en     km
en     km

សម្តេច ហ៊ុន សែន អំពាវនាវឲ្យជួយការពារបរិស្ថាន តែអ្នកវិភាគថាត្រូវដាក់ចូលផែនការជាតិ?

Share

ភ្នំពេញ៖ ​នាយក​រដ្ឋមន្ត្រី​ សម្តេច ហ៊ុន​ សែន​ បាន​ថ្លែង​អំពាវនាវ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ រួម​ទាំង​សកម្មភាព​ការពារ​បរិស្ថាន​ទាំងអស់​ ត្រូវ​រួម​សហការ​គ្នា​ជាមួយ​ស្ថាប័នរដ្ឋ​ដើម្បី​ការពារ​ធនធានធម្មជាតិ​ ដែល​សម្ដេច​ថា​ សកម្មជន​បរិស្ថាន​ ក៏​ជា​ផ្នែក​មួយ​ជួយ​ការពារ​បរិស្ថាន​ល្អ​ និង​ព្រៃឈើ​បាន​គង់វង្ស​ដែរ​។​

​ចំណែក​អ្នកវិភាគ​យល់​ថា​ គេ​ត្រូវ​កំណត់​ផែនការ​នេះ​ជា​យុទ្ធសាស្ត្រ​ថា្ន​ក់​ជាតិ​  គឺ​មិន​ត្រូវធ្វើ​ឱ្យ​តែ​ល្អ​ស្ដាប់​នោះ​ទេ​ ហើយ​ថ្នាក់​ក្រោម​មិន​គោរព​តាម​នោះ​។​ យ៉ាងណា​ក៏​ដោយ​ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មិន​យល់​ស្រប​នឹង​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​នោះ​ទេ​។​

 

hun-sen-01-07-16-thum

​នាយក​រដ្ឋមន្ត្រី​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ ក្រុម​សកម្មជន​បរិស្ថាន​គឺជា​ផ្នែក​មួយ​ជួយ​ការពារ​បរិស្ថាន​ ឱ្យ​បន្ត​គង់វង្ស​ ហើយ​បញ្ហា​នេះ​គេ​ត្រូវ​ឱ្យ​មាន​កិច្ចសហការ​គ្នា​រវាង​អាជ្ញាធរ​រដ្ឋ​ សកម្មជន​បរិស្ថាន​ និង​សង្គម​ស៊ី​វិល​ពាក់ព័ន្ធ​។​

​សម្តេច​ ហ៊ុន​ សែន​ ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​អបអរ​ទិវា​មច្ឆជាតិកាលពីថ្ងៃទី​១​ កក្កដា​ នៅ​អាង​ទឹក​អន្លង់​ជ្រៃ​ ឃុំ​ប្រាំបី​មុំ​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

​សម្តេច​ ហ៊ុន​ សែន​ ថ្លែង​បន្ត​ថា​ ស្ថាប័នរដ្ឋ​ អង្គការ​សង្គម​ស៊ី​វិល​ សកម្មជន​ការពារ​ធនធានធម្មជាតិ​ ហាក់​មើល​មុខ​គ្នា​មិន​ចំ​ ក្នុង​ករណី​នេះ​សម្តេច​សូម​អំពាវនាវ​ឲ្យ​ស្ថាប័នរដ្ឋ​ត្រូវ​សហការ​គ្នា​ឲ្យ​ល្អ​ជាមួយ​សកម្មជន​បរិស្ថាន​ ព្រោះ​ពួក​គេ​មាន​គោលដៅ​រួម​គ្នា​។​ សម្តេច​ ហ៊ុន​ សែន​៖«​ខ្ញុំ​សូម​យក​ឱកាស​នេះ​អំពាវនាវ​ ឲ្យ​ទាំង​ផ្នែក​រដ្ឋ​ សង្គម​ស៊ី​វិល​ និង​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​ ចូលរួម​នៅ​ក្នុង​ការ​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង​។​ មុន​នេះ​វា​ហាក់ដូចជា​នៅ​ម្ខាង​ម្នាក់​ រវាង​សង្គម​ស៊ី​វិល​ ឬ​សកម្មជន​ការពារ​ព្រៃឈើ​ ជាមួយ​និង​ម្ខាង​ទៀត​ ខាង​ផ្នែក​រដ្ឋ​មើល​មុខ​គ្នា​មិន​ត្រង់​ទៅ​វិញ​ គោលដៅ​ដូច​គ្នា​ក៏​ប៉ុន្តែ​នៅ​ម្ខាង​ម្នាក់​»​។​

