en     km
en     km

គណបក្សភ្លើងទៀន៖ ការចាប់ខ្លួនប្រធានស្ដីទីគណបក្សខ្លួន ធ្វើឱ្យបរិយាកាសនយោបាយអាប់អួរមុនបោះឆ្នោតអសកល

Share

មុនឈានដល់ការបោះឆ្នោតអសកលនាខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ មន្ដ្រីបក្សប្រឆាំងនៃគណបក្សភ្លើងទៀនមួយរូប ដែលមានតួនាទីជាប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិរាជធានី ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយមិនបង្ហាញដីកាពីតុលាការក្រោមហេតុផលណាមួយ។ គណបក្សភ្លើងទៀន ចាត់ទុកទង្វើនេះថាជារូបភាពគំរាមកំហែង បំបាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយបក្សខ្លួន នាំឱ្យមានបរិយាកាសនយោបាយអាប់អួរមុនបោះឆ្នោតអសកល។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

គណបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍មួយភ្លាមៗ ដោយថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ខ្លួនប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយគ្មានបង្ហាញដីកាពីតុលាការ។

គណបក្សភ្លើងទៀនបានចាត់ទុកការចាប់ខ្លួន លោក ខឹម ចាន់វណ្ណៈ ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិ គឺជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឲ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតអសកលក្នុងឆ្នាំ២០២៤នេះ រឹតតែមានភាពអាប់អួរថែមទៀត។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា តាមក្រមនីតិវីធីព្រហ្មទណ្ឌ ការចាប់ខ្លួនអាចធ្វើបានដោយហេតុផលពីរយ៉ាង បើជាបទល្មើសមិនជាក់ស្ដែង អាជ្ញាធរត្រូវបង្ហាញដីកាពីតុលាការ និងបញ្ជាក់ពីមូលហេតុច្បាស់លាស់។ តែបើជាបទល្មើសជាក់ស្ដែងមិនចាំបាច់ដីកាទេ តែត្រូវបង្ហាញហេតុផលឱ្យគ្រួសារជនដែលបានចាប់បានដឹង មិនដូច្នេះទេ ជាការរំលោភនីតិវិធីច្បាប់ និងរំលោភលើសិទ្ធិរបស់ជនដែលបានចាប់។

ដូចការលើកឡើងពីមន្ដ្រីជាន់ខ្ពស់លីកាដូ រូបភាពនៃការធ្វើទុក្ខបុកម្នេញលើមន្ដ្រីបក្សប្រឆាំងតែងតែកើតមានមុនការបោះឆ្នោតនានាក្នុងប្រទេសកម្ពុជា។ ដ្បិតថានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ផង និងនៅថ្ងៃទី២៦ ខែឧសភា ក៏មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ផងនោះ ការចាប់ខ្លួនមន្ដ្រីបក្សប្រឆាំងក៏មានសកម្មភាពឡើងវិញ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Right Watch កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានចេញរបាយការណ៍ប្រចាំឆ្នាំ២០២៤ ដោយលើកពីបរិយាយកាសនយោបាយនៅកម្ពុជាថានៅតែមានការរារាំងមិនឱ្យគណបក្សប្រឆាំងចូលរួមក្នុងដំណើរការបោះឆ្នោត និងប្រើប្រព័ន្ធតុលាការយាយីដល់អ្នករិះគន់ជាដើម។ Human Right Watch ថាកម្ពុជាមិនបានប្ដូរការដឹកនាំដែលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ទោះបីមានការប្ដូរមេដឹកនាំថ្មីក៏ដោយ។

លោក អំ សំអាត បន្ដថា ក្នុងនាមកម្ពុជា ជាប្រទេសគោរពគោលការណ៍ប្រជាធិបតេយ្យ គួរតែប្រកាន់ខ្ជាប់គោលការណ៍នេះ និងអនុវត្តតាមផងដែរ ព្រមទាំងបើកចំហឱ្យគណបក្សនយោបាយទាំងអស់ប្រកួតប្រជែងគ្នាដោយស្មើភាព។

វិទ្យុស្ដ្រីបានសុំការឆ្លើយតបពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ តែទាក់ទងលោកមិនបាន ដោយទូរសព្ទចូលគ្មានអ្នកទទួល និងមិនទាន់ឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃនេះ។ ជាមួយគ្នា លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ក៏មិនទាន់អាចបំភ្លឺបន្ថែមលើករណីនេះដែរ ដោយលោកជាប់ប្រជុំគណបក្ស។

តែយ៉ាងណាតាមរយៈលិខិតមួយ គណបក្ស ភ្លើងទៀន អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោក ខឹម ចាន់វណ្ណៈ ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព មកលើថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្ស ភ្លើងទៀន ដើម្បីធានាបរិយាកាសល្អប្រសើរ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ខាងមុខ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

 

Share

ព័ត៌មានទាក់ទង

Image