en     km
en     km

សង្គម​ស៊ីវិល​ជាង៦០ស្ថាប័ន​ចាត់​ទុក​ការបញ្ឈប់មិន​ឱ្យ​សមាគម​ធាង​ត្នោត​តាំង​ពិព័រណ៍​សិល្បៈ ជាកា​​រំលោភ​សិទ្ធិ

Share

សកម្មភាពម្ចាស់ទីតាំងចុះមករុះរើរូបថតដែលកំពុងដាក់តាំងបង្ហាញនៅក្នុងភោជនីយដ្ឋានសួនចំបុីស​ ក្រោយអាជ្ញាធរគំរាម © អង្គការសមាគមធាងត្នោត

ក្រុម​អង្គការ​សង្គម​ស៊ីវិលជាង៦០ស្ថាប័ន ​បាន​រិះគន់អាជ្ញាធរសង្កាត់​និរោធ និងខណ្ឌច្បារអំពៅ ​ដែល​បាន​បញ្ឈប់​និង​រុះរើ​ពិព័រណ៍​រូបថត​របស់​អង្គការ​សមាគម​ធាងត្នោត​អំពី​បញ្ហា​ប្រឈម​របស់​ជន​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ កាលពី២សប្តាហ៍មុន។ ការនៅតែបន្តរិះគន់នេះ ខណៈដែលអាជ្ញាធរខណ្ឌច្បារអំពៅនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការរុះរើនេះនៅឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

សមាគម​ការពារ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៏​នៅ​កម្ពុជា (​អាដហុក) មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អង្គការ​តម្លាភាព (TI) និង​អង្គការ​សង្គម​ស៊ីវិល សហគមន៍ ផ្សេង​ទៀត សរុបចំនួន៦២ស្ថាប័ន នៅ​ថ្ងៃ​ទី១២ ខែមីនា លើក​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​រួមបង្ហាញ​ការ​សោក​ស្ដាយ និង​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ដែល​បាន​បញ្ជា​រុះរើ​ពិព័រណ៍​រូបថត​ក្រោម​ប្រធាន​បទ «ផ្ទះ និង​ជីវិត» របស់​សមាគម​ធាង​ត្នោត កាល​ពី​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ​គ្មាន​មូល​ហេតុ និង​មិន​បាន​ជូន​ដំណឹង​ជា​មុន។

ពួកគេអះអាងថា ការ​តាំង​ពិព័រណ៍​រូប​ថត​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​នាំ​យក​ទុក្ខ​កង្វល់ និង​បញ្ហា​របស់​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ ឱ្យ​ភាគី​ពាក់ព័ន្ធ​បាន​ដឹង និង​ចូល​រួម​គ្នា​ក្នុង​ការ​ផ្ដល់​នូវ​ដំណោះ​ស្រាយ។ អង្គការ​​សង្គម​ស៊ីវិល​យល់​ថា ការ​បញ្ឈប់ និង​រុះរើ​ពិព័រណ៍​រូប​ថត​​របស់​សមាគម​ធាង​ត្នោត​ដោយ​មិន​បាន​ជូន​ដំណឹង និង​ប្រាប់​ពី​មូលហេតុ​ជាក់​លាក់​នេះ គឺ​ជា​ការ​រំលោភ​យ៉ាង​ច្បាស់ មក​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ជា​សកម្មភាព ដែល​មិន​ផ្ដល់​តម្លៃ​ចំពោះ​សិល្បៈ។ ពិព័រណ៍រូបថតនេះ គឺជាសិល្បៈដ៏សំខាន់មួយ ដែលបង្ហាញអំពីរឿងរ៉ាវរបស់សហគមន៍ក្រីក្រនៅរាជធានី និងភាពងាយរងគ្រោះរបស់ពួកគេ ។

សកម្មភាពម្ចាស់ទីតាំងចុះមករុះរើរូបថតដែលកំពុងដាក់តាំងបង្ហាញនៅក្នុងភោជនីយដ្ឋានសួនចំបុីស​ ក្រោយអាជ្ញាធរគំរាម © អង្គការសមាគមធាងត្នោត

