en     km
en     km

កុមារីជនជាតិដើមភាគតិចក្នុងតំបន់ដាច់ស្រយាលខេត្តមណ្ឌលគិរីសម្រេចបោះបង់ការសិក្សាខណៈសាលារៀននៅឆ្ងាយនិងជីវភាពខ្វះខាត

Share

មណ្ឌលគិរី៖ សាលានៅឆ្ងាយពីផ្ទះ ខ្វះមធ្យោបាយធ្វើដំណើរ និងកត្តាជីវភាពខ្វះខាត បញ្ហាទាំងនេះបានរុញច្រានឱ្យកមារីជនជាតិដើមភាគតិចព្នងមួយចំនួនក្នុងតំបន់ដាច់ស្រយាលនៃខេត្តមណ្ឌលគិរីត្រូវបោះបង់ចោលការសិក្សាត្រឹមថ្នាក់បឋមសិក្សា ដើម្បីជួយឪពុកម្តាយដោះស្រាយជីវភាពគ្រួសារ។ នេះបើតាមការឱ្យដឹងពីគ្រូបង្រៀន ក្មេងស្រីនិងឪពុកម្តាយ ក្នុងភូមិតូចមួយនៃភូមិភាគឦសានខេត្តមណ្ឌលគិរី ដែលក្រុមការងារវិទ្យុស្រ្តីបានជួបសម្ភាសន៍។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ឃ្វិះ ផលឡា និង រម៉ាស់ រស្មី និងជូនសេចក្តីរាយការណ៍ដោយកញ្ញា យឿន ស្រីមុំ ដូចតទៅ!

ភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ជាភូមិតូចមួយមានទីតាំងស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយនាភូមិភាគឦសាននៃប្រទេស កម្ពុជា។ តំបន់នេះសម្បូរដោយជនជាតិដើមភាគតិចព្នងរស់នៅ ដោយមិនសូវមានជនជាតិខ្មែរឬជនជាតិផ្សេងៗរស់នៅទីនោះទេ ហើយក៏មិនសូវមានមនុស្សម្នាស្គាល់ច្រើននោះដែរ ដ្បិតតំបន់នេះនៅឆ្ងាយពីទីរួមខេត្តមណ្ឌលគិរី។

ដោយឡែក ទេសភាពវិញនៅភូមិមួយនេះ សម្បូរទៅដោយព្រៃឈើខៀវស្រងាត់ ហើយពុំសូវមានកន្លែងលក់ម្ហូបអាហារ ឬទីកន្លែងកំសាន្ដច្រើននោះទេ ពោលគឺមានតែផ្ទះជនជាតិដើមភាគតិច វាលស្រែ និងព្រៃឈើអមសងខាងតែប៉ុណ្ណោះ។

ទេសភាពព្រៃភ្នំ ជ្រោះជ្រោជ្រលងដងអូរដ៏ស្រស់ត្រកាល អមដោយសំឡេងបក្សីយំត្រហឹងរំពងព្រៃ អាចជាផ្ទាំងទស្សនីយភាពនៃអ្នកទេសចរណ៍ដែលបានទៅដល់ទីនោះ។ ក៏ប៉ុន្តែសម្រស់ធម្មជាតិទាំងនេះ ហាក់ពុំសូវមានន័យសម្រាប់កុមារៗជនជាតិដើមភាគតិចព្នងដែលរស់នៅតំបន់នោះប៉ុន្មាននោះទេ ដ្បិតថា ក្មេងៗត្រូវដើរឬធាក់កង់ចម្ងាយរាប់សិបគីឡូម៉ែត្រដើម្បីទៅសាលារៀនឱ្យទាន់ពេល ណាមួយបារម្ភពីសុវត្ថិភាពផងពិសេសក្មេងស្រីៗ។

សកម្មភាពសិក្សារបស់ក្រុមកុមារីនៅសាលាបឋមសិក្សាស្រែថាស់ភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។រូបភាពដោយ ផលឡា។ 

ក្មេងស្រីជនជាតិដើមភាគតិចនៅទីនោះ មិនសូវទទួលបានការសិក្សាបានពេញលេញនោះទេ​ ពោលគឺមិនសូវមានឱកាសអាចបន្តការសិក្សាបានដល់ថ្នាក់ទី៩ ឬទី១២ នោះឡើយ ដោយសារចាស់ទុំឬឪពុកម្ដាយខ្លះ ប្រកាន់ភ្ជាប់ផ្នត់គំនិតដែលមិនសូវចង់ឱ្យកូនស្រីរៀនបានខ្ពង់ខ្ពស់។ នេះជាការលើកឡើងរបស់លោក សុទ្ធ សុភ័ក្រ ជាជនជាតិខ្មែរនិងជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្រែថាស់ ស្ថិតនៅក្នុងភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី   ដែលក្រុមការងារវិទ្យុស្រ្តីបានជួបសម្ភាសន៍។

