en     km
en     km

មន្ត្រី​អា​ដ​ហុ​ក​៖​ ដោះ​លែង​ពួក​យើង​ទៅ​ បើ​ចង់​ឈ្នះ​ឆ្នោត​ខាង​មុខ​នេះ​!

Share

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​មិថុនា​នេះ​ សាលាឧទ្ធរណ៍​បាន​សម្រេច​ជំនា​ស់​មិន​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​ ៤​ នាក់​ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ម្នាក់​ បាន​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ ក្នុង​សំនុំរឿង​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន​សាក្សី​ពាក់ព័ន្ធ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​។​ មេធាវី​បញ្ជាក់​ថា​ នឹង​ប្តឹង​ទៅ​តុលាកា​កំពូល​ជំនា​ស់​ទៅ​និង​ការ​សម្រេច​របស់​ឧទ្ធរណ៍​ដើម្បី​ស្វែងរក​យុត្តិធម៌​។​ តែ​ទន្ទឹម​នេះ​ មន្ត្រី​សិទ្ធិ​មនុស្ស​​​អា​ដ​ហុ​ក​ម្នាក់​ ទទូច​ឱ្យ​បក្ស​កាន់​អំណាច​ដោះ​លែង​ពួក​គេ​ទៅ​ បើ​ចង់​ឈ្នះ​ឆ្នោត​ខាង​មុខ​នេះ​ ។​ យ៉ាងណា​ក៏​ដោយ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ថា​ ទាល់តែ​មានការ​សម្របសម្រួល​នយោបាយ​ ទើប​ពួក​គេ​អាច​នៅ​ក្រៅ​ឃុំ​បាន​។​

NEC_thum-011
មន្រ្តីសមាគមអាដហុកទាំង៤នាក់ ទើបចេញពីបន្ទាប់សវនាការនៃសាលាឧទ្ធរណ៍នៅថ្ងៃទី១៣មិថុនា។

​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​ ៤​ នាក់​មក​ពី​ពន្ធ​ធា​គារ​ព្រៃ​ស​ និង​ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប ចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ លោក​ នី​ ចរិយា​ មក​ពី​មន្ទី​ឃុំឃាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ហៅ​ថា​ PJ​ បន្តបន្ទាប់​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ មិថុនា​នេះ​ ដើម្បី​ស្តាប់​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​។​

​ក្រោយ​ពី​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ សាលាឧទ្ធរណ៍​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​និង​ មន្ត្រី​គ​.​ជ​.​ប​ សម្រាក់​បរិភោគ​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ ជាមួយ​ប្រពន្ធ​កូន​របស់​ពួក​គាត់​រយៈពេល​១៥​នាទី​ មុន​បញ្ជូន​ខ្លួន​ពួក​គាត់​ទៅ​ឃុំ ខ្លួន​វិញ​ បន្ទាប់​ពី​ពួក​គេ​បានដឹង​ថា​ សាលាឧទ្ធរណ៍​មិន​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​សិ​ទិ្ធ​មនុស្ស​ ទាំង​៤​ រូប​និង​លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​ គ​.​ជ​.​ប​ បាន​នៅ​ក្រៅ​ឃុំ​ឡើយ​។​

NEC_thum
ក្រុមគ្រួសាររបស់មន្រ្តីនៃសមាគមអាដហុក ដែលបានមកតាមដានមើលសវនាការ និងបានយកម្ហូបអាហារឱ្យប្តីរបស់ខ្លួន។

​លោក​ នី​ ចរិយា​ ដៃ​ទាំង​ពីរ​កំពុង​ជាប់​ខ្នោះ​ និង​ពាក់អាវ​អ្នកទោស​ពណ៌​ស្លា​ទុំ​ បាន​សម្តែង​ការ​ខកចិត្ត​ចំ​ ពោះ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ បដិសេធ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ប៉ុន្តែ​ លោក​ថា​ មេធាវី​លោក​នឹង​បន្ត​នីតិវិធី​ទៅ​សាលា​កំពូល​ទៀត​។​  លោក​ នី​ ចរិយា​ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ពេល​សមត្ថកិច្ច​បណ្តើ​រលោក​ចូល​ទៅ​ក្នុង​ឡាន​ថា​ លោក​មាន​បញ្ហា​សុខា​ភាព​គឺ​មាន​ ជំងឺលើសឈាម​ និង​បេះដូង​។​  លោក​ នី​ ចរិយា​ និយាយ​ថា​៖

