en     km
en     km

គ្រួសារ​ខ្លះ​មិន​ចង់ឱ្យ​កូន​ចំណាកស្រុក​ ទៅ​ធ្វើការ​ប្រទេស​គេ​ តែ​ដោយ​ជីវភាព​ទើប​បង្ខំចិត្ត​ឱ្យទៅ​🔊

Share

​កាលពី​ថ្ងៃ​ទី​២៥​ និង​ ២៦​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ច្រើន​ម៉ឺន​នាក់​បាន​មក​ធ្វើតេស្ត​សមត្ថភាព​ ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ។​ អ្នក​ដែល​ទៅ​ធ្វើតេស្ត​ប្រឡង​ទាំងនោះ​ ជឿជាក់​ថា​ ប្រទេស​កូរ៉េ​គឺជា​ ទីផ្សារ​ការងារ​ថ្មី​ ដែល​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួក​គេ​មាន​ភាព​ប្រសើរ​ឡើង​ជាង​បច្ចុប្បន្ន​ ។​

korea1
ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ច្រើន​នាក់​កំុពង់រងចាំ​ធ្វើតេស្ត​សមត្ថភាព​ ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​

បេក្ខជន​ដែល​នាំ​គ្នា​ទៅ​ប្រឡង​បាន​លើក​ឡើង​ថា​ មិនមែន​ថា​ ស្រុក​ខ្មែរ​មិន​មាន​ការងារ​សម្រាប់​ពួក​គេ​ទេ​ ប៉ុន្តែ​ប្រាក់​ចំណូល​ទទួល​បាន​មិន​អាច​ទ្រទ្រង់​ជីវភាព​ពួក​គេ​ឱ្យ​រស់នៅ​សមរម្យ​បាន​ឡើយ​។​ ចំណែក​ម្តាយ​ឪពុក​របស់​ពួក​គេ​ បាន​ប្រាប់​ថា​ ពួក​គាត់​ក៏​មិន​ចង់ឱ្យ​កូន​ចំណាក​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ដែរ​ ប៉ុន្តែ​ដោយសារ​តែ​ក្រពះ​ ហើយ​គ្រួសារ​ជំពាក់​បំណុល​គេ​ផង​នោះ​ ទោះ​សម្រេចចិត្ត​ ឱ្យ​កូន​ចោលស្រុក​កំណើត​ ចោលផ្ទះ​ ហោះហើរ​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​។​ សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ ដែល​រៀបចំ​ដោយ​ កញ្ញា​ ឆេ​ង​ ណា​តា​ដូច​តទៅ​៖

​កាលពី​មួ​យស​ប្តា​ហ៍​មុន​នេះ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រី​ទាំងប្រុស​ កំពុង​ពេញកម្លាំង​ធ្វើការ​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ បាន​នាំ​គ្នា​មក​ធ្វើតេស្ត​ប្រឡង​ភាសា​កូរ៉េ​ ដើម្បី​ទទួល​បាន​ឱកាស​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ ខាងត្បូង​។​ ការ​ធ្វើតេស្ត​ប្រឡង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វិទ្យាល័យ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​ ដូច​ជា​វិទ្យាល័យ​ ឥន្ទ្រី​ទេវី​ បាក់​ទូក​ សន្ធរ​ម៉ុ​ក​ ស៊ី​សុ​វ​ត្តិ​ ជាដើម​ ។​ ហើយ​ការ​ធ្វើតេស្ត​ធ្វើ​ឡើង​ចែក​ចេញ​ជា​ពីរ​ពេល​ក្នុង​មួយ​ថ្ងៃ​។​

