en     km
en     km

មន្ត្រី​CNRP៖​ លោក​ សម​ រ​ង្ស៊ី​ មិន​បាន​ស្នើ​សុំ​អឺរ៉ុប​បិទ​ការ​នាំ​សំលៀក​បំពាក់​ពី​កម្ពុជា​ទេ​?

Share

​ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បកស្រាយ​ថា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ស្នើ​ឲ្យ​អ្នកបញ្ជា​ទិញ​សំលៀក​បំពាក់​នៅ​សហ​គម​អឺរ៉ុប​ បិទ​ទីផ្សារ​នាំ​ចេញ​សំលៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ទេ​។​ ចំណែក​ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា​ថា​ កម្មករ​រាប់​ពាន់​អ្នក​នឹង​ចេញ​តវ៉ា​ ប្រសិនបើ​សហ​គម​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចេញ​សំលៀក​បំពាក់​មែន​នោះ​។​  លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ អ៊ូ​ ចន្ទ​ប្ញ​ទ្ធិ​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ អ៊ូ​ ចន្ទ​ប្ញ​ទ្ធិ​

កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​ កក្កដា​ កន្លង​ទៅ​ ប្រធាន​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​នៅ​ក្នុង​សភា​អឺរ៉ុប​ថា​ បើ​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ ហើយ​បើក​ទីផ្សារ​វិញ​ ត្រូវ​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​មួយ​ចំនួន​គឺ​ធ្វើ​យ៉ាងណា​ តម្រូវ​ឱ្យ​មានការ​គោរព​សិទ្ធិ​កម្មករ​។​

​ការ​ថ្លែង​របស់​លោក​ សម​ រ​ង្ស៊ី​ បាន​ជំរុញ​ឱ្យ​មាន​ប្រតិកម្ម​ មួយ​ចំនួន​ពី​សហ​ជិ​ព​ នៅ​កម្ពុជា​។​ សហ​ជិ​ព​ខ្លះ​ព្រមាន​ថា​ បើ​ដូច​លោក​ សម​ រ​ង្ស៊ី​ ទាមទារ​មែន​នោះ​ គឺជា​គ្រោះ​ដល់​ការ​រស់នៅ​ និង​ការងារ​របស់​កម្មករ​។​

​ដើម្បី​កាត់​បន្ថយ​ការ​ភ័ន្ត​ច្រឡំ​  មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ថ្លែង​បកស្រាយ​បញ្ជាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ មិន​បាន​ជំរុញ​ឬ​ក៏​ទាមទារ​ដូចនេះ​ទេ​។​

​លោក​ អ៊ូ​ ចន្ទ​ប្ញ​ទ្ធិ​ បាន​ពន្យល់​ថា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ស្នើ​សុំ​សភា​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទេ​ ប៉ុន្តែ​លោក​ថា​ លោក​ សម​ រ​ង្ស៊ី​ ថ្លែង​នៅ​ក្នុង​សភា​អឺរ៉ុប​ដោយ​ប្រើ​ពាក្យ​ថា​ បើ​សហគមន៍​អឺរ៉ុប​ធ្លាប់​អនុវត្តន៍​ទៅ​លើ​ប្រទេស​ណា​ដែល​រំលោភសិទ្ធិ​មនុស្ស​ រំលោភ​លក្ខខណ្ឌ​ការងារ​ រំលោភ​លទ្ធិប្រជាធិបតេយ្យ​ មាន​ប្រសិទ្ធិ​ភាព​ សូម​ឲ្យ​អឺរ៉ុប​អនុវត្តន៍​នៅ​ប្រទេស​កម្ពុជា​ផង​។​

​លោក​ អ៊ូ​ ចន្ទ​ប្ញ​ទ្ធិ​៖«​លោក​ប្រធាន​មិនមែន​ឲ្យ​កាត់​ជំនួយ​ ឲ្យ​បិទ​ទីផ្សារ​ទិញ​ផលិតផល​នោះ​ទេ​។​ គាត់​ថា​ សហគមន៍​អឺរ៉ុប​ធ្វើ​ចំពោះ​ប្រទេស​ណា​ ហើយមាន​ប្រសិទ្ធិ​ភាព​ សូម​ឲ្យ​អនុវត្តន៍​លើ​ប្រទេស​កម្ពុជា​ផង​ដែរ​»​។​

