en     km
en     km

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើមន្រ្តីជាប់កិច្ចសន្យាមិនត្រូវចេញស្ទាកយានយន្តស្របពេលពលរដ្ឋប្រតិកម្មការអនុវត្តលើសសមត្ថកិច្ច

Share

ភ្នំពេញ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំដល់មន្រ្តីក្រោមឱវាទត្រូវត្រួតពិនិត្យឡើងវិញ ពីតួនាទីភារកិច្ចរបស់មន្រ្តីជាប់កិច្ចសន្យាដែលបានអនុវត្តការងារប្រចាំថ្ងៃនៅរាជធានីភ្នំពេញ ខណៈកន្លងមកនេះមានមតិប្រតិកម្មពីប្រជាពលរដ្ឋមួយចំនួនពីការអនុវត្តការងារលើស ដែនសមត្ថកិច្ច។ ការណែនាំនេះធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្រាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តួនាទីរបស់មន្រ្តីជាប់កិច្ចសន្យាគឺមានភារកិច្ចជួយសម្រួលចរាចរណ៍ ការកក់ស្ទះនានា ដែលមន្រ្តីជាប់កិច្ចសន្យាបានជួយសម្រាលការងារជាច្រើនរបស់សមត្ថកិច្ចក្នុងរាជធានីភ្នំពេញដោយអាចមានពេលវេលាទៅដោះស្រាយបញ្ហាចោរកម្ម បញ្ហាគ្រឿងញៀន និងបញ្ហាអសកម្មនានាមួយចំនួន។

លោកបណ្ឌិត ស សុខា បន្ថែមថា កន្លងមកមានសេចក្តីរាយការណ៍មកថា​មន្រ្តីជាប់កិច្ចសន្យាបានអនុវត្ត លើសភារកិច្ច តួនាទីរបស់ខ្លួន ដែលហេតុការណ៍ធ្វើឱ្យមានការរិះគន់ពីសំណាក់មហាជនមួយចំនួន។ លោកបណ្ឌិត រំលេចឡើងបន្តិចថា មន្រ្តីជាប់កិច្ចសន្យាអាចសហការជួយសមត្ថកិច្ចចរាចរណ៍ ក្នុងការឃាត់យានយន្តដែលល្មើសបាន តែពុំអាចមានសិទ្ធិហៅឬសួរនាំម្ចាស់យានយន្តបានទេ ពោលគឺត្រូវទុកការងារសួរនាំផាកពិន័យជូនប៉ូលិសចរាចរណ៍វិញ។ តែអណ្ណឹះតទៅលោកបណ្ឌិត ស សុខា ស្នើឱ្យមន្រ្តីជាប់កិច្ចសន្យាពុំត្រូវចេញស្ទាកយានយន្តដែលល្មើសច្បាប់បន្តទៀតនោះទេ ដើម្បីបញ្ជៀសការរិះគន់ពីសំណាក់ពលរដ្ឋ។

សូមស្តាប់ប្រសាសន៍លោកបណ្ឌិត ស សុខា បន្ថែម៖

ជាការកត់សម្គាល់ ប្រសាសន៍ណែនាំនេះធ្វើឡើងបន្ទាប់ពីមហាជនមួយចំនួនបានរិះគន់ប្រតិកម្មលើសកម្ម ភាពការងាររបស់មន្រ្តីជាប់កិច្ចសន្យាមួយចំនួន ដែលបានដើរតួនាទីដូចមន្រ្តីប៉ូលិសចរាចរណ៍ដែរ ពោលគឺកាលពីពេលថ្មីៗនេះបានឃាត់រថយន្ត និងប្រើទូរស័ព្ទចាំថតរថយន្តដែលល្មើសច្បាប់ ខណៈពលរដ្ឋថា តួនាទីរបស់មន្រ្តីពាក់ឯកសណ្ឋានអាវពណ៌លឿងនោះ គឺមានសិទ្ធិត្រឹមតែសម្រួលចរាចរណ៍ប៉ុណ្ណោះ៕

Share

ព័ត៌មានទាក់ទង

Image