​កំពុង​ត្រៀមខ្លួន​ចូល​ប្រឡង​វគ្គ​ពេល​រសៀល​ យុវតី​ម្នាក់​ស្ថិត​ក្នុង​សំលៀក​បំពាក់​អាវយឺត​ក្រឡា​បង្កង់​ ខោ​ខូ​វ​ប៊​យ​ ហើយ​ក្នុង​ដៃ​មាន​កាន់​វិញ្ញាសារ​ចាស់ៗ​ ដែល​ខ្លួន​ធ្លាប់​បាន​ប្រឡង​ កាលពី​ឆ្នាំ​២០១៥​ម្ដង​រួច​ហើយ​នោះ​ គឺ​កញ្ញា​ សឿ​ន​ ស្រី​ម៉ា​  មាន​វ័យ​ទើប​ ២២​ ឆ្នាំ​ បាន​ឡើង​មក​ពី​ស្រុក​កំណើត​នៅ​ខេត្ដ​ រតនគីរី​ ដើម្បី​មក​ចូលរួម​ធ្វើតេស្ត​ប្រឡង​ភាសា​កូរ៉េ​នៅ​ទីក្រុង​ភ្នំពេញ​។​ កញ្ញា​បាន​និយាយ​ថា​ មូលហេតុ​ដែល​កញ្ញា​ ប្រាថ្នា​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ចោល​ឪពុក​ម្តាយ​ចាស់ៗ​នៅផ្ទះ​ ដោយ​បញ្ហា​ជីវភាព​ ហើយ​ការងារ​ជា​កម្មករ​រោងចក្រ​ទទួល​បាន​ប្រាក់ខែ​ទាប​។​

​នារី​វ័យក្មេង​ដែល​សម្រេចចិត្ដ​ដាក់​ពាក្យ​ប្រឡង​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ​ ថ្លែង​ថា​ នាង​ធ្លាប់​ធ្វើការ​ជា​កម្មករ​នៅ​រាជធានី​ភ្នំពេញ​បាន​មួយ​ឆ្នាំ​ដែរ​ តែ​ប្រាក់ខែ​តិចតួច​ ត្រូវ​បង្ខំចិត្ដ​បន្ថែម​ម៉ោង​រហូត​ដល់​យប់​ ដែល​ធ្វើ​ឱ្យ​នាង​ពិបាក​ទ្រាំទ្រ​ រហូត​ដល់​សន្លប់​ជា​ច្រើន​ដង​ ក្នុង​មួយ​ខែ​ «​ខ្ញុំ​មក​ធ្វើការ​នៅ​ភ្នំពេញ​នេះ​ បាន​មួយ​ឆ្នាំ​ដែរ​ ហត់​ណាស់​មិន​ស្រួល​ទេ​ រហូត​ដល់​សន្លប់​ក៏​មាន​ដែរ​  ព្រោះ​សន្លប់​ហ្នឹង​បាន​ម៉ែ​លែង​ឲ្យ​ធ្វើការ​មក​រៀន​វិញ​ សន្លប់​ហ្នឹង​មក​ពី​ធ្វើការ​ពេក​រហូត​ដល់​ម៉ោង​ ១២​ យប់​ក៏​មាន​ដែរ​ តែបើ​និយាយ​ពី​លុយ​វិញ​តិច​ណាស់​ »​។​

​កញ្ញា​ស្រី​ម៉ា​ បន្ដ​ទៀត​ថា​ ក្រោយ​ពី​សម្រេច​លាឈប់​ពី​ការងារ​នៅ​រោងចក្រ​ កញ្ញា​គឺ​នៅ​រៀន​តែ​មួយ​មុខ​គត់​ ក្នុង​បំណង​ដើម្បី​ឲ្យ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ដើម្បី​ ជួយ​ដល់​ក្រុម​គ្រួសារ​ឲ្យ​ផុត​ពី​ក្ដី​លំបាក​ «​នេះ​ដោយសារ​ឪពុក​ម្ដាយ​បាន​ខ្ញុំ​សម្រេចចិត្ដ​ទៅ​ តែបើ​តាម​ប៉ា​ម៉ាក់​ខ្ញុំ​គាត់​មិន​ឲ្យ​ខ្ញុំ​ទៅ​ទេ​ តែ​ចិត្ដ​ថា​ខ្ញុំ​ចង់ទៅ​ហើយ​ បាន​ដាក់​ពាក្យ​ទៅ​ហ្នឹង​ ហើយ​ក៏​ដោយសារ​គ្រួសារ​យ៉ាប់​ពេក​ដែរ​ ការ​ប្រឡង​លើក​នេះ​ប្រសិនជា​អត់​ជាប់​ខ្ញុំ​មាន​អារម្មណ៍​ថា​អន់ចិត្ដ​ដែរ​ ព្រោះ​យើង​អត់​បាន​ជួយ​ធ្វើ​អី​ក្នុង​គ្រួសារ​សោះ​»​។​  