លោកគ្រូបានលើកឡើងបន្ថែមយ៉ាងដូច្នេះថា«ផ្នត់គំនិតក្នុងគ្រួសារគឺគាត់គិតថារៀនទៅអត់បានអ្វីច្រើនទេ ហើយគាត់សង្កេតថាអ្នកខ្លះទៅគ្នារៀនមករៀនចប់មកអត់ទាន់មានការងារធ្វើអីទេ គ្នាទើបចប់ ចឹងគាត់ថាហ្ហឺសគេរៀនចប់ហើយអត់មានការងារធ្វើផង ចឹងមិនបាច់ប្រឹងរៀនច្រើនធ្វើអី។ ណ្ណឹងជាចំណុចបញ្ហមួយដែលគាត់គិតឃើញ គាត់ដឹងតែថាឃើញភ្លាមវាយតម្លៃយកតែម្ដង គាត់គិតតែផ្នត់គំនិតពីដើមគាត់គិតថាមិនដឹងរៀនច្រើនធ្វើអីទេ រៀនយូរទៅដឹងរៀនធ្វើអីផងដឹងបានអីមកវិញផង លោកគ្រូឯងរៀនមានប្រាក់ខែកូនខ្ញុំរៀនអត់មានប្រាក់ខែផង»។

លោកគ្រូ សុភ័ក្រ បន្តលើកឡើងទៀតថា កត្ដាមួយទៀតដែលនាំឱ្យសិស្សស្រីឈប់រៀន អាចមកពីកត្ដាគ្រួសារមិនជំរុញឲ្យកូនទៅសិក្សារៀនសូត្រ ក្មេងស្រីជនជាតិដើមភាគតិចមានការខ្មាស់អៀនច្រើន ពោលមិនហ៊ានប្រឈមមុខនឹងមនុស្សប្លែកមុខ។ តែជាការសង្កេតរបស់លោកគ្រូនារយៈពេលចុងក្រោយនេះ លោកសង្កេតឃើញមានការផ្លាស់ប្ដូរជាងមុន ដូចជាការមកសិក្សារៀនសូត្រ ការធ្វើអនាម័យខ្លួនប្រាណបានល្អប្រសើរជាងមុនច្រើននៅពេលបច្ចុប្បន្ននេះ។

លោក សុទ្ធ សុភ័ក្រ ជាជនជាតិខ្មែរនិងជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្រែថាស់បានមកបង្រៀននៅសាលាជនបទដាច់ស្រយាលដើម្បីលើកស្ទួយគុណភាពអប់រំនៅតាមជនបទ។រូបភាពដោយ ផលឡា។ 

មិនថាតែសិស្សប្រឈមការលំបាកនោះទេ តែសម្រាប់លោកគ្រូ សុភ័ក្រ ក៏ប្រទះការលំបាកពេលបង្រៀនសិស្សជាជនជាតិដើមភាគតិចផងដែរត្រង់ការប្រើភាសានិយាយជាមួយសិស្ស។ ត្រង់ចំណុចនេះ លោកគ្រូសំណូមពរទៅដល់អាណាព្យាបាលឲ្យយកចិត្ដទុកដាក់ទៅលើការសិក្សារបស់កូនៗឲ្យបានច្រើន កុំហាមឃាត់កូនមិនឲ្យរៀនសូត្រ និងត្រូវផ្ដល់តម្លៃដល់ការសិក្សានិងជំរុញឲ្យកូនៗមករៀន។«និយាយរួមទៅបើយើងនិយាយថាក្មេងស្រីឈប់ច្រើនជាងទីមួយ កត្ដាទីមួយគ្រួសារគាត់អត់គិតវែងឆ្ងាយភាគច្រើនគាត់គិតត្រឹមថាហ្ហឺស រៀនត្រឹមប៉ុណ្ណឹង​បានហើយចេះប៉ុណ្ណឹងតិចតួចបានហើយ មិនបាច់ច្រើនពេកទេ។ ចំណុចទីពីរគាត់អត់ជម្រុញកូនទេ គឺចង់ឈប់ឈប់ចង់រៀនៗចឹងទេ មួយចំនួនទេមិនថាទាំងអស់ទេ ហើយមួយទៀតសិស្សស្រីនឹងគឺធម្មតាយើងដឹងស្រាប់ហើយស្រីគ្នាមិនដូចមនុស្សប្រុសទេ គាត់អៀនគាត់ខ្មាស់ច្រើន ចំណុចនឹងមួយក៏គាត់មិនសូវរៀនដែរ។ ការសិក្សារៀនសូត្រការចេះអនាម័យខ្លួនឯងអីចឹងហាស ហើយគាត់អត់សូវលក្ខណៈខ្លាចដូចពីមុនពេកហាស។  ពីមុនឃើញអីប្លែកមិនស្រួលរត់ម៉ង គឺគាត់អត់សូវហ៊ានជួបទេ ជួនកាលគាត់ហ៊ានជួនកាលគាត់អត់។ដូចខ្ញុំគ្រូខ្ញុំអត់សូវចេះខាងជនជាតិភាគតិច ហើយខាងគាត់អត់សូវចេះរបស់ខាងន័យខ្មែរចឹងគាត់អាចទាក់ទឺច្រើនហើយពេលយើងពន្យល់ទៅ ជួនខ្លះទៅយើងពន្យល់ជាភាសាខ្មែរគាត់អត់យល់ ទាល់តែនិយាយជាភាសាគាត់អានឹងបានគាត់យល់ខ្លះវាពិបាកចឹង។ សម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់ឲ្យអាណាព្យាបាលណ្ណឹងគួរតែយល់ដឹងពីការសិក្សារៀនសូត្រ ណ្ណឹងផ្ដល់តម្លៃឲ្យកូនមករៀនកុំឃ្វាត់ឃាំង»។

