en     km
en     km

វិភាគ​៖ ​អ្វី​ទៅ​ហៅ​ថា​អំណាច​ប្រមូលផ្ដុំ​ និង​ អំណាច​អត្តា​ធិ​ប​តេ​យ្យ​ ?​

Share

ភ្នំពេញ៖ ​ឥទ្ធិពល​នៃ​ការ​ប្រមូលផ្តុំ​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ មិន​មែនមាន​រូបភាព​អវិជ្ជមាន​ទាំង​អស់នោះ​ទេ​ តែ​វា​ក៏​អាច​មាន​ភាព​វិជ្ជមាន​ផង​ដែរ​ ប្រសិនបើ​ការ​ប្រមូលផ្តុំ​អំណាច​នោះ​ ដើម្បី​រក្សា​ស្ថេ​រ​ភាព​សង្គម​ ដើម្បី​ពង្រឹង​នីតិរដ្ឋ​ និង​ដើម្បី​អភិវឌ្ឍ​សង្គម​ ផុស​ចេញពី​ឆន្ទៈ​ជា​មេ​ដឹក​ដែល​ចង់ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​មែន​នោះ​។​ ​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា​វិញ​ អ្នកវិភាគ​មើល ឃើញ​ថា​ ការ​ប្រមូលផ្តុំ​អំណាច​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​នយោបាយ​ បាន​ជះ​ឥទ្ធិពល​មក​លើ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋ​។​

យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ជា​សាធារណ​កាលពី​ថ្ងៃ​ទី​ ១៣​ មិថុនា​ ដោយ​ទទួលស្គាល់​ថា​ លោក​ពិតជា​បាន​ប្រមូលផ្តុំ​អំណាច​ពិតប្រាកដ​មែន​ ព្រោះ​លោក​សំអាង​ថា​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​មួយ​រូប​ បើ​មិន​មាន​អំណាច​ត្រួតត្រា​កងទ័ព​ ត្រួត​ត្រានរ​គ​បាល​ នោះ​ប្រទេស​ជាតិ​នឹង​អាណា​ធិ​ប​តេ​យ្យ​។​

​ក្នុង​ន័យ​នេះ​លោកនាយក​រដ្ឋមន្ត្រី​ចង់​សំដៅ​ថា​ ការ​ប្រមូលផ្តុំ​អំណាច​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​លោក​ គឺ​ដើម្បី​ធានា​នូវ​ស្ថេ​រ​ភាព​សង្គម​ និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ជាតិ​ឱ្យ​បាន​ល្អ​ប្រសើរ​។​

​តែ​បែប​នេះ​ក្ដី​ អ្នកវិភាគ​បញ្ហា​សង្គម​មើលឃើញ​ថា​ ការ​ប្រមូលផ្ដុំ​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​គឺ​មាន​ទិដ្ឋភាព​ពីរ​ខុស​គ្នា​ ។​ គាត់​ថា​ជា​អំណាច​អ​តា្ត​ធិ​ប​តេ​យ្យ​ ។​

hun-sen--tthm--14-06-16
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នាពិធីបំពាក់ស័ក្តដល់មន្រ្តីមូលដ្ឋាន។

​មិនមែន​ជា​កំហុសឆ្គង​នោះ​អ្វី​នោះ​ទេ​ នៅ​ពេល​ដែល​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​មួយ​ទទួល​រង​ឥទ្ធិពល​នៃ​បក្ស​កាន់​អំណាច​ ព្រោះថា​នៅ​ក្នុង​ប្រទេស​ប្រកាន់​លទ្ធ​ប្រជាធិបតេយ្យ​បាន​ផ្តល់​អំណាច​មួយ​ដល់​បក្ស​ដែល​ឈ្នះ​ឆ្នោត​គ្រប់គ្រង​អំណាច​រដ្ឋ​។​

