en     km
en     km

បទ​យកការណ៍​៖ ​គ្រឿង​ស្រវឹង​អាច​នាំ​មក​នូវ​ទុក្ខទោស​ បើ​ទោះជា​នាំ​មក​នូវ​ការ​រីករាយ​ក៏​ដោយ​

Share

ភ្នំពេញ​៖​ គ្រឿង​ស្រវឹង​បាន​ក្លាយជា​របស់​ពេញ​និយម​ទៅ​ហើយ​សម្រាប់​មនុស្ស​ស្ទើរ​គ្រប់​គ្នា​ មិន​ថា​ប្រុស​ស្រី​ ចាស់​ ឬ​ក្មេង​នោះ​ទេ​ ។​ បើ​ទោះបីជា​ធ្វើ​ឱ្យ​អ្នក​ទទួលទាន​សប្បាយ​រីករាយ​ បំភ្លេច​ទុក្ខ​កង្វល់​បាន​ក៏​ដោយ​ ប៉ុន្តែ​ក្រោយខ្នង​ភាព​សប្បាយ​រីករាយ​នេះ​ គឺ​បាន​ផ្តល់​ផល​អាក្រក់​យ៉ាងច្រើន​ដល់​អ្នក​ទទួលទាន​។​ ​មិនមែន​តែ​អ្នក​ដែល​ទទួលទាន​នោះ​ទេ​រង​ផល​ប៉ះពាល់​ សូ​ម្បី​តែ​សមាជិក​ក្រុម​គ្រួសារ​ និង​សង្គម​ក៏​ទទួល​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដែរ​។​

​ពេល​ខ្លះ​គ្រឿង​ស្រវឹង​បាន​ធ្វើ​ឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ​  កើតជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ព្រមទាំង​បាត់បង់​អាយុជីវិត​ផង​ក៏​មាន​។​

​តើ​ឥទ្ធិពល​គ្រឿង​ស្រវឹង​បាន​ផ្តល់​ផល​ប៉ះពាល់​អ្វីខ្លះ​ ?​

 

bar-thum
យុវជនត្រូវបានគេដឹងថា បានទទួលទានគ្រឿងស្រវឹក ច្រើនលើសលប់។រូបភាពពីGoogle

«​ដោយសារ​តែ​កាលពីមុន​ប៉ា​ខ្ញុំ​គាត់​ពិសារ​ស្រា​ បន្ទាប់​មក​ធ្វើ​ឱ្យ​គ្រួសារ​ខ្ញុំ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​….»​ នេះ​ជា​ការ​លើក​ឡើង​របស់​ក្មេង​ស្រី​ម្នាក់​ដែល​នាង​គឺជា​ជន​រង​គ្រោះ​ ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​។​ នាង​និយាយ​ថា​ ព្រោះតែ​គ្រឿង​ស្រវឹង​ នាង​បាន​បាត់បង់​ឪពុក​ម្នាក់​ ដែល​ធ្លាប់តែ​ផ្តល់​ភាព​កក់ក្តៅ​ដល់​កូន​ ធ្លាប់តែ​រក​ប្រាក់​ផ្ត​ត់​ផ្គង់​គ្រួសារ​។​

​រឿងរ៉ាវ​នេះ​ ត្រូវ​បាន​ទម្លាយ​ចេញ​ ខណៈ​ដែល​នាង​បាន​ចូលរួម​ប្រកួត​វី​ដេ​អូ​អប់រំ​មួយ​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ស្តី​ពី​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង​។​

​សន​ រស្មី​  គឺ​ឈ្មោះ​របស់​យុវតី​រូប​នេះ​។​ នាង​គឺជា​និស្សិត​នៃ​សាកល​វិទ្យា​ន័​រ​តុ​ន​ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​រចនា​គេហទំព័រ​។​

​រស្មី​បាន​រម្លឹក​រឿងរ៉ាវ​របស់​ឪពុក​នាង​ នៅ​ពេល​ដែល​គាត់​ចាប់ផ្តើម​ទទួលទាន​គ្រឿង​ស្រវឹង​។​ នាង​រៀបរាប់​ថា​  ឪពុក​នាង​បាន​ផ្លាស់​ប្តូរ​ពី​មនុស្ស​ផ្សេង​ម្នាក់​ទៀត​ គឺ​ចូល​ចិត្ត​រករឿង​គ្រួសារ​ហើយ​បង្ក​ហិង្សា​។​

