en     km
en     km

សប្តាហ៍ក្រោយសាលាដំបូងរតនគិរីនឹងប្រកាសសាលក្រមបុគ្គល៣រូបនៃCCFC ខណៈបទចោទនៅរក្សាបន្ដ

Share

សាលាដំបូងខេត្តរតនគិរី នឹងប្រកាសសាលក្រមចំពោះលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព និងលោក ថាន់ ហាច បុគ្គលិកសមាគមនៅសប្តាហ៍ក្រោយ បន្ទាប់ពីតុលាការបើកសវនាការជំនុំជម្រះសួរដេញដោលអ្នកទាំងបី និងសាក្សីចំនួន១២រូប ពេញ១ថ្ងៃ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

ផ្អែកតាមសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) សេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការសម្រេចរក្សាបទចោទ រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឱ្យនៅដដែល ដោយយោងតាមបញ្ញត្តិមាត្រា ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

តែទោះជាយ៉ាងណា តំណាងអយ្យការ បានស្នើសុំអង្គជំនុំជម្រះឱ្យពិចារណាលើទោស និងស្នើឲ្យចៅក្រមជំនុំជម្រះបន្ធូរបន្ថយទោសសម្រាប់អ្នកទាំងបីផងដែរ ដោយតំណាងអយ្យការមើលឃើញថា អ្នកទាំង អំឡុងពេលដាក់ឱ្យនៅក្រៅឃុំ គឺស្ថិតក្រោមការត្រួតពិនិត្យរបស់ព្រះរាជអាជ្ញា ព្រមទាំងបានអនុវត្តតាមវិធាន និងគោលការណ៍របស់អយ្យការបានយ៉ាងល្អប្រសើរហាក់ មិនមានបញ្ហាណាមួយគួរឱ្យកត់សម្គាល់នោះឡើយ។ នេះបើផ្អែកតាមសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដដែល។

គួរជម្រាបថា លោក ថេង សាវឿន និងអ្នកទាំងពីរខាងលើ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ត្រូវបាន ស្នងការនគរបាលខេត្តរតនគិរី សហការជាមួយស្នងការនគរបាលខេត្តក្រចេះបានឃាត់ឡានក្រុងដែលដឹកបុគ្គលិកសមាគម ក្រោយបញ្ចប់វគ្គសិក្ខាសាលារបស់ខ្លួននៅខេត្តរតនគិរី និងត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ក្នុងបទចោទបង្កើតឱ្យមានបដិវត្តន៍កសិករដូចរបរអាវខ្មៅ ប៉ុល ពត។ ប៉ុន្តែនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សាវឿន និងបុគ្គលិកសមាគមពីររូបទៀត ត្រូវបានសាលាដំបូងខេត្តរតនគីរី សម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យ។

រូបភាពថ្ងៃបើកសវនាការជំនុំជម្រះសួរដេញដោលអ្នកទាំងបី និងសាក្សីចំនួន១២រូប កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

ក្រុមកសិករដែលធ្លាប់ធ្វើការជាមួយសមាគមលោក ថេង សាវឿន បានចេញមុខប្រឆាំងដាច់ខាតមិនទទួលថា លោក ថេង សាវឿន និងសមាជិកផ្សេងទៀតបានប្រព្រឹត្តិទង្វើដូចការចោទប្រកាន់នេះទេ។ ពួគគេអះអាងយ៉ាងច្បាស់ថា ប្រធាន និងសមាជិកសមាគមនេះមានតែជួយបង្រៀនបច្ចេកទេស និងបង្កើនការយល់ដឹងបន្ថែមទាក់ទងនឹងកសិកម្មដល់កសិករប៉ុណ្ណោះ។

យ៉ាងណា អ្នកទាំងបីនឹងត្រូវចៅក្រមជំនុំជម្រះសម្រេចប្រកាសសាលក្រម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤សប្តាហ៍កក្រោយនេះ៕

Share

ព័ត៌មានទាក់ទង

Image