en     km
en     km

​ដោយសារ​មណ្ឌល​សុខភាព​នៅ​ឆ្ងាយ​ស្ត្រី​ពោះធំ​ម្នាក់​នៅ​ភូមិ​ខ្វាន់​ជាល​ស្លាប់​តាម​ផ្លូវ​

Share

ក្រចេះ៖ ​វត្ត​អារាម​ ផ្សារ​ សាលារៀន​ គឺជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​សម្រាប់​មូលដ្ឋាន​រស់នៅ​។​ ក្រៅពី​វត្ត​ដែល​ជា​កន្លែង​បូជា​តាម​ពុទ្ធសាសនា​ និង​សាលា​ជា​កន្លែង​បណ្តុះបណ្តាល​ចំណេះដឹង​ គឺ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ ទឹក​ភ្លើង​ មន្ទី​ពេទ្យ​ ក៏​ជា​តម្រូវ​ចំ​បាច់​សម្រាប់​បម្រើ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​ ចុះបើ​ភូមិ​មួយ​គ្មាន​មន្ទី​ពេទ្យ​ ឬ​មន្ទី​ពេទ្យ​នៅ​ឆ្ងាយ​តើ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​អ្វីខ្លះ​?​

​តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​ទៅ​៖

 

wmc-20-06-16-thum-01
​លោក​ ហ៊ុយ​ ចិន​ មេ​ភូមិ​ខ្វាន់ជាល ឃុំស្រែចារ ស្រុកឈ្នួល ខេត្តក្រចេះ។


​    ​បុរស​ម្នាក់​វ័យ​ប្រហែល​ជិត​ ៥០​ឆ្នាំ​ សម្បុរ​ស្រអែម​កំពុង​ឈរ​លាបថ្នាំ​ពណ៌​នៅ​របង​សាលា​បឋម​សិក្សា​ខ្វាន់​ជាល​ នោះ​គឺ​លោក​ ហ៊ុយ​ ចិន​ មេ​ភូមិ​ខ្វាន់​។​ លោក​និយាយ​ថា​ ក្នុងភូមិ​របស់​លោក​បាន​បង្កើត​ក្នុង​ឆ្នាំ​២០០៨​ ហើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្វាន់​ គឺជា​អ្នក​ចំណូល​ថ្មី​។​ បច្ចុប្បន្ន​លោក​ថា​ ប្រជាពលរដ្ឋ​សរុប​មាន​ចំនួន​៤០១​នាក់​ និង​មាន​ ១០៥​ គ្រួសារ​កំពុង​រស់នៅ​។​ លោក​បន្ត​ថា​ ភូមិ​នេះ​នៅ​ឆ្ងាយ​ពី​មន្ទី​ពេទ្យ​ប្រហែល​ជាង​ ២០​គីឡូ​ម៉ែ​ត​។​ លោក​ថា​ ពលរដ្ឋ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​នៅ​ពេល​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​អ្វីមួយ​ ជាក់ស្ដែង​កន្លង​មក​ស្ត្រី​ម្នាក់​បាន​ស្លាប់​ពេល​ឈឺពោះ​សំរាលកូន​ ព្រោះតែ​មន្ទី​ពេទ្យ​នៅ​ឆ្ងាយ​។​លោក​ ហ៊ុយ​ ចិន​៖«​ស្ត្រី​ម្នាក់​នឹង​ឈ្មោះ​ វ៉ា​ លី​ម​ ឈឺពោះ​ពី​ផ្ទះ​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​ ក៏​ស្លាប់​គ្មាន​ដោយ​ពេទ្យ​នៅ​ឆ្ងាយ​។​ ហើយ​យើង​ដឹក​គាត់​ទៅ​ដោយ​គោ​យន្ត​ វា​ពិបាក​»​។​

​ខណៈ​នេះ​យើង​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវលំ​មួយ​ដែល​ចាក់​គ្រោះ​ក្រហម​។​ យើង​បាន​ជួប​គ្រួសារ​របស់​ស្ត្រី​ម្នាក់​ដែល​ស្លាប់​ពេល​ធ្វើ​តាម​ផ្លូវ​ទៅ​មន្ទីរពេទ្យ​នោះ​។​ នាង​ស្លាប់​ដោយសារ​នាង​ធ្លាក់ឈាម​ខ្លាំង​ពេក​ ខណៈ​នាង​ឈឺពោះ​ឆ្លងទន្លេ​។​

