en     km
en     km

គ.ជ.ប អំពាវនាវឱ្យNGO សមាគម និងប្រព័ន្ធផ្សព្វផ្សាយមានអព្យាក្រឹត្យសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា

Share

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវឱ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវមានអព្យាក្រឹត្យ ក្នុងការចូលរួមរៀបចំដំណើរការ ការបោះឆ្នោតព្រឹទ្ធសភា នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។

ការអំពាវនាវរបស់ គ.ជ.ប ចង់សំដៅដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ណែនាំ សម្រាប់នីតីវិធីដែលស្ថាប័នគ្រប់គ្រងការបោះឆ្នោតមួយនេះបានចែង ដើម្បីការពារខ្លួនពីរឿងរ៉ាវមួយចំនួនដែលអាចកើតមានឡើង អំឡុងពេលឃោសនាបោះឆ្នោតព្រឹទ្ធសភា។

ក្នុងនោះគ.ជ.ប បានចែកគោលការណ៍ណែនាំជាពីរច្បាប់ ដោយមួយសំដៅដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ និងអន្ដរជាតិ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ស្ដីពីការរៀបចំកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយគណបក្សក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ចំណែកមួយច្បាប់ទៀត សំដៅដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនអំឡុងពេលឃោសនាបោះឆ្នោត។

សម្រាប់គោលការណ៍ទាំងពីរនេះ គ.ជ.ប បញ្ជាក់ទៅកាន់NGO សមាគម និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ថា ត្រូវផ្ដល់ឱ្យគណបក្សដែលចូលរួមបោះឆ្នោតព្រឹទ្ធសភាដោយស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយឱ្យបានច្បាស់លាស់។ គ.ជ.ប បន្ថែមថា មិនអនុញ្ញាឱ្យម្ចាស់ស្ថានីយ៍វិទ្យុ និងទូរសទ្សន៍ លក់ ឬជួលម៉ោងផ្ដាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ តែបើមានគណបក្សនយោបាយតែមួយ ទិញ ឬជួលម៉ោងផ្សាយ អាចលក់ ឬជួលឱ្យគណបក្សនោះនូវរយៈពេលយ៉ាងច្រើន២ដងប៉ុណ្ណោះ ដោយផ្អែកតាមគោលការណ៍ស្មើភាពដដែល។

គួរជម្រាបថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០២៤ នឹងដំណើរការទៅនៅថ្ងៃទី២៥ ខែកុម្ភៈ។ ចំណែកយុទ្ធនាការឃោសនាបោះឆ្នោត នឹងមានរយៈពេល១៤ថ្ងៃ ពោលចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្អែកតាមគ.ជ.ប ការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤នេះ មានគណបក្សតែ៤ ប៉ុណ្ណោះដែលចូលរួម មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្ស ហ៊ិ្វន ស៊ិន ប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕

Share

ព័ត៌មានទាក់ទង

Image