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ អង្គការ​សមាគម​ធាងត្នោត​បាន​តាំង​ពិព័រណ៍​រូបថត​ក្រោម​ប្រធានបទ​«ផ្ទះ​និង​ជីវិត»​ ដែលមាន​គោល​បំណង​ចង់​បង្ហាញ​ពី​ទុក្ខ​កង្វល់​និង​បញ្ហា​របស់​សហគមន៍​ក្រីក្រ​នៅរាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​បាន​ដឹង​និង​ចូលរួម​ផ្តល់​ដំណោះស្រាយ ប៉ុន្តែទើបដាក់តាំងបង្ហាញបាន៣ថ្ងៃ ​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​បញ្ជា​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​បញ្ឈប់ និង​រុះរើ​ទៅ​វិញ​ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ​ឡើយ។

ប៉ុន្តែរយៈពេលជាង២សប្តាហ៍ក្រោយការរុះរើ និងបញ្ឈប់នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅមិនទាន់ពន្យល់ពីមូលហេតុណាមួយជាសាធារណៈនៅឡើយ។ ចំណែក​ លោក​ ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បានប្រាប់វិទ្យុស្ត្រីថា ក្រសួងមហាផ្ទៃមិនដែលមានគោលការណ៍ណាមួយដាក់កំណត់ឱ្យអាជ្ញាធររារាំង ឬផ្អាកសកម្មភាព ដែលស្របទៅតាមនីតិវិធីរដ្ឋបាល ឬច្បាប់របស់សង្គមនោះទេ។ លើបញ្ហាដែលសង្គមស៊ីវិលអះអាងខាងលើ លោក សុខៈ យល់ថា សមគមធាងត្នោតគួរតែជួបជាមួយអាជ្ញាធរដែនដី ថាតើខាងអាជ្ញាធរដែនដីពិតជាបានផ្អាកសកម្មភាពពិព័រនោះមែនឬទេ? ត្បិតលោកជឿជាក់ថា បើបានជួបពិភាក្សាគ្នាមែន នោះភាគី នឹងអាចស្វែងយល់គ្នាថា មានមូលហេតុអ្វី និងត្រូវធ្វើដូចម្ដេច ដើម្បីធ្វើកិច្ចការងារបែបនេះលើកក្រោយមានការឯកភាពគ្នា។

«ពេលខ្លះវាកើតចេញពីការដែលមិនសហការគ្នា យើងធ្វើអ្វីគឺទៅតាមការដែលយើងចង់ធ្វើ ហើយខាងអាជ្ញាធរ លោកអត់បានទទួលនូវព័ត៌មាន។ ជាទូទៅហើយច្បាប់កំណត់អាជ្ញាធរ ឬសមត្ថកិច្ចមានតួនាទី គ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដែលតម្រូវឱ្យអាជ្ញាធរ ឬសមត្ថកិច្ចលោកតាមមើលរាល់សកម្មភាពផ្សេងៗ ដែលវាមិនមែនជាការបិទសិទ្ធិសេរីភាពទេ វាជាការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សង្គមទូទៅ។ ហើយជាពិសេសរាល់សកម្មភាពទាំងឡាយណាដែលធ្វើស្របនឹងព្រឹត្តិការពិសេសណាមួយ ជាមួយពិសេសព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឺទ្ធសភា…»។

លោក​ ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ

ក្រុមសង្គមស៊ីវិលខាងលើអះអាងថា រដ្ឋធម្មនុញ្ញាបានធានានូវ សិទ្ធិ​ និងសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋ​។ ផ្ទុយទៅវិញអាជ្ញាធរមួយចំនួន​ បែរជាបំបិទសំឡេងរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ដែលអ្នកទាំងនោះគ្រាន់តែបង្ហាញអំពីការព្រួយបារម្ភ ទៅលើជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រមួយចំនួន ក្នុងរាជធានីភ្នំពេញ។ពួកគេ អំពាវនាវ ដល់អាជ្ញាធរអនុញ្ញាតឱ្យបន្តពិព័រណ៍រូបថតឡើងវិញដោយគ្មានការរំខាន និងស្នើ ឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ជាក់អំពីមូលហេតុឱ្យបានច្បាស់លាស់នៃការផ្អាកការតាំងពិព័រណ៍រូបថត៕

Share

ព័ត៌មានទាក់ទង

Image