​ជុំវិញ​ការ​លើក​ឡើង​របស់​សម្តេច​ ហ៊ុន​ សែន​  អ្នកវិភាគ​សម្តែង​ការ​សាទរ​ តែ​ពួក​គាត់​យល់​ថា​ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ មិន​បាន​អនុវត្ត​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព​នោះ​ទេ​។​

​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ មាស​ នី​ យល់​ថា​ រាជ​ដ្ឋា​ភិ​បាល​គួរតែ​ចេញ​ជា​លិខិត​មួយ​ផ្ញើ​ទៅ​ថ្នាក់​ក្រោម​ មន្ត្រី​មូលដ្ឋាន​របស់​ស្ថាប័នរដ្ឋ​ទាំងអស់​ឲ្យ​បានដឹង​ ដើម្បី​អនុវត្ត​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ ទើប​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។​ លោក​បណ្ឌិត​ មាស​ នី​ បន្ត​ថា​ គណបក្សកាន់អំណាច​ទំនង​នឹង​បន្ត​បាត់បង់​សន្លឹង​ឆ្នោត​បន្ត​ទៀត​ ប្រសិនបើ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​ផ្ទុយ​ពី​អនុសាសន៍​រាជរដ្ឋាភិបាល​។​ ​លោក​បណ្ឌិត​ មាស​ នី​៖«​បើសិនណា​ជា​មាន​ជា​លាយ​លាក់​អក្សរ​ខ្ញុំ​គាត់​ថា​ល្អ​។​ ឧបមា​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ ហើយ​ចេញ​ទៅ​ជា​ឯកសារ​មួយ​ ដើម្បី​ផ្សព្វផ្សាយ​អំពាវនាវ​ទៅ​មន្ត្រី​គ្រ​បើ​ជាន់ថ្នាក់​ខាងក្រោម​ ធ្វើ​កិច្ចសហការ​ណ៍​ជាមួយ​សង្គម​ស៊ី​វិល​ ជាមួយ​ពលរដ្ឋ​ទៅ​ ពលរដ្ឋ​អាច​មាន​ឯកសារ​ជា​ភស្តុ​តាំង​ ដើម្បី​ធ្វើការ​ជាមួយ​អាជ្ញាធរ​ខាងក្រោម​»​។​

​ចំណែក​អ្នកវិភាគ​មួយ​រូប​ទៀត​គឺ​លោក​ កែម​ ឡី​ បាន​សាទរ​ប្រសាសន៍​សម្តេច​ដែល​សន្យា​ការពារ​អភិរក្ស​ធនធាន​ជាតិ​ ។​ លោក​បន្ត​ថា​ សម្តេច​គួរតែ​មាន​យន្តការ​ និង​ផែនការ​ច្បាស់លាស់​ដើម្បី​ផ្តល់​ស្វ័យភាព​ ទាំង​ថវិកា​ ទាំង​បច្ចេកទេស​ និង​ការ​សម្រេចចិត្ត​ពេញលេញ​ ដល់​សកម្មជន​ការពារ​បរិស្ថាន​ទាំងអស់​។​ ​លោក​ កែម​ ឡី​៖«​រវាង​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ សហ​គម​ យើង​សហ​គម​នេសាទ​ ព្រៃឈើ​ សហ​គម​សហ​គម​អភិរក្ស​សត្វព្រៃ​ ជាដើម​ ត្រូវ​ផ្តល់​ស្វ័យភាព​ ទាំង​ស្វាយ​ភាព​ថវិការ​ ទាំង​បច្ចេកទេស​ ទាំង​ការ​ធ្វើ​សេចក្តី​ចិត្ត​ ចំណែង​រដ្ឋាភិបាល​គ្រាន់តែ​ត្រួតពិនិត្យ​ តាមដាន​ ផ្តល់​យោបល់​ ហើយ​ផ្តល់​បច្ចេក ទេស​បន្ថែម​ទៀត​ អាហ្នឹង​បាន​ជោគជ័យ​»​។​

