en     km
en     km

ក្រសួងរ៉ែ ​បង្រ្កាប​ទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យនៅខេត្តត្បូងឃ្មុំ ដែលវិវត្តពីអាជីវកម្មគ្រួសារ

Share

អាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបភាព៖ ក្រសួងរ៉ែ និងថាមពល។ 

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល​ បើកប្រតិបត្តិការបង្រ្កាបតំបន់អាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយក្រសួងមើលឃើញថាទីតាំងនេះជាអជីវកម្មអនាធិបតេយ្យ ព្រោះថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងសង្កេតឃើញមានការប្រែប្រួលពីលក្ខណៈគ្រួសារដែលធ្វើដោយដៃ និងឧបករណ៍សាមញ្ញទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្ដូងរ៉ែក្រោមដី។

ដោយមើលឃើញអំពីបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និងបរិស្ថាន ក្រសួងរ៉ែនិងថាមពលដោយមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំ សហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាពលរដ្ឋប្រកបអាជីវកម្មជីករ៉ែ តាមរយៈការចុះអប់រំផ្សព្វផ្សាយជាច្រើនដង និងចាត់វិធានការតាមផ្លូវច្បាប់​ចំពោះសកម្មភាពជីកយករ៉ែអនាធិបតេយ្យរួចមកហើយ។ ក៏ប៉ុន្តែ ក្រសួងអះអាងថាការបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យនៅតំបន់នេះនាពេលកន្លងមក នៅតែចម្រូងចម្រាស ហាក់ពិបាកនឹងដោះស្រាយ។

យ៉ាងណាមិញមកទល់នឹងបច្ចុប្បន្ននេះ សកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅតំបន់នេះនៅតែកើតមាន ហើយមានការប្រើប្រាស់ឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះ បំបែកថ្ម និងជីកលុងអណ្ដូងរ៉ែក្រោមដីដែលក្រសួងមើលឃើញថាសុទ្ធសឹងតែជា គ្រោះថ្នាក់ដល់ពលរដ្ឋដែលបង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង​ព្រមទាំងប្រជាពលរដ្ឋនៅក្នុង​និងក្រៅមូលដ្ឋាន។ លើសពីនេះសកម្មភាពនេះនឹងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានផងដែរ។

នៅឆ្នាំ២០២៣ មានរបាយការណ៍មួយ ចេញផ្សាយដោយអង្គការ សមធម៌កម្ពុជា (Equitable Cambodia) លាតត្រដាង​ពី​ការជាប់ពាក់ព័ន្ធរបស់​ឧស្សាហកម្ម​ជីករករ៉ែមាស​ជាលក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុងការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការទន្ទ្រាននិងចាប់យកដីធ្លីនៃតំបន់ព្រៃប្រពៃណីរបស់ជនជាតិដើមភាគតិច ។ ខ្លឹមសារនៃរបាយការណ៍បញ្ចូលនូវក្តីសោកស្តាយ ព្រោះថាបន្ទាប់ពីមានការអនុញ្ញាត​ឱ្យធ្វើអាជីវកម្ម​រុករក​រ៉ែមាសអស់រយៈពេល ២០ឆ្នាំមក គេរកឃើញថាមាន​សញ្ញាតិចតួច​បំផុត​នៃការកែលម្អ​គោលនយោបាយនិងការអនុវត្ត ពាក់ព័ន្ធនឹង​ការគោរពសិទ្ធិមនុស្ស​និង​សិទ្ធិដីធ្លី និងការការពារបរិស្ថាន ហើយរបាយការណ៍ចាត់ទុកថាវិស័យរ៉ែទាំងមូលនៅតែជួបប្រទះបញ្ហា​ជាច្រើននៅក្នុង​វិស័យទាំងនេះ។

Share

ព័ត៌មានទាក់ទង

Image