en     km
en     km

CCHR៖ ការប្រើយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ពីសំណាក់រាជរដ្ឋាភិបាល បានធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិពលរដ្ឋ

Share

សង្គមស៊ីវិលសិទ្ធិមនុស្សបានចេញសាលាកប័ត្រមួយបញ្ជាក់ថា ការប្រើយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ពីរាជរដ្ឋាភិបាលបានធ្វើឱ្យប៉ះពាល់សេរីភាពបញ្ចេញមតិ និងការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចការសង្គម។ តែការលើកឡើងនេះត្រូវបានក្រសួងយុត្តិធម៌អះអាងថា រដ្ឋាភិបាលមិនមានយុទ្ធសាស្ដ្របណ្ដឹងផ្លូវច្បាប់នោះទេ ។ ចំពោះសាលាកប័ត្ររបស់សង្គមស៊ីវិលនេះដែរ ក្រសួងថាគ្រាន់តែជាការការពារខ្លួនរបស់សង្គមស៊ីវិលមួយចំនួន ពេលធ្វើទង្វើណាមួយមានចេតនានយោបាយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេក្ដីរាយការណ៍៖

សាលាកប័ត្រថ្មីមួយចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ ការអនុវត្តជាទៀងទាត់នៃយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងភាគីទីបី គឺបានធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងបន្ទុចបង្អាក់ការចូលរួមរបស់ពលរដ្ឋ។

ការណ៍ដែលសាលាកប័ត្រលើកឡើងបែបនេះ ដោយសារCCHR រកឃើញថា យុទ្ធសាស្ដ្របណ្ដឹងផ្លូវច្បាប់ តែងតែត្រូវបានស្ថាប័នមានអំណាច ដូចរាជរដ្ឋាភិបាល ឬបុគ្គលមានទ្រព្យសម្បត្តិ យកមកប្រើប្រាស់ ដើម្បីបំបិទសំឡេងរិះគន់ និងបំបាក់ទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការចូលរួមកិច្ចការសង្គម។

បន្ថែមពីនេះ ស្ថាប័នសិទ្ធិមនុស្ស CCHR ថាយុទ្ធសាស្ដ្រនេះទៀតសោត ត្រូវបានយកមកប្រើប្រាស់ជាយុទ្ធសាស្ដ្រមួយក្នុង ការបំភិតបំភ័យបុគ្គលទាំងឡាយដូចជា តួអង្គសង្គមស៊ីវិល ថ្នាក់ដឹកនាំសហគមន៍ អ្នកសារព័ត៌មាន អ្នកផ្សាយព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ឱ្យមានការភ័យខ្លាច និងស្ងៀមស្ងាត់ផងដែរ។

យ៉ាងណា CCHRថា ក្នុងឆ្នាំ២០២៣បានកត់ត្រា៣៩ករណី ដែលចាត់ទុកជាករណីយុទ្ធសាស្ដ្របណ្ដឹងផ្លូវច្បាប់ ទៅលើមនុស្សចំនួន១២៧នាក់។ ក្នុងនោះភាគច្រើនកំណត់មុខសញ្ញាលើសកម្មជននយោបាយ ឬអ្នកជំនាស់ អ្នកសារព័ត៌មាន និងសមាជិកសហគមន៍ដីធ្លី។ ជាការកត់សម្គាល់ពីខាងCCHR  ខែដែលមានករណីកើតបណ្ដឹងច្រើនជាងគេ ដល់ទៅ១០ ករណី គឺកើតឡើងក្នុងអំឡុងពេលបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដា ឆ្នាំ២០២៣។

