ក្រោយពេលជួបពិភាក្សាការងារជាមួយកម្ពុជា លោកឯកអគ្គរដ្ឋទូតអាមេរិកថា ខ្លួនបានលើកយកបញ្ហាការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការគោរពសិទ្ធិមនុស្សមកជជែកភាគីកម្ពុជា ដែលលោកចាត់ទុកថានេះកិច្ចសហប្រតិបត្តិការដែលសំខាន់ ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ មិនមែនជារឿងថ្មីនោះទេ ដែលប្រទេសប្រជាធិបតេយ្យមួយនេះ លើកយកបញ្ហាទាំងនេះមកជជែកជាមួយកម្ពុជា ធ្វើឱ្យសង្គមស៊ីវិលថា កម្ពុជាគួរតែពង្រឹងមហិច្ឆតាបង្កើនវិធានការក្នុងការទប់ស្កាត់លើរឿងរ៉ាវទាំងនេះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ផ្អែកតាមបណ្ដាញសង្គមX ដែលពីមុនមានឈ្មោះថា Twitter របស់ឯកអគ្គរដ្ឋទូតអាមេរិប្រចាំប្រទេសកម្ពុជា លោកW. Patrick Murphy បានឱ្យដឹងថា ក្នុងជំនួបរបស់លោក ជាមួយលោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានលើកយកបញ្ហាការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការគោរពសិទ្ធិមនុស្សមកជជែកគ្នា។
លោកឯកអគ្គរដ្ឋទូតប្រទេសប្រជាធិបតេយ្យរូបនេះបញ្ជាក់បន្ថែមថា ការពិភាក្សាអំពីបញ្ហាទាំងនេះ ជាកិច្ចសហប្រតិបត្តិការដែលសំខាន់ ចំពោះទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ តែបញ្ហាទាំងនេះមិនត្រូវបានក្រសួងមហាផ្ទៃលើកយកមកបង្ហាញនោះទេ ក្រោយសរុបលទ្ធផលនៃកិច្ចជំនួប។
ក្រសួងមហាផ្ទៃបានលើកឡើងត្រឹមការវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិក ក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែនប៉ុណ្ណោះ។
យ៉ាងណាការជជែកពីបញ្ហាទាំងនេះរវាងភាគីទាំងពីរ ធ្វើឡើងក្រោយពេលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Right Watch បានចេញរបាយការណ៍ប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី១១ ខែមករា ថាកម្ពុជាមិនបានប្ដូរការដឹកនាំដែលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ទោះបីមានការប្ដូរមេដឹកនាំថ្មីក៏ដោយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះអះអាងថា រដ្ឋាភិបាលកម្ពុជានៅតែប្រើប្រាស់ប្រព័ន្ធតុលាការវាយប្រហារលើអ្នករិះគន់ រឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រាំងខ្ទប់គណបក្សនយោបាយមិនឱ្យចូលរួមការបោះឆ្នោត និងប្រើហិង្សាលើអ្នករិះគន់ខ្លួនជាដើម។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ការដែលភាគីអាមេរិកនៅតែលើកយកបញ្ហាសិទ្ធិមនុស្ស និងការជួញដូរមនុស្សមកជជែកជាមួយភាគីកម្ពុជាបែបនេះ គឺការបារម្ភមួយរបស់សង្គមស៊ីវិលសិទ្ធិមនុស្ស ដោយសារបញ្ហាជួញដូរមនុស្សនេះហើយ នាំឱ្យកម្ពុជាបន្ដស្ថិតនៅបញ្ជីខ្មៅពីរបីឆ្នាំជាប់គ្នា។ លោកថា កម្ពុជាគួរតែពង្រឹងមហិច្ឆតាបង្កើនវិធានការក្នុងការទប់ស្កាត់អំពើរជួញដូរមនុស្ស ជាពិសេសនាពេលថ្មីៗនេះមានរបាយការណ៍ថ្មីពីការឆបោកតាមប្រព័ន្ធអនឡាញ ដែលនាំឱ្យមានការជួយដូរមនុស្ស។
ឆ្លើយតបបញ្ហានេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថា ការឆបោកតាមប្រព័ន្ធអនឡាញ រហូតឈានដល់មានការជួញដូរមនុស្ស គឺក្រសួងកំពុងសកម្មក្នុងការងារនេះហើយ។ លោកស្រីបញ្ជាក់ថា ការជួញដូរមនុស្សនេះ មិនមែនមានតែកម្ពុជាទេ ឱ្យតែមានភាពប្រទាក់ក្រឡាគ្នា នោះការជួញដូរកើតមានគ្រប់ទីកន្លែង ហេតុនេះចាំបាច់ត្រូវរួមសហការណ៍គ្នាក្នុងការឆ្លើយតប។
យ៉ាងណា ក្រសួងមហាផ្ទៃក៏ដូចជាសហរដ្ឋអាមេរិកនឹងចុះអនុស្សនៈយោគយល់គ្នា (MOU) ឬបន្ដនីតិវិធីជាមួយគ្នានាពេលខាងមុខផងដែរ ដើម្បីទប់ស្កាត់បញ្ហាជួញដូរមនុស្ស និងសិទ្ធិមនុស្ស ក្រោយពេលជំនួបគ្នាកាលពីចុងសប្ដាហ៍មុន។ នេះបើតាមការបញ្ជាក់ពីលោកស្រី ជូ ប៊ុនអេងដដែល៕