​លោក​ អ៊ូ​ ចន្ទ​ប្ញ​ទ្ធិ​ បាន​បន្ថែម​ថា​ សហគមន៍​អឺរ៉ុប​មិន​ស្តាប់​យោបល់​ពី​ គណបក្សប្រឆាំង​តែ​មួយ​នោះ​ទេ​ពោល​គឺ​ ប្រសិនបើ​សហគមន៍​អឺរ៉ុប​ចង់​បិទ​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​មែន​នោះ​ សហគមន៍​អឺរ៉ុប​នឹង​ជួប​ភាគី​រដ្ឋាភិបាល​ និង​ អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ពិនិត្យ​បញ្ហា​នេះ​។​

​មន្ត្រីជាន់ខ្ពស់​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ស​ន្ទ​រក​ថា​ប្រចាំ​ថ្ងៃ​របស់​គណបក្ស​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៩​ កក្កដា​នេះ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ។​

​ចំណែក​ លោក​ អាត​ ធន់​ ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ការ​ថ្លែង​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ដូចនេះ​គឺ​ ជា​បញ្ហា​ របស់​អ្នកនយោបាយ​ ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ដោះស្រាយ​បញ្ហា​នយោបាយ​ដោយ​ខ្លួនឯង​ហើយ​ ដោយ​សន្តិវិធី​។​

​លោក​ អាត​ ធន់​ បន្ថែម​ថា​ កម្មករ​រាប់​ពាន់​ក្នុង​វិស័យ​កាត់ដេ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ នឹង​ចេញ​តវ៉ា​ ប្រសិនបើ​សហ​គម​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចេញ​សំលៀក​បំពាក់​មែន​នោះ​។​

​លោក​ អាត​ ធន់​៖«​ប្រសិនជា​ប្រទេស​កម្ពុជា​ មាន​ជម្លោះ​នយោបាយ​រហូត​ដល់​ សហ​គម​អឺរ៉ុប​ សហរដ្ឋអាមេរិក​ បិទ​(​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​)​ មាន​ន័យ​ថា​ ទាំង​អស់នេះ​នឹង​មាន​បញ្ហា​ ហើយ​គាត់​(​កម្មករ​)​នឹង​អាច​តវ៉ា​ពេញ​ផ្លូវ​ ដើម្បី​ឲ្យ​មានការ​ដោះស្រាយ​ឲ្យ​គាត់​វិញ​ហើយ​»​។​

​តែ​បែប​នេះ​ក្ដី​  លោក​ អាត​ ធន់​ មិន​បាន​និយាយ​ថា​ លោក​ សម​ រ​ង្ស៊ី​ មាន​កំហុស​ ដោយសារ​លើក​ឡើង​ ដូចនេះ​ទេ​ ។​

​បន្ទាប់​ពី​ លោក​ សម​ រ​ង្ស៊ី​ ថ្លែង​ដូចនេះ​ ប្រធាន​សហជីព​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា​ លោក​ គឹ​ម​ ចាន់​សំណាង​  កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ថ្កោលទោស​ ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​។​ សេចក្តីថ្លែងការណ៍​ដដែល​បាន​ ចាត់​ទុក​ការ​ថ្លែង​របស់​លោក​ សម​ រ​ង្ស៊ី​ ជា​កេង​ចំណេញ​នយោបាយ​ ។​ សេចក្តីថ្លែងការណ៍​នេះ​ក៏​បាន​ ទទូច​ឲ្យ​សហ​គម​អឺរ៉ុប​ចុះ​មក​តាមដាន​ស្ថាន​ការ​ផ្ទាល់​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​រប​ស់ហភាព​សិទ្ធិ​កម្មករ​កម្ពុជា​ បញ្ជាក់​ថា​ បើ​សហ​គម​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​កម្មករ​កម្ពុជា​ប្រមាណ​៨០​ម៉ឺន​នាក់​។​

​តាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ថា​ អឺរ៉ុប​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ស្ថិត​ក្នុង​រង្វង់​ទឹកប្រាក់​ ៤៥៥១​ លាន​អឺ​រ៉ូ​ ស្មើ​និង​ប្រមាណ​ ៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​ឆ្នាំ​២០១៥​។​

​ក្នុង​នោះ​សម្លៀក​បំពាក់​ដែល​កម្ពុជា​នាំ​ចេញ​មាន​ទំហំ​ជា​ទឹកប្រាក់​ ២,៩៦២​លាន​អឺ​រ៉ូ​ ស្មើ​និង​ ៣.២​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ប្រទេស​ដែល​ដាក់​ទុន​វិនិយោគ​ធំ​ជាងគេ​នៅ​ កម្ពុជា​ លើ​វិស័យ​កាត់ដេរ​ គឺ​ ប្រទេស​ចិន​ ៕

Share

ព័ត៌មានទាក់ទង

Image