en     km
en     km

លោក​ ញឹក​ ប៊ុ​ន​ឆៃ​ ជា​ជាប់​ប្រធាន​ និង​លោក​ ទា​ ចំ​រ៉ាត់​ ជា​ប្រធានកិត្តិយស​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​

Share

cover-Nhoek-Bunchhai-at-congress
​ក្រោយ​ពី​ទទួល​បាន​លិខិត​យល់ព្រម​ពី​ក្រសួងមហាផ្ទៃ​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ បាន​ធ្វើ​សមាជ​សកល​លើក​ដំបូង​នៅ​ទីស្នាក់ការ​បក្ស​ សង្កាត់​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ។​ នៅ​ក្នុង​សមាជ​បក្ស​នេះ​ បាន​ជ្រើសរើស​មេដឹកនាំ​គណបក្ស​មាន​ លោក​ ញឹក​ ប៊ុ​ន​ឆៃ​ ជា​ប្រធាន​ លោក​ ទា​ ចំ​រ៉ាត់​ ជា​ប្រធានកិត្តិយស​ និង​លោក​ ខាន់​ សា​វឿ​ន​ ជា​អនុប្រធាន​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

​សមាជ​ជា​លើក​ដំបូង​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ បាន​សម្រេច​អនុម័ត​ បោះ​ឆ្នោត​ឱ្យ​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ ជាប់​ជា​ប្រធាន​គណបក្ស​រួបរួម​ជាតិ​ ចំណែក​លោក​ ទា​ ចំ​រ៉ាត់​ ជាប់​ជា​ប្រធានកិត្តិយស​ និង​លោក​ ខាន់​ សា​វឿ​ន​ បាន​ទទួល​តំណែង​ជា​អនុប្រធាន​  រួម​ទាំង​គណបក្ស​ប្រកាស​ទទួលស្គាល់​សមាជិក​ប្រមាណ​ ១៦០០​ នាក់​ នៅ​ទូ​ទាំង​រាជធានី​-​ខេត្ត​ផង​ដែរ​។​​

ថ្លែង​នៅ​ក្នុង​ពិធី​សមាជ​គណបក្ស​នេះ​ លោក​ ញឹក​ ប៊ុ​ន​ ឆៃ​ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ បាន​ប្រកាស​ នឹង​ទាមទារ​ទីស្នាក់ការ​នៅ​ទូ​ទាំង​ប្រទេស​មក​វិញ​ពី​សម្តេចក្រុមព្រះ​ ប្រធាន​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​បាន​ប្រកាស​ទៀត​ថា​ ការ​ធ្វើ​សមាជ​បក្ស​របស់​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ កាលពី​ថ្ងៃ​ទី​ ១៩​ ខែមករា​ ឆ្នាំ​ ២០១៥​ ខុស​ទៅ​នឹង​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ព្រោះ​សម្អាង​ថា​ ក្រសួងមហាផ្ទៃ​បាន​ឆ្លើយ​តប​ថា​ យល់ព្រម​ការ​ ស្នើ​សុំ​របស់​លោក​ពី​សមាជ​របស់​គណបក្ស​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​នា​ពេល​  កន្លង​មក​។​

លោក​ ញឹក​ ប៊ុ​ន​ឆៃ​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​ទើបបាន​ទទួល​បាន​លិខិត​ពី​ក្រសួងមហាផ្ទៃ​ដែល​យើង​ទាំងអស់​គ្នា​បាន​ស្នើ​សុំ​ធ្វើ​ស​មោឃភាព​សមាជ​បក្ស​របស់​សម្តេចក្រុមព្រះ​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ថា​ខុស​ទៅ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ »​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ លោក​ ញ៉េ​ប​ ប៊ុ​ន​ជិន​ បាន​បដិសេធ​ទាំងស្រុង​ទៅ​នឹង​ការ​លើក​ឡើង​ របស់​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ថា​ ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​ធ្វើ​មោឃភាព​សមាជ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​កាលពី​ឆ្នាំ​២០១៥​ កន្លង​ទៅ​។​