​តែ​យ៉ាងណា​ក្តី​ របៀប​ចាត់ចែង​អំណាច​រដ្ឋ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ គេ​សង្កេត​ឃើញ​ថា​ អំណាច​នៃ​ការ​ប្រើប្រាស់​របស់​រដ្ឋ​បាន​ស្ថិត​នៅ​ក្រោម​អំណាច​បក្ស​ស្ទើរតែ​ទាំងស្រុង​ ពោល​គឺ​ស្ទើរតែ​គ្រប់​មន្ត្រី​នយោបាយ​ទាំងអស់​ តែងតែ​ទទួល​ការ​តែង​តាំង ពី​បក្សនយោបាយ​ដើម្បី​គ្រប់គ្រង​អំណាច​រដ្ឋ​។​ នេះ​បើ​តាម​លោក​បណ្ឌិត​ ចាន់​ វិបុល​ អ្នកជំនាញ​អភិបាលកិច្ច​ និង​ប្រជាធិប តេយ្យ​។​

​លោក​បណ្ឌិត​ ចាន់​ វិបុល​ បន្ថែម​ថា​ មន្ត្រី​មុខងារសាធារណ​ដូច​ជា​មន្ត្រី​តុលាការ​ មន្ត្រី​យោធា​ កងកម្លាំងប្រដាប់អាវុធ​ និង​មន្ត្រី​ស៊ី​វិល​ជាដើម​នោះ​ មិន​ត្រូវ​តែងតែ​ដោយ​គណបក្ស​នយោបាយ​នោះ​ទេ​។​ ​តែ​សម្រាប់​ប្រព័ន្ធ​រដ្ឋបាល​បច្ចុប្បន្ន​នេះ​ លោក​ ចាន់​ វិបុល​ សង្កេត​ឃើញ​ថា​ មន្ត្រី​សាធារណ​ភាគច្រើន​ ជា​ពិសេស​មន្ត្រី​ដែល​មានមុខ​ងារ​ធំៗ​ ភាគច្រើន​ពួក​គាត់​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​។​ លោក​ថា​ ប្រការ​នេះ​នាំ​ឱ្យ​ការ​បំពេញ​មុខងារ​របស់​មន្ត្រី​ទាំងនោះ​ ទទួល​នូវ​ឥទ្ធិពល​របស់​បក្សនយោ បាយ​ ជា​ជាង​មុខ​តំណែង​ដែល​ផ្តល់​ដោយ​រដ្ឋ​។​ លោក​ ចាន់​ វិបុល​៖«​ខ្ញុំ​មើលឃើញ​ទិដ្ឋភាព​បច្ចុប្បន្ន​នេះ​ គឺ​សំដៅ​រក្សា​អំណាច​របស់​មេ​បក្ស​ជា​ជាង​ការ​បំរើ​ទៅ​លើ​អធិបតេយ្យភាព​សង្គម​ ទៅ​លើ​សុខមាលភាព​សង្គម​ ឬ​ក៏​សនិ្ត​សុខ​សង្គម​។​ ហេតុ ផល​មួយ​ចំនួន​ដែល​យើង​សង្កេត​ឃើញ​ដោយសារ​តែ​ កម្លាំងប្រដាប់អាវុធ​មួយ​ចំនួន​ទទួល​ឥទ្ធិពល​អំពី​រដ្ឋាភិបាល​ដែល​ជា​មេ​បក្ស​របស់​លោក​ ហើយ​គាត់​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​ជា​ផលប្រយោជន៍​របស់​បក្សនយោបាយ​ បើ​ទោះបី​អ្នកដឹកនាំ​រដ្ឋ​ព្យាយាម​ពន្យល់​ថា​ នេះ​ជា​មុខងារ​របស់​រដ្ឋ​មិនមែន​មុខងារ​របស់​បក្សនយោបាយ​។​ តែ​ប្រសិនបើ​យើង​មើល​ពី​ហេតុផល​នៃ​ទំនាក់ទំនង​ខ្សែបន្ទាត់​នៃ​អំណាច​ យើង​ឃើញ​ថា​ការ​ប្រើប្រាស់​របស់​រដ្ឋ​បច្ចុប្បន្ន​នេះ​គឺ​បំរើ​ដើម្បី​ផលប្រយោជន៍​របស់​បក្ស​ច្រើន​លើសលប់​»​។​

Chan-vibol
​លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ច និងប្រជាធិបតេយ្យ។