​អ្នកស្រី​ ផុ​ន​ ឡុ​ង​ វ័យ​ ៥៥​ ឆ្នាំ​ត្រូវជា​ជា​ម្តាយ​ អ្នកស្រី​ វ៉ា​ លី​ម​ បាន​និយាយ​ថា​កូនស្រី​គាត់​បាន​ស្លាប់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​។​ អ្នកស្រី​រៀបរាប់​នឹក​ដល់​កូន​ដោយ​ទឹកភ្នែក​។​ គាត់​ដាក់​មុខ​ចិត្ត​បន្តិច​ ស្រាប់តែ​យំ​ភ្លាម​មួយ​រំពេច​។​អ្នកស្រី​ ផុ​ន​ ឡុ​ង​៖«​ឲ្យ​តែ​នឹក​ដល់​រឿង​និង​ខ្ញុំ​យំ​គ្រាន់តែ​ដើរ​កាត់​កន្លែង​បូជា​ឃើញ​ធ្យូង​ខ្ញុំ​ស្រណោះ​ណាស់​ ហេតុ​យើង​តែ​ក្រ​បានកូន​ខ្ញុំ​លុងខ្លួន​ដល់​ស្លាប់​ ដោយ​គ្មាន​អាចារ្យ​ ស្លាប់​ដោយ​គ្មាន​ពេទ្យ​»​។​

wmc-20-06-16-thum-02
​អ្នកស្រី​ ផុ​ន​ ឡុ​ង​ ត្រូវជា​ម្តាយ​ អ្នកស្រី​ វ៉ា​ លី​ម ដែលបានស្លាប់តាមផ្លូវពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យដើម្បីសម្រាលកូន។​

​ស្ត្រី​រូប​នេះ​បាន​យំ​ខ្សឹប​ខ្សួល​  ស្រណោះ​រូប​កាយ​កូនស្រី​ក្រោយ​ពី​បាត់​ជីវិត​នៅ​ ពេល​សម្រាលកូន​ដោយ​គ្មាន​គ្រូពេទ្យ​ជំនាញ​នៅ​ក្នុងភូមិ​។​ អង្គុយ​នៅ​ក្នុងផ្ទះ​ទ្រុឌទ្រោម​ប្រក​ស្បូវ​ ទំហំ​ប្រហែល​ ៤​ ម៉ែ​ត​គុណ​និង​ ៥​ ម៉ែ​ត​ អ្នកស្រី​ ផុ​ន​ ឡុ​ង​ បន្ត​ថា​ កូនស្រី​របស់​អ្នកស្រី​មាន​សុខភាព​មិនសូវ​ល្អ​ទេ​ ព្រោះ​មិនសូវ​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​។​ អ្នកស្រី​ថា​ ដោយសារ​មន្ទី​ពេទ្យ​នៅ​ឆ្ងាយ​ធ្វើ​អ្នកស្រី​គ្មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ដល់​ ហើយ​ណាមួយ​នៅ​ក្នុងភូមិ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ផង​ដែរ​។​អ្នកស្រី​ ផុ​ន​ ឡុ​ង​៖«​ខ្ញុំ​និយាយ​ឲ្យ​ជាក់​ចុះ​គ្រាន់តែ​ម៉ូតូ​កញ្ចាស់​មួយ​កង់​មួយ​គ្មាន​ផង​ ទម្រាំ​ង​ជួល​ម៉ូតូ​គេ​ ចម្ងាយ​នឹង​ទៅ​ឈ្នួល​គេ​យក​២​ម៉ឺន​រៀល​ ហើយ​គេ​ទំនេរ​បាន​គេ​ទៅ​បើ​មិន​ទំនេរ​គេ​មិន​ទៅ​ទេ​»​។​

