en     km
en     km

គណបក្សភ្លើងទៀនឆ្លើយតបឱ្យគណបក្សកម្លាំងជាតិជួបជជែកការងារ តាមការស្នើសុំ

Share

ក្រោយទទួលបានការស្នើសុំពីគណបក្សកម្លាំងជាតិ ដើម្បីជួបពិភាក្សារឿងបែងចែកភូមិភាគសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សភ្លើងទៀនបានស្វាគមន៍ឱ្យគណបក្សនេះជួបពិភាក្សាការងារនៅទីស្ដីការគណបក្សខ្លួននាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ គណបក្សភ្លើងទៀនថា នេះជាការបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យ ដើម្បីស្ដារ និងកសាងនូវលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងប្រទេសកម្ពុជា។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានចេញលិខិតតបទៅគណបក្សកម្លាំងជាតិដែលស្នើសុំជួបពិភាក្សាស្ដីពីការបែងចែកមណ្ឌលភូមិភាគ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាខែកុម្ភៈ ខាងមុខ។

ក្នុងលិខិតដែលចេញដោយអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានបញ្ជាក់ថា គណបក្សភ្លើងទៀន ស្វាគមន៍ជួបពិភាក្សាការងារ ជាមួយគ្រប់គណបក្សនយោបាយ និងអ្នកប្រជាធិបតេយ្យទាំងអស់  ក្នុងស្មារតី និងគោលបំណងបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ តាមរយៈសម្ព័ន្ធភាពឆ្ពោះទៅអនាគត។ លោក អះអាងថា ការបង្រួមបង្រួមនេះនឹងក្លាយជាកម្លាំងនយោបាយថ្មីមួយសម្រាប់ការស្ដារ និងកសាងនូវលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតអសកលមួយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ខណៈមើលឃើញគណបក្សភ្លើងទៀននៅតែអវត្តមានចូលរួមប្រកួតការបោះឆ្នោតជាលើកទី២  និងដើម្បីរក្សាចំនួនអាសនៈព្រឹទ្ធសភា កុំឱ្យបាត់​បង់ទៅគណបក្សផ្សេងៗ ផ្អែកតាមចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សភ្លើងទៀនផង ទើបគណបក្សកម្លាំងជាតិស្នើជួបគណបក្សភ្លើងទៀន ដើម្បីពិភាក្សាការងារស្ដីពីការបែងចេកមណ្ឌលភូមិភាគរវាងគណបក្សទាំងពីរ។ នេះបើយោងតាមលិខិតរបស់គណបក្សកម្លាំងជាតិដាក់ទៅគណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

យ៉ាងណាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ គណបក្សភ្លើងទៀនបានជ្រើសរើសដាក់បញ្ជីបេក្ខជនរបស់ខ្លួន ជាមួយគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគត។ ផ្អែកតាមចំនួនឃុំ សង្កាត់ដែលគណបក្សភ្លើងទៀនមាន កាលពីការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសសរុបប្រមាណ ២២០០នាក់។ សមាជិកទាំងនេះ ជាអង្គសំខាន់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខាងមុខ។

គេសង្កេតឃើញថា ចាប់តាំងពីការបង្កើតគណបក្សកម្លាំងជាតិ ដែលច្រៀកយកមសមាជិកពីគណបក្សភ្លើងទៀន គណបក្សទាំងពីធ្លាប់ ធ្លាប់មានភាពចម្រូងចម្រាសដាក់គ្នាទៅវិញទៅមក ក្នុងការទាញការគាំទ្រពីសមាជិកមូលដ្ឋាន។ តែការបោះដៃពីគបក្សភ្លើងទៀនឱ្យគណបក្សកម្លាំងជាតិជួបពិភាក្សាការងារនេះដែរ ធ្វើឡើងក្រោយពីលោក សម រង្ស៊ី ដែលជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានចេញសារអំពាវនាវឱ្យកម្លាំងប្រជាធិបតេយ្យទាំងអស់ សហការគ្នា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោកសម រង្ស៊ីថា មានគណបក្សនយោបាយចំនួន៣ ប៉ុណ្ណោះ ដែលតំណាងឱ្យកម្លាំងប្រជាធិបតេយ្យ និងមានប្រភពចេញពីដើមកំណើតតែមួយ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

លោកបន្ដថា ក្នុងការបោះឆ្នោតខាងមុខ គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ត្រូវមានការសហការគ្នា ដោយចៀសវាងការប្រកួតប្រជែងគ្នា នៅតាមភូមិភាគនីមួយៗ។ លោក សម រង្ស៊ី បញ្ជាក់ថា បើគណបក្ស២នេះ ប្រកួតប្រជែងគ្នា នៅក្នុងភូមិភាគណាមួយ គឺគណបក្សទាំងពីរ ច្បាស់ជាបរាជ័យទាំងពីរ។

ឆ្លើយតបនឹងការអំពាវនាវរបស់លោក សម រង្ស៊ី, ក្រសួងមហាផ្ទៃក៏បានព្រមានដែរថា បើគណបក្សណាដែលភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី នោះក្រសួងនឹងផ្អាកសកម្មភាពបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការរំលាយគណបក្សនយោបាយនោះចោលតែម្ដង៕

Share

ព័ត៌មានទាក់ទង

Image