​អ្នកស្រី​ សុំ​ វ៉ា​ន​ មាន​អាយុ​៦០​ឆ្នាំ​ គឺជា​ម្តាយ​របស់​យុវតី​ សឿ​ន​ ស្រី​ម៉ា​។​ ឈរ​ ក្បែរ​កូនស្រី​ដែល​កំពុង​ត្រៀម​ចូល​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​ ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​បាន​រៀបរាប់​ថា​ ដោយសារ​តែ​ជីវភាព​ក្រីក្រ​ ទើប​អ្នក​បង្ខំចិត្ត​ឱ្យ​កូនស្រី​តែ​ម្នាក់​របស់​អ្នកស្រី​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ ព្រោះតែ​អ្នកស្រី​គិត​ថា​ នៅ​ទីនោះ​មាន​ល​ក្ខ័​ខណ្ឌ​ការងារ​ល្អ​ ទទួល​បាន​ប្រាក់ខែ​ខ្ពស់​។​

​ជា​រៀង​រាល់​ឆ្នាំ​មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​។​ ថ្វីបើ​ការ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ធំ​យល់​ថា​ មិនល្អ​ ប៉ុន្ដែ​មតិ​ទាំងនោះ​ហាក់​មិន​មានការ​ប៉ះ​ទ​ង្គិះ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ក្រីក្រ​ រួម​ផ្សំ​នឹង​កង្វះ​ការងារ​ធ្វើ​នោះ​ឡើយ​។​

​ឃើញ​ថា​ ទិដ្ឋភាព​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ​ មាន​សភាព​អ៊ូអរ​ មិន​ចាញ់​ការ​ប្រឡង​បាក់​ឌុ​ប​ឡើយ​។​ ឪពុក​ម្តាយ​របស់​បេក្ខជន​ម្នាក់​បាន​ឈរ​ត្រៀម​ដើម្បី​លើកទឹកចិត្ត​កូន​ និង​ទន្ទឹម​ចាំ​ផ្លូវ​កូន​ចេញពី​មណ្ឌល​ប្រឡង​។​ ឈរ​ដោយ​អារម្មណ៍​អន្ទះសារ​ ក្បែរ​របង​សាលា​ ចាំ​កូនស្រី​កំពុង​ប្រឡង​តេស្ត​ភាសា​កូរ៉េ​នៅ​ក្នុង​វិទ្យាល័យ​ឥ​ន្ត្រ​ទេវី​ ស្ត្រី​វ័យ​៤៥​ម្នាក់​ បាន​និយាយ​ថា​ ប្រសិនបើ​កូន​អ្នកស្រី​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​នោះ​នឹង​ធ្វើ​ឱ្យ​ជីវភាព​របស់​អ្នកស្រី​ប្រសើរ​ជាង​សព្វ​ថ្ងៃនេះ​។​ អ្នកស្រី​បាន​រៀបរាប់​ថា​ អ្នក​ជិតខាង​អ្នកស្រី​ ជា​ច្រើន​នាក់​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ហើយ​ជីវភាព​របស់​ពួក​គេ​ផ្លាស់​ប្តូ​ជីវៈភាព​ពី​ក្រលំបាក​ មក​គ្រាន់បើ​។​ «​ពេល​មិន​ទាន់​ទៅ​ហ្នឹង​ដូច​ថា​ដុនដាប​ ក្រោយ​ដល់​គេ​ទៅ​បាន​ធ្វើការ​ឃើញ​ថា​ គេ​ធូ​ធារ​។​ យើង​នៅ​នេះ​ចង់ឱ្យ​កូន​រៀន​គ្មាន​លទ្ធភាព​ទេ​។​..​ ដល់​ហើយ​ទៅ​កូន​មាន​ចំណង់​ចំណូលចិត្ត​សាកល្បង​ថា​ទៅ​ធ្វើការ​នៅ​កូរ៉េ​នឹង​គេ​ម្តង​មើល​ម៉ែ​ក្រែងលោ​មានសំណាង​ ដើម្បី​ចិញ្ចឹម​ម៉ែ​»​។​