ក្នុងរឿងរ៉ាវនេះសិស្សស្រីម្នាក់ដែលបានឈប់រៀនត្រឹមថ្នាក់ទី ៦ គឺកុមារី ក្រែត ខ្និច អាយុ១៤ឆ្នាំ ជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ប្រាប់ថា មូលហេតុដែលបោះបង់ការសិក្សា ដោយសារតែខ្វះមធ្យោបាយធ្វើដំណើរ ហើយសាលារៀនឆ្ងាយពីផ្ទះ។ បច្ចុប្បន្នកុមារីរូបនេះ នៅផ្ទះជួយកិច្ចការងារផ្ទះ និងធ្វើការងារស្រែចម្ការជំនួសឪពុកម្ដាយ។ យ៉ាងណាកុមារីរូបនេះ បន្តថារូបគេចង់ត្រឡប់ទៅសិក្សាវិញដូចមុន ករណីមានការឧបត្ថម្ភផ្គត់ផ្គង់ការសិក្សា ព្រោះឪពុកម្ដាយគ្មានលទ្ធភាពឪ្យបន្តការសិក្សាបានទៀត។៖«មូលហេតុខ្ញុំឈប់រៀនដោយសារអត់មានម៉ូតូជិះ ផ្លូវឆ្ងាយពីផ្ទះហើយអត់មានបងប្អូននៅជិតសាលារៀន អត់មានផ្ទះដេកនៅនោះ ខាងមុខខ្ញុំជួយពុកម៉ែធ្វើការដូចជា ធ្វើស្រែធ្វើចំការ ជួយដាំបាយធ្វើម្ហូបមើលប្អូនលាងចានលាងឆ្នាំង។ខ្ញុំក៏ចង់ត្រឡប់ទៅរៀនវិញដែរបើសិនមានអ្នកជួយ ខ្ញុំរៀនឈប់ឥឡូវជួយពុកម៉ែ ធ្វើស្រែធ្វើចំការតែប៉ុណ្ណឹងទេ ចង់ឲ្យគេជួយដើម្បីឲ្យបានរៀនតទៅមុខ សំណូមពរឲ្យគេជួយឧបត្ថមមានអន្ដេរដេក ចង់មានម៉ូតូជិះ កង់ជិះ គ្រួសាខ្ញុំមានប្រាំមួយនាក់ ប្អូនប្រុសខ្ញុំបានរៀនដោយសារវាមិនចេះមើលប្អូនតូច»។​

កុមារី ក្រែត ខ្និច ត្រូវមកជួយឪពុកម្តាយធ្វើចម្ការក្រោយឈប់រៀនត្រឹមថ្នាក់ទី៦។រូបភាពដោយ ផលឡា។ 

