ផ្លូវ​ ៥៩៨​ ត្រឡោក​បែក​ និង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ឆ្ពោះ​ ទៅ​រង្វង់​មូល​ចោម​ចៅ​ ដោយ​មិន​អនុញ្ញាត​ដង្ហែ​សព​ដោយ​ថ្មើ​ជើង​ឡើយ​»​។​

​ជុំវិញ​សេចក្តី​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ លោក​ ទឹម​ ម៉ា​ឡៃ​ សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ បញ្ជាក់​ថា​ គ្រួសារ​សព​លោក​បណ្ឌិត​សុំ​មិន​ទាន់​ធ្វើការ​អត្ថាធិប្បាយ​ទេ​ ព្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២១​ ខែ​ កក្កដា​នេះ​ គ្រួសារ​សព​ និង​គណៈកម្មការ​រៀបចំ​បុណ្យសព​ នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ ជុំវិញ​ដង្ហែ​សព​លោក​បណ្ឌិត​នៅ​ថ្ងៃ​ទី​ ២៤​ កក្កដា​។​

​គិត​ត្រឹម​ថ្ងៃ​ទី​ ២០​ ខែ​ កក្កដា​នេះ​ សព​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​នយោបាយ​ បាន​តម្កល់​នៅ​វត្ត​ពោ​ធ៍​យា​រាម​ ឬ​ហៅ​វត្ត​ចាស់​បាន​ចំនួន​១១​ថ្ងៃ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​។​

​សូម​រំលឹក​ថា​ លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ដែល​តែងតែ​ហ៊ាន​វិភាគ​រិះគន់​ចំនុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ចំៗ​ចំណុច​នោះ​ គឺ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ស្តារ​ម៉ាត​ស្ថា​នី​ប្រេងឥន្ធនៈ​កាល់​តិច​មួយ​កន្លែង​ ក្បែរ​ស្តុ​បបូ​កូ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​ ៩​ព្រឹក​ ថ្ងៃ​ទី​១០​ក​ក្ដ​ដា​។​

​គណកម្មការ​រៀបចំ​បុណ្យសព​លោក​ កែម​ ឡី​ និង​ក្រុម​គ្រួសារ​សព​ បាន​ស្នើ​សូម​ឱ្យ​តម្កល់សព​លោក​ កែម​ ឡី​ ឱ្យ​បាន​យូរ​បន្តិច​ ដើម្បី​ឱ្យ​សាធារណជន​នៅ​ទី​ឆ្ងាយៗ​ដែល​ស្រលាញ់​រាប់អាន​លោក​បណ្ឌិត​ កែម​ ឡី​ បាន​មក​គោរព​ និង​ចែករំលែក​ទុក្ខ​ក្រៀមក្រំ​ដល់​ក្រុម​គ្រួសារ​នៃ​សព​៕

Share

ព័ត៌មានទាក់ទង

Image