«​តុលាការ​តម្កល់​សេចក្តីសម្រេច​របស់​សាលា ដំបូង​ ហើយ​រឿង​នេះ​ខ្ញុំ​ទុក​ឲ្យ​មេធាវី​ខ្ញុំ​ជាស​ម្រេច​។​ ខ្ញុំ​ទុក​ឲ្យ​ប្រជាជន​ អង្គការ​ជាតិ​ អន្តរជាតិ​គេ​យល់​ហើយ​»​​។​

ចំណែក​លោក​ យី​ សុខ​សាន​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ម្នាក់​ក្នុង​ចំណោម​ ៣​ នាក់​ទៀត​ លូកដៃ​ចេញ​តាម​បង្អួច​រថយន្ត​ដែល​មាន​រនាំង​ដែក​បាំង​មាន​តែរ​ន្ធះ​តូចៗ​នោះ​ លោក​បាន​លូក​ម្រាមដៃ​ចាប់ដៃ​កូនស្រី​របស់​លោក​ដោយ​និ​យា​ថា​ គាត់​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​។​ លោក​ក៏​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​មក​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ទាំង​ ៤​ ឲ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ​ឡើង​វិញ​។​ លោក​ យី​ សុខ​សាន​ និយាយ​ថា​៖​ «

​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​បទ​ចោទ​មក​លើ​សង្គម​ស៊ី​វិល​។​ជា​ពិសេស​ម​ន្ត្រី្ក​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់​»​​។​

NEC-thum-01
ដៃតូចស មានពាក់ខ្សែដៃពណ៌ខ្មៅនេះ ជាដៃរបស់កូនស្រីរបស់លោក យី សុខសាន ដែលកំពុងតែលូកម្រាមដៃព្យាយាមប៉ះឪពុករបស់ខ្លួន។

ចំណែក​លោក​ ណៃ​ វង់​ដា​ បាន​និយាយ​មួយៗ​ចេញពី​រថយន្ត​ដឹក​លោក​ត្រឡប់​ទៅ​ពន្ធ​គារ​ព្រៃ​ស​វិញ​ថា​ បើ​បន្ត​ឃុំខ្លួន​ពួក​គាត់​ទៀត​ គឺ​គណបក្សកាន់អំណាច​ នឹង​មិន​ឈ្នះ​ឆ្នោត​ឡើយ​។​ លោក​ ណៃ​ វង្ស​ដា​ ៖​

«​កាលណា​ឃុំ​យើង​កាន់តែ​យូរ​ លទ្ធិ​ភាព​ចាញ់ឆ្នោត​នៅ​ឆ្នាំ​ ២០១៧​និង​ ២០១៨​ កាន់តែ​ច្រើន​។​ អ​ញ្ចឹ​ង​ដោះ​លែង​ពួក​យើង​ទៅ​ល្អ​ជាង​។​ហាកដូចជា​រដ្ឋាភិបាល​ភ័យ​ខ្លាច​ពេក​ ដែល​យក​ពួក​យើង​ឃុំ​នៅ​ក្នុង​ពន្ធ​ធា​គារ​»​​។​

ជុំវិញ​បញ្ហា​នេះ​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ នី​ ចរិយា​គឺ​ លោក​ សំ​ សុ​គង់​ មាន​ប្រសាសន៍​ថា​ លោក​នឹង​ប្តឹង​សាទុក្ខ​ជំទាស់​ទៅ​សម្រេច​របស់​សាលាឧទ្ធរណ៍​ ដែល​បដិសេធ​មិន​ឱ្យ​កូនក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​ បើ​ទោះបីជា​កូនក្តី​របស់​លោក​បាន​ដាក់​ប្រាក់​តម្កល់​ និង​ធានា​ថា​មិន​រត់គេច​ខ្លួន​ និង​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​គ្រប់​នីតិវិធី​។