​រស្មី​បាន​បន្ត​ថា​ តាំងពី​ឪពុក​នាង​ទទួលទាន​ស្រា​ គឺ​សេដ្ឋកិច្ច​គ្រួសារ​នាង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ព្រោះ​ឪពុក​គឺជា​មេ​គ្រួសារ​ដែល​រក​ថវិកា​ផ្គត់ផ្គង់​គ្រួសារ​។​ នាង​និយាយ​ថា​ ឪពុក​នាង​តែង​ស្រវឹង​ ហើយ​គ្មាន​ពេល​ទៅ​រក​ប្រាក់​នោះ​ទេ​។​

bar-thum-01
យវុតី សន រស្មី បង្ហាញពីទុក្ខលំបាករបស់គ្រួសារខណៈសមាជិកគ្រួសារមានអ្នកសេធគ្រឿងស្រវឹក។ការបង្ហាញនេះគឺក្នុងកម្មវីធីមួយនាពេលកន្លងទៅ។

​យុវតី​រូប​នេះ​បាន​ប្រាប់​បន្ថែម​ថា​ បន្ទាប់​ពី​ទទួលទាន​ស្រា​អស់​រយៈពេល​ប្រមាណ​ ៥​ឆ្នាំ​ ឪពុក​នាង​បាន​ធ្លាក់ខ្លួន​ឈឺ​ ក្រោយមក​ក៏​បាន​ទទួលមរណៈភាព​កាលពី​ ៣​ឆ្នាំ​មុន​។​

យ៉ាងណាមិញ​និស្សិត​ស្រី​ឆ្នាំ​ទី​ ២​ មក​ពី​ខេត្តព្រៃវែង​រូប​នេះ​ មិន​ចង់ឱ្យ​យុវជន​កម្ពុជា​ ឆាប់​ប្រឡូក​នឹង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ​ ព្រោះ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ ពេលវេលា​ ថវិកា​ ហើយ​កាន់តែ​សំខាន់​ជាង​នេះ​  ក្នុង​ស្ថាន ភាព​ជា​សិស្ស​គួរតែ​ខិតខំ​រៀន​ កុំឱ្យ​ដោយសារ​តែ​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​ការ​សិក្សា​ត្រូវ​បំផ្លាញ​។​

ច​ប្ចុប្បន្ន​នេះ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​មិន​រើស​ពេល​នោះ​ទេ​ មិន​ថា​ពេល​កើតទុក្ខ​ ពេល​សប្បាយ​រីករាយ​ បុណ្យសព​ ពិធី​ជួបជុំ​ផ្សេងៗ​ ឬ​ពិធី​រៀប​អាពាហ៍ពិពាហ៍​  គឺ​សុទ្ធតែ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដើម្បី​កំដរ​អារម្មណ៍​របស់​ពួក​គេ​។​

​ពេល​ទទួល​គ្រឿង​ស្រវឹង​ម្តងៗ​ ពួក​គេ​សើច​ហ៊ោ​រក​ញ្ច្រៀ​វ​ សប្បាយ​រីករាយ​ ប៉ុន្តែ​ប្រហែល​មនុស្ស​មួយ​ចំនួន​មិនដឹង​ទេ​ថា​ នៅ​ពី​ក្រៅ​ភាព​សប្បាយ​រីករាយ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​កំពុង​ទឹកភ្នែក​។​

​រឿងរ៉ាវ​ប្រហែល​គ្នា​នឹង​យុវតី​ សន​ រស្មី​ នេះ​ដែរ​ យុវតី​ម្នាក់​ទៀត​កំពុង​រៀន​នៅ​ថ្នាក់​ទី​១១​ នៅ​វិទ្យាល័យ​ច្បារ​អំពៅ​ នាង​បាន​រៀប រាប់​ពី​បទ​ពិសោធ​ក្នុង​គ្រួសារ​របស់​នាង​ថា​៖«​ចំពោះ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ក៏​ធ្លាប់​មានបទពិសោធន៍​ វា​កើតឡើង​ក្នុង​គ្រួសារ​ខ្ញុំ​ផ្ទាល់​ ម្តាយ មីង​របស់ខ្ញុំ​មាន​ប្តី​ ដែល​ពេល​គាត់​អត់​ផឹក​ច​រិ​ក​គាត់​ស្លូតបូត​ទេ​ ហើយ​ក៏​មិន​ចេះ​រករឿង​អ្នក​ណា​ដែរ​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ប្រ​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​គាត់​បាត់បង់​សតិ​។​ ថ្ងៃមួយ​ដល់​ថ្នាក់​ធ្វើបាប​ម្តាយមីង​ខ្ញុំ​ និង​បងប្រុស​ខ្ញុំ​រហូត​បាក់ដៃ​។​ វា​មាន​ផល​ប៉ះ ពាល់​យ៉ាងច្រើន​ នៅ​ពេល​ដែល​គាត់​សេព​គ្រឿង​ស្រវឹង​អ​ញ្ចឹ​ង​ទៅ​ធ្វើ​ឱ្យ​គ្រួសារ​រញ៉េរញ៉ៃ​  ហើយ​ពេល​ខ្លះ​ធ្វើ​ឱ្យ​កូន​ក្នុង​គ្រួសារ​បាក់​តឹក​ចិត្ត​»​។​

