en     km
en     km

អា​មេ​រិ​ក​ផ្តល់​ថវិកា​៩​លាន​ដុល្លា​ ជួយ​អង្គការ​សង្គម​ស៊ី​វិល​ដើម្បី​ពង្រឹងសមត្ថភាព​

Share

​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍ​ន៏​អន្តរជាតិ​ (USAID)​ បាន​ផ្តល់​ជំនួយ​៩​លាន​ដុល្លា​សម្រាប់​គម្រោង​ថ្មី​មួយ​ ដើម្បី​ពង្រឹងសមត្ថភាព​ផ្នែក​បច្ចេកទេស​ និង​ការ​រៀបចំ​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​តាម​មូលដ្ឋាន​។​

usaidសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១២​ខែកក្កដា​ បានឱ្យ​ដឹង​ថា​ គម្រោង​ពង្រឹងសមត្ថភាព​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា​ (CCSS)​ ដែល​ត្រូវ​បាន​ផ្តល់​អោយទៅ​វិទ្យា​សា្ថ​ន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (East​ West​ Management​ Institute)​ នឹង​អាច​ជួយ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​លើ​ការ​គ្រប់គ្រង​ ការ​ធ្វើ​ផែនការ​ និង​ជំនាញ​វិភាគ​របស់​គេ​។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​អោយ​អង្គការ​ទាំងនោះ​អាច​ដើរតួ​សកម្ម​ជាង​មុន​ នៅ​ក្នុង​ការ​អភិវឌ្ឍ​ន៏​ ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ គម្រោង​នេះ​មាន​រយៈពេល​៥​ឆ្នាំ​ត្រូវ​ចំណាយ​ថវិកា​អស់​៩​លាន​ដុល្លា​អា​មេ​រិ​ក​។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​គំរោង​នេះ​ក៏​នឹង​ ផ្តល់​អំណោយ​ថវិកា​ខ្នាត​តូច​ សំរាប់​ការងារ​សំខាន់ៗ​ ដូច​ជា​ការ​តាមដាន​ករណី​សិទ្ធិ​ដីធ្លី​ ការ​ជួយ​ជន​រង​គ្រោះ​ដោយ​អំពើ​ហឹ​ង្សា​ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​មាន​ភេទ​ខុស​គ្នា​ និង​ការ​ជួយ​ដល់​ការ​ការពារ​តាម​ផ្លូវច្បាប់​ ចំពោះ​ធនធានធម្មជាតិ​ដ៏​សំបូរ​របស់​ប្រទេស​កម្ពុជា​។​

​អំណោយ​ថវិកា​នេះ​ក៏​នឹង​ជួយ​ផង​ដែរ​ដល់​សកម្មភាព​ស្រាវជ្រាវ​ ដូច​ជា​ការ​ស្ទង់​មតិ​សាធារណៈ​ និង​ការ​សិក្សា​វាយតំលៃ​ផ្នែក​សេដ្ឋកិច្ច​សង្គម​ ដែល​អាច​ជួយ​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​ផ្តល់​សេវា​អោយ​ចំ​គោលដៅ​។​

​លោក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ William​ Heidt​ បាន​មាន​ប្រសា​ស​ន៏​ថា​៖​ «​យើង​ ផ្តោត​សំខាន់​ លើ​ការ​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ី​វិល​ ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​សកម្ម​ និង​មានចំណេះ​ដឹង​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​រឹង​មាំ​។​ យើង​សង្ឃឹមថា​ គម្រោង​នេះ​នឹង​ជួយ​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា​ក្នុង​ការ​ធ្វើ​ការងារ​មាន​ប្រសិទ្ធភាព​ជាង​មុន​ ក្នុង​ការ​ធ្វើ​អោយ​មានការ​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​ និង​គោរព​គ្នា​អំពី​ច្បាប់​ និង​គោលនយោបាយ​នានា​ ដែល​ទាក់ទង​នឹង​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ទូទៅ​»​។​

​ជំនួយ​នេះ​លើកទឹកចិត្ត​អង្គការ​សង្គម​ស៊ី​វិល​ អោយ​លើកកំពស់​គណនេយ្យ​ភាព​ក្នុង​ការ​គ្រប់គ្រង​។​ ទន្ទឹម​នឹង​នោះ​ គំរោង​នេះ​ផ្តោត​លើ​តំលៃ​នៃ​ដំណោះស្រាយ​ដោយ​អ្នក​ក្នុង​មូលដ្ឋាន​ ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ ដោយ​ធ្វើ​អោយ​អង្គការ​សង្គម​ស៊ី​វិល​ដើរ​លើ​ផ្លូវ​ទៅ​រក​និរន្ត​ភាព​។​

​គំរោង​ CCSS​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​ USAID​ នៅ​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image