ភ្នំពេញ៖ ប្រជាពលរដ្ឋរុនតាឯកស្នើយ៉ាងទទូចដល់មន្រ្តីពាក់ព័ន្ធឱ្យប្រញាប់ដោះស្រាយទូទាត់កញ្ចប់សាច់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋតាមការសន្យា ខណៈថ្ងៃកំណត់បានកន្លងហួសបីថ្ងៃហើយ ស្របពេលក្រុមប្រជាពលរដ្ឋត្រូវការប្រាក់បង់ធនាគារនិងដោះស្រាយក្នុងជីវភាពរស់នៅ។ យ៉ាងណា បញ្ហាទូទាត់ប្រាក់ជូនពលរដ្ឋរុនតាឯកនេះ មន្រ្តីពាក់ព័ន្ធកំពុងពន្លឿនការដោះស្រាយ ដោយអាចនឹងបើកជូនពលរដ្ឋនៅរយៈពេលប្រហែល៤ថ្ងៃខាងមុននេះ។
(លោក កែវ សុខា ជូនសេចក្តីរាយការណ៍)
ប្រជាពលរដ្ឋរុនតាឯកដែលកំពុងទន្ទឹមរង់ចាំប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល បានត្អូញត្អែរប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ពលរដ្ឋមួយចំនួនត្រូវការប្រាក់ជាចាំបាច់ដើម្បីដោះស្រាយបង់រំលួសធនាគារ និងដោះស្រាយការចំណាយនានាក្នុងជីវភាពប្រចាំថ្ងៃ ខណៈការសន្យាដែលអាជ្ញាធរថានឹងផ្តល់ឱ្យត្រឹមថ្ងៃទី១០ ខែកុម្ភៈ បានកន្លងហួសបីថ្ងៃហើយ។
លោក ធីម សាម៉េត អ្នករត់រ៉ឺម៉ក់កង់បីនៅខេត្តសៀមរាបដែលបានស្ម័គ្រចិត្តទទួលយកគោលការណ៍មករស់នៅតំបន់អភិវឌ្ឍន៍ថ្មីទឹកដីរុនតាឯក និយាយថា លោកនិងប្រជាពលរដ្ឋមួយចំនួននឹងអាចទៅតវ៉ានៅសាលាខេត្តសៀមរាបនៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ ដើម្បីពន្លឿនការដោះស្រាយ ព្រោះប្រាក់ចំណូលដែលរកបានមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃនោះទេ បើសិនជាគ្មានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះ។
សកម្មភាពតវ៉ារបស់ពលរដ្ឋរុនតាឯកកាលពីថ្ងៃទី២៦ ខែមករា។រូបភាពពីពលរដ្ឋ
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាច្រើនគ្រួសារបានទទួលយកគោលការណ៍ផ្លាស់ប្តូរទៅរស់នៅតំបន់រុនតាឯកនិងពាក់ស្នែង តាមការស្នើសុំពីរដ្ឋាភិបាលដើម្បីជាការការពារតំបន់ប្រាសាទអង្គរពីការខូចខាត ដែលអាចប៉ះពាល់ដល់ឋានៈជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូកាលពីជាង២ឆ្នាំមុន ។
កាលណ្ណោះ អតីតនាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន បានសន្យាផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនដល់ពលរដ្ឋក្នុងមួយគ្រួសារប្រមាណជាង ៤០ម៉ឺនរៀលរយៈ ១០ឆ្នាំ។ តែប្រាក់ឧបត្ថម្ភនេះ ត្រូវបានកាត់បន្ថយមកត្រឹមតែជាង ១២ ម៉ឺនរៀលកាលពីខែមករា ឆ្នាំ២០២៤។ ភ្លាមៗនោះប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់ កាលពីថ្ងៃទី២៦ ខែមករា បានឡើងមកតវ៉ានៅមុខសាលាខេត្ដសៀមរាប និងមុខសាលាឃុំរុនតាឯក ស្នើឱ្យអាជ្ញាធរជួយដោះស្រាយលើបញ្ហាបណ្ណសមធម៌ ដែលរដ្ឋាភិបាលបានសន្យាផ្ដល់រយៈពេល ១០ឆ្នាំ មានទឹកប្រាក់ក្នុងមួយគ្រួសារជាង ៤០ម៉ឺនរៀល។ នៅគ្រានោះដែរ ពលរដ្ឋបានប្រកាសថាអាចនឹងរើមកនៅទីតាំងចាស់ដដែល បើសិនជាមិនអាចដោះស្រាយបានប្រសើរទេនោះ។