មិន​ខុស​គ្នា​ពី​លោក​បណ្ឌិត​ ចាន់​ វិបុល​ នោះ​ទេ​ លោក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ សូ​ ច​ន្ថា​ ក៏​លើក​ឡើង​ដែរ​ថា​ ការ​ប្រមូល​អំណាច​នៅ​កម្ពុជា​បច្ចុប្បន្ន​មក​ដាក់​ក្នុង​ដៃ​នាយក​រដ្ឋមន្ត្រី​បែប​នេះ​ គឺ​កំពុង​តែ​ដើរ​ខុស​គន្លង​ក្រប​ខណ្ឌ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​ ដែល​លោក​ថា​ កម្ពុជា​នឹង​អាច​ឈាន​ទៅ​រក​របប​អត្តា​ធិ​ប​តេ​យ្យ​ ។​លោក​ សូ​ ច​ន្ថា​ បន្ថែម​ទៀត​ថា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហាក់​មាន​ឥទ្ធិពល​អំណាច​មក​លើ​ស្ថាន​ប័ន​ធំៗ​ជា​ច្រើន​ ដូច​ជា​ស្ថាប័ន​និ​តី​បញ្ញត្តិ​ ស្ថាប័ន​នីតិប្រតិបត្តិ​ និង​តុលាការ​ ព្រោះថា​ស្ថាប័ន​ទាំងនោះ​តែងតែ​ដុតដៃដុតជើង​ក្នុង​សកម្មភាព​ការងារ​ នៅ​ពេល​មាន​ប្រតិកម្ម​របស់​នាយក​រដ្ឋមន្ត្រី​។​ លោក​ សូ​ ច​ន្ថា​៖​«មើលទៅ​ស្ថាប័ន​ទាំងនេះ​ ហាក់ដូចជា​ធ្វើ​តម្រូវ​តាម​អ្វី​ដែល​ជា​ការ​លើក​ឡើង​និង​ជា​ការ​ចង់បាន​របស់​លោកនាយក​រដ្ឋមន្ត្រី​ច្រើន​ ជាង​ឈរ​ទៅ​លើ​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​នោះ​។​ ដូច្នេះ​យើង​មើលឃើញ​ថា​ អំណាច​ទាំង​អស់នោះ​ដែល​បែងចែក​ច្បាស់លាស់​ហាក់ដូចជា​មាន​តែ​ក្នុង​ច្បាប់​ទេ​ តែ​ការ​អនុវត្ត​ជាក់ស្តែង​វា​ហាក់ដូច​មិន​សម​ស្រប​ទៅ​តាម​ច្បាប់​នោះ​ទេ»​។​

អ្នកវិភាគ​បាន​សម្ដែង​ការ​យល់​ឃើញ​ដូចនេះ​ គឺជា​ការ​ឆ្លើយ​តប​នឹង​សំនួរ​មួយ​របស់​អ្នក​ព័ត៌មាន​ ដែល​ចោទសួរ​ពួក​គាត់​ថា​ តើ​អ្វី​ទៅ​ជា​អំណាច​ប្រមូលផ្ដុំ​ និង​អំណាច​អត្តា​ធិ​ប​តេ​យ្យ​ ខុស​គ្នា​ត្រង់​ណា​នោះ​?​

​ការ​បកស្រាយ​របស់​អ្នកវិភាគ​គឺ​ធ្វើ​ឡើង​ បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី​១៣​មិថុនា​ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​  សម្ដេច​ហ៊ុន​ សែន​ បាន​ប្រតិកម្ម​ចំពោះ​បុគ្គល​មួយ​ចំនួន​ ដែល​បាន​ហៅ​ការ​ដឹកនាំ​របស់​លោក​ថា​ បាន​ប្រមូលផ្តុំ​អំណាច​នៅ​ក្នុង​ដៃ​របស់​សម្ដេច​តែ​ម្នាក់​គត់​។​