​លោក​មេធាវី​ សំ​ សុ​គង់​ បាន​បន្ថែម​ថា​ ការ​បដិសេធ​មិន​ឱ្យ​កូនក្តី​លោក​នៅ​ក្រៅ​ឃុំ​នេះ​ អាច​នឹង​ប៉ះពាល់​កិច្ចការ​បោះ​ឆ្នោត​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ម្នាក់​គឺ​ លោក​ នី​ ចរិយា​ ស្ថិត​នៅ​ក្នុង​មន្ទី​ឃុំឃាំង​នៅឡើយ​។​ លោក​មេធាវី​ សំ​ សុ​គង់​ ៖

«​នៅ​ពេល​កូនក្តី​ខ្ញុំ​ចេញ​មក​ ខ្ញុំ​បាន​ជួប​មក​ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​គាត់​ គាត់​និយាយ​ថា​ គាត់​មិន​ពេញ ចិត្ត​ដីកា​សម្រេច​និង​ទេ​ ហើយ​គាត់​និង​ឲ្យ​មេធាវី​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ឲ្យ​ធ្វើការ​ជំរុំ​ជម្រះ​ឡើ​ត​វិញ​ ឬ​សម្រេច​ក្តី​ឡើង​វិញ​ ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​គាត់​បាទ​»​​។​

NEC_thum.-01jpg
លោក សំ សុគង់ មេធាវីការពារក្តី។

​ចំណែក​ លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​ផ្នែក​អង្កេត​ស៊ើប​សិទ្ធិ​មនុស្ស​អង្គការ​លី​កាដូ​ មាន​ប្រសាសន៍​ថា​ សាលាឧទ្ធរណ៍​គួរតែ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ព្រោះ​ពួក​គេ​មាន​ទីលំនៅ​ច្បាស់លាស់​ មានមុខ​របរ​ និង​ដាក់​ប្រាក់​តម្កល់​ រួម​ទាំង​ធានា​ចូល ខ្លួនចំពោះ​មុខ​តុលាការ​ដោយ​មិន​រត់គេច​ទៅ​ណា​ឡើយ​។​

​លោក​ អំ​ សំអាត​ យល់​ថា​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​ ៤​ នាក់​ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ម្នាក់​ អាច​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​បាន​ ទាល់តែ​ស្ថានការណ៍​នយោបាយ​មាន​ភាពល្អ​ប្រសើរ​ជាង​នេះ​ ពោល​គណបក្ស​ធំៗ​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ មានការ​សម្របសម្រួល​ផ្នែក​នយោបាយ​ជាមួយ​គ្នា​ទើប​មាន​សង្ឃឹម​។​ លោក​ អំ​ សំអាត់​ ៖

«​យើង​ដឹង​ឲ្យ​ថា​អ្វី​ក៏​ដោយ​យើង​មិនសូវ​មាន​សង្ឃឹម​ដោយសារ​តែ​ ស្ថានភាព​នៃ​នយោបាយ​វា​កំពុង​តាន់តឹង​ខ្លាំង​ អ​ញ្ចឹ​ង​អញ​វី​ដែល​ការ​សម្រេច​ខ្ញុំ​យល់​ថា​ វា​អាច​មក​ពី​បរិបទ​នយោបាយ​កំពុង​ក្តៅ​គគុក​ផង​ដែរ​»​។​

​ការ​ចាប់​ឃុំខ្លួន​ករណី​លោក​ នី​ ចរិយា​ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ ៤​ រូប​ទៀត​នៃ​សមាគម​អា​ដ​ហុ​ក​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​ចាត់ទុកជា​រឿង​នយោបាយ​ ។​ ​ទាំង​សហរដ្ឋអាមេរិក​ សភា​សហភាព​អឺរ៉ុប​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ទាមទារ​ឱ្យ​កម្ពុជា​ ទំលាក់​ សំនុំរឿង​នេះ​ ប្រឆាំង​អ្នក​ទាំង​៥​រូប​នេះ​ រួម​មន្ត្រី​ សិទ្ធិ​មនុស្ស​ម្នាក់​របស់​ អង្គការសហប្រជាជាតិ​ជាតិ​ ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image