en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ជួយ​ឧបត្ថម្ភ​មនុស្ស​ចាស់​ចាប់ពី​អាយុ​៨៩​ឆ្នាំ​ប្រកប​មុខរបរ​កម្លាំងបាយ​

Share

​ភ្នំពេញ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ជំហរ​ថា​ នឹង​ស្ម័គ្រ​ចិត្តជា​មនុស្សធម៌​ដើម្បី​ជួយ​មនុស្ស​ចាស់ជរា​ចាប់ពី​វ័យ​៨៩​ឆ្នាំ​ ដែល​បាន​និង​កំពុង​ប្រកប​របរ​ចិញ្ចឹមជីវិត​ ដោយ​កម្លាំងកាយ​ផ្ទាល់​ ជា​អ​និ​ច្រៃ្ត​យ៍​ (​ធាក់​ស៊ី​ក្លូ​)​។​

Hunsen8
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​សម្តេច​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ពិភាក្សា​ សេចក្តីព្រាងច្បាប់​ និង​ព្រាង​កម្មវិធី​ចំនួន​ពីរ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៦​។​ នេះ​បើ​យោង​តាម​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដែល​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​។​

​ថ្មីៗ​ នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ជួយ​ចិញ្ចឹម​បុរស​ចាស់​ម្នាក់​ជា​អ្នក​ធាក់​ស៊ី​ក្លូ​ មាន​អាយុ​៨៩​ ឆ្នាំ​អស់​មួយ​ជីវិត​ ក្រោយ​ពី​បុរស​វ័យ​ចំណាស់​រូប​នោះ​ អំពាវនាវ​សុំ​ជួប​សម្តេច​ដោយ​ផ្ទាល់​ ដើម្បី​សុំ​ប្រាក់​១០០០​ដុល្លារ​ សម្រាប់​សង់ផ្ទះ​រស់នៅ​ឯ​ស្រុក​កំណើត​ ខេត្តស្វាយរៀង​។​

​ការ​ជួយ​របស់​សម្តេច​ទទួល​បាន​ទាំង​ការ​សាទរ​ និង​ការ​រិះគន់​។​ បន្ទាប់​ពី​ជួយ​ឧបត្ថម្ភ​បុរស​វ័យ​ចំណាស់​នេះ​ គឺ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ត្រូវ​បាន​គេ​យក​រូប​មនុស្ស​ជា​ច្រើន​មក​បង្ហោះ​ ដើម្បី​សុំ​ឲ្យ​សម្តេច​ជួយ​ដូច​ បុរស​វ័យ​៨៩​ឆ្នាំ​នោះ​ដែរ​។​

​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ថា​ លោក​សាទរ​ចំពោះ​ការ​ប្រកាស​របស់​សម្តេច​ ជួយ​មនុស្ស​ចាស់ជរា​ដូច​ជា​អ្នក​ធាក់​ស៊ី​ក្លូ​។​ លោក​បន្ត​ថា​នេះ​គឺជា​ទ​ង្វើ​ល្អ​មួយ​ ប៉ុន្តែ​មិន​បាន​ផ្តល់​នូវ​យុត្តិធម៌​សង្គម​ ដល់​មនុស្ស​ទូទៅ​នោះ​ទេ​។​

​លោក​ មាស​ នី​៖​ «​ហេតុ​អី​បានជា​យើង​គិត​ត្រឹមតែ​អ្នក​ធាក់​ស៊ី​ក្លូ​ តែ​កាលណា​និយាយ​ពី​មនុស្ស​ចាស់​ តែ​កាលពី​គាត់​អាយុ​៨០​ហើយ​ អ្នក​ណា​ក៏​ជរា​ អ្នក​ណា​ក៏​ពិបាក​ដែរ​ មិនមែន​ត្រឹមតែ​អ្នក​ធាក់​ស៊ី​ក្លូ​ទេ​។​ អ​ញ្ចឹ​ង​បើសិនជា​អាច​ធ្វើ​បាន​ បើ​គិត​មនុស្ស​ចាស់​ គឺ​គិត​ឱ្យ​អស់ពី​អាយុ​៦០​ប្លាយ​ឡើង​ទៅ​។​ គិត​ទៅ​ដូច​កាលដែល​បក្ស​ប្រឆាំង​ប្រកាស​ហ្ន​ង​ ក៏​ជា​គោលនយោបាយ​មួយ​សម​ស្រប​ដែរ​ មិន​គួរ​គ្រាន់តែ​ឱ្យ​ក្រុម​នេះ​ ហើយ​ក្រុម​នេះ​ឱ្យ​អត់​អ​ញ្ចឹ​ង​ វា​មិន​បាន​ផ្តល់​សមធម៌​សង្គម​គ្រប់គ្រាន់​»​។​

​លោក​ មាស​ នី​ បន្ថែម​ថា​រដ្ឋាភិបាល​គួរតែ​គិត​ជា​ប្រព័ន្ធ​ កុំ​គិតតែ​ដុំៗ​អ្នក​ណា​ដែល​ ចេះ​ត្អូញ​ក៏​ទទួល​បានការ​ជួយ​ រីឯ​អ្នក​មិន​ចេះ​ត្អូញ​ក៏​ស្ងាត់​ មិន​បាន​ទទួលផល​។​

​លោក​ មាស​ នី​៖​ «​ក្នុង​ការ​ទាញ​យក​ប្រជាប្រិយ​វា​ល្អ​ហើយ​ ប៉ុន្តែ​ការ​ផ្តល់​ឱ្យទៅ​មនុស្ស​មួយ​ក្រុម​វា​ធ្វើ​ឱ្យ​មនុស្ស​ភាគច្រើន​ទៀត​មិន​សប្បាយចិត្ត​ អាហ្នឹង​ក៏​ជា​គ្រោះថ្នាក់​ធំ​ដែរ​»​

Share

ព័ត៌មានទាក់ទង

Image