​អ្នកស្រី​ គឹ​ម​ ច្រឹប​ បាន​រៀបរាប់​ថា​ តាម​ពិត​ទៅ​អ្នកស្រី​ក៏​មិន​ចង់ឱ្យ​កូនស្រី​ទៅ​ធ្វើការ​នៅ​ស្រុក​គេ​ដែរ​ ប៉ុន្តែ​ព្រោះតែ​ជីវៈភាព​ ទើប​ដាច់​ចិត្ត​ឱ្យ​កូន​ទៅ​ ដោយសារ​តែ​រាល់​ថ្ងៃនេះ​ ប្រាក់ខែ​ ដែល​កូន​ទទួល​បាន​ពី​ការ​ធ្វើការ​ជា​កម្មករ​នៅ​រោងចក្រ​នៅ​ឯ​ខេត្ត​ត្រឹមតែ​ពី​ ១២០​ដុល្លារ​ ទៅ​១៣០​ដុល្លារ​ក្នុង​មួយ​ខែ​ មិន​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​អ្នកស្រី​ឱ្យ​ប្រសើរ​បាន​ឡើយ​។​ «​ថា​មិន​ចង់​លះបង់​កូន​ដែរ​ គ្រាន់តែ​ថាបើ​កូន​នៅ​នេះ​រក​អត់​បាន​ ចុះ​ដល់​ថ្ងៃ​អនាគត់​កូន​មាន​លុយ​អី​ទៅ​ឱ្យ​កូន​រៀន​ទៅ​មុខ​ទៀត​។​ បើ​កូន​អាច​ផ្សងព្រេង​ពី​ឥលូវ​ទៅ​ក្រែងលោ​អាច​មានការ​ងារ​ធ្វើ​នៅ​ប្រទេស​គេ​ទៅ​ បាន​លុយ​ច្រើន​ ទៅ​ថ្ងៃ​អនាគត​កូន​មាន​ប្តី​ទៅ​អាច​មាន​បើកមុខ​របរ​ ហើយ​កូន​មាន​ចៅ​ទៅ​ឱ្យ​កូន​បាន​រៀន​បន្ត​»​។​

korea2
ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ច្រើន​នាក់​កំុពង់រងចាំ​ធ្វើតេស្ត​សមត្ថភាព​ ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​


ក្នុង​ទឹកមុខ​រំភើប​រីករាយ​ រត់​មក​រក​ម្តាយ​កំពុងនិយាយ​គ្នា​ នៅ​ក្បែរ​របង​សាលា​ កញ្ញា​ ទឹម​ ណាំ​រ៉​ង​ មាន​វ័យ​ប្រហែល​២០​ឆ្នាំ​  គឺជា​កូនស្រី​ទី​២​ របស់​អ្នកស្រី​ គឹ​ម​ ច្រឹប​។​ យុវតី​វ័យក្មេង​ ដែល​ទើបនឹង​ចេញពី​ប្រឡង​ភាសា​កូរ៉េ​ បាន​និយាយ​ថា​៖​ «​ពុក​ខ្ញុំ​អត់​នៅ​អ​ញ្ចឹ​ង​ទៅ​ អត់​មាន​អ្នក​ណា​រកស៊ី​ចិញ្ចឹម​គាត់​ ចង់ទៅ​រកស៊ី​ចិញ្ចឹម​គាត់​ម្តង​ គាត់​ចិញ្ចឹម​តាំងពី​តូច​។​…​ ធ្វើការ​នៅ​ហ្នឹង​បាន​ប្រាក់ខែ​តិច​ហ្នឹង​បង​ សង​គេ​អត់​គ្រប់​ផង​»​។​

​លោក​ តាំ​ សា​រុន​ ជា​អ្នក​ជិតខាង​របស់​កញ្ញា​ ណាំ​រ៉​ង​ ដែល​ទើបនឹង​ចេញ​មក​ពី​ប្រឡង​ដែរ​នោះ​ បានឱ្យ​ដឹង​ថា​ លោក​ចង់ទៅ​ធ្វើការ​ប្រទេស​កូរ៉េ​ជា​យូ​មក​ ហើយ​ព្រោះតែ​ប្រាក់ខែ​នៅ​ប្រទេស​កូរ៉េ​ខ្ពស់​ជាង​ប្រាក់ខែ​នៅ​ក្នុងស្រុក​។​ ក្នុង​គ្រួសារ​មិនមែន​មាន​តែ​សា​រុន​ទេ​ដែល​បាន​មក​ធ្វើតេស្ត​ប្រឡង​ ប្អូនប្រុស​ម្នាក់​ទៀត​ក៏​បាន​មក​ធ្វើតេស្ត​ដែរ​ដោយ​រើស​ជំនាញ​ពីរ​ផ្សេង​គ្នា​។​