​យុវតី​ សូត្រ​ វ​លក្ខណ៍​ ចង់ឱ្យ​ឪពុក​ដែល​ចូល​ចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង​ គួរតែ​ពិចារណា​ជា​មុន​ មុន​នឹង​ទទួលទាន​វា​ ព្រោះ​ថាបើ​មិន​ដូច្នេះ​ទេ​ គឺ​អាច​ជា​មូលហេតុ​ធ្វើ​ឱ្យ​កូន​បោះបង់​ការ​សិក្សា​ បែកគំនិត​ទៅ​ប្រព្រឹត្តិ​រឿង​អបាយមុខ​ផ្សេងៗ​ ដូច​ជា​ទៅ​សេ​ធ​គ្រឿងញៀន​ជាដើម​។​

​គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​បង្ក​ឱ្យ​មាន​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​នោះ​ទេ​ វា​ក៏​ងាយ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ ជា​ពិសេស​ គ្រោះថ្នាក់​ចរាច​ណ៍​ ដោយសារ​អ្នកខ្លះ​ស្រវឹង​ហើយ​ទៅ​បើកបរ​។​ រឿងរ៉ាវ​ជាក់ស្តែង​នេះ​ បាន​កើតឡើង​ចំពោះ​គ្រួសារ​របស់​យុវជន​ អៀម​ វុ​ត្ថា​ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​បែ​ល​ធី​។​  វុ​ត្ថា​ បានឱ្យ​ដឹង​ថា​ ឪពុក​របស់​ខ្លួន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ នៅ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង​ ហើយ​ទៅ​បើកបរ​។​

bar-thum-02
គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងរទេះរុញ ខណៈអ្នកបញ្ជារថយន្តកំពុងស្រវឹក។រូបភាពពីGoogle

​ចំណែកឯ​និស្សិត​ លី​ ឡាវ​សេង​ ក៏​បាន​ជួប​រឿងរ៉ាវ​បែប​នេះ​ដែរ​។​ ពូ​ជាទី​ស្រលាញ់​របស់​ ឡាវ​សេង​  បាន​បាត់បង់​ជីវិត​កាលពី​មួយ​ឆ្នាំ​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​គ្រឿង​ស្រវឹង​។​

​ពិតមែនតែ​គ្រឿង​ស្រវឹង​គ្រាន់តែ​ជា​ទឹក​ មាន​រសជាតិ​ល្វីង​បន្តិច​ មាន​ជាតិ​អាល់កុល​បន្តិច​ ធ្វើ​ឱ្យ​មនុស្ស​ចូល​ចិត្ត​ ប៉ុន្តែ​វា​បាន​ផ្តល់​ទុក្ខទោស​ជា​ច្រើន​ដល់​អ្នក​ដែល​ទទួលទាន​។​

​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​។​ នៅ​ពេល​ដែល​បាន​ក្រេប​វា​ចូល​ក្នុង​ខ្លួន​ អ្នក​នឹង​មាន​មាន​អាការ​ធី​ង​ធោ​ង​ ភាំងៗ​ ហើយ​ដូច​ជា​មាន​អ្វី​ចូល​មក​ស្ថិត​ក្នុង​ខ្លួន​ ដែល​គេ​ថា​ ប្រែ​រូប​ ។​ មនុស្ស​ខ្លះ​ បង្ហាញ​កាយវិការ​ច្រងេងច្រងាង​ កោងកាច​ ហើយ​និយាយ​ស្ដី​មិន​ពិ​រោះ​ពិសារ​ ព្រមទាំង​បញ្ចេញ​កំហឹង​ភ្លាមៗ​ បើ​មាន​បញ្ហា​ ត្រូវ​ប្រឈម​។​ 

