en     km
en     km

សហភាព​អឺរ៉ុប​បង្ហាញ​ពី​តួនាទី​របស់​ខ្លួន​នៅ​កម្ពុជា​តាម​រយៈ​ការ​បង្កើត​ព្រឹត្តិការណ៍​

Share

​ភ្នំពេញ​៖​ សហភាព​អឺរ៉ុប​ប្រកាស​ថា​ ដើម្បី​បង្ហាញ​ពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ក្នុង​ពិ​ភពលោក​ក្នុង​ទិវា​អ៊ឺ​រ៉ុ​ប​ឆ្នាំ​នេះ​ សហភាព​អឺរ៉ុប​បាន​រៀបចំ​ព្រឹត្តិការណ៍​មួយ​ចំនួន​រួម​មាន​ កម្មវិធី​ជិះ​កង់​កំ​សា​ន្ត​ក្នុង​ទីក្រុង​ភ្នំពេញ​ស​ម្តៅ​បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន​ ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​និង​ភព​ផែនដី​ទាំងមូល​ ។​

EU-Day--ENG-WMC
កម្មវិធី​ជិះ​កង់​កំ​សា​ន្ត​ក្នុង​ទីក្រុង​ភ្នំពេញ​ស​ម្តៅ​បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន​ ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​និង​ភព​ផែនដី​ទាំងមូល​ រៀបចំដោយសហភាពអ៊ឺរ៉ុប ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៦

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​គឺ​ថ្ងៃ​ទី​ ០៩​ ឧសភា​ គឺជា​ថ្ងៃ​ទិវា​អឺរ៉ុប​ ។​ ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ទូ​ទាំង​ពិភពលោក​ ដើម្បី​រម្លឹក​នូវ​សេចក្តីថ្លែងការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ Robert​ Schuman​ រដ្ឋមន្ត្រី​ប្រទេស​បារាំង​ នៅ​ថ្ងៃ​ទី​ ០៩​ ឧសភា​ ឆ្នាំ​១៩៥០​ ដែល​បាន​បើក​ទំព័រ​នៃ​ដំណើរការ​កសាង​សហភាព​អឺរ៉ុប​ ក្រោយ​ពី​ការ​បំផ្លិចបំផ្លាញ​ក្នុង​សង្គ្រាមលោក​លើក​ទី​២​។​

​លោក​ George​ Edgar​ ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ល្ងាច​ថ្ងៃ​ទី​ ០៥​ ឧសភា​ថា​ ក្រៅពី​កម្មវិធី​ជិះ​កង់​ សហភាព​អ៊ឺ​រ៉ុ​ប​នៅ​មាន​គម្រោង​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​នៃ​ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​

​លោក​ George​ Edgar​ ៖«​មនុស្ស​ជា​ច្រើន​នៅ​កម្ពុជា​បានឮ​អំពី​សហភាព​អ៊ឺ​រ៉ុ​ប​ ប៉ុន្តែ​ពួក​គេ​អាច​មិនដឹង​ថា​ពួក​យើង​ធ្វើ​អ្វីខ្លះ​នោះ​ទេ​។​ តាម​រយៈ​ព្រឹត្តិការណ៍​ជា​ច្រើន​ យើង​ព្យាយាម​ពន្យល់​និង​ចែករំលែក​ភាព​ជា​គំរូ​របស់​សហភាព​អឺរ៉ុប​ដែល​ផ្តោត​ទៅ​លើ​ សន្តិភាព​ ប្រជា​ធិ​តេ​យ្យ​ សាមគ្គីភាព​ និង​ការ​រួបរួម​ភាព​ចម្រុះ​»​។​

​ក្រៅពី​បង្ហាញ​ពី​ព្រឹត្តិការណ៍​នេះ​ លោក​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អ៊ឺ​រ៉ុ​ប​ក៏​បាន​ លើក​ឡើង​ពី​ជំនួយ​អឺរ៉ុប​សម្រាប់​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម​ ។​ លោក​បញ្ជាក់​បន្ថែម​ថា​ ៖«​ កិច្ចសហការ​របស់​យើង​ជាមួយ​កម្ពុជា​ នៅ​ឆ្នាំ​ក្រោយ​ឆ្នាំទៅ​មុខ​ទៀត​ហ្នឹង​ យើង​នឹង​ផ្តោត​កិច្ច​ការងារ​ជា​ច្រើន​ ក្នុង​នោះ​គឺ​ជួយ​ក្នុង​វិស័យ​នេសាទ​ក៏​ដូច​ជា​ការ​ស្តារ​ទាក់ទង​ជាមួយនឹង​ទន្លេ​ និង​ស្ទឹង​ផ្សេងៗ​ដែល​យើង​មាន​ ដោយ​ធ្វើការ​សហការ​ជំរុញ​យ៉ាងណា​ឱ្យ​មានការ​យកចិត្តទុកដាក់​ទៅ​លើ​ធនធាន​ទាំង​អស់នោះ​»​។​

​សូម​ជម្រាប​ថា​ ព្រឹត្តិការណ៍​ជិះ​កង់​ ក្រោម​ប្រធានបទ​«​រួម​គ្នា​ដើម្បី​ភព​ផែនដី​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ០៧​ ខែឧសភា​នៅ​ពហុ​កីឡាដ្ឋាន​អូ​ឡាំ​ពិ​ក​ ៕

Share

ព័ត៌មានទាក់ទង

Image