​ចំណែក​បញ្ហា​ទីស្នាក់ការ​ចំនួន​ ២១​ រាជធានី​-​ខេត្ត​វិញ​ អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ «​ទីស្នាក់ការ​ចំនួន​ ២១​រាជធានី​ ខេត្ត​ គឺ​ គឺជា​កម្ម​សិទ្ធ​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ពោល​គឺ​គ្មាន​នរណា​ម្នាក់​ប្រគល់​ទៅ​ឱ្យ​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ដែល​ទើបតែ​បង្កើត​ថ្មី​នេះ​ឡើយ​»​។​

​លោក​ ញ៉េ​ប​ ប៊ុ​ន​ជិន​ និយាយ​ថា​៖​ «​ឥឡូវ​ហ្នឹង​គាត់​ប្រាប់​ថា​ កុំ​ភ័យ​សមាជ​ហ្នឹង​គេ​លុប​ចោល​ហើយ​ ទីស្នាក់ការ​ ២១​ ខេត្ត​ផ្សេងៗ​ គេ​ប្រគល់​មក​ឲ្យ​គណបក្ស​គាត់​ហើយ​ គេ​អត់​ធ្វើ​អ​ញ្ចឹ​ង​កើត​ទេ​ ប្រទេស​មានច្បាប់​ នីតិរដ្ឋ​ អ​ញ្ចឹ​ង​អ្វី​ដែល​ឯក​ត្តម​ ញឹក​ ប៊ុ​ន​ឆៃ​ មាន​ប្រសាសន៍​ថា​ គាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ជាមួយ​ក្រសួងមហាផ្ទៃ​ហើយ​ បញ្ហា​និង​ខ្ញុំ​ទុក​ឱ្យ​ផ្លូវច្បាប់​ក្រសួងមហាផ្ទៃ​គេ​មិន​អាច​ទុក​ឱ្យ​មនុស្ស​ទៅ​និយាយ​ផ្តេះផ្តាស់​ទេ​»​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​លើក​ឡើង​ថា​ ជុំវិញ​ការ​បែកបាក់​គ្នា​រវាង​ លោក​ ញឹក​ ប៊ុ​ន​ឆៃ​ និង​សម្តេច​ក្រម​ព្រះ​នេះ​ គ្មាន​ផល​ចំណេញ​អ្វី​ដល់​អ្នកគាំទ្រ​របស់​គណបក្ស​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ ឡើយ​ ដោយសារ​តែ​បក្ស​ទាំង​ពីរ​នេះ​ គ្មាន​គោលនយោបាយ​អ្វី​ថ្មី​ខុស​ពី​គណបក្ស​ដទៃ​។​

congress-of-Khmer-National-United-Party--KNUP
​សូម​បញ្ជាក់​ថា​ លោក​ ញឹក​ ប៊ុ​ន​ឆៃ​ បាន​សម្រេច​ចាកចេញ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដែល​ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ កាលពីដើម​ខែកុម្ភៈ​។​ ការ​ដើរ​ចេញ​នេះ​ ក្រោម​ហេតុផល​ថា​ លោក​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​សម្ដេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ដែល​បាន​គាបសង្កត់​មក​លើ​ខ្លួន​ និង​មន្ត្រី​បក្ស​មួយ​ចំនួន​ទៀត​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នកវិភាគ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​ ការ​ឈ្លោះ​គ្នា​នៅ​ពេល​នេះ​ គឺជា​ការ​រុញច្រាន​ឱ្យ​អនាគត​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ រំកិល​ទៅ​រក​មាត់ជ្រោះ​មរណៈ​កាន់តែ​កៀក​ឡើងៗ​ មាន​ន័យ​ថា​ គណបក្ស​នេះ​ មិន​ត្រឹមតែ​បាត់បង់​អស់​អាសនៈ​ប៉ុណ្ណោះ​ទេ​ តែ​រូបភាព​ និង​ក្តី​ស្រឡាញ់​ចំពោះ​គណបក្ស​រាជា​និយម​ កាន់តែ​រសាត់​ឆ្ងាយ​បន្តិច​ម្តងៗ​ពី​បេះដូង​នៃ​ពលរដ្ឋ​ខ្មែរ​៕

Share

ព័ត៌មានទាក់ទង

Image