​​តាម​របាយ​ការ​របស់​អង្គការ​សុខភាព​ពី​ភព​លោក​  អ្នក​ទទួលទាន​គ្រឿ​ស្រវឹង​ប្រឈម​មុខ​នឹង​កើត​ជំងឺ​ផ្សេង​ជាង​ ២០០​មុខ​ រួម​មាន​ជំងឺ​ក្រិន​ថ្លើម​ មហារីក​ ដំបៅ​ក្រពះ​ ជំងឺលើសឈាម​ ជំងឺ​សរសៃ​ដាច​ឈាម​ និង​បេះដូង​ជាដើម​។​ ក្រៅពី​កើត​មាន​ជំងឺ​ទាំងនោះ​  អ្នក​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ហួសហេតុ​ក៏​បង្ក​ឱ្យ​មាន​ជំងឺផ្លូវចិត្ត​ផ្សេង​ ដូច​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ដ​ ធ្វើ​អត្ដឃាត​ មាន​បញ្ហា​ដំណេក​ ភាន់គំនិត​ ខូច​ខួរក្បាល​ផង​ដែរ​។​

​មាន​វ័យ​ ៤៩​ឆ្នាំ​ និង​មាន​រាង​ស្គមស្គាំង​ លោក​ ងឹ​ប​ បុល​ បានឱ្យ​ដឹង​ថា​ លោក​គឺជា​កសិករ​ក្រីក្រ​មួយ​រូប​ ប៉ុន្តែ​គ្រួសារ​របស់​គាត់​កាន់តែ​ក្រីក្រ​ថែម​ទៀត​ បន្ទាប់​ពី​លោក​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ​វង្វេងស្មារតី​  ក្រោយ​ពី​បាន​សេព​គ្រឿង​ស្រវឹង​អស់​រយៈពេល​ ១៦​ឆ្នាំ​។​

​ប្រពន្ធ​របស់​លោក​ ងឹ​ប​ បុល​ គឺ​អ្នកស្រី​ សួ​ស​ បាន​ និយាយ​ប្រាប់​ថា​ ប្តី​គាត់​មិន​ត្រឹមតែ​កើត​ជំងឺ​សរសៃរ​ប្រសាទ​មួយ​មុខ​នោះ​ទេ​ គឺ​នៅ​មាន​ជំងឺ​ផ្សេងៗ​ទៀត​ នេះ​ក៏​ព្រោះតែ​ប្តី​អ្នកស្រី​ពូកែ​ផឹកស្រា​។​ ​អ្នកស្រី​និយាយ​ថា​ អ្នកស្រី​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ព្យាបាល​ជំងឺ​ប្តី​ ហើយ​ឥលូវ​នេះ​អ្នកស្រី​ត្រូវ​រ៉ាប់រង​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​តែ​ម្នាក់ឯង​ ដោយ​ធ្វើ​ជា​កម្មករ​សំណង់​។​ អ្នកស្រី​ សួ​ស​ បាន​ ៖«​ចំណាយ​អស់​ច្រើន​ណាស់​ ចំណាយ​លុយ​នោះ​ កើត​ប្រមេះ​នោះ​ផង​ ខ្ញុំ​លក់​គោ​មើល​ ចាក់​ថ្នាំ​ សែនព្រេន​គេ​ហ្នឹង​ជូន​គ្រូ​អស់​ម្ភៃ​ សាមសិប​ម៉ឺន​ ទិញ​ប្រដាប់​រៀប​កុងម៉ា​ទៀត​អស់​ហា​ ហុកសិប​ម៉ឺន​ គ្រាន់តែ​មើល​គាត់​មិន​ស្ទើរ​ទេ​ណា​…»​។​

ទាក់ទិន​នឹង​យល់​ការ​ដឹង​អំពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​គ្រឿង​វឹង​   យើង​បាន​ទៅ​ចុះ​ជួប​យុវជន​មួយ​ក្រុម​ដែល​មក​ចូលរួម​សិក្ខាសាលា​មួយ​ស្ដី​ពី​ ផល​ប៉ះពាល់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ ។​ ក្រុម​យុវជន​បាន​ បង្ហាញ​នូវ​ការ​យល់​ឃើញ​ថា​ គ្រឿង​ស្រវឹង​មិនមែន​ជា​សុភមង្គល​របស់​មនុស្ស​គ្រប់​រូប​ទេ​។​  ក្រុម​យុវជន​បាន​ទាមទារ​ឱ្យ​មានច្បាប់​ដ៏​តឹង​រឹង​មួយ​ដើម្បី​ជា​ឧបករណ៍​ ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​៕

Share

ព័ត៌មានទាក់ទង

Image