​បុរស​មាន​សម្បុរ​ខ្មៅ​ស្រអែម​ មានកំ​ពស់​ប្រមាណ​១៧០​រូប​នេះ​ បានឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​លោក​គឺ​អ្នក​រត់​ឡាន​ឈ្នួល​ផ្ទាល់ខ្លួន​ រក​ចំណូល​២០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ដែរ​ ប៉ុន្តែ​លោក​ថា​  ចំណូល​នេះ​មិន​អាច​ធ្វើ​ឱ្យ​ជីវភាព​លោក​ល្អ​ប្រសើរ​ឡើយ​។​ «​ដូច​ថា​នៅ​ខ្មែរ​យើង​រត់​មិនសូវ​បាន​ផង​ណា​ មួយ​វា​មិន​បាន​ចំណេញ​ប្រាក់​ចូល​ដូច​នៅ​ប្រទេស​គេ​ ប្រទេស​គេ​យើង​គ្រាន់តែ​ចំណាយ​កម្លាំង​អ​ញ្ចឹ​ង​ទៅ​បាន​ ដូច​ថា​មួយ​ខែ​បាន​ត្រឹម​មួយ​ពាន់​ជាង​ផ្ញើរ​មក​អ្នក​ផ្ទះ​»​។​

​ក្នុង​ទឹកមុខ​ញញឹម​ជឿជាក់​ លោក​ តាំ​ សា​រុន​ ដែល​ជា​កូន​ទី​បួន​ក្នុង​គ្រួសារ​មួយ​ដែល​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង​ សង្ឃឹម​៧០%​ ថា​ខ្លួន​ នឹង​បាន​ជាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​។​ សា​រុន​ ជឿជាក់​ថា​ នៅ​ពេល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ខ្លួន​នឹង​អាច​ទទួល​បាន​ប្រាក់ខែ​ច្រើន​ ដើម្បី​ផ្ញើរ​មក​ស្រុក​ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ និង​ផ្តល់​ឱ្យ​ប្អូនៗ​ផ្សេង​ទៀត​បាន​សិក្សា​ មានការ​ងារ​ល្អ​ធ្វើ​ក្នុងស្រុក​ មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដូច​ជា​រូប​លោក​។​

​យ៉ាងណាមិញ​ សា​រុន​ បានឱ្យ​ដឹង​ថា​ក្រៅពី​ប្រទេស​កូរ៉េ​ លោក​មិន​ចង់ទៅ​ធ្វើការ​នៅ​ ប្រទេស​ណា​ផ្សេង​ឡើយ​ ជា​ពិសេស​ប្រទេស​ថៃ​ ក៏​ដូច​ជា​ម៉ា​ឡេ​ស៊ី​។​

​ជា​ការ​ពិត​ជីវិត​ជា​កម្មករ​ចំណាកស្រុក​ ពិត​មិន​ងាយស្រួល​ឡើយ​ នា​ពេល​កន្លង​មក​មាន​ដំណឹង​ជា​ច្រើន​ ជុំវិញ​បញ្ហា​អ្នក​ដែល​ចំណាកស្រុក​បាន​ជួប​ប្រទះ​ អ្នកខ្លះ​ថា​លំបាក​ខ្លាំង​ អ្នកខ្លះ​ថា​មិនជា​អ្វី​។​  លោក​ នុ​ត​ ករុណា​ ជា​ពលករ​កូរ៉េ​ ទើប​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​ បាន​ប៉ុន្មាន​ខែ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ បើ​ទោះបីជា​លក្ខខណ្ឌ​ការងារ​នៅ​ប្រទេស​កូរ៉េ​ល្អ​ ក៏​ដូច​ជា​មានច្បាប់​ការងារ​ស្រួល​ ប៉ុន្តែ​ការងារ​ក៏​មាន​ភាព​ប្រឈម​ខ្លាំង​ណាស់​ដែរ​ ព្រោះ​ការងារ​ពលករ​ខ្មែរ​ត្រូវ​ទៅ​ធ្វើ​នៅ​ទីនោះ​ ជា​ប្រភេទ​ការងារ​ឧស្សាហកម្ម​ធុន​ធ្ងន់​ និង​មធ្យម​។​ «​វា​ពុំ​មែន​ជា​ឧស្សាហកម្ម​ធុន​ស្រាល​ទេ​ ធន់​ស្រាល​សម្រាប់​តែ​ពលរដ្ឋ​របស់​គេ​ទេ​ ហើយ​ពលរដ្ឋ​របស់​យើង​ទៅ​ធ្វើ​ការងារ​ផ្នែក​ឧស្សាហកម្ម​ធន់​ធ្ងន់​។​ ..​ហើយ​ជា​ការងារ​ដែល​យើង​ពុំ​ធ្លាប់​ជួប​ប្រទះ​ទេ​នៅ​ស្រុក​ខ្មែរ​ អ​ញ្ចឹ​ង​យើង​ជា​មនុស្ស​មួយ​ថ្មី​ ជួបនឹង​ការងារ​ថ្មី​ ជួបនឹង​អាកាសធាតុ​ថ្មី​ អាហារ​ និង​ការ​រស់នៅ​សព្វបែបយ៉ាង​ គឺ​យើង​មាន​ផល​លំបាក​ខ្លាំង​មែនទែន​»​។​