​ទោះបី​យ៉ាងណា​លោក​ កែម​ ឡី​ បន្ថែម​ថា​ ប្រសិនបើ​រាជរដ្ឋាភិបាល​យល់​ថា​ សកម្មភាព​អង្គការ​សង្គម​ស៊ី​វិល​ ឬ​សកម្មជន​ការពារ​បរិស្ថាន​ដែល​ធ្វើ​សកម្មភាព​ មាន​ប្រយោជន៍​ដូច​ករណី​ សកម្មជន​ការពារ​បរិស្ថាន​អា​រ៉ែ​ង​៣​រូប​ ដែល​ជាប់​ឃុំ​អស់​រយៈ​ជាង​ ១០​ខែ​ ដោយសារ​ការពារ​ធនធានធម្មជាតិ​ រាជរដ្ឋាភិបាល​គួរ​ត្រូវ​លើ​ទឹកចិត្ត​ពួក​គាត់​។​

​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ បាន​ទទួលស្គាល់​ថា​ មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន​តូច​ពិតជា​មិន​បាន​អនុវត្ត​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​ លោក​ សុខ​ ឥ​សាន្ត​៖«​យើងខ្ញុំ​មិន​ជឿ​ដូច​គាត់​ទេ​ កាល ណា​តែ​ប្រមុខ​រដ្ឋាភិបាល​លោក​អំពាវនាវ​ លោក​ដាក់​ជូន​ទៅ​ ខាង​ថ្នាក់​ក្រោម​គាត់​ធ្វើ​ឲ្យ​ គ្រាន់តែ​វា​មិន​បាន​ ១០០​ភាគរយ​ អ្នកខ្លះ​ក៏​មានគំនិត​ខូច​ ដែរ​ ហើយ​យើង​ក៏​ត្រូវ​ទទួលស្គាល់​ តែ​អ្នក​គំនិត​ខូច​វា​ច្រើន​ទេ​ តិច​តូច​ ក៏​ប៉ុន្តែ​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺជា​ការ​យកចិត្តទុកដាក់​ ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​ការ​ថែរក្សា​ធនធានធម្មជាតិ​»​។​

​ស្រប​ពេល​សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​សុំ​ឱ្យ​មាន​កិច្ចសហការ​គ្នា​ ទាំង​អាជ្ញាធរ​រដ្ឋ​និង​ សកម្មជន​បរិស្ថាន​​ដើម្បី​ការពារ​បរិស្ថាន​ឱ្យ​បាន​គង់វង្ស​  កាល​ព្រឹក​មិ​ញ​នេះ​ ក្រុម​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​សន្តិភាព​ ដឹកនាំ​ដោយ​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្តព្រះវិហារ​ បាន​ឃាត់​ព្រះ​កាយ​ព្រះ​អង្គ​ និង​សង្ឃ​៣​អង្គ​ទៀត​ ជិត​ ៣​ម៉ោង​ ដើម្បី​សាកសួរ​អំពី​សកម្មភាព​របស់​ព្រះ​អង្គ​និមន្ត​ចែក​អាវយឺត​ជូន​សហ​គម​ព្រៃ​ឡង់​ ស្ថិត​នៅ​ក្នុង​ខេត្តព្រះវិហារ​ ។​

​ចំណែក​តុលាការ​សាលាដំបូង​ខេត្តកោះកុង​ កាលពី​ព្រឹក​មិ​ញ​នេះ​បាន​ប្រកាស​សាលក្រម​ផ​ន្ទា​ទោស​សកម្មជន​ការពារ​បរិស្ថាន​ ៣​រូប​ ស្ថិត​នៅ​តំបន់​អា​រ៉ែ​ង​ឲ្យ​ជាប់គុក​ ១​ ឆ្នាំ​ ៦​ខែ​ និង​ សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​ ចំនួន​១០២​លាន​រៀល​ ដែល​សកម្មជន​ការ ពារ​បរិស្ថាន​ថា​ជា​រឿង​អយុត្តិធម៌​៕​

Share

ព័ត៌មានទាក់ទង

Image