en     km
en     km

ប្តីប្រពន្ធនៅថៃមួយគូត្រូវចោទប្រកាន់ពីបទលាក់សពក្មេងប្រុសក្នុងទូទឹកកក

Share

ប្ដីប្រពន្ធមួយគូរនៅក្នុងប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទលាក់សាកសពក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ដែលទើបចេះដើរតេះតះនៅក្នុងទូទឹកកក ដែលបង្កជាការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងកងកម្លាំងមន្រ្តីជំនាញ។

(កញ្ញា សៃ ចន្ធី រាយការណ៍)

 

យោងតាមកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា សាកសពក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ត្រូវបានគេរកឃើញនៅក្នុងទូរទឹកកកនៅផ្ទះមួយកន្លែងក្នុងសង្កាត់ Bang Bua Thong នៃខេត្ត Nonthaburi ប្រទេសថៃ កាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយថៃបានបញ្ជាក់ទៀតថា ជនសង្ស័យដែលជាឪពុកមានឈ្មោះថា Harnnarong Praiphanom មានអាយុ ៣១ឆ្នាំ និងជនសង្ស័យម្នាក់ទៀតដែលជាម្ដាយមានឈ្មោះ Marisa Thong-iam អាយុ ២៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទមិនបានរាយការណ៍ពីការស្លាប់របស់ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ទៅកាន់ប៉ូលីស។

ក្នុងនោះ មន្រ្តីប៉ូលិសថៃក៏បានចោទប្រកាន់ម្តាយឪពុកទាំងពីរនាក់នេះ ថាបានលាក់សាកសពក្មេងប្រុសនេះក្នុងគោលបំណងគួរឱ្យសង្ស័យ។ ជាមួយគ្នានេះ ជនសង្ស័យដែលជាឪពុករបស់ជនរងគ្រោះ ត្រូវ​បាន​ចោទ​ប្រកាន់មួយករណីផ្សេងទៀត​ គឺទាក់ទងទៅនឹង​បទ​ល្មើស​គ្រឿង​ញៀនផងដែរ។

លោក Preut Chamroonsart នាយប៉ុស្តិ៍នគរបាល Bang Bua Thong បានប្រាប់អ្នកសារព័ត៌មានថា មន្រ្តីប៉ូលីសនឹងសាកសួរចម្លើយឪពុកម្តាយបង្កើតរបស់ក្មេងប្រុសនេះ  បន្ទាប់ពីមន្ត្រីប៉ូលីស អ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យនៅកន្លែងកើតហេតុដែលជាផ្ទះសម្បែងរស់នៅជាធម្មតារបស់ជនសង្ស័យជាមួយនឹងជនរងគ្រោះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ Rattanathibet កាលពីថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា ក្រុមមន្ត្រីបានរកឃើញសាកសពរបស់ក្មេងប្រុសអាយុ ២ឆ្នាំនេះក្នុងសភាពរុំក្នុងភួយ ហើយដាក់ក្នុងទូទឹកកក ដោយលទ្ធផលនៃការធ្វើកោសល្យវិច័យកាលពីថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្មេងប្រុសនេះ បានឆក់ហើយដេកស្លាប់នៅលើបាយដំណើប។ ក្រុមមន្រ្តីប៉ូលិសបន្តទៀតថា សាកសពក្មេងប្រុសនេះ ត្រូវបានបូជាកាលពីថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ពី Thai PBS World បានឱ្យដឹងថា អាជ្ញាធរបានទៅផ្ទះឪពុកម្ដាយក្មេងរងគ្រោះ បន្ទាប់ពីម្តាយរបស់លោក Harnnarong ដែលត្រូវជាយាយរបស់សពក្មេងប្រុស បានត្អូញត្អែរពីក្លិនស្អុយដែលភាយចេញពីក្នុងផ្ទះ ខណៈកុមាររូបនេះបានបាត់ខ្លួនតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image