en     km
en     km

គ្រូបារមីរាជធានី-ខេត្តមួយចំនួន ត្រូវអាជ្ញាធរចុះទៅព្រមានដល់ទីតាំង និងចុះកិច្ចសន្យាឈប់ឃោសនាខុសពីការពិត

Share

កម្លាំងបារមីអារក្សអ្នកតា និងគ្រូអូមអាមដែលបង្កជាចលាចលនៅលើបណ្តាញសង្គម ក្រសួងធម្មការនិងសាសនាបានចុះទៅបង្ក្រាបការឃោសនាបំផ្លើសការពិតនៅទីតាំង ឬគេហដ្ឋានរបស់គ្រូបារមីជាច្រើនកន្លែង។ ក្នុងនោះ ក្រសួងធម្មការនិងសាសនាបានចុះទៅព្រមានលោក វ៉ាត វុធ ហៅលោកតាបារមីឥសីសំរិទ្ធ, លោក គឹន បុត្តា អះអាងថាខ្លួនជាគ្រូដោះអំពើអាបធ្មប់, លោក ស៊ីវ សុផល ហៅលោកគ្រូបារមីមុនីឥសីខ្លា, លោក ប៉ាន់ វណ្ណ: នៅខេត្តកំពត និងលោក ញ៉ឹប​ សុភិន​ ហៅបារមីលោកគ្រូឥណ្ឌា ១២ ភាសា។

យោងតាមប្រភពពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងធម្មការនិងសាសនាដដែលបានឱ្យដឹងដែរថា ក្រោមការអន្តរាគមន៍នេះ គ្រូបារមីខាងលើទាំងអស់បានចុះកិច្ចសន្យាព្រមព្រៀងមិនបង្កជាវឹកវរ និងភាពអសន្តិសុខនៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក ឬយូធូបជាបន្តទៀតនោះទេ ប្រសិនបើល្មើសនឹងកិច្ចសន្យា ក្រសួងនឹងចាត់វិធានការជាបន្តនិងតាមនិតិវិធី។

ជាមួយគ្នានេះ ក្រសួងបញ្ជាក់ដែរថា គ្រូបារមីទាំងឡាយមិនថាជាជនល្បីនៅលើបណ្តាញសង្គម ឬនៅតាមសហគមន៍ណាមួយនោះឡើយ ត្រូវប្រកាន់ខ្ជាប់នូវតម្លៃសង្គម គប្បីប្រើប្រាស់ចំណេះដឹងក្នុងផ្លូវត្រឹមត្រូវជាជាងប្រឌិតទិដ្ឋភាព ឬពោលពាក្យសម្តីអួតអាងខុសពីការពិតទៅកាន់សាធារណជន។

ជុំវិញករណីនេះទៀតសោត ក្រសួងធម្មការនិងសាសនាអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ បញ្ឈប់ការបង្ហោះឬចែកចាយវីដេអូចាស់ៗឬថ្មីៗ ដែលមានពាក់ព័ន្ធនឹងគ្រូបារមីទាំងអស់ដែលរៀបរាប់ខាងលើ ឬគ្រូអូមអាមដទៃទៀត។ ក្រសួងថា ប្រសិនបើមិនបញ្ឈប់សកម្មភាពផ្សព្វផ្សាយបន្តនេះនោះទេ សាមីខ្លួនឬបុគ្គលដែលចែកចាយទាំងនោះនឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់៕

Share

ព័ត៌មានទាក់ទង

Image