​លោក​ នុ​ត​ ករុណា​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​ បាន​ប្រាប់​ទៀត​ថា​ ទោះជា​ប្រាក់ខែ​នៅ​ប្រទេស​កូរ៉េ​ទទួល​បាន​ខ្ពស់​ជាង​ ស្រុក​ខ្មែរ​ តែ​ពលករ​នៅ​ទី​ក៏​ជួប​គ្រោះថ្នាក់​ការងារ​ច្រើន​ផង​ដែរ​។​ «​មាន​គ្រោះថ្នាក់​ច្រើន​ ទី​មួយ​គ្រោះថ្នាក់​ដោយសារ​ការងារ​ គ្រោះថ្នាក់​ដោ​សារ​តែ​ការ​កាន់​ម៉ាស៊ីន​ ឬ​ក៏​ដាច់​ដៃ​ ដាច់​ជើង​ ដាច់​ម្រាមដៃ​ ដាច់​ដៃ​ម្ខាង​ឬ​ក៏​ដាច់​ដៃ​ទាំង​ពីរ​ ឬ​ក៏​រហូត​ដល់​ថ្នាក់​ស្លាប់​ ហើយ​ភាគច្រើន​គឺ​ការ​ដេក​ស្លាប់​ច្រើន​នាក់​»​។​

korea3
​លោក​ នុ​ត​ ករុណា​ ដែល​បានទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​អស់​រយៈពេល​ជាង​៥​ឆ្នាំ។ រូបភាពពី៖ Facebook ​លោក​ នុ​ត​ ករុណា

លោក​ នុ​ត​ ករុណា​ គឺជា​ និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​មួយ​ នៅ​ភ្នំពេញ​។​ លោក​ បាន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​កាលពី​ឆ្នាំ​២០១០​ ហើយ​លោក​ទើបតែ​ត្រលប់​មក​វិញ​នៅ​ដើមឆ្នាំ​២០១៦​នេះ​ ។​ ពលករ​ចំណាកស្រុក​រូប​នេះ​បានឱ្យ​ដឹង​ថា​ មូលហេតុ​ចម្បង​ដែល​លោក​ស​ម្រេ​ចិត្ត​ទៅ​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ ដោយសារ​តែ​ការងារ​ដែល​លោក​ធ្វើ​ទទួល​បាន​ ប្រាក់ខែ​ទាប​ និង​ធ្វើការ​ខុស​ជំនាញ​។​ «​មូលហេតុ​គឺ​ប្រាក់​ចំណូល​ខ្ញុំ​ទទួល​បាន​តិច​ តិច​ពេក​ប្រាក់ខែ​ដែល​ខ្ញុំ​នៅ​ទី​នេះ​ ជា​ទូទៅ​ពី​ប្រាំមួយ​ ប្រាំពីរ​ឆ្នាំ​មុន​ហ្នឹង​ ខ្ញុំ​ទទួល​បាន​តែ​ពីរ​ដុល្លារ​ ឬ​មួយ​រយ​ប៉ែតសិប​ដុល្លារ​ទេ​ ខ្ញុំ​មាន​ជំនាញ​ច្រើន​ដែរ​ អ​ញ្ចឹ​ង​ទៅ​វា​មិន​សម​មូល​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​ធ្វើ​»​។​