មន្រ្តីពាក់ព័ន្ធដែលធ្វើការងារផ្ទាល់លើបញ្ហានេះគឺលោក ស៊ឹម សុធន ប្រធានមូលនិធិជនពិការនៃសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច ប្រាប់វិទ្យុស្រ្តីថា ការងារដោះស្រាយសម្រួលសាច់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋរុនតាឯកនេះ ក្រសួងពាក់ព័ន្ធនានាកំពុងដោះស្រាយ ដ្បិតប្រជាពលរដ្ឋតំបន់រុនតាឯកមានលក្ខខ័ណ្ឌទទួលសាច់ប្រាក់ពិសេសជាងប្រជាពលមានប័ណ្ណក្រីក្រនិងប័ណ្ណសមធម៌។
បើតាមព័រ៌មានដែលលោកទទួលបានអាចអំឡុងពេលប្រមាណ ៤ ថ្ងៃខាងមុននេះ មន្រ្តីពាក់ព័ន្ធនឹងអាចដោះស្រាយផ្តល់សាច់ប្រាក់នេះជូនដល់ពលរដ្ឋហើយ។
លោក ស៊ឹម សុធន៖«បាទអាចប្រហែលជាបួន ឬប្រាំថ្ងៃដែរ ដោយសារគាត់បានប្រជុំប្រញាប់ផ្ទៃក្នុងការងារនេះដែរ។តែខ្ញុំមិនទាន់ទទួលព័ត៌មានច្បាស់ ខ្ញុំមិនទាន់ហ៊ានបកស្រាយការងារហ្នឹង។ ចឹងប្រជាពលរដ្ឋសូមស្ងៀមស្ងាត់ព្រោះថ្នាក់ដឹកនាំនឹងដោះស្រាយតាមសំណើតាមលទ្ធភាពដែលមាន»។
ក្រុមមន្រ្តីចុះសម្របសម្រួលការតវ៉ា។រូបភាពពីពលរដ្ឋ។
ក្រុមការងារបានរៀបចំកែសម្រួលដាក់ជូនថ្នាក់លើរួច រាល់ហើយ ដោយរង់ចាំទទួលព័ត៌មាននៃការសម្រេចតែប៉ុណ្ណោះ។យ៉ាងណាលោកមិនទាន់អាចបញ្ជាក់ពីទំហំសាច់ប្រាក់ឧបត្ថម្ភនេះនៅឡើយទេ។ តែយ៉ាងណាលោកធ្លាប់ប្រាប់សារព័ត៌មានថា ការដោះស្រាយមិនយោងតាមអនុក្រឹត្យនាយករដ្ឋមន្រ្ដីបានចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នោះទេ។
ជុំវិញរឿងនេះដែរ គឺកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្ដីពីការកែសម្រួលអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ក្នុងអនុក្រឹត្យនោះបានបញ្ជាក់ថា ពលរដ្ឋក្រីក្របានទទួលបណ្ណសមធម៌ឬបណ្ណក្រីក្រកម្រិតមួយនិងកម្រិតពីរនៅក្នុងរាជធានីភ្នំពេញ ត្រូវទទួលប្រាក់ឧបត្ថម្ភចំនួន១២ម៉ឺនរៀល។ ចំណែកពលរដ្ឋក្រីក្រមានបណ្ណសមធម៌ ឬបណ្ណក្រីក្រកម្រិតមួយនិងកម្រិតពីរ នៅទីជនបទបានទទួល៨ ម៉ឺនរៀល។
យ៉ាងណា ប្រធានមូលនិធិជនពិការនៃសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ចថា ការដោះស្រាយជូនពលរដ្ឋរុនតាឯកគឺប្រើគោលការណ៍ដាច់ដោយឡែក ខណៈមន្រ្តីពាក់ព័ន្ធកំពុងសម្រួលកិច្ចការនេះ។
គួររំលឹកថា អាជ្ញាធរបានជម្លៀសប្រជាជនប្រមាណ ១០ ០០០គ្រួសារចេញពីតំបន់ឧទ្យានអង្គរទៅរស់នៅតាមរុនតាឯកនិងពាក់ស្នែង ក្រោមហេតុផលការពារតំបន់ប្រាសាទអង្គរពីការខូចខាត ដែលអាចប៉ះពាល់ដល់ឋានៈអង្គរជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ តែការជម្លៀសនេះ ត្រូវបានបណ្តាស្ថាប័នជាតិនិងអន្តរជាតិផ្នែកសិទ្ធិមនុស្សមួយចំនួន តិទៀនពីការរំលោភសិទ្ធិមនុស្ស ពិសេសសិទ្ធិទទួលបានលំនៅស្ថានសមរម្យខណៈតំបន់រុនតាឯកនិងពាក់ស្នែងពុំទាន់មានការអភិវឌ្ឍន៍សមរម្យនៅឡើយ៕