ក្នុង​ពិធី​នេះ​ សម្តេច​ ហ៊ុន​សែន​ បាន​លើក​ឡើង​ថា​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​មេដឹកនាំ​គណបក្ស​នយោបាយ​ ការ​ប្រ មូល​អំណាច​គឺជា​រឿង​ត្រឹមត្រូវ​ ព្រោះ​ការ​ប្រមូល​អំណាច​របស់​លោក​ គឺ​ដើម្បី​រក្សា​ស្ថេ​រ​ភាព​ក្នុង​សង្គម​កុំឱ្យ​មាន​ភាព​អាណា​ធិ​ប​តេ​យ្យ​ ពោល​គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ក្នុង​សង្គម​។​សម្តេច​ ហ៊ុន​សែន​៖​«ហើយ​កន្លង​ទៅ​មាន​អ្នក​ភ័ន្ត​ច្រ​លំ​ទៀត​ ម្នាក់​នោះ​គេ​ថា​ អំណាច​ប្រមូលផ្តុំ​នៅ​លើ​មនុស្ស​ម្នាក់​។​ បើ​ធ្វើ​ប្រធាន​បក្ស​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ក្តាប់​មិន​បាន​ ចាំបាច់​ធ្វើ​ធ្វើ​អី្វ​។​ និយាយ​ឱ្យ​ច្បាស់​តែ​ម្តង​ ព្រឹក​មិ​ញ​មាន​ម្នាក់​គេ​ថា​អំណាច​វា​នៅ​លើ​មនុស្ស​ម្នាក់​ វា​នៅ​លើ​ម្នាក់​ហ្នឹង​មែន​ ផ្តាំ​ទៅ​បើ​ម្នាក់​ហ្នឹង​ត្រួតត្រា​កងទ័ព​មិន​បាន​ ត្រួត​ត្រានរ​គ​បាល​មិន​បាន​ ត្រួតត្រា​បក្ស​មិន​បាន​ អ​ញ្ចឹ​ង​បាន​សេចក្តី​ថា​ទុក​ឱ្យ​អាណា​ធិ​ប​តេ​យ្យ»​។​

​តែ​យ៉ាងណា​អ្នកវិភាគ​ខាងលើ​ផ្តល់​ជា​អនុសាសន៍​ថា​ រដ្ឋាភិបាល​ត្រូវ​ធានា​យ៉ាងណា​ឱ្យ​មាន​តុល្យភាព​អំណាច​ចំពោះ​មុខងារ សាធារណ​របស់​រដ្ឋ​ ដូច​ជា​ស្ថាប័ន​រដ្ឋាភិបាល​ ស្ថាប័ន​សភាជាតិ​ និង​ស្ថាប័ន​តុលា​ការ​។​

​ពួក​គាត់​ពន្យល់​ថា​ចំណែក​មន្ត្រី​កំពូលៗ​នៃ​កងកម្លាំងប្រដាប់អាវុធ​ ត្រូវ​ផ្តាច់ខ្លួន​ចេញពី​មន្ត្រី​បក្ស​ ពោល​គឺ​ត្រូវ​ឈរ​ជា​អ​ព្យា​ក្រឹត្យ​ មាន​ឯករាជ្យ​ភាព​ផ្ទាល់ខ្លួន​មិន​ចំណុះ​ក្រោម​ឥទ្ធិពល​បក្សនយោបាយ​។​ មួយវិញទៀត​ពួក​គាត់​ថា​ រដ្ឋាភិបាល​ក៏​គួរតែ​ព្យាយាម​រក​ប្រព័ន្ធ​ថ្មី​មួយ​ ដើម្បី​ផ្តាច់​ពី​ឥទ្ធិពល​របស់​បក្ស​ នៅ​ពេល​ដែល​បក្ស​មួយ​កាន់​អំណាច​ មាន​ន័យ​ថា​ប្រព័ន្ធ​នោះ​គឺជា​អំណាច​របស់​រដ្ឋ​ពិតប្រាកដ​។​  ចំណុច​គួរ​អនុវត្ត​មួយទៀត​ដែរ​ គឺ​មន្ត្រី​មុខងារសាធារណ​ទាំងអស់​ត្រូវ​ផ្តាច់ចំណង​ទំនាក់ទំនង​រវាង​ភាព​ជា​ម្ចាស់​នៃ​បក្សនយោបាយ​ ទៅ​ជា​ភាព​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​៕​

Share

ព័ត៌មានទាក់ទង

Image