​វ័យ​កាន់តែ​ចាស់ជរា​ណាស់​ទៅ​ហើយ​ បច្ចុប្បន្ន​អ្នកស្រី​ ផុ​ន​ ឡុ​ង​ ត្រូវ​ចិញ្ចឹម​ចៅ​ទាំង​ ៥​នាក់​ និង​ ស្វាមី​របស់​ដែល​កំពុង​មាន​ជំងឺ​ម្នាក់​ទៀត​។​ អ្នកស្រី​បន្ត​ថា​ ប្រសិនបើ​មាន​ពេទ្យ​នៅ​ក្នុងភូមិ​ គឺ​កូន​អ្នកស្រី​មិន​ស្លាប់​នោះ​ទេ​។​អ្នកស្រី​ ផុ​ន​ ឡុ​ង​៖«​យក​ទៅ​សង្គ្រោះ​មិន​ទាន់​ស្លាប់​តាម​ផ្លូវ​ទៅ​ហើយ​…​បើ​មាន​ពេទ្យ​នៅ​ជិត​កូន​អាច​សង្គ្រោះ​បាន​អត់​ស្លាប់​ទេ​ធានា​បាន​តែ​ម្តង​»​។​

wmc-20-06-16-thum-06
រូបថតអ្នកស្រី វ៉ា​ លី​ម​ បានស្លាប់ប្រហែលមួយឆ្នាំមកហើយ នៅពេលដែលអ្នកស្រីព្យាយាមមកមន្ទីរពេទ្យដើម្បីសម្រាលកូន។

​លោកយាយ​ទទូច​ឱ្យ​រដ្ឋាភិបាល​បង្កើត​មន្ទីរពេទ្យ​នៅ​ក្នុងភូមិ​ដាច់​ស្រយាល​មួយ​នេះ​ ដើម្បី​បង្ការ​ហេតុការណ៍​ដូច​កូនលោក​ទៀត​។​លោកយាយ​ ផុ​ន​ ឡុ​ង​៖«​ខ្ញុំ​ចង់បាន​មណ្ឌល​សុខភាព​មួយ​អញ​ចឹ​ង​ទៅ​ក្រែ​លោក​បងប្អូន​កូនចៅ​ គាត់​ឈឺ​យំ​ព្រលប់​កុំ​ឲ្យ​មាន​ហេតុការណ៍​ដូច​ខ្ញុំ​អ​ញ្ចឹ​ង​ទៀត​ណា៎​»​។​

មិន​ត្រឹមតែ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​បញ្ហា​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ​ តែ​ហេតុការណ៍​នេះ​ក៏​បាន​កើតឡើង​ចំពោះ​បុរស​ផង​ដែរ​។​ ជាក់ស្តែង​ស្ត្រី​ម្នាក់​ទៀត​ដែល​រស់នៅ​ក្នុងភូមិ​ឃុំ​ដូច​គ្នា​គឺ​ អ្នកស្រី​ វ៉ា​ ឡេ​ន​ បាន​និយាយ​ថា​ ប្តី​របស់​អ្នកស្រី​បាន​ស្លាប់​ចោល​អ្នកស្រី​ និង​កូនៗ​ ៣​នាក់​ទៀត​ រយៈពេល​ ៧​ ឆ្នាំ​មក​ហើយដោយ​សារ​គ្មាន​ពេទ្យ​សង្គ្រោះ​បន្ទាន់​ ហើយ​មន្ទី​ពេទ្យ​ក៏​នៅ​ឆ្ងាយ​ទៅ​ទៀត​។​ ​អ្នកស្រី​បន្ត​ថា​ អ្នក​ភូមិ​មាន​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​ខ្លាំង​ណាស់​ ព្រោះ​បើ​ឈឺ​នៅ​ពេល​យប់​ព្រលប់​មិនដឹង​ទៅ​រក​ពេទ្យ​នៅឯណា​ព្យាបាល​ ហើយ​មធ្យោបាយ​ធ្វើ​ដំណើរ​ក៏​មិន​សម្បូរ​។​ អ្នកស្រី​ វ៉ា​ ឡេ​ន​៖«​ គាត់​ចាប់ផ្ដើម​ចុកពោះ​ ខ្ញុំ​ក៏​ដាំទឹក​ក្តៅ​គាត់​ហូប​តែ​មិន​បាត់​ នៅ​តែ​មិន​បាត់​ខ្ញុំ​ក៏​ចាប់ផ្តើម​រក​គេ​ជួន​ទៅ​ពេទ្យ​បាន​តែ​ពាក់​កណ្តាលផ្លូវ​»​។​