អ្នកស្រី ចាំង ដើយ ជនជាតិដើមភាគតិចព្នងដែលត្រូវជាម្តាយរបស់កុមារីខាងលើនិយាយថា មូលហេតុអ្នកស្រីនិងស្វាមីសម្រេចឱ្យកូនស្រីឈប់រៀន ព្រោះបញ្ហាសាលារៀននៅឆ្ងាយពីផ្ទះ ហើយគ្រួសារក៏ខ្វះលទ្ធភាពទិញមធ្យោបាយធ្វើដំណើរឱ្យកូនបន្តការសិក្សានៅថ្នាក់អនុវិទ្យាល័យ។ អ្នកស្រីបន្ថែមថា រវាងកូនស្រីនិងកូនប្រុសអ្នកស្រីឲ្យទៅរៀនស្មើៗគ្នា តែសារខ្វះលទ្ធភាពផ្គត់ផ្គង់ការសិក្សាទើបត្រូវសម្រេចចិត្តឱ្យកូនខ្លះត្រូវឈប់រៀន ដើម្បីជួយជ្រោមជ្រែងជីវភាពគ្រួសារ។

អ្នកស្រី ចាំង ដើយ«កូនមីង​​ហាស ឈប់រៀនដោយសារអត់មានម៉ូតូជិះទេ ហើយសាលារៀនឆ្ងាយពីផ្ទះ អត់មានផ្ទះដេកនៅនោះ ។អត់បងប្អូននៅនោះទើបខ្ញុំឲ្យវាឈប់រៀន ហើយបើតាមគេរៀនសុំជិះជាមួយគេគេអត់ឲ្យដោយសារ ពេញម៉ូតូគេ ​ហើយកូនមីង​វាជួយដូចជា ​ដាំបាយធ្វើម្ហូបមើលប្អូន ពេលខ្ញុំធ្វើការងារស្រែចំការជាមួយឪវា ។លាងចានលាងឆ្នាំងមើលជ្រូក​ ខ្ញុំសំណូមពរឲ្យគេជួយជាកង់ជិះក៏បានឲ្យតែមានខ្ញុំទទួលយកទាំងអស់  គ្មានអីជិះទេទើបខ្ញុំឲ្យវាឈប់រៀនម្យ៉ាងទៀតកូនស្រីខ្ញុំតែមួយ ខ្ញុំក៏ចង់ឲ្យស្មើរគ្នាទាំងអស់។ ​បើសិនជាមានម៉ូតូជិះខ្ញុំឲ្យកូនខ្ញុំ​រៀនស្មើរៗដោយសារអត់មានម៉ូតូជិះទេទើបឲ្យវាឈប់រៀន ចំណែកធ្វើការងារខ្ញុំខំពីរនាក់ឪវាប្រឹងប្រែងពីរនាក់ប្ដីប្រពន្ធ អ្នកដែលរៀនមានបីនាក់ កូនខ្ញុំទាំងអស់មានបួននាក់»។​​​

អ្នកស្រី ចាំង ដើយ សម្រេចឱ្យកូនឈប់រៀនខ្លះដើម្បីជួយប្រកបការងារដោះស្រាយជីវភាព។រូបភាពដោយ ផលឡា។ 

របាយការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា ស្តីពីការបោះបង់ចោលការសិក្សារបស់សិស្សក្នុងឆ្នាំសិក្សា២០២១-២០២២ បានបង្ហាញពីកត្តាមួយចំនួនដែលនាំសិស្សសម្រេចចិត្តមិនបន្តការសិក្សា។ ក្នុងនោះគឺកត្តាសិស្សខ្លួនឯង ដែលហាក់លែងមានអាម្មរណ៍ក្នុងការរៀនសូត្រ និងមិនសូវឱ្យតម្លៃលើសាលារៀន ពោលគឺពុំសូវមានភាពជឿជាក់លើថាខ្លួនអាចជោគជ័យពីការសិក្សារៀនសូត្រ។ មួយទៀត គឺកត្តាគ្រួសារ កុមារដែលស្ថិតក្នុងគ្រួសារដែលមានជីវភាពក្រីក្រងាយប្រឈមនឹងការបោះបង់ការសិក្សា ព្រោះត្រូវផ្លាស់ទីលំនៅតាមឪពុកម្តាយ ហើយកុមារខ្លះត្រូវឈប់រៀនតាមការសម្រេចចិត្តរបស់អាណាព្យាបាល។

ក្នុងនោះផងដែរ បញ្ហាសមត្ថភាពគ្រូ កម្រិតនៃកម្មវិធីសិក្សាលំបាកខ្លាំង វិធីសាស្ត្របង្រៀនមិនមានភាពទាក់ទាញ និងកត្តាសាលារៀននៅឆ្ងាយ ក៏ជាមូលហេតុនៃការបោះបង់ចោលការសិក្សារបស់សិស្សផងដែរ។