បើធៀបនិងឆ្នាំ២០២២ CCHR ថាមានចំនួនប្រហាក់ប្រហែលគ្នាដែរ។ នេះបង្ហាញឱ្យឃើញថា ការប្រើយុទ្ធសាស្ដ្របណ្ដឹងផ្លូវច្បាប់ គឺជាឧបករណ៍បំបាក់ទឹកចិត្ត និងរារាំងបុគ្គលផ្សេងៗក្នុងការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួនប៉ុណ្ណោះ។ យុទ្ធសាស្ដ្របណ្ដឹងផ្លូវច្បាប់នេះ មានគោលដៅការពាររាជរដ្ឋាភិបាល និងបុគ្គលមានអំណាចពីការរិះគន់ និងជំទាស់។ នេះបើតាមការបញ្ជាក់ពីក្នុងសាលាកប័ត្រ។ ដោយហេតុទាំងនេះហើយ នាំឱ្យមានការចាប់ខ្លួនបុគ្គលជាច្រើន និងការជំនុំជម្រះរឿងក្ដីព្រហ្មទណ្ឌទៀតសោត មានរយៈពេលយូរមិនកំណត់ ព្រមទាំងចំណាយធនធានជាច្រើន ហើយជារឿងៗករណីទាំងនោះតែងមានការឃុំខ្លួនបណ្ដោះអាស្ននជាច្រើនខែឆ្នាំ។

ឆ្លើយតបញ្ហានេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែជំរុញនូវការអនុត្តច្បាប់ តាមបែបប្រជាធិបតេយ្យ និងនិតិរដ្ឋ។ តែចំពោះការលើកឡើងពីសង្គមស៊ីវិលមួយចំនួនដូច្នេះ លោកចាត់ទុកថា ជាការការពារខ្លួនពេលធ្វើទង្វើណាមួយ មានចេតនានយោបាយ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា បើសង្គមស៊ីវិលមួយចំនួន និងប្រជាពលរដ្ឋទូទៅដែលធ្វើសកម្មភាពស្របតាមច្បាប់នោះ  ហាក់មិនខ្វល់នឹងយុទ្ធសាស្ដ្រនេះទេ។

តែបែបនេះក្ដី សាលាកប័ត្រពីCCHR ថា ដើម្បីទប់ស្កាត់ករណីយុទ្ធសាស្ដ្របណ្ដឹងផ្លូវច្បាប់ រាជរដ្ឋាភិបាលគួរតែ ជំរុញឱ្យមានការហាមប្រាមយុទ្ធសាស្ដ្របណ្ដឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈ ហើយច្បាប់នោះ មានចែងពីការផ្តន្ទាទោសដល់បុគ្គល ឬស្ថាប័នដែលប្រើប្រាស់យុទ្ធសាស្ដ្រផ្លូវច្បាប់ត្រឹមឆ្នាំ២០២៦។ បន្ថែមពីនេះ ត្រូវពិនិត្យ និងធ្វើវិសោធកម្មជាពិសេសបទល្មើសបរិហាកេរ្ដិ៍ និងការញុះញង់ ទៅតាមច្បាប់សិទ្ធិមនុស្សអន្ដរជាតិ ដូចដែលកម្ពុជាបានផ្ដល់សច្ចាប័នត្រឹមឆ្នាំ២០២៦ និងផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ដ្រីនគរបាល និងមន្ដ្រីតុលាការឱ្យយល់ដឹងពីយុទ្ធសាស្ដ្របណ្ដឹងផ្លូវច្បាប់ ប្រឆាំងនឹងការចូលរួមជាសាធារណៈ និងរំលឹកឡើងវិញ២ដងក្នុងមួយឆ្នាំ។ ចុងក្រោយ សាលាកប័ត្រថា រដ្ឋាភិបាលគួរតែបង្ក និង​បង្កើតបរិយាកាសល្អសម្រាប់អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជនដែលអនុញ្ញាតឱ្យអ្នកទាំងនោះអាចធ្វើការ និងសកម្មភាពស្របច្បាប់របស់ខ្លួន ស្របតាមអនុសាសន៍ដែលរាជរដ្ឋាភិបាលបានទទួលយកយន្ដការ ពីការនេះត្រួតពិនិត្យជាសាលលតាមកាលកំណត់លើកទី៣៕

Share

ព័ត៌មានទាក់ទង

Image