​បែប​នេះ​ក្តី​ ករុណា​ ចង់ឱ្យ​ពលករ​ខ្មែរ​ដែល​ជាប់​ទៅ​ធ្វើការ​នៅ​ទីនោះ​ គួរ​ពង្រឹង​ការ​សិក្សារ​ភាសា​ និង​ជំនាញ​ឱ្យ​បាន​ច្បាស់​ ដើម្បី​ទុកជា​បទ​ពិសោធន៍​ពេល​ត្រលប់​មក​ប្រ​ទេ​កំណើត​វិញ​ ហើយ​ជា​ពិសេស​នោះ​គេ​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ពេល​បំពេញការងារ​។​ «​ដើម្បី​យើង​ត្រលប់​មក​វិញ​យើង​ទៅ​ប៉ុណ្ណា​យើង​បានដៃ​ជើង​ប៉ុណ្ណឹង​មក​វិញ​។​ សូម​ប្រយ័ត្ន​ហើយ​កុំឱ្យ​ធ្វើ​ហួស​ម៉ោង​ច្រើន​ពេក​ តែ​កាលណា​យើង​ ធ្វើការ​ហួស​ម៉ោង​ខ្លាំង​ ចង់បាន​លុយ​គេ​ខ្លាំង​ អ​ញ្ចឹ​ង​ធ្វើ​ឱ្យ​មិន​អាច​វិល​ត្រលប់​មក​វិញ​បាន​ទេ​ ធ្វើ​ឱ្យ​យើង​ប្រឈម​មុខ​គ្រោះថ្នាក់​ច្រើន​ដេក​ស្លាប់​ដេក​អី​អ​ញ្ចឹ​ង​ទៅ​»​។​

​លោក​បានឱ្យ​ដឹងផង​ដែរ​ លោក​គ្មាន​បំណង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ទៀត​ទេ​ ប៉ុន្តែ​ប្រ​សិន​គ្មាន​ជម្រើស​ លោក​អាច​នឹង​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ទីនោះ​ម្តងទៀត​។​ យ៉ាងណាមិញ​ លោក​ថា​ នឹង​ព្យាយាម​រក​ការងារ​ក្នុងស្រុក​ឱ្យ​អស់​លទ្ធភាព​ ឱ្យ​សម​ស្រប​សមត្ថភាព​ដែល​លោក​មាន​។​ «​ការងារ​នៅ​ក្នុងស្រុក​ខ្មែរ​វា​អត់​បាន​ផល​សម្រាប់​ខ្ញុំ​ ដោយសារ​តែបើ​ខ្ញុំ​ទៅ​ធ្វើការ​ជំនាញ​ដដែល​គឺ​ប្រាក់ខែ​វា​ដូច​មុន​អ​ញ្ចឹ​ង​ បាន​អត់​មាន​អ្វី​ដែល​ឱ្យ​ខ្ញុំ​ធ្វើ​សម្រាប់​ជំនាញ​របស់ខ្ញុំ​។​…​ខ្ញុំ​ចង់ឱ្យ​រដ្ឋាភិបាល​ហ្នឹង​មានការ​ឆ្លើយ​តប​ទៅ​ហ្នឹង​ចំណេះ​ជំនាញ​ដែល​ខ្ញុំ​ទទួល​បាន​ពី​កូរ៉េ​ខាងត្បូង​មក​ យើង​អាចយ​កមក​ប្រើ​ការ​បាន​នៅ​ក្នុង​ប្រទេស​យើង​»​។​

​នៅ​ឆ្នាំ​២០១៦​ នេះ​ ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​ជ្រើសរើស​មនុស្ស​ពេញកម្លាំង​ចំនួន​ ៩.៤០០​នាក់​ពី​កម្ពុជា​ ដែល​ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​កើនឡើង​ជាង​ ៣​ពាន់​នាក់​ ខណៈ​ដែល​នៅ​ឆ្នាំ​នេះ​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​មាន​ចំនួន​ ៥​ម៉ឺន​ ៤​ពាន់​នាក់​ ៕

Share

ព័ត៌មានទាក់ទង

Image