ក្មេងស្រីជនជាតិដើមភាគតិចបរិភោគបាយជួបគ្នាក្រោយធ្វើចម្ការរបស់ខ្លួន។រូបភាពដោយ ផលឡា។ 

តាមការសង្កេតរបស់លោក សុទ្ធ សុភ័ក្ដ្រ ស្ថានភាពសិស្សស្រីដែលឈប់រៀន គឺអាចមកពីការជួយទុក្ខធូរៈក្នុងគ្រួសារ ពោលគឺត្រូវមើលប្អូនៗមើលថែផ្ទះសម្បែងនិងធ្វើការងារជំនួសឪពុកម្ដាយជាដើមដើម្បីចំណូលគ្រួសារ។ ជាងនេះ ផលលំបាករបស់ក្មេងស្រីក្នុងសហគមន៍ជនជាតិដើមភាគតិចដែលត្រូវជួបប្រទះក្រោយបញ្ឈប់ការសិក្សា បើតាមលោកគ្រូ សុភ័ក្រ្ត គឺក្មេងស្រីអាចត្រូវបានរៀបការទាំងវ័យក្មេង ហើយការរៀបការវ័យក្មេងនេះ ជាហេតុនាំឱ្យក្មេងស្រីត្រូវប្រឈមបញ្ហានានាផ្សេងទៀតក្នុងដំណើរជីវិត។«សិស្សស្រីភាគច្រើនគឺគាត់ជួយមើលប្អូនធ្វើកិច្ចការជំនួសឪពុកម្ដាយ បើនិយាយពីការប្រឈមបញ្ហាណ្ណឹង អាណ្ណឹងជាខាងកូនសិស្ស អត់សូវបានតាមដានដឹងទេណាស់ ប៉ុន្ដែគ្រាន់ថាធម្មតាបើយើងអត់បានរៀនសូត្រទេ អ្វីដែលយើងប្រឈមណ្ណឹងគឺមានច្រើន តាំងពីគ្រួសារពិបាកតាំងពីបញ្ហសង្គម ពេលខ្លះជួបបញ្ហាអត់មានដំណោះស្រាយ ដោយសារអត់សូវមានចំណេះដឹងក្នុងខ្លួន បារឿងភាគច្រើនគឺគាត់ដូចថាមិនទាន់គ្រប់អាយុរៀបការទេ ប៉ុន្ដែធ្វើមិចបើគាត់ចង់រៀបការ ហើយពិសេសដូចជានៅជនជាតិភាគតិចលក្ខណៈថាពេលដែលគាត់រៀនៗចឹងទៅឈប់រៀន ភាគច្រើនគឺគាត់ឈប់រៀនគឺគាត់យកគ្រួសារ នេះជាចំណុចមួយរបស់គាត់យើងដែរ មិនដឹងថាមូលហេតុអ្វីទេយើងអត់ដឹងដែរ ប៉ុន្ដែបើយើងចុះតាមដានទៅដូចជាមិនមានបញ្ហ ប៉ុន្ដែមិនដឹងមិចស្ងាត់ៗគឺភាគច្រើនគឺការតែម្ដងទាំងដែលមិនគ្រប់អាយុអីទាំងអស់ ណ្ណឹងជាចំណុចដែលយើគិតថាពិបាក»។

ក្មេងស្រីប្រុសជនជាតិដើមភាគតិចជួបជុំគ្នាធ្វើដីត្រឹមដាំដុះក្រោយទំនេរពីការសិក្សា។រូបភាពដោយ ផលឡា។ 

របាយការណ៍របស់ក្រសួងបង្ហាញទៀតថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាធ្លាប់ប្រាប់វិទ្យុស្រ្តីថា ក្រសួងបាននិងកំពុងបន្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីរួមចំណែកកាត់បន្ថយសិស្សបោះបង់ការសិក្សានៅតំបន់ជួបការលំបាក។ តាមរយៈកម្មវិធីនេះ សាលាបឋមសិក្សាក្នុងខេត្តគោលដៅចំនួន១០ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងស្ទឹងត្រែង ដោយគ្របដណ្ដប់លើសាលារៀនគោលដៅចំនួន ១១១៤សាលា។ ក្នុងនោះ សាសារៀន ចំនួន ៥៥៣កន្លែង បានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ក្រៅពីនោះសាលារៀនចំនួន ៥៦១ទៀត ប្រើប្រាស់ថវិកាអង្គការស្បៀងអាហារពិភពលោក៕

 

អត្ថបទសរសេរដោយ កញ្ញា រម៉ាស់ រស្មី និងកញ្ញា ឃ្វិះ ផលឡា ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

 

Share

ព័ត៌មានទាក់ទង

Image