wmc-20-06-16-thum-03
អ្នកស្រី​ វ៉ា​ ឡេ​ន អ្នកភូមិខ្វាន់ជាល។

​ស្ត្រី​មួយ​រួប​ទៀត​គឺ​អ្នកស្រី​ ពៅ​ នី​ម​ ជា​ម្តាយ​ដែល​មានកូន​តូច​ ២​នាក់​ បាន​និយាយ​ថា​ គាត់​ក៏​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ ព្រោះ​កូន​គាត់​តូចៗ​ដែល​ងាយ​កើត​ជំងឺ​ផ្សេងៗ​។​ អ្នកស្រី​ក៏​បាន​រំលឹក​ថា​ នៅ​ពេល​គាត់​មាន​ផ្ទៃពោះ​ដែល​ត្រូវធ្វើ​ដំណើរ​ជាង​ ២០​គីឡូ​ដើម្បី​ពិនិត្យ​ផ្ទៃពោះ​នៅ​ទីរួមស្រុក​ស្នួល​ គឺ​អ្នកស្រី​តែងតែមាន​អាកា​រៈ​ឈឺចាប់​ក្នុង​ពោះ​។​អ្នកស្រី​ ពៅ​ នី​ម​៖«​ខ្ញុំ​រាង​ឆ្អល់ពោះ​ពេល​មក​ដល់​ផ្ទះ​ខ្ញុំ​សម្រាក​ទៅ​បាន​វា​បាត់​វិញ​តែ​ពេល​ទៅ​ទៀត​ឈឺ​ទៀត​ បញ្ហា​សុខភាព​ខ្ញុំ​ភ័​ដែរ​និង​ណា​ពេល​យំ​មិនដឹង​ទៅ​រក​ពេទ្យ​ឯណា​»​។​

​ជុំវិញ​បញ្ហា​នេះ​អភិបាលខេត្ត​ក្រចេះ​ លោក​ ស​ ចំរុង​ មាន​ស្រ​សាសន៍​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ន​នេះ​ទើបតែ​មក​រស់នៅ​នោះ​ទេ​។​ តែ​ទោះបីជា​យ៉ាងណា​លោក​អះអាង​ថា​ ក្នុង​ឃុំ​ស្រែ​ចារ​មាន​ប៉ុ​ស្ត៍​សុខភាព​ និង​ មណ្ឌល​សុខភាព​រួច​ទៅ​ហើយ​។​ លោក​បន្ថែម​ថា​ តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ គឺ​ឃុំ​មួយ​មាន​មណ្ឌល​សុខភាព​មួយ​សម្រាប់​ថែទាំ​ និង​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ ហើយ​សម្រាប់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ត្រូវ​មាន​ប្រជាពលរដ្ឋ​ចាប់ពី​ ១០​ ម៉ឺន​នាក់​ទើប​អាច​ស្នើ​សូម​បង្កើត​មន្ទីរពេទ្យ​បាន​។​ លោក​ ស​ ចំរុង​ ៖«​ភូមិ​នេះ​ភូមិ​ថ្ម​ពេល​មុន​មាន​ផ្លូវ​ពិបាកធ្វើ​ដំណើរ​ តែ​ឥឡូវ​ផ្លូវ​ស្អាត​ហើ​មណ្ឌល​សុខភាព​ក៏​មាន​ដែរ​ នៅ​ប្រហែល​ជាង​១០​គីឡូ​ពី​ទី​នេះ​»​។​

wmc-20-06-16-thum-05
​អភិបាលខេត្ត​ក្រចេះ​ លោក​ ស​ ចំរុង​។

តែ​ទោះបីជា​យ៉ាងណា​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ ភាគច្រើន​នៅ​តែ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ ។​

​នៅ​កម្ពុជា​ទំលាប់​សម្រាលកូន​តាម​ក្បួន​បុរាណ​ គឺ​នៅ​តំបន់​ខ្លះ​នៅ​តែ​មាន​ ហើយ​កត្តា​លំបាក​មួយទៀត​នោះ​ ដែល​នាំ​ពលរដ្ឋ​អនុវត្ត​វិធី​ចាស់​បុរាណ​នេះ​ គឺ​បណ្ដាល​មក​ពី​ការ​ខ្វះ​មណ្ឌល​សុខភាព​ ៕​

Share

ព័ត៌មានទាក់ទង

Image